Translate

Thursday, October 24, 2013

គេច​អង្គ

គេច​អង្គ


ភ្នំពេញប៉ុស្តិ៍  22 October 2013 

ប្រាប់​ហើយ​មិន​ជឿ! អួត​សុទ្ធ​តែ «បើ​ឈរ​មិន​រឹង មិន​រត់» សុទ្ធ​តែ «មេ​យុទ្ធសាស្រ្ត» សុទ្ធ​តែ «លេង​តទូក» មាន​ឯណា! ប៊ិះ​អស់​លីអូ!។ ក្រឡា​ឈ្នះ​លើ​គោក ដើរ​ឲ្យ​ខូច​ក្រឡា​អស់។ សំណាង​ហើយ​ដែល​មាន​គោល​មួយ និង​ទូក​មួយ នៅ​មុខ​អង្គ ហើយ​ជើង​ទូក​គេ នៅ​ឆ្ងាយ កុំ​អី ទោះ​បី​ជា​ដូរ​ទូក ក៏​ទប់​មិន​ឈ្នះ​ដែរ​។ ហា​ហា​ហា.... សើច​ចំអក​ឲ្យ ជីវ័ន្ត​ថា «យុទ្ធសាស្រ្ត​ក្តារ​អុក នៅ​ក្មេង​ខ្ចី» ។ ខ្ញុំ​ចាំ​មិន​ភ្លេច​ទេ ដែល​សើច​ចំអក​ឲ្យ​ខ្ញុំ ពី​ស្រុក មេមត់ ខេត្ត កំពង់ចាម ពេល​ខ្ញុំ​ចេញ​អត្ថបទ ទី១។ ខ្ញុំ​មិន​ពូកែ​ទេ តែ​អាច​មើល​ឃើញ​ថា ក្រឡា​ដែល​កំពុង​ដើរ គឺ​ក្រឡា​ទាល់។ នេះ​ហើយ ជា​លទ្ធផល​មើល​ស្រាល ក្បួន​ទ័ព​គូ​ប្រកួត​ដែល​ជា​ព្យុះ​ក្នុង​ក្អម ចាត់​ទុក​ទឹក​ចិត្ត​រាស្រ្ត មិន​ស្មើ​នឹង​ស្មៅ​មុខ​ផ្ទះ​ខ្លួន ស្តាប់​តែ​ពាក្យ​សរសើរ​ពី​អ្នក​អែបអប មិន​ស្តាប់​សម្ដី​អ្នក​ប្រាជ្ញ ដែល​ជា​អ្នក​យុទ្ធសាស្រ្ត​។ បើ​ប៉ុណ្ណឹង​ហើយ​នៅ​តែ​មិន​ដឹង​ខ្លួន​ទៀត វគ្គ​ក្រោយ តិច​ថា ជីវ័ន្ត​មិន​បាន​ប្រាប់។

ប្រើ​គោល ទូក​រំដោះ​អង្គ គ្រាន់​តែ​ជា​វិធី​បណ្តោះ​អាសន្ន គ្រាន់​ដក​ដង្ហើម​តែ​ប៉ុណ្ណោះ។ បើ​មិន​ឆាប់​រៀប​ក្បួន​សា​ដើម​ទេ គឺ​មិន​ដល់​ពាក់​កណ្តាល​អាណត្តិ​នេះ​ទេ គឺ​ច្បាស់​ជា​ជួប​ការ​វាយ​ប្រហារ ជាក់​ជា​មិន​ខាន។ លើក​នេះ លីអូ​ក៏​មិន​សល់​ផង។

