គេចអង្គ
ភ្នំពេញប៉ុស្តិ៍ 22 October 2013
ប្រាប់ហើយមិនជឿ! អួតសុទ្ធតែ «បើឈរមិនរឹង មិនរត់» សុទ្ធតែ «មេយុទ្ធសាស្រ្ត» សុទ្ធតែ «លេងតទូក» មានឯណា! ប៊ិះអស់លីអូ!។ ក្រឡាឈ្នះលើគោក ដើរឲ្យខូចក្រឡាអស់។ សំណាងហើយដែលមានគោលមួយ និងទូកមួយ នៅមុខអង្គ ហើយជើងទូកគេ នៅឆ្ងាយ កុំអី ទោះបីជាដូរទូក ក៏ទប់មិនឈ្នះដែរ។ ហាហាហា.... សើចចំអកឲ្យ ជីវ័ន្តថា «យុទ្ធសាស្រ្តក្តារអុក នៅក្មេងខ្ចី» ។ ខ្ញុំចាំមិនភ្លេចទេ ដែលសើចចំអកឲ្យខ្ញុំ ពីស្រុក មេមត់ ខេត្ត កំពង់ចាម ពេលខ្ញុំចេញអត្ថបទ ទី១។ ខ្ញុំមិនពូកែទេ តែអាចមើលឃើញថា ក្រឡាដែលកំពុងដើរ គឺក្រឡាទាល់។ នេះហើយ ជាលទ្ធផលមើលស្រាល ក្បួនទ័ពគូប្រកួតដែលជាព្យុះក្នុងក្អម ចាត់ទុកទឹកចិត្តរាស្រ្ត មិនស្មើនឹងស្មៅមុខផ្ទះខ្លួន ស្តាប់តែពាក្យសរសើរពីអ្នកអែបអប មិនស្តាប់សម្ដីអ្នកប្រាជ្ញ ដែលជាអ្នកយុទ្ធសាស្រ្ត។ បើប៉ុណ្ណឹងហើយនៅតែមិនដឹងខ្លួនទៀត វគ្គក្រោយ តិចថា ជីវ័ន្តមិនបានប្រាប់។
ប្រើគោល ទូករំដោះអង្គ គ្រាន់តែជាវិធីបណ្តោះអាសន្ន គ្រាន់ដកដង្ហើមតែប៉ុណ្ណោះ។ បើមិនឆាប់រៀបក្បួនសាដើមទេ គឺមិនដល់ពាក់កណ្តាលអាណត្តិនេះទេ គឺច្បាស់ជាជួបការវាយប្រហារ ជាក់ជាមិនខាន។ លើកនេះ លីអូក៏មិនសល់ផង។
សួរដោយឆោតចុះ! ចេះលេងអុក ឬអត់? មើលដឹងថា ក្រឡារួញឬអត់? ល្ងង់ ឬធ្វើល្ងង់ដែលយកត្រីស្អុយ ទៅបាំងមុខទូក ហើយមកអួតក្អេងក្អាងហ្នឹង? លេងអុក គឺមិនអាចប្រើអារម្មណ៍ឬប្រើកម្លាំងបាយទេ គឺប្រើល្បិច ប្រើយុទ្ធសាស្រ្ត។ ល្បិច និង យុទ្ធសាស្រ្ត សុទ្ធតែមានក្បួន។ ដើរមួយជំហាន ត្រៀម ៣ ជំហាន។ វាយទៅមុខ ទប់ខាងក្រោយ។ ដឹងឬអត់ ថាបាត់ជំរំទ័ពជាង ២០ ដោយសារអី? គឺដោយសារយកត្រីស្អុយទៅបាំងមុខទូក យកសេះទាំងពីរទៅពាំងមុខអង្គ ស្ទើរតែដកដង្ហើមមិនរួចហ្នឹងហើយ។ «យកទឹកពីគេទាំងធុង សងគេវិញ មួយតំណក់ តើគេព្រមឬទេ?»។
