Translate

Friday, August 16, 2013

បរិបទអន្តរជាតិបន្ថែមភាពរសើបកាន់តែខ្លាំងចំពោះបាតុកម្មនៅកម្ពុជា! ដោយ ប៉ែន បូណា


បរិបទអន្តរជាតិបន្ថែមភាពរសើបកាន់តែខ្លាំងចំពោះបាតុកម្មនៅកម្ពុជា!

RFI Khmer 16-08-2013: វា​មិន​មែន​ជា​រឿង​ចៃដន្យ​ទេ​ដែល​រដ្ឋាភិបាល​បាន​ត្រៀម​ការពារ​ សន្តិសុខ​រហូត​ដល់​​បញ្ចេញ​​កម្លាំង​​ប្រដាប់​អាវុធ​និង​រថពាសដែក​ផង​នៅ​ពេល ​ដែល​មេដឹកនាំ​បក្ស​ប្រឆាំង​ប្រកាស​ធ្វើ​មហា​បាតុកម្ម​​ប្រឆាំង​លទ្ធផល​នៃ​ ការបោះឆ្នោត។​ បទពិសោធន៍​ពី​អតីតកាល​ រួម​នឹង​ បរិបទ​អន្តរជាតិ​​​ដែល​ប្រទេស​ខ្លះ​កំពុង​ជួប​​ភាព​​វឹកវរ​បង្ហូ​ឈាម​ដោយ​ សារ​ចលនាបាតុកម្ម​ ដូចជានៅ​អេហ្ស៊ីប​ជាដើម​នោះ ​កាន់តែ​​ធ្វើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​​រសើប​ខ្លាំង​ឡើង​ថែមទៀត​នៅ​ចំពោះមុខ ​ចលនា​បាតុកម្ម។​

នេះ​មិនមែន​ជាលើក​ដំបូង​ទេ​ដែល​សមត្ថកិច្ច​រដ្ឋាភិបាល​ប្រុង​ប្រយ័ត្ន​ ចំពោះ​ចលនា​បាតុកម្ម​ ប៉ុន្តែ ​គ្រាន់​តែ​ថា ​ការប្រុង​ប្រយ័ត្ន​លើក​នេះ​មាន​លក្ខណៈ​ធំធេង​គួរ​ឲ្យ​កត់សម្គាល់។ ​ដូច​ដែល​​គេបាន​ឃើញ​ស្រាប់ ​ទន្ទឹម​នឹង​ការ​អំពាវនាវ​ជា​បន្តបន្ទាប់​របស់​ក្រសួង​មហាផ្ទៃ​​​ឲ្យ​ ប្រជាពលរដ្ឋ​​​មាន​ភាព​ស្ងប់ស្ងាត់​ និង​ការ​ព្រមាន​ម្តងហើយ​ម្តងទៀ​ត​ដល់​មេដឹកនាំ​បក្ស​ប្រឆាំង​ឲ្យ​គោរព​ ច្បាប់​បាតុកម្ម​នោះ ​អាជ្ញាធរ​​​បាន​ត្រៀម​លក្ខណៈ​យ៉ាង​សម្បើម​​រហូត​ដល់​ការ​ចល័ត​កង​កម្លាំង​ ប្រដាប់អាវុធ​ និង​រថ​ពាសដែក​​ទៀត​ផង។​
 
មាន​មូល​ហេតុ​សំខាន់​៣​ដែល​គេ​អាច​ចាត់​ទុក​ថា​ជាដើមចម​នៃ​ការ​ប្រយ័ត្ន​ប្រយែង​យ៉ាង​ខ្លាំង​របស់​អាជ្ញាធរ​រដ្ឋាភិបាល​៖ ទី១​ គឺ​ភាព​រសើប​នៃ​បាតុកម្ម​នៅ​ក្នុង​សង្គម​ខ្មែរ​​ដែល​មាន​​តាំង​ពី​ដើមមក​ ស្រាប់​ ពោលគឺ​ បាតុកម្ម​ជា​សញ្ញា​គ្រោះថ្នាក់​របស់​រដ្ឋាភិបាល។​ ទី២​ គឺ​បរិបទ​អន្តរជាតិ​ដែល​បណ្តា​ប្រទេស​ជាច្រើន​ជាពិសេស​នៅ​ពិភព​អារ៉ាប់​​ កំពុង​ជួប​​ភាព​វឹកវរ​ដោយ​សារ​ការបះ​បោរ​ទម្លាក់​មេដឹកនាំ​ចេញ​ពីអំណាច។​ អំពើ​ហិង្សា​បង្ហូរ​ឈាម​​ដែល​កំពុង​កើត​នៅ​ប្រទេស​អេហ្ស៊ីប​ពេល​នេះ​គឺជា​ ឧទាហរណ៍​ជាក់ស្តែង។ ​និង​ទី៣​ គឺ​មក​ពី​សន្ទុះ​​នៃ​ការគាំទ្រ​គណបក្ស​ប្រឆាំង​បាន​កើន​ឡើង​គួរឲ្យ​ កត់សម្គាល់​រយៈពេល​ចុង​ក្រោយ​នេះ​ ដែល​នឹង​នាំ​ឲ្យ​បាតុកម្ម​មាន​សន្ទុះ​កាន់​តែខ្លាំង​ដែរ។​