សួរ​ដោយ​ឆោត​ចុះ​! ចេះ​លេង​អុក ឬ​អត់​? មើល​ដឹង​ថា ក្រឡា​រួញ​ឬ​អត់​? ល្ងង់ ឬ​ធ្វើ​ល្ងង់​ដែល​យក​ត្រី​ស្អុយ ទៅ​បាំង​មុខ​ទូក ហើយ​មក​អួត​ក្អេង​ក្អាង​ហ្នឹង​? លេង​អុក គឺ​មិន​អាច​ប្រើ​អារម្មណ៍​ឬ​ប្រើ​កម្លាំង​បាយ​ទេ គឺ​ប្រើ​ល្បិច ប្រើ​យុទ្ធសាស្រ្ត​។ ល្បិច និង យុទ្ធសាស្រ្ត សុទ្ធ​តែ​មាន​ក្បួន។ ដើរ​មួយ​ជំហាន ត្រៀម ៣ ជំហាន។ វាយ​ទៅ​មុខ ទប់​ខាង​ក្រោយ។ ដឹង​ឬ​អត់ ថា​បាត់​ជំរំ​ទ័ព​ជាង ២០ ដោយ​សារ​អី? គឺ​ដោយ​សារ​យក​ត្រី​ស្អុយ​ទៅ​បាំង​មុខ​ទូក យក​សេះ​ទាំង​ពីរ​ទៅ​ពាំង​មុខ​អង្គ ស្ទើរ​តែ​ដក​ដង្ហើម​មិន​រួច​ហ្នឹង​ហើយ​។ «យក​ទឹក​ពី​គេ​ទាំង​ធុង សង​គេ​វិញ មួយ​តំណក់ តើ​គេ​ព្រម​ឬ​ទេ?»។

រំឭក​ទៅ​រឿង សាមកុក ពេល​ដែល​ឆាវ ឆាវ ប្រើ ឪ​កូន ត្រកូល ឈិន គឺ ឈិន គួ និង ឈិន តុង ឲ្យ​មក​ចុះ​ចូល​ជាមួយ លីពូ។ ឈិន កុង ថាយ ដែល​ជា​ទីប្រឹក្សា របស់ លីពូ ដឹង​ពី​ល្បិច​នេះ តែ​និយាយ​ជាមួយ លីពូ មិន​ស្តាប់​។ មួយ​ថ្ងៃៗ ឪ​កូន ត្រកូល ឈិន​នេះ ដឹង​តែ​ពី​លើក​ជើង លីពូ «លោក​ម្ចាស់ ឆ្លាត​! លោក​ម្ចាស់ អស្ចារ្យ! លោក​ម្ចាស់ ជា​កំពូល​មេ​ដឹក​នាំ​ដែល​ទេវតា​ចាត់​មក​សង្គ្រោះ​នគរ មេ​ទ័ព​ក្បត់ ឆាវ ឆាវ នឹង​ត្រូវ​កម្ចាត់...។ល។ និង ។ល។» ចុង​បញ្ចប់ ទីក្រុង ស៊ីយ៉ូវ ត្រូវ​ធ្លាក់​ចូល​ដៃ ឆាវ ឆាវ ហើយ លីពូ ត្រូវ​កាត់​ក្បាល ដោយ​សារ តែ​រនុក​ក្នុង ឪ​កូន​ពីរ​នាក់​នេះ។

យក​ទូក​ទៅ​ពាំង​អង្គ តើ​បាន​ប៉ុន្មាន​? ឆាប់​ចាត់​ការ​ត្រី​ស្អុយ ដើម្បី​ឲ្យ​មាន​ក្រឡា គេច​អង្គ ជា​បណ្តោះ​អាសន្ន។ យក​ល្អ ថយ​អង្គ​ចេញ​ពី​ទីលាន​វាយ​ប្រហារ កាន់​តែ​ឆ្ងាយ​កាន់​តែ​ល្អ។ កាលៈទេសៈ​ឥឡូវ​នេះ បើ​ត្រី​របស់​គេ ឡើង​តែ​មួយ​ជំហាន ទៀត ច្បាស់​ជា​ម៉ដ្ឋ​ទាំង​ទូក ជាប់​ទាំង​អង្គ មិន​ខាន។
អង្គ​ជា​ស្អី? អង្គ​គឺជា​រាស្រ្ត​ទាំង​នគរ។ ធ្វើ​នយោបាយ​ត្រូវ​ការពារ​រាស្រ្ត លេង​អុក​ត្រូវ​ការពារ​អង្គ។ នេះ​ជា​ច្បាប់។ មិន​មែន ឡើង​ទូក ឡើង​ត្រី ប្រសេច​ប្រសាច ពេញ​ក្តារ​អុក ទុក​អង្គ​នៅ​តែ​ឯង ហើយ យក​ទូក​ទៅ​បាំង សេះ​ទៅ​ពាំង​រក​តែ​ងាក​ខ្លួន​មិន​រួច​នោះ​ទេ។

