គម្រោងវិនិយោគកើងឡើងប៉ុន្តែការចុះបញ្ជីពាណិជ្ជកម្មថយចុះ
RFA 5 តុលា 2013
សំណង់អគារមួយកន្លែងក្នុងរាជធានីភ្នំពេញ
របាយការណ៍របស់ក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកម្ពុជា បានចេញផ្សាយនៅខែតុលា ថាគម្រោងវិនិយោគដែលអនុម័តហើយ បានកើនឡើងខ្លាំង ប៉ុន្តែសកម្មភាពនៃការចាប់ផ្ដើមសាងសង់ ឬការបង្កើតអាជីវកម្មវិញ ពុំមានសកម្មភាពផុលផុសខ្លាំងឡើយចាប់ពីដើមឆ្នាំ២០១៣ រហូតដល់បច្ចុប្បន្ន។
អ្នកវិភាគស្ថានភាពសាងសង់គម្រោងនិងជាអនុប្រធានក្រុមហ៊ុន អចលនទ្រព្យ វីត្រាស (V Trust) លោក ច្រឹក សុខនីម បានអះអាងថា ស្ថានភាពសាងសង់របស់ម្ចាស់គម្រោងមួយចំនួននៅប្រទេសកម្ពុជា បច្ចុប្បន្នមានភាពរារែក។ មានន័យថា អ្នកវិនិយោគមួយចំនួនមានផែនការដែលត្រូវសាងសង់ហើយ ប៉ុន្តែពួកគេទាំងនោះមិនទាន់ចាប់ផ្ដើមអនុវត្តភ្លាមៗឡើយ។ លោកបញ្ជាក់ថា ការរង់ចាំនោះ ទាក់ទងនឹងផ្នែកនយោបាយ ដែលអ្នកវិនិយោគត្រូវធានាថា ការបណ្ដាក់ទុនវិនិយោគ ឬបង្កើតអាជីវកម្មថ្មីអាចទទួលផលចំណេញ។
លោក ច្រឹក សុខនីម មានប្រសាសន៍បន្តថា ការទិញដីដើម្បីសាងសង់ក្រុមហ៊ុនរោងចក្រ ឬការជួលអគារបង្កើតអាជីវកម្មផ្សេងៗ នឹងមានសកម្មភាពច្រើននៅក្រោយស្ថានការណ៍ដែលរដ្ឋាភិបាលថ្មីបានកើត ឡើងបានមួយរយៈ។ បន្ថែមលើបញ្ហានេះ អ្នកវិភាគផ្នែកសាងសង់ លោក កឹក ណារិន បានបញ្ជាក់ថា ស្ថានភាពវិនិយោគ ឬការសាងសង់បង្កើតក្រុមហ៊ុនបច្ចុប្បន្ន ភាគច្រើនគឺគម្រោងវិនិយោគចាស់ៗ។
លោក កឹក ណារិន មានប្រសាសន៍បន្ថែមថា អ្នកវិនិយោគ ឬអាជីវកម្មភាគច្រើនបានចាប់អារម្មណ៍លើការបណ្ដាទុននៅប្រទេស កម្ពុជា ប៉ុន្តែការបណ្ដាក់ទុននោះ គឺត្រូវរង់ចាំមើលមួយរយៈ បើទោះបីជាគម្រោងភាគច្រើនបានអនុញ្ញាតឲ្យធ្វើអាជីវកម្ម ឬអនុញ្ញាតឲ្យសាងសង់ហើយក្ដី។
របាយការណ៍របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានសរសេរថា ការវិនិយោគសរុបនៅក្នុងប្រទេសកម្ពុជា បានកើនឡើងជាង ២៣០% នៅត្រីមាសទីមួយឆ្នាំ២០១៣ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ រដ្ឋាភិបាលបានបានអនុម័តគម្រោងវិនិយោគទាំងការវិយោគក្នុងស្រុកនិង បរទេស ចំនួន៦៨គម្រោង ដែលមានតម្លៃប្រមាណ ២.៣០០លានដុល្លារអាមេរិក។
របាយការណ៍ដដែលបានបញ្ជាក់ថា ក្នុងចំណោមគម្រោងទាំងអស់មានប្រមាណ ៤០% គឺវិនិយោគលើវិស័យកាត់ដេរ ដែលអ្នកវិនិយោគភាគច្រើនមកពីប្រទេស ចិន កូរ៉េខាងត្បូង វៀតណាម ម៉ាឡេស៊ី និងប្រទេសជប៉ុន។
ស្របពេលដែលការវិនិយោគសរុបបានកើនឡើងខ្លាំង ប៉ុន្តែការចុះបញ្ជីបង្កើតអាជីវកម្មវិញបានធ្លាក់ចុះ។ របាយការណ៍របស់ក្រសួងពាណិជ្ជកម្មបានបង្ហាញថា ការចុះបញ្ជីវិនិយោគរបស់ក្រុមហ៊ុនថ្មីនៅកម្ពុជា បានថយចុះ ១៥% នៅរយៈពេល ៨ខែ នៅក្នុងឆ្នាំ២០១៣។ ចំនួនក្រុមហ៊ុនចុះបញ្ជីពាណិជ្ជកម្មបានថយចុះមកត្រឹមជាង ១.៩០០ក្រុមហ៊ុន (១.៩៥២) ក្នុងនោះចំនួនពាក់កណ្ដាលជាក្រុមហ៊ុនបរទេស។ ក្រុមហ៊ុនបរទេសដែលចុះបញ្ជីទាំងនោះភាគច្រើនមកពីប្រទេសចិន កូរ៉េខាងត្បូង ជប៉ុន ម៉ាឡេស៊ី និងប្រទេសវៀតណាម ដែលវិនិយោគលើវិស័យកាត់ដេរ កសិកម្ម ទេសចរណ៍ និងសំណង់៕
No comments:
Post a Comment