Translate

Saturday, August 31, 2013

ច្បាប់​ចរាចរណ៍​អនុវត្ត​ធូរ​រលុង ពី​លើ​ដល់​ក្រោម

ច្បាប់​ចរាចរណ៍​អនុវត្ត​ធូរ​រលុង ពី​លើ​ដល់​ក្រោម


ភ្នំពេញប៉ុស្តិ៍ ៣០-០៨-២០១៣

ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​បាន​អនុម័ត​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​ក្នុង ​ឆ្នាំ ២០០៧។ ប៉ុន្តែ ចំនួន​អ្នក​រង​គ្រោះថ្នាក់​ចរាចរណ៍ ក្នុង​អំឡុង​ឆ្នាំ​២០១២ មាន​ចំនួន​១៥.៦១៥​នាក់ ក្នុង​នោះ​អ្នក​ស្លាប់​មាន​១.៩៦៦​នាក់ និង​រងរបួស​ធ្ងន់​ស្រាល​មាន​១២.៥៩៧​នាក់ ហើយ​ថែម​ធ្វើ​ឲ្យ​ខាតបង់​ថវិកា​ប្រមាណ ៣២៩​លាន​ដុល្លារ​អាមេរិក។ ឆ្លង​តាម​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ដែល​ស្ថិត​ជា​ធរមាន​កន្លង​មក មន្ត្រី​ជំនាញ​ចរាចរណ៍​និង​ក្រុម​អ្នក​ស្រាវជ្រាវ​យល់​ឃើញ​ថា ច្បាប់​នេះ​មាន​មាត្រា​ខ្លះ​នៅ​ខ្វះ​ចន្លោះ នៅ​មាន​ខ្លឹមសារ​មិន​សមស្រប​នឹង​បច្ចុប្បន្ន​ភាព​ជាក់ស្តែង នៅ​ឡើយ ហេតុ​នេះ គឺ​តម្រូវ​ឲ្យ​ធ្វើ​ការ​កែសម្រួល​លើ​មាត្រា​ចាស់​ច្រើន ដើម្បី​បាន​ក្លាយ​ជា​ច្បាប់​ចរាចរណ៍​ថ្មី សម្រាប់​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​និង​កាត់បន្ថយ​ការ​គ្រោះ ថ្នាក់ ដែល​ហាក់​កាន់​តែ​មាន​សភាព​ធ្ងន់ធ្ងរ​គួរ​ឲ្យ​ព្រួយបារម្ភ​សព្វ​ថ្ងៃ។

លោក ព្រាប ច័ន្ទវិបុល ប្រធាន​នាយកដ្ឋាន​ដឹក​ជញ្ជូន​ផ្លូវ​គោក​នៃ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​ដែល​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​ច្បាប់​ចរាចរណ៍ នេះ បាន​ផ្តល់​បទ​សម្ភាស​ជាមួយ​ភ្នំពេញ ប៉ុស្តិ៍ លើ​ការ​អនុវត្ត​ច្បាប់​នេះ​កន្លង​និង​ភាព​ប្រទាំង​ប្រទេស​មួយ​ចំនួន មាន​ខ្លឹមសារ​ដូច​ខាង​ក្រោម ៖

ច្បាប់​ចរាចរណ៍​ត្រូវ​បាន​អនុម័ត និង​ដាក់​ឲ្យ​ប្រើ​តាំងពី​ឆ្នាំ​២០០៧​មក ចុះ​ហេតុ​អី្វ​បាន​ជា​ករណី​គ្រោះថ្នាក់​នៅតែ​កើត​ច្រើន តើ​មក​ច្បាប់​នេះ​នៅ​ខ្វះ​ចន្លោះ ឬ​មក​ពី​អ្នក​ធ្វើ​ចរាចរណ៍​មិន​អនុវត្ត​ច្បាប់​ឬ?