តាម​ក្បួន​ច្បាប់​អុក គេ​មិន​ដែល​យក សេះ យក​ទូក​ទៅ​ពាំង​អង្គ​ទេ លើក​លែង​តែ​ករណី​ចាំ​បាច់ ដែល​ត្រូវ​ដូរ​កូន​តែ​ម្តង។ ដូច​គ្នា​នេះ​ដែរ ក្នុង​របប​គ្រប់​គ្រង​ស្រុក​ទេស គេ​មិន​ដែល​យក​កម្លាំង ប៉ូលិស ទាហាន ទៅ​ធ្វើ​បាប​រាស្រ្ត​ខ្លួន​ឯង ប្លន់​ដីធ្លី ពី​រាស្រ្ត​ខ្លួន​ឯង​នោះ​ទេ។ តើ​ធ្វើ​បែប​ហ្នឹង ឬ ដែល​ថា ការពារ​រាស្រ្ត​? ឬ​ក្នុង​ភាសា​អុក ថា ការពារ​អង្គ?

ឥឡូវ​នេះ បើ​មិន​គេច​អង្គ​សិន គឺ​កាន់​តែ​កុន​មែន​ទែន​ហើយ។ ថ្វី​ដ្បិត​តែ​ទូក​គេ​នៅ​ឆ្ងាយ​បន្តិច តែ អាច​មក​ដល់​គ្រប់​ពេល​វេលា​ដែល​ត្រូវ​ការ ហើយ​ម្យ៉ាង​ទៀត ត្រី​បក​ទាំង​បី​ក៏​ឡើង​កាន់​តែ​កៀក​កិត​មក​ក្បែរ​អង្គ។ តើ​ទូក​និង​សេះ អាច​ទប់​ជាប់​ទេ?

និយាយ​ឲ្យ​ចំ តើ​គិត​ថា រាស្រ្ត​ល្ងង់? រាស្រ្ត​គ្មាន​ភ្នែក គ្មាន​ត្រចៀក? រាស្រ្ត​ជឿ​លើ​អ្នក​អត្ថាធិប្បាយ តាម​ទូរទស្សន៍​ហ្នឹង? កូន​ត្រី​សម្អុយ​ទាំង​នេះ គឺ​សរសើរ​តែ​ពី​មុខ តែ​តាម​ពិត​ជា​ជន​បង្កប់ ដែល​ធ្វើ​ឲ្យ​រាស្រ្ត​ទាំង​នគរ កាន់​តែ​ក្តៅ​ក្រហាយ ពី​មួយ​ថ្ងៃ ទៅ​មួយ​ថ្ងៃ​។ ពី​លើក​មុន រាស្រ្ត​ខឹង មិន​អាច​បញ្ចេញ​កំហឹង​បាន។ តែ​លើក​នេះ ឲ្យ​តែ​រាស្រ្ត​ទើស​ចិត្ត ច្បាស់​ជា​ផ្អើល​ពេញ Facebook មិន​ខាន​ទេ ដូច​ជា ឯកឧត្តម ផៃ ស៊ីផាន ឯកឧត្តម ឈាង វុន លោក សយ សុភាព ជា​ឧទាហរណ៍​ស្រាប់ ដែល​សុទ្ធ​តែ​ទទួល​រង​នូវ​ការ​វាយ​ប្រហារ ជេរ​ប្រមាថ​សព្វ​បែប​យ៉ាង​ពី​ប្រជារាស្រ្ត។ ម្នាក់​ជេរ មួយ​រយ​នាក់​បន្ទរ ១ ម៉ឺន​នាក់ គាំទ្រ​ការ​ជេរ។

