Translate

Saturday, August 24, 2013

អ្នក​សេដ្ឋកិច្ច៖ រដ្ឋាភិបាល​ខ្វះ​លទ្ធភាព​រក​ទីផ្សារ​ដំណាំ​ស្រូវ​សម្រាប់​កសិករ

អ្នក​សេដ្ឋកិច្ច៖ រដ្ឋាភិបាល​ខ្វះ​លទ្ធភាព​រក​ទីផ្សារ​ដំណាំ​ស្រូវ​សម្រាប់​កសិករ


វិទ្យុអាស៊ីសេរី ២៤-០៨-២០១៣

វិទ្យាស្ថាន​អភិវឌ្ឍន៍​អន្តរជាតិ របស់​ប្រទេស​អង់គ្លេស ប្រចាំ​ឆ្នាំ​២០១៣ បាន​បង្ហាញ​ថា តម្លៃ​អង្ករ​នៅ​តំបន់​អាស៊ី បាន​កើន​ឡើង​ខ្ពស់​នៅ​រយៈពេល​ជិត ២០​ឆ្នាំ​ចុង​ក្រោយ​នេះ។ ការ​កើន​ឡើង​ថ្លៃ​អង្ករ​នេះ អាច​ធ្វើ​ឲ្យ​ជីវភាព​ប្រជា​កសិករ​អាច​កើន​ឡើង​ដែរ ប៉ុន្តែ​ប្រជា​កសិករ​នៅ​ប្រទេស​កម្ពុជា ហាក់​ទទួល​បាន​ផល​ប្រយោជន៍​តិចតួច​ពី​ការ​ឡើង​ថ្លៃ​អង្ករ​នេះ។
 
អ្នក​សេដ្ឋកិច្ច បាន​ពន្យល់​ថា មូលហេតុ​ដែល​ធ្វើ​ឲ្យ​កសិករ​លក់​បាន​តម្លៃ​ថោក​ជាង​គេ ដោយសារ​តែ​រដ្ឋាភិបាល​ខ្វះ​លទ្ធភាព​លើ​ការ​សម្រប​សម្រួល​លើ​បញ្ហា​ទីផ្សារ​ ដំណាំ​ស្រូវ។

ស្រប​ពេល​ដែល​ប្រជា​កសិករ​ទាមទារ​ឲ្យ​អ្នក​ទិញ​កសិផល​ផ្តល់​តម្លៃ​ខ្ពស់ ជា​ពិសេស​ដំណាំ​ស្រូវ អាជ្ញាធរ​បាន​រិះ​រក​មធ្យោបាយ​គ្រប់​បែប​យ៉ាង ដើម្បី​ដំឡើង​ថ្លៃ​កសិផល​នេះ។ ប៉ុន្តែ អ្នក​សេដ្ឋកិច្ច​បាន​អះអាង​ថា ការ​ដំឡើង​ថ្លៃ​កសិផល​បាន លុះត្រា​តែ​មាន​ការ​ជ្រោមជ្រែង ឬ​ការ​សម្រប​សម្រួល​រក​ទីផ្សារ​ពី​រដ្ឋាភិបាល រួម​ទាំង​មាន​ថវិកា​គ្រប់គ្រាន់​សម្រាប់​ចំណាយ​ទិញ​កសិផល​នោះ​ពី​ប្រជា​ កសិករ​ជា​ដើម។ ក្រុម​អ្នក​សេដ្ឋកិច្ច​ទាំង​នោះ​បាន​បញ្ជាក់​ទៀត​ថា សម្រាប់​ស្ថានភាព​ទីផ្សារ​កសិផល​នៅ​កម្ពុជា បច្ចុប្បន្ន មាន​ឱកាស​តិច​ណាស់​ដែល​អាច​ជំរុញ​ឲ្យ​តម្លៃ​នោះ​ឡើង​ខ្ពស់​បាន។