រំឭកទៅរឿង សាមកុក ពេលដែលឆាវ ឆាវ ប្រើ ឪកូន ត្រកូល ឈិន គឺ ឈិន គួ និង ឈិន តុង ឲ្យមកចុះចូលជាមួយ លីពូ។ ឈិន កុង ថាយ ដែលជាទីប្រឹក្សា របស់ លីពូ ដឹងពីល្បិចនេះ តែនិយាយជាមួយ លីពូ មិនស្តាប់។ មួយថ្ងៃៗ ឪកូន ត្រកូល ឈិននេះ ដឹងតែពីលើកជើង លីពូ «លោកម្ចាស់ ឆ្លាត! លោកម្ចាស់ អស្ចារ្យ! លោកម្ចាស់ ជាកំពូលមេដឹកនាំដែលទេវតាចាត់មកសង្គ្រោះនគរ មេទ័ពក្បត់ ឆាវ ឆាវ នឹងត្រូវកម្ចាត់...។ល។ និង ។ល។» ចុងបញ្ចប់ ទីក្រុង ស៊ីយ៉ូវ ត្រូវធ្លាក់ចូលដៃ ឆាវ ឆាវ ហើយ លីពូ ត្រូវកាត់ក្បាល ដោយសារ តែរនុកក្នុង ឪកូនពីរនាក់នេះ។
យកទូកទៅពាំងអង្គ តើបានប៉ុន្មាន? ឆាប់ចាត់ការត្រីស្អុយ ដើម្បីឲ្យមានក្រឡា គេចអង្គ ជាបណ្តោះអាសន្ន។ យកល្អ ថយអង្គចេញពីទីលានវាយប្រហារ កាន់តែឆ្ងាយកាន់តែល្អ។ កាលៈទេសៈឥឡូវនេះ បើត្រីរបស់គេ ឡើងតែមួយជំហាន ទៀត ច្បាស់ជាម៉ដ្ឋទាំងទូក ជាប់ទាំងអង្គ មិនខាន។
អង្គជាស្អី? អង្គគឺជារាស្រ្តទាំងនគរ។ ធ្វើនយោបាយត្រូវការពាររាស្រ្ត លេងអុកត្រូវការពារអង្គ។ នេះជាច្បាប់។ មិនមែន ឡើងទូក ឡើងត្រី ប្រសេចប្រសាច ពេញក្តារអុក ទុកអង្គនៅតែឯង ហើយ យកទូកទៅបាំង សេះទៅពាំងរកតែងាកខ្លួនមិនរួចនោះទេ។
តាមក្បួនច្បាប់អុក គេមិនដែលយក សេះ យកទូកទៅពាំងអង្គទេ លើកលែងតែករណីចាំបាច់ ដែលត្រូវដូរកូនតែម្តង។ ដូចគ្នានេះដែរ ក្នុងរបបគ្រប់គ្រងស្រុកទេស គេមិនដែលយកកម្លាំង ប៉ូលិស ទាហាន ទៅធ្វើបាបរាស្រ្តខ្លួនឯង ប្លន់ដីធ្លី ពីរាស្រ្តខ្លួនឯងនោះទេ។ តើធ្វើបែបហ្នឹង ឬ ដែលថា ការពាររាស្រ្ត? ឬក្នុងភាសាអុក ថា ការពារអង្គ?
ឥឡូវនេះ បើមិនគេចអង្គសិន គឺកាន់តែកុនមែនទែនហើយ។ ថ្វីដ្បិតតែទូកគេនៅឆ្ងាយបន្តិច តែ អាចមកដល់គ្រប់ពេលវេលាដែលត្រូវការ ហើយម្យ៉ាងទៀត ត្រីបកទាំងបីក៏ឡើងកាន់តែកៀកកិតមកក្បែរអង្គ។ តើទូកនិងសេះ អាចទប់ជាប់ទេ?