តើ យក​ក្រដាស​ទៅ​ខ្ចប់​ភ្លើង​យ៉ាង​ម៉េច​? តើ​ដំរី​ស្លាប់ យក ចង្អេរ​ទៅ​បាំង​កើត​ដែរ​ឬ​? យុវជន​រាប់​លាន​នាក់​អត់​ការងារ​ធ្វើ​ទ្រព្យ​សម្បត្តិ​ដី​ធ្លី​ប្រជារាស្រ្ត ត្រូវ​គេ​រឹប​អូស​។ ត្រី​អស់​ពី​ទឹក ឈើ​អស់​ពី​ព្រៃ រ៉ែ​អស់​ពី​ដី។ ប្លន់​ពី​អ្នក​ក្រ ទៅ​ឲ្យ​អ្នក​មាន គាប​ពី​អ្នក​មាន​ទៅ​ឲ្យ​មន្រ្តី ច្បូត​ពី​មន្រ្តី​ទៅ​ឲ្យ​បក្ស យក​ពី​បក្ស​ទៅ​ចែក​អំណោយ តើ​បាន​ប៉ុន្មាន​វិល​? យក​ទឹក​ពី​គេ​ទាំង​ធុង សង​គេ​មួយ​តំណក់ តើ​គេ​ព្រម​ឬ​ទេ? ថ្ងៃ​នេះ គេ​មិន​ទារ មិន​មែន​មាន​ន័យ​ថា គេ​ភ្លេច​នោះ​ទេ។ គឺ​គេ​ទុក​ឲ្យ​ការ​កាន់​តែ​ថ្លៃ​។ ដឹង​ទេ ថា ធ្វើ​បាប​រាស្រ្ត​ម្នាក់ គឺ​ឈឺ​ចាប់​រាស្រ្ត​ទាំង​នគរ​។ ប៉ុណ្ណឹង​ហើយ នៅ​មាន​អ្នក​អត្ថាធិប្បាយ​លើក​ជើង «សុទ្ធ​តែ​ក្រោម​ការ​ដឹក​នាំ​ដ៏​ភ្លឺ​ស្វាង​របស់​សម្តេច​បាន​ធ្វើ​ឲ្យ​ ប្រជារាស្រ្ត​សម្បូរ​សប្បាយ មាន​សន្តិសុខ​មាន​ស្ថិរភាព​មាន​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​»។ និយាយ​ឡើង យក​ទៅ​ប្រៀប​ធៀប​ជាមួយ ជំនាន់​ខ្មែរ​ក្រហម​។ ពួក​នេះ បើ​មិន​មែន​ជា​ជន​បង្កប់ ក៏​ជា​ជន​ក្បត់​ដែរ​។ បើ​មិន​ឆាប់​សា​ចេញ​ទេ កុំ​ថា​ឡើយ​មាន​ទ័ព ២០ ម៉ឺន​នាក់ អាង​ជំនួយ​ពី​ខាង​កើត ពី​ខាង​ជើង ក៏​ទប់​ជាមួយ​នឹង​កំហឹង ប្រជារាស្រ្ត​ទាំង​នគរ​មិន​ជាប់​ដែរ​។ ភ្លើង​កំពុង​ឆេះ តែ​ពួក​នេះ ចេះ​តែ​នាំ​គ្នា​ចាក់​សាំង​បន្ថែម បើ​មិន​មែន​ជា​ជន​ក្បត់ តើ​ជា​ស្អី​ទៅ​វិញ?