រៀង​រាល់​ឆ្នាំ ប្រជា​កសិករ​នៅ​ទូទាំង​ប្រទេស​តែង​តែ​រអ៊ូ​ពី​តម្លៃ​កសិផល​របស់​គាត់​មាន​ តម្លៃ​ថោក ស្រប​ពេល​ដែល​ថ្លៃ​ដើម​ផលិត​កសិកម្ម​បន្ត​កើន​ខ្ពស់។ ស្រប​ពេល​ដែល​ប្រជា​កសិករ​ផលិត​បាន ប៉ុន្តែ​គ្មាន​ទីផ្សារ​គ្រប់គ្រាន់ ឬ​លក់​បាន​ថោក ប្រជា​កសិករ​មួយ​ចំនួន​បាន​បោះ​បង់​អាជីព​ជា​អ្នក​ធ្វើ​កសិកម្ម​ជា​បណ្ដើរៗ និង​ស្វែង​រក​ការងារ​ក្រៅ​ពី​កសិកម្ម​មក​ជំនួស​វិញ។ ប្រជា​កសិករ​មួយ​ចំនួន ធ្វើ​ចំណាក​ស្រុក​ទៅ​ទីក្រុង ធ្វើ​ជា​កម្មករ​សំណង់ ឬ​ស្វែង​រក​ឱកាស​ការងារ​ក្រៅ​ប្រទេស​ជា​ដើម។

អ្នក​សេដ្ឋកិច្ច​បាន​ពន្យល់​ទៀត​ថា ដើម្បី​ធានា​ឲ្យ​កសិផល​កសិកម្ម​មាន​តម្លៃ​ខ្ពស់​បាន គឺ​ត្រូវ​មាន​អន្តរាគមន៍​ពី​រដ្ឋាភិបាល តាម​រយៈ​គោល​នយោបាយ​ឧបត្ថម្ភ​ធន ឬ​ការ​កំណត់​ថ្លៃ​កសិផល​អប្បបរមា​ជា​ដើម។ ម៉្យាង​វិញ​ទៀត រដ្ឋាភិបាល​ត្រូវ​បង្កើន​សមត្ថភាព​កែច្នៃ​ប្រមូល​ទិញ​ស្រូវ​ក្នុង​ស្រុក ដើម្បី​ជៀសវាង​ការ​នាំ​ចេញ​ស្រូវ​ក្រៅ​ផ្លូវ​ទៅ​បរទេស និង​ដើម្បី​ជៀសវាង​ការ​លក់​កសិផល​កម្ពុជា ពឹង​លើ​ប្រទេស​ជិត​ខាង ដូច​ជា​ប្រទេស​វៀតណាម និង​ប្រទេស​ថៃ។

ប្រធាន​ស្ដីទី​សមាគម​អ្នក​សេដ្ឋកិច្ច​កម្ពុជា លោក ស្រី ចន្ធី មាន​ប្រសាសន៍​ថា ទីផ្សារ​ស្រូវ​អង្ករ​នៅ​កម្ពុជា ខ្វះ​ការ​សម្រប​សម្រួល​ពី​រដ្ឋាភិបាល។ ម៉្យាង​វិញ​ទៀត ថ្លៃ​ដើម​ផលិត​បាន​បន្ត​កើន​ខ្ពស់​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ដូច​ជា​តម្លៃ​ប្រេង​សាំង ជី និង​ថ្នាំ​សម្លាប់​សត្វ​ល្អិត​ជាដើម។ បន្ថែម​លើ​នេះ រដ្ឋាភិបាល​ហាក់​មាន​គោល​នយោបាយ​លើក​កម្ពស់​សម្រាប់​តែ​អ្នក​នាំ​ចេញ​អង្ករ និង​ជួយ​ជ្រោមជ្រែង​តិចតួច​ដល់​កសិករ ដែល​ជា​អ្នក​ផលិត​ស្រូវ។
លោក ស្រី ចន្ធី មាន​ប្រសាសន៍​បន្ថែម​ថា កត្តា​មួយ​ចំនួន​ដែល​ស្រូវ​មិន​អាច​លក់​បាន​តម្លៃ​ខ្ពស់​បាន ដោយសារ​តែ​អត្រា​ការ​ប្រាក់​ខ្ពស់ និង​សមត្ថភាព​ក្នុង​ការ​ថែ​រក្សា​ទុក​ស្រូវ​នៅ​មាន​កម្រិត​នៅ​ឡើយ។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ប្រធាន​ក្រុមហ៊ុន​នាំ​ចេញ​អង្ករ​ឡូរ៉ង់ (Loran) លោក​ឧកញ៉ា លឹម ប៊ុនហេង មាន​ប្រសាសន៍​ថា ទីផ្សារ​ស្រូវ​របស់​កម្ពុជា ពឹង​លើ​ប្រទេស​ជិត​ខាង។ បច្ចុប្បន្ន តម្លៃ​ស្រូវ​នៅ​កម្ពុជា បាន​ធ្លាក់​ថ្លៃ​ដោយសារ​តែ​ប្រទេស​ថៃ ដែល​ធ្លាប់​ទិញ​ស្រូវ​ពី​កម្ពុជា ត្រូវ​បាន​ផ្អាក។ ម៉្យាង​វិញ​ទៀត រោង​ម៉ាស៊ីន​កិន​ស្រូវ​នៅ​កម្ពុជា មិន​អាច​ស្រូប​យក​បរិមាណ​ស្រូវ​ដែល​កសិករ​ផលិត​បាន យក​ទៅ​កែច្នៃ​ទាំងអស់​នោះ​ទេ។ បញ្ហា​នេះ ដោយសារ​តែ​កត្តា​សំខាន់​ពីរ គឺ​ខ្វះ​ធនធាន​ហិរញ្ញវត្ថុ និង​ខ្វះ​រោង​ម៉ាស៊ីន​កែច្នៃ​ស្រូវ។