និយាយឲ្យចំ តើគិតថា រាស្រ្តល្ងង់? រាស្រ្តគ្មានភ្នែក គ្មានត្រចៀក? រាស្រ្តជឿលើអ្នកអត្ថាធិប្បាយ តាមទូរទស្សន៍ហ្នឹង? កូនត្រីសម្អុយទាំងនេះ គឺសរសើរតែពីមុខ តែតាមពិតជាជនបង្កប់ ដែលធ្វើឲ្យរាស្រ្តទាំងនគរ កាន់តែក្តៅក្រហាយ ពីមួយថ្ងៃ ទៅមួយថ្ងៃ។ ពីលើកមុន រាស្រ្តខឹង មិនអាចបញ្ចេញកំហឹងបាន។ តែលើកនេះ ឲ្យតែរាស្រ្តទើសចិត្ត ច្បាស់ជាផ្អើលពេញ Facebook មិនខានទេ ដូចជា ឯកឧត្តម ផៃ ស៊ីផាន ឯកឧត្តម ឈាង វុន លោក សយ សុភាព ជាឧទាហរណ៍ស្រាប់ ដែលសុទ្ធតែទទួលរងនូវការវាយប្រហារ ជេរប្រមាថសព្វបែបយ៉ាងពីប្រជារាស្រ្ត។ ម្នាក់ជេរ មួយរយនាក់បន្ទរ ១ ម៉ឺននាក់ គាំទ្រការជេរ។
តើ យកក្រដាសទៅខ្ចប់ភ្លើងយ៉ាងម៉េច? តើដំរីស្លាប់ យក ចង្អេរទៅបាំងកើតដែរឬ? យុវជនរាប់លាននាក់អត់ការងារធ្វើទ្រព្យសម្បត្តិដីធ្លីប្រជារាស្រ្ត ត្រូវគេរឹបអូស។ ត្រីអស់ពីទឹក ឈើអស់ពីព្រៃ រ៉ែអស់ពីដី។ ប្លន់ពីអ្នកក្រ ទៅឲ្យអ្នកមាន គាបពីអ្នកមានទៅឲ្យមន្រ្តី ច្បូតពីមន្រ្តីទៅឲ្យបក្ស យកពីបក្សទៅចែកអំណោយ តើបានប៉ុន្មានវិល? យកទឹកពីគេទាំងធុង សងគេមួយតំណក់ តើគេព្រមឬទេ? ថ្ងៃនេះ គេមិនទារ មិនមែនមានន័យថា គេភ្លេចនោះទេ។ គឺគេទុកឲ្យការកាន់តែថ្លៃ។ ដឹងទេ ថា ធ្វើបាបរាស្រ្តម្នាក់ គឺឈឺចាប់រាស្រ្តទាំងនគរ។ ប៉ុណ្ណឹងហើយ នៅមានអ្នកអត្ថាធិប្បាយលើកជើង «សុទ្ធតែក្រោមការដឹកនាំដ៏ភ្លឺស្វាងរបស់សម្តេចបានធ្វើឲ្យ ប្រជារាស្រ្តសម្បូរសប្បាយ មានសន្តិសុខមានស្ថិរភាពមានការអភិវឌ្ឍលើគ្រប់វិស័យ»។ និយាយឡើង យកទៅប្រៀបធៀបជាមួយ ជំនាន់ខ្មែរក្រហម។ ពួកនេះ បើមិនមែនជាជនបង្កប់ ក៏ជាជនក្បត់ដែរ។ បើមិនឆាប់សាចេញទេ កុំថាឡើយមានទ័ព ២០ ម៉ឺននាក់ អាងជំនួយពីខាងកើត ពីខាងជើង ក៏ទប់ជាមួយនឹងកំហឹង ប្រជារាស្រ្តទាំងនគរមិនជាប់ដែរ។ ភ្លើងកំពុងឆេះ តែពួកនេះ ចេះតែនាំគ្នាចាក់សាំងបន្ថែម បើមិនមែនជាជនក្បត់ តើជាស្អីទៅវិញ?
ដង្កូវ ក្នុងសាច់គឺវាស៊ីសាច់។ បើមិនឆ្កឹះវាចេញ វាស៊ីកាន់តែជ្រៅ។ ជាតិជាដង្កូវ គ្មានចំណេញអីទេ គឺមានតែបំផ្លាញ។ នៅក្នុងសាច់ ស៊ីសាច់ នៅលើដើមឈើ ស៊ីដើមឈើ។ បើមិនឆ្កឹះចេញ យកទៅហាលថ្ងៃឲ្យចំណីមាន់ទាទេគឺច្បាស់ជាស្លាប់ប្រាណទាំងមូល។ ដង្កូវរុំព័ទ្ធស៊ីក្នុងស៊ីក្រៅពេញខ្លួនប្រាណស្ទើរតែក្លាយទៅជា មនុស្សឃ្លង់ទៅហើយ។ ដូច្នេះត្រូវតែឆ្កឹះចេញម្តងមួយៗ។
