Translate

Tuesday, August 27, 2013

ADB ផ្តល់​កម្ចី​៧០​លាន​ដុល្លារ​ដល់​វិស័យ​អង្ករ​និង​កំណែ​ទម្រង់​ហិរញ្ញ​វត្ថុ​កម្ពុជា



ADB ផ្តល់​កម្ចី​៧០​លាន​ដុល្លារ​ដល់​វិស័យ​អង្ករ​និង​កំណែ​ទម្រង់​ហិរញ្ញ​វត្ថុ​កម្ពុជា


ភ្នំពេញប៉ុស្តិ៍ ២៦-០៨-២០១៣

ភ្នំពេញៈ ធនាគារ​អភិវឌ្ឍន៍ អាស៊ី (ADB) បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ផ្ដល់​កម្ចី ក្នុង​ទឹក​ប្រាក់ ៧០ លាន​ដុល្លារ​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ពង្រីក​វិស័យ​អង្ករ និង​លើក​កម្ពស់​កំណែ​ទម្រង់​នានា នៅ​ក្នុង​វិស័យ​ហិរញ្ញ​វត្ថុ។

កិច្ច​ព្រម​ព្រៀង​ដែល​ចុះ​ហត្ថលេខា​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ដោយ​លោក គាត ឈន់ រដ្ឋ​មន្ដ្រី​ក្រសួង សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ និង​លោក Eric Sidgwick នាយក ADB ប្រចាំ​ប្រទេស​កម្ពុជា គ្រប​ដណ្ដប់​លើ​កម្មវិធី​អភិវឌ្ឍន៍ វិស័យ​ពាណិជ្ផភាវូបនិយកម្ម​អង្ករ​ដែល​ធន់​ទៅ​នឹង​អាកាស​ធាតុ (Rice-SDP) និង​អនុកម្ម​វិធី​ទី២ របស់​កម្មវិធី​វិស័យ​ហិរញ្ញ​វត្ថុ​ទី​៣ (FSP III)

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ADB កម្ម​វិធី​អភិវឌ្ឍន៍​វិស័យ​អង្ករ​នេះ នឹង​គ្រប​ដណ្ដប់​លើ​ខេត្ដ​បាត់ដំបង កំពង់ធំ និងព្រៃវែង ដែល​ស្ថិត​ក្នុង​ចំណោម​តំបន់​ផលិត​អង្ករ​ធំៗ​ជាង​គេ នៅ​ក្នុង​ប្រទេស​នេះ។

រីឯ អនុកម្មវិធីទី ២ ដែល​មាន​ទឹក​ប្រាក់ ១៥ លាន​ដុល្លារ របស់ FSP III នឹង​បន្ដ​កែលំអ​មូល​ដ្ឋាន​គតិយុត្ដិ សម្រាប់​ស្ថាប័ន​ហិរញ្ញ​វត្ថុ​នានា ដើម្បី​ធានា​ចីរភាព​ស្ថិរភាព​ហិរញ្ញ​វត្ថុ បង្កើន​ទំនុក​ចិត្ដ​លើ​ទីផ្សារ ពង្រឹង​ក្រប​ខ័ណ្ឌ ច្បាប់​សម្រាប់​អភិវឌ្ឍ​ទីផ្សារ​មូល​បត្រ និង​ឧស្សាហកម្ម​ធានា​រ៉ាប់​រង ធ្វើ​ទំនើប​កម្ម​ការ​ទូទា​ត់ និង​ប្រព័ន្ធ​ផាត់​ទាត់ ផ្ដល់​ការ​គាំទ្រ​ដល់​ការ​បង្កើត​យន្ដការ​ដោះ​ស្រាយ​វិវាទ​ពាណិជ្ផកម្ម និង​លើក​កម្ពស់​តម្លា​ភាព និង​វិធាន​ការ​បង្ក្រាប​ការ​លាង​សំអាត​ប្រាក់ និង​ការ​ផ្ដល់​ហិរញ្ញប្ប​ទាន​ដល់​អំពើ​ភេវរកម្ម។

លោក Sidgwick បាន​មាន​ប្រសាសន៍​ថា «កម្មវិធី​អភិវឌ្ឍន៍​វិស័យ​អង្ករ គាំទ្រ​ដល់​គោល​នយោបាយ​ជម្រុញ ផលិតកម្ម​ស្រូវ និង​ការ​នាំ​ចេញ​អង្ករ​របស់​រដ្ឋាភិបាល ដែល​អំពាវនាវ​ឱ្យ​មាន​ការ​កែ​លំអ​ពូជ បង្កើន​ប្រសិទ្ធ​ភាព​ប្រព័ន្ធ​ធារា​សាស្ដ្រ ធ្វើ​ឱ្យ​កាន់​តែ​ប្រសើរ​នូវ​ទម្លាប់​បង្ក​បង្កើន​ផល បង្កើន​សមត្ថភាព​សំងួត រក្សា​ទុក និង​កិន​ស្រូវ និង​លើក​កម្ពស់​ការ​ស្វែង​រក​ទីផ្សារ ដែល​នឹង​ផ្លាស់​ប្ដូរ​អនុវិស័យ​អង្ករ​របស់​ប្រទេស​កម្ពុជា ពី​ការ​បង្ក​បង្កើន​ផល​សម្រាប់ ចិញ្ចឹម​ជីវិត ទៅ​ជា​ចង្វាក់​ផ្គត់​ផ្គង់​ឆ្ពោះ​ទៅ​រក​ការ​ធ្វើ​ពាណិជ្ផកម្ម»

សូមបញ្ជាក់ថា បន្ថែម​ពី​លើ​កម្ចី​របស់ ADB ក្នុង​ទឹក​ប្រាក់ ៥៥ លាន​ដុល្លារ កម្មវិធី​អភិវឌ្ឍន៍​វិស័យ​អង្ករ​បាន​កៀង​គរ​ហិរញ្ញប្ប​ទាន​រួម​គ្នា​ចំនួន ២៤,១ លាន​ដុល្លារ​ទៀត ដែល​ក្នុង​នោះ រួម​មាន ជំនួយ​ឥត​សំណង​ចំនួន ១៤,៦ លាន​ដុល្លារ ពី​មូល​និធិ​ត្រាស់​ហ្វាន់​សម្រាប់​កម្មវិធី​កសិកម្ម និង​សន្ដិសុខ​ស្បៀង​សកល និង​ជំនួយ​ឥត​សំណង​ចំនួន ៤,៥ លាន ដុល្លារ និង​កម្ចី​ចំនួន ៥ លាន​ដុល្លារ ពី​មូលនិធិ​យុទ្ធសាស្ដ្រ​អាកាស​ធាតុ។

No comments:

Post a Comment