លោក​ឧកញ៉ា លឹម ប៊ុនហេង មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា តម្លៃ​អង្ករ​ហាក់​ដូច​ជា​មិន​បាន​ឡើង​ថ្លៃ​ខ្ពស់​ណាស់​ណា​នៅ​រយៈពេល​ជាង ១០​ឆ្នាំ​ចុង​ក្រោយ​នេះ ដោយសារ​តែ​ការ​ប្រែប្រួល​អត្រា​ប្ដូរ​ប្រាក់ ឬ​តម្លៃ​លុយ​ដុល្លារ​អាមេរិក ចុះ​ថោក។

លោក​ឧកញ៉ា លឹម ប៊ុនហេង មាន​ប្រសាសន៍​បន្ថែម​ថា តម្លៃ​ស្រូវ​នៅ​កម្ពុជា កសិករ​លក់​បាន​ថ្លៃ​ខ្ពស់​ជាង​ប្រទេស​វៀតណាម។ លោក​បញ្ជាក់​ថា ក្នុង​នាម​ជា​កសិករ អាច​ចំណេញ​ច្រើន បើ​ប្រើប្រាស់​កម្លាំង​ពលកម្ម​មក​ពី​សមាជិក​គ្រួសារ ប៉ុន្តែ​បើ​ប្រើប្រាស់​គ្រឿងចក្រ នឹង​ចំណេញ​តិច។

បន្ថែម​លើ​បញ្ហា​នេះ ប្រធាន​សហព័ន្ធ​អ្នក​នាំ​ចេញ​អង្ករ​កម្ពុជា លោក​ឧកញ៉ា គឹម សាវុធ មាន​ប្រសាសន៍​ថា បើ​ធៀប​ទៅ​តម្លៃ​ទំនិញ​ផ្សេងៗ ចំណូល​របស់​ប្រជា​កសិករ​ហាក់​ដូច​ជា​កើន​ឡើង​តិចតួច​នៅ​រយៈពេល​ចុង​ក្រោយ​ នេះ ដោយសារ​តែ​បម្រែបម្រួល​អត្រា​ប្ដូរ​ប្រាក់។

លោក​ឧកញ៉ា គឹម សាវុធ មាន​ប្រសាសន៍​បន្ថែម​ថា កត្តា​សំខាន់​បី​ដែល​ជួយ​ជំរុញ​ជីវភាព​កសិករ​ឲ្យ​ធូរធារ​បាន ទី​មួយ គឺ​ការ​ប្ដូរ​ពូជ​ស្រូវ​ដាំ​ដុះ ដែល​ជា​តម្រូវ​ទីផ្សារ​អន្តរជាតិ។ ទី​ពីរ គោល​នយោបាយ​របស់​រដ្ឋាភិបាល​ក្នុង​ការ​លើក​លែង​ពន្ធ​លើ​ដី​កសិកម្ម និង​ធាតុ​ចូល ដែល​បម្រើ​ឲ្យ​វិស័យ​កសិកម្ម​ផ្សេង​ទៀត។ ទី​បី ការ​ផ្សព្វផ្សាយ​អំពី​ការ​ប្ដូរ​ពូជ​ស្រូវ​ដល់​កសិករ​ឲ្យ​បាន​ទូលំទូលាយ។