តាម​ពិត យើង​មាន​ច្បាប់​ចរាចរណ៍​ដាក់​ឲ្យ​អនុវត្ត​ប៉ុន្មាន​ឆ្នាំ​មក​ហើ យ ប៉ុន្តែ​សួរថា ហេតុ​អ្វី​បាន​ជា​ការ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​តែ​កើត​មាន​ច្រើន ហើយ​ស្ថានភាព​គ្រោះថ្នាក់​ក្នុង​ឆ្នាំ​២០១២ មាន​ភាព​ធ្ងន់ធ្ងរ​ជាង​ឆ្នាំ​២០១១។ មូលហេតុ​នៃ​បញ្ហា តាម​ក្រុម​អ្នក​បច្ចេកទេស​សិក្សា​រក​ឃើញ​ថា ច្បាប់​ចរាចរណ៍​យើង​បាន​ផ្សព្វផ្សាយ​ច្រើន​ដែរ​ហើយ ក៏​ប៉ុន្តែ ទោះ​យ៉ាង​ណា​ការ​យល់​ដឹង​របស់​ប្រជាពលរដ្ឋ​នៅ​មាន​កម្រិត​នៅ​ឡើយ រួម​ទាំង​ការ​អនុវត្ត​ច្បាប់​នេះ​ផង។ ខ្ញុំ​គិត​ថា​ដើម្បី​ឲ្យ​ច្បាប់​មាន​ប្រសិទ្ធភាព ទាល់​តែ​ការ​យល់​ដឹង​ពី​ច្បាប់​មាន​ភាព​ទូលំទូលាយ ហើយ​ត្រូវ​មាន​ការ​អនុវត្ត​តឹងរឹង​ផង ទើប​អាច​កាត់​បន្ថយ​នូវ​មហន្តរាយ​បណ្តាល ពី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន។

តើ​លោក​យល់ថា ទាំង​ការ​យល់​ដឹង​ច្បាប់ និង​ការ​អនុវត្ត​របស់​មន្ត្រី​ប៉ូលិស និង​ប្រជាពលរដ្ឋ​បច្ចុប្បន្ន ស្ថិត​ក្នុង​សភាព​កម្រិត​ណា​ដែរ?

ការ​យល់​ដឹង​ពី​ច្បាប់​ចរាចរណ៍​នេះ អាច​ថា យល់​បាន​ច្រើន​ហើយ ប៉ុន្តែ អ្វី​ដែល​ពិបាក គឺ​ការ​បំពាន​ច្បាប់ ដូច្នេះ​ហើយ ទើប​ការ​អនុវត្ត​នៅ​មាន​ភាព​ធូរ​លុង។ លុះ​ត្រា​តែ​អនុវត្ត​ច្បាប់​បាន​តឹងរឹង ទើប​ទទួល​បាន​ជោគជ័យ។ នៅ​ស្រុក​យើង​នេះ ការ​អនុវត្ត​ច្បាប់​នៅ​មាន​ជា​ដុំ ជា​អន្លើៗ និង​មាន​កម្រិត​នៅ​ឡើយ។ មាន​ន័យ​ថា មាន​ការ​គោរព​ទៅ​តាម​ថ្នាក់​លើ​ដាក់​ឲ្យ​ឬ​បញ្ជា​ឲ្យ​អនុវត្ត​ដោយ​ចំណុចៗ គឺ​មន្ត្រី​ថ្នាក់​ក្រោម​អនុវត្ត​តាម​តែ​ចំណុច​នោះ ហើយ​បើ​អនុវត្ត​ខុស​បាន​ន័យ​ថា មិន​គោរព​ថ្នាក់​លើ នឹង​អាច​ទទួល​ការ​ស្តី​បន្ទោស បើ​ទោះ​ជា  ច្បាប់​នោះ​មាន​ចែង​គ្រប់គ្រាន់​ហើយ​ក្តី។ នៅ​តាម​បណ្តា​ខេត្ត​នានា​វិញ​ក៏​ដូច​គ្នា​ដែរ គឺ​មន្ត្រី​ត្រូវ​អនុវត្ត​ទៅ​តាម​អភិបាល​ខេត្ត ហើយ​ខេត្ត​ខ្លះ​អនុវត្ត​បាន​ល្អ​ទៅ! ឯ​ខេត្ត​ខ្លះ​ក៏​មិន​បានល្អ​ទៅតាម​ហ្នឹង។ ដោយ​ឡែក​នៅ​ប្រទេស​គេ​វិញ បើ​ឲ្យ​អនុវត្ត​ច្បាប់​ណា​មួយ​ហើយ គឺ​ត្រូវ​តែ​អនុវត្ត​គ្រប់​ចំណុច​ទាំង​អស់​នៃ​ច្បាប់។ ប៉ុន្តែ​សម្រាប់​នៅ​ប្រទេស​យើង​វិញ គឺ​អត់​ទេ​អនុវត្ត​ទៅ​តាម​ចំណុចៗ តាម​គោលការណ៍​ថ្នាក់​លើ​ណែនាំ​ទើប​បាន។

