Translate

Sunday, August 25, 2013

កម្ពុជា​ត្រូវ​ពង្រឹង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ច្រើន​ ដើម្បី​ទទួល​ទេសចរ​ដែល​កើន​



កម្ពុជា​ត្រូវ​ពង្រឹង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ច្រើន​ ដើម្បី​ទទួល​ទេសចរ​ដែល​កើន​

RFI Khmer 25-08-2013


រដ្ឋាភិបាល​កម្ពុជា​គួរ​តែ​បាន​រីករាយដោយ​ឃើញ​តួលេខ​នៃ​ចំនួន​ទេសចរ​ បាន​ បន្ត​កើនឡើង​រហូត។ វិស័យ​ទេសចរណ៍ ឬ​ឧស្សាហកម្ម​គ្មាន​ផ្សែង​នេះ​ហើយ ​ដែល​ជា​ស​សរស្តម្ភមួយ​​នៃ​កំណើន​ សេដ្ឋកិច្ច​​របស់​ប្រទេស​កំពុង​អភិវឌ្ឍន៍​មួយ​នេះ។

គិត​ត្រឹម​ឆ្នាំ២០១០​មក ​ដែល​ឆ្នាំ​នោះ​មាន​ទេសចរ​បរទេស​តែ​២លាន​៥សែន​នាក់ ហើយ​ដែល​បាន​ផ្តល់​ចំណូលជា​១៧០០លាន​ដុល្លារ កម្ពុជា​បាន​ទទួល​ចំនួនទេសចរ​កើនឡើង​ដល់​២លាន​៨សែន​នាក់ ក្នុង​ឆ្នាំ​២០១១ និង​៣លាន​៥​សែននាក់​ ក្នុង​ឆ្នាំ​២០១២កន្លងទៅ ជាមួយ​នឹង​ចំនូល​ជាង​២២០០លាន​ដុល្លារ។

ទន្ទឹម​គ្នានេះ រដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ក្រសួង​ទេសចរ​ណ៍ ក៏​​បាន​ប៉ាន់ស្មាន​ និងគ្រោង​ទាក់ទាញ​ចំនួន​ទេសចរក្នុង​ឆ្នាំ​២០១៣​នេះ អោយបាន​៣លាន​៧​សែននាក់​ ឆ្នាំ​២០១៥​ អោយ​បាន​៤លាន​៥​សែន​នាក់​ និង​ឆ្នាំ​២០២០ អោយ​បាន​ដល់​៧លាន​នាក់។

នៅពេល​នោះ បើយោងតាម​ការ​វាយតម្លៃ​របស់​ក្រសួង​ទេសចរណ៍ ជាមួយ​នឹង​តួលេខចំនួន​ទេសចរ​​៧លាន​នាក់​នេះ កម្ពុជា​នឹង​ទទួល​បាន​ចំនូល​ជាង​៥០០០លាន និង​ការងារ​ចំនួនជាង​៨សែន ការងារ។

រហូត​ដល់ពេលនេះ ក្រាហ្វិក​នៃ​ចំនួន​អ្នកទេសចរបរទេស​កំពុង​បន្ត​រត់ឡើងលើ។ កម្ពុជា​ក៏​កំពុង​បន់ស្រន់​អោយ​​ក្រាហ្វិក​នេះ​បន្ត​ដោល​ឡើង​លើ​តាម​ ការប៉ាន់ស្មាន​នៃ​កំណើន​ទេសចរ​ដែល​ខ្លួន​បាន​គិត​ទុក​ដែរ។ ប៉ុន្តែ ស្រប​ពេល​ជា​មួយ​គ្នា​នេះ កម្ពុជា​ក៏​ត្រូវ​ប្រមើល​មើល​ទុក​អំពី​ការដ្ឋាន​ការងារ​មួយ​ចំនួន ដែល​កម្ពុជា​ត្រូវ​ត្រៀម​ផងដែរ។ ត្រៀម​ដើម្បី​ទទួលចំនួន​ទេសចរ​ដែល​កើន​ឡើង​នោះ​ផង និង​ត្រៀម​ដើម្បី​បន្តទាក់ទាញ​ទេសចរ​ទាំងនោះ អោយ​ត្រឡប់មក​កម្ពុជា​សារជាថ្មី​ទៀត​ដែរ។

មាន​ការ​ងារ និង​គម្រោង​អភិវឌ្ឍ​ន៍​វិស័យ​ទេសចរ​ជាច្រើន​ហើយ ដែល​ក្រសួង​ទេសចរណ៍​បាន​អនុវត្ត ហើយ​ក៏​បាន​ទទួលជោគជ័យ​ដែរ ដូចជា ការ​ពង្រីក​គោលដៅ​ទេសចរណ៍ ឬ​ការធ្វើ​ពិពិធកម្មតំបន់ទេសចរណ៍ ការ​បង្កើន​ជើងហោះហើរ​ផ្ទាល់​ពី​​បរទេស ​និងការពង្រឹង​សុវត្ថិភាព សន្តិសុខ​ជូន​ដល់​ទេសចរ​ជាដើម។