ដង្កូវ ក្នុង​សាច់​គឺ​វា​ស៊ី​សាច់​។ បើ​មិន​ឆ្កឹះ​វា​ចេញ វា​ស៊ី​កាន់​តែ​ជ្រៅ​។ ជាតិ​ជា​ដង្កូវ គ្មាន​ចំណេញ​អី​ទេ គឺ​មាន​តែ​បំផ្លាញ​។ នៅ​ក្នុង​សាច់ ស៊ី​សាច់ នៅ​លើ​ដើម​ឈើ ស៊ី​ដើម​ឈើ។ បើ​មិន​ឆ្កឹះ​ចេញ យក​ទៅ​ហាល​ថ្ងៃ​ឲ្យ​ចំណី​មាន់​ទា​ទេ​គឺ​ច្បាស់​ជា​ស្លាប់​ប្រាណ​ទាំង​មូល​។ ដង្កូវ​រុំ​ព័ទ្ធ​ស៊ី​ក្នុង​ស៊ី​ក្រៅ​ពេញ​ខ្លួន​ប្រាណ​ស្ទើរ​តែ​ក្លាយ​ទៅ​ជា ​មនុស្ស​ឃ្លង់​ទៅ​ហើយ​។ ដូច្នេះ​ត្រូវ​តែ​ឆ្កឹះ​ចេញ​ម្តង​មួយៗ។

រឿង​ដែល​ត្រូវ​ធ្វើ​ជា​បន្ទាន់ គឺ ត្រូវ​កសាង​ទំនុក​ចិត្ត​ឲ្យ​រាស្រ្ត​ទាំង​នគរ​ឡើង​វិញ​។ បើ​រាស្រ្ត​គ្មាន​ជំនឿ​តើ​ដឹក​នាំ​ប្រទេស​យ៉ាង​ម៉េច​? បើ​រាស្រ្ត​មិន​ចូល​រួម មាន​តែ​ប្រឆាំង តើ​គ្រប់​គ្រង​យ៉ាង​ម៉េច​? គឺ​មួយ​ថ្ងៃៗ​ច្បាស់​ជា​ដោះស្រាយ​តែ​ការ​បះបោរ​របស់​ប្រជាជន​ជាក់​ជា​មិន​ ខាន​។ ចង់​ប្រើ​កម្លាំង​ទ័ព? តើ​ទ័ព​មិន​មាន​ម៉ែ​ឪ​ជា​រាស្រ្ត​ទេ​ឬ? តើ​កង​ទ័ព​ច្រើន​ជាង​ចំនួន​ប្រជាជន​មែន​ទេ? និយាយ​ឲ្យ​ចំ គឺ​មិន​អាច​យក​អំណាច ទៅ​បង្រ្កាប​រាស្រ្ត​ជា​ដាច់​ខាត។ គឺ​ត្រូវ​យក​អំណាច​ទៅ​ពង្រឹង​ច្បាប់។