ក្នុ ង​តួនាទី​លោក​ជា​អ្នក​កាន់​និង​ចូលរួម​ក្នុង​ការ​អនុវត្ត ការងារ​នេះ តើ​លោក​សង្កេត​ឃើញ​ទិដ្ឋភាព​ដូចម្តេច​ដែរ ក្នុង​ការ​អនុវត្ត​និង​ការ​គោរព​ច្បាប់​ចរាចរណ៍​សព្វថ្ងៃ​នៅ​ស្រុក​យើង?

ខ្ញុំ​មើល​ឃើញ​ថា នៅ​តាម​កាច់​ជ្រុង​ភ្លើង  ស្តុប​មួយៗ នៅ​មាន​អ្នកខ្លះ​បំពាន​ភ្លើងស្តុប​ឬ អ្នក​ខ្លះ​នៅ​លើ​គំនូស​ពណ៌​ស ខណៈ​ប៉ូលិស​ប្រចាំ​ការ​នៅ​ទីនោះ​ផង ក៏​គាត់​មិន​ហ៊ាន​ហៅ​ផាក​ដែរ។ តើ​ហេតុ​អី នេះ​ព្រោះ​អី​គាត់​អនុវត្ត តែ​តាម​គោលការណ៍​ពី​លើ​ប្រាប់​ឲ្យ​ធ្វើ​ត្រឹម​ណា គឺ​គាត់​ធ្វើ​ត្រឹមហ្នឹង។ ចំពោះ​អ្នក​បើកបរ​សព្វ​ថ្ងៃ​មិន​ខ្លាច​ប៉ូលិស​ទេ ទោះ​ប៉ូលិស​នៅ​នឹង​មុខ​ក៏​ដោយ ក៏​អ្នក​បើកបរ​ហ៊ាន​ល្មើស​ច្បាប់​ដែរ។ រាល់​ថ្ងៃ​នេះ ការ​បំពាន​ច្បាប់​ចរាចរណ៍​មាន​ច្រើន​ណាស់ ហើយ​ការ​មិន​គោរព​ច្បាប់​នេះ​ហើយ ទើប​បណ្តាល​ឲ្យ​ចំនួន​អ្នក ស្លាប់​និង​របួស ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ចេះ​តែ​កើត​មាន​រាល់​ថ្ងៃ។

តើ​អ្នក​ច្បាប់​ឬ​អ្នក​ពាក់ព័ន្ធ​នឹង​ការ​រៀបចំ​ច្បាប់ គួរ​គប្បី​ធ្វើ​យ៉ាង​ណា​ដែរ ដើម្បី​ឲ្យ​អ្នក​បើកបរ​ធ្វើ​ចរាចរណ៍​មាន​មនសិការ ត្រូវ​តែ​គោរព​ច្បាប់​ឲ្យ​ខាង​តែ​បាន ?