ជាការ​ពិត​ណាស់​ វា​មិន​មែន​ជា​រឿង​​​ថ្មី​​ទេ​​ដែល​​អាជ្ញាធរ​​តែង​​ខ្លាច​​ក្បួន​​ដង្ហែ​​ បាតុកម្ម​តាម​​ផ្លូវ​​ជា​ទ្រង់​ទ្រាយ​ធំ។​ ​សូម្បី​តែ​ការ​ជួបជុំ​សម្តែង​ម​តិ​នៅ​ទីលាន​ប្រជាធិបតេយ្យ​​ដែល​គេ​បង្កើត​ ឡើង​សម្រាប់​ឲ្យ​មហាជន​ធ្វើ​បាតុកម្ម​នោះ​​ក៏​ត្រូវ​គេ​កំណត់​ចំនួន​មនុស្ស​ មិន​ឲ្យ​លើស​ពី​ ២០០​ នាក់​ឡើយ​។ ជាទូទៅ​ អ្នក​សុំច្បាប់​ធ្វើ​បាតុកម្ម​​កម្រ​នឹង​ទទួល​បាន​ការអនុញ្ញាត​ពី​អាជ្ញាធរ​ ណាស់។​
មាន​តែ​បាតុកម្ម​ដែល​បំពាន​នឹង​បម្រាម​របស់​អាជ្ញាធរ​ប៉ុណ្ណោះ​​ដែល​អាច​កើត​ឡើង​ក្នុង​ទ្រង់​ទ្រាយ​​​ធំ​បាន។ ​
 
នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា​ បាតុកម្ម​នៅ​តែ​ជា​រឿង​ដ៏​រសើប​មួយ​នៅ​កម្ពុជា​បើ​ទោះបី​​ជា​ប្រទេស​នេះ​​ បាន​​ប្រកាន់​យក​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​អស់​រយៈពេល​២០​ឆ្នាំ​​ហើយ​ ក៏ដោយ។​ វាពិត​ជា​មិន​មែន​ជា​រឿង​ចៃដន្យ​ទេ​ដែល​រដ្ឋាភិបាល​តែង​ប្រយ័ត្ន​ប្រយែង​ ចំពោះចលនា​​បាតុកម្ម។ ​មាន​រឿងរ៉ាវ​ជាច្រើន​មក​ហើយ​ដែល​ត្រូវ​បាន​គេ​កត់ត្រា​ក្នុង​ ប្រវត្តិសាស្ត្រ ​ទាក់ទង​នឹងគ្រោះថ្នាក់​ដែល​បណ្តាល​មក​ពី​ចលនា​​បាតុកម្ម​នៅ​ក្នុង​សង្គម​ ខ្មែរ។​
 
ព្រឹត្តិការណ៍​ដែល​គេ​នៅ​ចាំច្បាស់​ជាង​គេ​គឺ ​ចលនា​បះបោរ​របស់​កសិករ​នៅ​ស្រុក​សំឡូត​ ខេត្ត​​បាត់ដំបង​កាលពី​ដើម​ខែ​មេសា ​ឆ្នាំ ​១៩៦៧ ។​ ចលនា​បះបោរ​នោះហើ​យ​ដែលជា​សញ្ញា​នៃ​ការ​ដួល​រលំ​របប​សង្គមរាស្ត្រ​និយម​របស់ ​សម្តេចព្រះ​ នរោត្តម សីហនុ​ នៅ​ថ្ងៃ ​១៨​ មីនា​ ១៩៧០។​ ព្រឹត្តិការណ៍​ថ្មីៗ​បំផុត​មួយ​ទៀត​​ដែល​ឈាន​ដល់ការដុត​បំផ្លាញ​ស្ថានទូត​ថៃនិង​បំផ្លាញ​ផលប្រយោជន៍​ថៃ​មួយចំនួន​ទៀត​កាលពី​ដើម​ឆ្នាំ ​២០០៣ ​ក៏​ជា​បទពិសោធន៍​ស្តីពី​ភាព​រសើប​នៃបាតុកម្មដែរ។​
 