ប៉ុន្តែ​ អ្នកជំនាញ​ទេសចរណ៍​នៅតែ​ជំរុញ​អោយ​រដ្ឋាភិបាល ឬ​ក្រសួងទេសចរ​បន្ត​ធ្វើ​កិច្ច​ការ​ងារ​មួយ​ចំនួន​អោយ​មាន​ប្រសិទ្ធភាព​អោយ​ បាន​ឆាប់​រហ័ស ដែល​ការងារ​ទាំង​នោះ ជា​ការ​ងារ​ដដែល​ៗ។

ទីមួយ គឺ​ការ​ពង្រឹង និង​ពង្រីក​ធនធាន​មនុស្ស​ក្នុង​វិស័យ​ទេសចរ​ណ៍​នេះ។ អ្នកធ្វើការ​ងារ​ក្នុង​វិស័យ​ទេសចរ​បាន​រអ៊ូ​រទាំ​អំពី​ការ​ខ្វះខាត​ អ្នកជំនាញ​បដិសណ្ឋារកិច្ច អ្នកជំនាញ​នៅ​តាម​ភោជនីយដ្ឋាន សណ្ឋាគារ និងប្រតិបត្តិករ​​​ទេសចរណ៍ជាដើម។ ទាំងអស់​នេះ​ដែល​បណ្តាល​មក​ពី​កម្ពុជា​មិន​មាន​សាលាជំនាញ​ថ្នាក់ជាតិ​ ច្បាស់លាស់ ដែល​អាច​បណ្តុះបណ្តាល​​ធនធាន​មនុស្ស​ថ្មីៗ​ប្រកបដោយ​គុណភាព។

ទី២ គឺ​ការ​បញ្ជ្រាប​​អំពី​​ការងារ​ទេសចរណ៍​ ដែល​ទាក់ទង​នឹង​ការ​ទទួល​ស្វាគមន៍​ ទេសចរ​ទៅដល់​ប្រជាជន​អោយ​មាន​ប្រសិទ្ធភាព។ ជាពិសេស ​អ្នកភូមិ​ដែល​ត្រូវ​ផ្តល់​សេវា​ដោ​យផ្ទាល់​ទៅ​អោយ​អ្នកទេសចរ។ ប្រជាពលរដ្ឋ​ទាំងនេះ​ដែល​ត្រូវ​ផ្តល់សេវា​ដល់​អ្នកទេសចរ​បរទេស ត្រូវ​មាន​ចំណេះចេះដឹង​ខ្ពស់​សមល្ម​មមួយ​ ទាក់ទង​នឹង​អនាម័យ សីលធម៌ សុជីវធម៌ និង​ភាព​ស្មោះត្រង់​ជា​ដើម។

ទី៣ គឺ​ការ​ធានា​អំពី​គុណភាព​នៃ​ប្រព័ន្ធ​ផ្លូវថ្នល់​។ ផ្លូវថ្នល់​នៅ​កម្ពុជា​ត្រូវគេ​ស្តីបន្ទោសថា ឆាប់​បាក់បែក និង​ខូ​ច​ដែល​រំខាន​ការ​ធ្វើ​ដំណើរ​របស់​អ្នកទេសចរ។

ទាំងនេះ​គឺជា​សេវាប្រចាំ​ថ្ងៃដែល​អ្នកទេសចរត្រូវ​ជួប​ប្រទះ និង​រស់នៅ​ជាមួយ​នោះ។ រហូត​ដល់ពេលនេះ កម្ពុជា​នៅ​មិនទាន់​សម្រេច​កិច្ចការ​ទាំងនេះ​អោយ​មាន​ប្រសិទ្ធភាព​នៅឡើយទេ។ ហើយ​ថា​ ចាប់ពីពេល​នេះទៅ កម្ពុជា​ត្រូវជ្រើសរើស​រវាង​​ការ​ទទួល​យក​ចំនួន​ទេសចរ​ច្រើន តែ​ត្រូវ​រៀបចំ​ខ្លួន​អោយ​រឹង​មាំ និងការ​ទុក​បណ្តែតបណ្តោយ​បញ្ហាទាំងនេះ នៅ​បន្ត​រំខាន​អ្នកទេសចរជាតិ និងអន្តរជាតិ តែ​ចំនួន​អ្នកទេសចរ​នឹង​ធ្លាក់ចុះ​វិញ​នោះ។

និយាយ​សរុប​មកវិញ តាមពិតទៅ កម្ពុជា​នៅមាន​ការដ្ឋានការងារ​ជាច្រើនទៀត ដែល​ត្រូវ​ធ្វើ និង​ត្រៀមលក្ខណៈ​ដើម្បី​ទទួល​ភ្ញៀវទេសចរ​បរទេស។ នេះ​គេ​នៅ​មិនទាន់និយាយ​អំពី​ចំនុច​អវិជ្ជមាន​ធំៗ​មួយ​ចំនួន​ ដែល​អាច​បង្ក​ឡើង​ដោយ​ការ​កើនឡើង​នៃ​ចំនួន​អ្នកទេសចរ​បរទេស​នៅ​កម្ពុជា​ នៅឡើយទេ។ បញ្ហាទាំងនោះ​មាន​ដូចជា ការ​នាំមក​នូវ​វប្បធម៌ប​រទេស ការ​ជូញដូរ​ផ្លូវភេទ ពិសេស​លើ​កុមារ ការ​បំផ្លាញ​បរិស្ថាន និងធនធាន​ធម្មជាតិ​ដើម​៕

No comments:

Post a Comment