កត្តា​ដែល​ជំរុញ​ឲ្យ​មាន ការ​គោរព​និង​អនុវត្ត​ច្បាប់​ចរាចរណ៍​មាន​ប្រសិទ្ធភាព​ទៅ​បាន លុះ​ណា តែ​បង្កើន​ការ​អប់រំ​ផ្សព្វផ្សាយ​រួម​ជាមួយ​និង​ការ​ពង្រឹង ការ​អនុវត្ត​របស់​មន្ត្រី​ប៉ូលិស​ចរាចរណ៍ បាន​ន័យ​ថា ប៉ូលិស​ត្រូវ​តែ​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ កុំ​អាង​ថា អ្នក​នេះ​ជា​អ្នក​តូច នោះ​ជា​ឡាន​អ្នក​ធំ​ឡាន​ស៊េរី​ទំនើប​ញញើត​មិន​ហ៊ាន​ហៅ​ផាកពិន័យ...ចង់​អ្នក​ ធំ​នោះ​បើក​បញ្ច្រាស់​ទិស​យ៉ាង​ម៉េច​ក៏​ដោយ​ក៏​មិន​ហ៊ាន​ដែរ!។ ដូច្នេះ វា​មិន​មាន​ភាព​ឯករាជ្យ​នៅ​ក្នុង​ការ​គោរព​ច្បាប់​នោះ​ទេ។

មន្ត្រី​ប៉ូលិស​ចរាចរណ៍​ត្រូវ​ឈប់​អនុវត្ត​ដោយ​ដុំៗ ហើយ​ត្រូវ​អនុវត្ត​គ្រប់​មាត្រា​ច្បាប់​ចរាចរណ៍   ទាំង​អស់ ទើប​ទទួល​បាន​ជោគជ័យ។ ឥឡូវ​នេះ​ស្ងាត់​ជ្រៀប​អស់​ទៅ​ហើយ លើ​ពី​ការ​ផាក​ម៉ូតូ​អត់​កញ្ចក់ អ្នក​បើកបរ​អត់​ពាក់​មួក​សុវត្ថិភាព​ជា​ដើម សូម្បី​តែ​មាន​ប៉ូលិស​ឈរ​តាម​គោលដៅ​ក៏ដោយ។ បើ​គិត​តាម​ច្បាប់​ប៉ូលិស​ត្រូវ​ហៅ​ផាក​ច្រើន​ណាស់។ ប៉ុន្តែ ដោយ​សារ​គ្មាន​បញ្ជា និង​គោលការណ៍​ពី​ថ្នាក់​លើ​ទោះជា​ប៉ូលិស​ឃើញ ក៏​មិន​ហ៊ាន​ធ្វើ​អី​គេ​ដែរ។ ចំពោះ​អ្នក​បើកបរ​វិញ​រិត​តែ​លែង​ខ្លាច​ប៉ូលិស​ទៅ​ទៀត ទាំង​នេះ​ដោយ​សារ​តែ​ការ​មិន​គោរព​ច្បាប់​នេះ​ឯង។

ច្បាប់​ចា ស់មាន​និង​កំពុង​អនុវត្ត​ហើយ ចុះ ហេតុ​អី​ក៏​ត្រូវ​កែសម្រួល​មាត្រា​ច្បាប់​ចាស់​នេះ ទៀត តើ​កត្តា​សំខាន់​អ្វី​ខ្លះ​ទៅ ដែល​ចាំបាច់​ត្រូវ​កែ​ច្បាប់​ចាស់​បែប​នេះ?