និយាយ​ជារួម​ ប្រវត្តិសាស្ត្រ​កម្ពុជា​បាន​បង្ហាញថា ​​ឲ្យតែ​មាន​ចលនា​បាតុកម្ម​ ឬ​ចលនា​បះបោរ​​កើត​ឡើង​ បើ​មិន​យូរ​ក៏​ឆាប់​ គង់​​នឹង​ឈាន​ដល់​គ្រោះថ្នាក់​ដល់​របប​ដឹកនាំ​ជា​មិនខាន។​ យ៉ាងហោច​ណាស់​​ ​ក៏​វា​ត្រូវ​បញ្ចប់​ទៅវិញ​ដោយ​អំពើ​ហិង្សាដែរ។​ បន្ថែម​ពី​លើ​នេះ​ អាជ្ញាធរ​កម្ពុជា​ក៏ប្រហែល​​ជា​មិនបាន​មើល​រំលង​បរិបទ​អន្តរជាតិ​​ដែរ នោះគឺ​គ្រោះថ្នាក់​នៃ​របប​ដឹកនាំ​មួយចំនួន​ដែល​កើត​ឡើង​ដោយសារ​ចលនា​ បាតុកម្ម​​មហាជន។​
 
ម្យ៉ាង​ទៀត​ គេ​ក៏​មិន​ត្រូវ​ភ្លេច​ដែរ​ថា​ ក្រៅ​ពី​បក្ស​ប្រឆាំង​ដែល​តែង​និយាយ​ជាញឹកញាប់​​អំពី​​ការ​ផ្លាស់ប្តូរ​របប​ ដឹកនាំ​របស់​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន​ នោះ​ ក៏មាន​ដែរ​ចលនា​មួយចំនួន​​កំពុង​ធ្វើ​សកម្មភាព​ប៉ុនប៉ង​ប្រើប្រាស់​ចលនា​ មហាជន​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល។ ​ប្រឈម​មុខ​នឹង​ស្ថានការណ៍​ទាំង​នេះ ​ប្រាកដ​ណាស់​ថា​ អាជ្ញាធរ​រដ្ឋាភិបាល​ត្រូវ​ត្រៀម​លក្ខណៈ​ទប់ទល់​ទ្រង់ទ្រាយ​ធំ​​ដោយ​ចៀស​មិន ​ផុត។​
 
យ៉ាងណា​ក៏ដោយ​ចុះ​ គេ​សង្ឃឹម​ថា​ អ្នកនយោបាយ​ខ្មែរ​ដែល​មាន​ភាព​ចាស់ទុំ​ និង​បាន​ស្រង់​​បទ​ពិសោធន៍​ច្បាស់​លាស់​ពី​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​នោះ ​ប្រាកដ​ជា​នឹង​មិន​ធ្វើ​ឲ្យ​​ប្រទេស​ជាតិ​ធ្លាក់​ក្នុង​ស្ថានភាព​ភយន្តរាយ​ សារជាថ្មី​នោះ​ឡើយ។ ​សូម​កុំ​ភ្លេច​ថា​ គន្លង​ប្រជាធិបតេយ្យ​ដែល​​កម្ពុជា​ខិតខំ​​កសាង​ពីរ​ទសវត្សរ៍​មក​ហើយ​នោះ​ ពិតជា​មាន​តម្លៃ​ខ្លាំងណាស់​ទាំង​​សម្រាប់​បច្ចុប្បន្ន ​និង​អនាគត​​របស់​​ប្រទេស​នេះ។​
 
ទោះបី​ជា​នៅ​មាន​បញ្ហា​ចម្រូង​ចម្រាស​ជាច្រើន​ក៏ដោយ​ ក៏ការ​ធ្វើ​ឲ្យ​មាន​ការផ្លាស់​ប្តូរ​អំណាច​​​ដឹកនាំរដ្ឋ​តាមរយៈ​សន្លឹក​ ឆ្នោត​គឺជា​ជម្រើស​តែមួយ​គត់​មិន​អាច​ខ្វះបាន។​ ការប៉ុនប៉ង​​ប្រើ​​មធ្យោបាយ​​ក្រៅ​ពី​នេះ​នឹង​នាំ​ប្រទេស​ជាតិ​ទៅ​ រកគ្រោះថ្នាក់​ប្រកប​ដោយ​សោកនាដកម្ម​ជា​ថ្មី​ដោយ​ចៀស​មិន​ផុត​ឡើយ៕


No comments:

Post a Comment