អ្នក​ជំនាញ​ខាង​កសិកម្ម បាន​បង្ហាញ​ថា កសិករ​ដែល​ដាំ​ស្រូវ​មាន​ពីរ​ប្រភេទ គឺ​ការ​ដាំ​ជា​លក្ខណៈ​គ្រួសារ​ដែល​មាន​ដី​ទំហំ​តូច និង​កសិករ​ជា​អ្នក​ដាំ​ស្រូវ​សម្រាប់​លក់​នៅ​លើ​ទីផ្សារ។ ក្នុង​ចំណោម​អ្នក​ដែល​ផលិត​ស្រូវ​ជា​លក្ខណៈ​គ្រួសារ ភាគ​ច្រើន​ប្រឈម​នឹង​ការ​ចំណាយ​ខ្ពស់​លើ​ការ​ផលិត និង​លក់​បាន​ចំណូល​តិច។

ប្រធាន​មជ្ឈមណ្ឌល​សិក្សា​ស្រាវជ្រាវ និង​អភិវឌ្ឍ​វិស័យ​កសិកម្ម សេដាក (CEDAC) លោក​បណ្ឌិត យ៉ង សាំងកុមារ មាន​ប្រសាសន៍​ថា មាន​មធ្យោបាយ​ដែល​ជួយ​កសិករ​មាន​ដី​តិច អាច​ធ្វើ ស្រែ​ចំណេញ​បាន គឺ ការ​ប្រើ​បច្ចេកទេស​ធ្វើ​ស្រែ​ក្នុង​ទំហំ​ដី​តូច ដែល​បាន​ទិន្នផល​ច្រើន និង​មិន​ប្រើ​ជី និង​ថ្នាំ​គីមី ដែល​អង្គការ សេដាក ហៅ​ថា "ស្រែ​ខ្លឹម"។

ទោះ​ជា​យ៉ាង​ក៏ដោយ ស្ថាប័ន​ស្រាវជ្រាវ​មួយ​ចំនួន​បាន​រក​ឃើញ​ថា ប្រទេស​កម្ពុជា មាន​ប្រជា​កសិករ​ជា​ច្រើន​ដែល​ដី​ទំហំ​តូច​សម្រាប់​ធ្វើ​កសិកម្ម និង​យល់​ដឹង​តិចតួច​លើ​ការ​ធ្វើ​ស្រែ​លើ​ទំហំ​ដី​តូច។ ការ​ស្រាវជ្រាវ​ដោយ​ធនាគារ​ពិភពលោក (World Bank) កន្លង​មក បាន​បង្ហាញ​ថា ប្រជាពលរដ្ឋ​កម្ពុជា ប្រមាណ ៨០% មាន​ដី​តិច​ជាង​មួយ​ហិកតារ ដែល​តំណាង​ឲ្យ ២០% នៃ​ផ្ទៃ​ដី​សរុប​នៅ​កម្ពុជា។

របាយការណ៍​ស្រាវជ្រាវ​របស់​វិទ្យាស្ថាន​អភិវឌ្ឍន៍​អន្តរជាតិ របស់​ប្រទេស​អង់គ្លេស ប្រចាំ​ឆ្នាំ​២០១៣ បាន​បង្ហាញ​ថា ការ​ឡើង​ថ្លៃ​អង្ករ​នៅ​តំបន់​អាស៊ី ដោយសារ​ថ្លៃ​ដើម​ផលិតកម្ម​ឡើង​ថ្លៃ​ដែរ ដូច​ជា​ថ្លៃ​ពលកម្ម ប្រេង​សាំង ជី រួម​ទាំង​ការ​កើន​ឡើង​ស្តុក​ទុក​អង្ករ​របស់​ប្រទេស​ដែល​ផលិត​អង្ករ​ធំ​ជាង​ គេ​លើ​ពិភពលោក ដូច​ជា​ប្រទេស​ចិន ឥណ្ឌា និង​ប្រទេស​ថៃ។ តាម​ការ​ប៉ាន់ស្មាន បរិមាណ​អង្ករ​ដែល​បាន​ស្តុក​ទុក បាន​កើន​ឡើង​ពី ៧៥​លាន​តោន នៅ​ឆ្នាំ​២០០៧ ដល់ ១០៥​លាន​តោន​នៅ​ឆ្នាំ​២០១២៕

No comments:

Post a Comment