តាម​ពិត​ទៅ​ច្បាប់​ចាស់​នៅ​តែ​មាន​ប្រសិទ្ធភាព​ដដែល​ទេ ប៉ុន្តែ ការ​កែ​សម្រួល​នេះ គឺ​ច ង់​ឲ្យ​ច្បាប់​ស្រប​ទៅ​តាម​បច្ចុប្បន្នភាព​ខ្លះ។ ឧទាហរណ៍ៈ ក្នុង​មាត្រា​ទី៩ ដែល​ពី​មុន​ច្បាប់​ចែង​ឲ្យ​ពាក់​មួក​តែ​អ្នក​បើកបរ​ម្នាក់​ទេ តែ​ក្នុង​មាត្រា​ព្រាង​ថ្មី​អ្នក​រួម​ដំណើរ​ក៏​តម្រូវ   ឲ្យ​ពាក់​មួក​ដែរ ហើយ​ម៉ូតូ​មួយ​គ្រឿង​អាច​ជិះ​បាន​៣​នាក់​រួម​ក្មេង​ម្នាក់ ដែល​មាន​ពាក់​មួ ក​ផង។ ចំពោះ​ការ​ពិន័យ​តម្លៃ​៣ពាន់​រៀល​ពី​មុន​គេ​គិតថា តិច​ពេក​ធ្វើ​ឲ្យ​អ្នក​បើកបរ​មិន​រាងចាល​ទេ ដូច​នេះ​ច្បាប់​ព្រាង​ថ្មី​ត្រូវ​បន្ថែម​ការ​ផាកពិន័យ​គុណ​នឹង​៥ដង លើ​ការ​ផាកពិន័យ​ចាស់។ ច្បាប់​ថ្មី​គិត​ចាប់ពី​ម៉ូតូ​ត្រឹម​១២៥​ចុះ​ក្រោម គឺ​មាន​អនុញ្ញាត​ឲ្យ​ក្មេង​អាយុ​១៦​ឆ្នាំ​បើកបរ​បាន។ តែ​បើ​លើស​ពី​នេះ​លុះត្រាតែ​អាយុ​១៨​ឆ្នាំ​និង​មាន​ប័ណ្ណ​បើកបរ។

ចំពោះ​ឡាន​តូច​ចាប់ពី​អាយុ​១៨​ឆ្នាំ​ឡើង ទើប​បើកបរ​បាន។ ឯ​ឡាន​ធំ​មាន​ប្រភេទ​របស់​វា គឺ​ចាប់ពី​អាយុ​២២​ឆ្នាំ សម្រាប់​បើកឡាន​ដឹក​ទំនិញ និង​អាយុ​២៤​ឆ្នាំ សម្រាប់​អ្នក​បើក​ឡាន​ដឹក​អ្នក​ដំណើរ។

ចំពោះ​ការ​កែ​មាត្រា​ខ្លះ​នោះ​មុន​ដំបូង​អ្នក​ជំនាញ​គិតថា​កែ​តិ ច​តួច​ទេ តែ​ឥឡូវនេះ​យើង​កែ​ជាង​៥០​ភាគរយ​នៃ​ច្បាប់​ចាស់ ខណៈ​ច្បាប់​ចាស់ មាន ១២ ជំពូក និង​៩៥​មាត្រា ។ ប៉ុន្តែ​សម្រាប់​ច្បាប់​កែសម្រួល​ថ្មី​មាន​១២​ជំពូក និង ៩៤​មាត្រា។ នេះ​ដោយ​សារ​អ្នក​ជំនាញ​គិត​ថា ការកែ​បន្ថែម​ខ្លឹម​សារ លើ​មាត្រា​ចាស់​ច្រើន​ពេក គេ​ក៏​ដាក់​ចូល​ទៅជា​ច្បាប់​ថ្មី​ទៅ តែ​យើង​មិនទាន់​សម្រេច​ប្រើ ប្រាស់​ជា​ច្បាប់​បាន​ទេ នៅ​បន្ត​ពិនិត្យ​សេចក្តី​ព្រាង​នៅ​អន្តរ​ក្រសួង​ទៀត។ ប៉ុន្តែ ខ្ញុំ​យល់ថា ក្រោយ​ពី​ប្រទេស​យើង​បង្កើត​រាជរដ្ឋាភិបាល​ថ្មី​ហើយ ក្រសួង​មហាផ្ទៃ​នឹង​ធ្វើ​ការ​រឹត​បន្តឹង​ច្បាប់​ឲ្យ​បាន​តឹងរ៉ឹង មិន​ខាន។ ខ្ញុំ​មាន​ជំនឿ​ថា ពេលនោះ​ច្បាប់​នេះ នឹង​កាន់​តែ​មាន​ប្រសិទ្ធភាព​សម្រាប់​ប្រទេស​យើង៕

No comments:

Post a Comment