រឿងដែលត្រូវធ្វើជាបន្ទាន់ គឺ ត្រូវកសាងទំនុកចិត្តឲ្យរាស្រ្តទាំងនគរឡើងវិញ។ បើរាស្រ្តគ្មានជំនឿតើដឹកនាំប្រទេសយ៉ាងម៉េច? បើរាស្រ្តមិនចូលរួម មានតែប្រឆាំង តើគ្រប់គ្រងយ៉ាងម៉េច? គឺមួយថ្ងៃៗច្បាស់ជាដោះស្រាយតែការបះបោររបស់ប្រជាជនជាក់ជាមិន ខាន។ ចង់ប្រើកម្លាំងទ័ព? តើទ័ពមិនមានម៉ែឪជារាស្រ្តទេឬ? តើកងទ័ពច្រើនជាងចំនួនប្រជាជនមែនទេ? និយាយឲ្យចំ គឺមិនអាចយកអំណាច ទៅបង្រ្កាបរាស្រ្តជាដាច់ខាត។ គឺត្រូវយកអំណាចទៅពង្រឹងច្បាប់។
អំណាចពង្រឹងច្បាប់ ដើម្បីបង្កើនជំនឿចិត្តប្រជារាស្រ្ត ទើបជាយុទ្ធសាស្រ្តការពារអង្គ បន្ថយកម្លាំងទ័ពរបស់សត្រូវ វាយលុកចំណុចខ្សោយ។ ឥឡូវនេះ រាស្រ្តទាំងនគរ គ្មានជំនឿលើមន្រ្តីអនុវត្តច្បាប់ប្រាក់ខែកងទ័ពមិនគ្រប់គ្រាន់ ហើយត្រូវមេកាត់យកពាក់កណ្តាលទៀត។ សួរចិត្តខ្លួនឯងទៅមើល តើក្នុងចិត្តគិតយ៉ាងម៉េច? ទោះជាមេទាហានស្មោះ ក៏កូនទាហាន មានចិត្តមិននឹងនរដែរ។ ប្រទេសមួយ ដែលពឹងតែលើអំណាចទាហាន ហើយទឹកចិត្តទ័ពមិននឹងនរ តើអំណាចគង់វង្សបានប៉ុន្មាន?
ច្បាប់ ជំនឿ និង អំណាច ជាមូលដ្ឋានគ្រឹះ ក្នុងការដឹកនាំប្រទេស ដែលប្រៀបដូចជា «ថ្មចង្រ្កាន បីដុំ»។ បើថ្មចង្ក្រាន មិនស្មើគ្នា ឆ្នាំងបាយច្បាស់ជារលំ។ បើមានអំណាច មិនខ្លាចច្បាប់ ធ្វើបាបរាស្រ្ត តើអំណាចគង់វង្សបានប៉ុនណា? ប្រទេសមានច្បាប់ត្រូវតែអនុវត្តច្បាប់។ មន្រ្តីធ្វើខុស ត្រូវតែទទួលទោស។ ឥឡូវនេះ រាស្រ្តមិនចង់ឃើញការសន្យាទៀតទេ គឺចង់ឃើញការអនុវត្តភ្លាម។ ដូច្នេះមិនបាច់ចាំសន្យាថា ដាក់ទោសមន្រ្តីធ្វើខុស ក្នុងអាណត្តិ ទី៥ នេះទេ គឺចាប់មន្រ្តី ដែលធ្វើខុសក្នុងអាណត្តិ ទី៤ ដូចជា ឈូក បណ្ឌិត និង ឧកញ៉ាទុច្ចរិតមួយចំនួន មកកាត់ទោសតាមច្បាប់ដោះលែងអ្នកជាប់គុក ដែលគ្មានទោសភ្លាម ក្រែងទឹកមាត់មានជាតិប្រៃបន្តិច។ បើមិនអ៊ីចឹងរាស្រ្តទាំងនគរ គ្មាននរណាម្នាក់ មានជំនឿលើការសន្យានោះទេ។ បើរាស្រ្តមិនជឿ គឺច្បាស់ជាចាំតែចាប់កំហុស ធ្វើការបះបោរជាក់ជាមិនខាន ហើយបើពេលបះបោរហើយ យកកម្លាំងបាយ ទៅទប់ទល់នោះ គឺក្រឡាអុកនេះ រួញត្បៀតមែនទែនហើយ។ ពេលនោះខ្លាចតែលីអូ មិនសល់ផង។ ដូច្នេះ បើគេចអង្គ ហើយមិនសម្រួលក្បួន ចាត់ការជនក្បត់និងរនុកក្នុងចោលទេ តែលីអូ ក៏មិនសល់ផង។
ជាចុងបញ្ចប់ខ្ញុំបាទសូមអភ័យទោសសាជាថ្មី នូវកំហុសឆ្គងដោយអចេតនាតាមរយៈអត្ថបទវិភាគដែលចេញពីគំនិតនិង ចំណេះដឹងស្តួចស្តើង៕