អំណាច​ពង្រឹង​ច្បាប់ ដើម្បី​បង្កើន​ជំនឿ​ចិត្ត​ប្រជារាស្រ្ត ទើប​ជា​យុទ្ធសាស្រ្ត​ការពារ​អង្គ បន្ថយ​កម្លាំង​ទ័ព​របស់​សត្រូវ វាយ​លុក​ចំណុច​ខ្សោយ​។ ឥឡូវ​នេះ រាស្រ្ត​ទាំង​នគរ គ្មាន​ជំនឿ​លើ​មន្រ្តី​អនុវត្ត​ច្បាប់​ប្រាក់​ខែ​កងទ័ព​មិន​គ្រប់​គ្រាន់ ហើយ​ត្រូវ​មេ​កាត់​យក​ពាក់​កណ្តាល​ទៀត។ សួរ​ចិត្ត​ខ្លួន​ឯង​ទៅ​មើល តើ​ក្នុង​ចិត្ត​គិត​យ៉ាង​ម៉េច​? ទោះ​ជា​មេ​ទាហាន​ស្មោះ ក៏​កូន​ទាហាន មាន​ចិត្ត​មិន​នឹង​នរ​ដែរ​។ ប្រទេស​មួយ ដែល​ពឹង​តែ​លើ​អំណាច​ទាហាន ហើយ​ទឹក​ចិត្ត​ទ័ព​មិន​នឹង​នរ តើ​អំណាច​គង់វង្ស​បាន​ប៉ុន្មាន?
ច្បាប់ ជំនឿ និង អំណាច ជា​មូលដ្ឋាន​គ្រឹះ ក្នុង​ការ​ដឹក​នាំ​ប្រទេស ដែល​ប្រៀប​ដូច​ជា «ថ្ម​ចង្រ្កាន បី​ដុំ»។ បើ​ថ្ម​ចង្ក្រាន មិន​ស្មើ​គ្នា ឆ្នាំង​បាយ​ច្បាស់​ជា​រលំ​។ បើ​មាន​អំណាច មិន​ខ្លាច​ច្បាប់ ធ្វើ​បាប​រាស្រ្ត តើ​អំណាច​គង់វង្ស​បាន​ប៉ុន​ណា? ប្រទេស​មាន​ច្បាប់​ត្រូវ​តែ​អនុវត្ត​ច្បាប់។ មន្រ្តី​ធ្វើ​ខុស ត្រូវ​តែ​ទទួល​ទោស​។ ឥឡូវ​នេះ រាស្រ្ត​មិន​ចង់​ឃើញ​ការ​សន្យា​ទៀត​ទេ គឺ​ចង់​ឃើញ​ការ​អនុវត្ត​ភ្លាម។ ដូច្នេះ​មិន​បាច់​ចាំ​សន្យា​ថា ដាក់​ទោស​មន្រ្តី​ធ្វើ​ខុស ក្នុង​អាណត្តិ ទី៥ នេះ​ទេ គឺ​ចាប់​មន្រ្តី ដែល​ធ្វើ​ខុស​ក្នុង​អាណត្តិ ទី៤ ដូចជា ឈូក បណ្ឌិត និង ឧកញ៉ា​ទុច្ចរិត​មួយ​ចំនួន មក​កាត់​ទោស​តាម​ច្បាប់​ដោះលែង​អ្នក​ជាប់​គុក ដែល​គ្មាន​ទោស​ភ្លាម ក្រែង​ទឹក​មាត់​មាន​ជាតិ​ប្រៃ​បន្តិច​។ បើ​មិន​អ៊ីចឹង​រាស្រ្ត​ទាំង​នគរ គ្មាន​នរណា​ម្នាក់ មាន​ជំនឿ​លើ​ការ​សន្យា​នោះ​ទេ។ បើ​រាស្រ្ត​មិន​ជឿ គឺ​ច្បាស់​ជា​ចាំ​តែ​ចាប់​កំហុស ធ្វើ​ការ​បះបោរ​ជាក់​ជា​មិន​ខាន ហើយ​បើ​ពេល​បះបោរ​ហើយ យក​កម្លាំង​បាយ ទៅ​ទប់​ទល់​នោះ គឺ​ក្រឡា​អុក​នេះ រួញ​ត្បៀត​មែន​ទែន​ហើយ​។ ពេល​នោះ​ខ្លាច​តែ​លីអូ មិន​សល់​ផង​។ ដូច្នេះ បើ​គេច​អង្គ ហើយ​មិន​សម្រួល​ក្បួន ចាត់​ការ​ជន​ក្បត់​និង​រនុក​ក្នុង​ចោល​ទេ តែ​លីអូ ក៏​មិន​សល់​ផង។

ជា​ចុង​បញ្ចប់​ខ្ញុំ​បាទ​សូម​អភ័យទោស​សា​ជា​ថ្មី នូវ​កំហុស​ឆ្គង​ដោយ​អចេតនា​តាម​រយៈ​អត្ថបទ​វិភាគ​ដែល​ចេញ​ពី​គំនិត​និង ចំណេះ​ដឹង​ស្តួច​ស្តើង៕

No comments:

Post a Comment