Translate

Friday, August 23, 2013

កម្ពុជាគួរប្រយ័ត្នចំពោះឥទ្ធិពលរបស់មហាអំណាច!



កម្ពុជាគួរប្រយ័ត្នចំពោះឥទ្ធិពលរបស់មហាអំណាច!


RFI Khmer 23-08-2013


ពិត​ហើយ​ថា ចិន​និង​សហរដ្ឋ​អាមេរិក​កំពុង​សម្លឹង​មើល​អាស៊ី​ប៉ាស៊ីហ្វិក​ថា​ជាគោលដៅ​ យុទ្ធសាស្ត្រ​ដ៏សំខាន់​របស់​ខ្លួន​ក្នុង​សតវត្សរ៍​ថ្មី​នេះ។ ​ដូច្នេះ ​ចិន​ប្រាកដ​ជា​មិន​បណ្តោយ​ឲ្យ​កម្ពុជា​ដែល​ជា​មិត្ត​ដ៏​យូរលង់​របស់​ខ្លួន​ ងាក​ទៅ​រក​ដៃ​គូ​ថ្មី​ដោយ​ងាយ​នោះ​ឡើយ។ ​តាម​ពិត​ទៅ ​ស្ថានភាព​បែប​នេះ ​អាច​ផ្តល់​ផលប្រយោជន៍​ច្រើន​ដល់​កម្ពុជា​ទៅ​វិញ​ទេ ​ប្រសិន​ណា​បើ​អ្នក​នយោបាយ​ខ្មែរ​ចេះ​ទាញ​យក​ផល​ចំណេញ​ពី​មហា​អំណាច​ទាំង​ នោះ។ ​ផល​ចំណេញ​អាច​នឹង​ទទួល​បាន​ដរាប​ណា​កម្ពុជា​ចេះ​រក្សា​ជំហរ​ប្រកប​ដោយ​ភាព​ វៃ​ឆ្លាត​មួយ។ ​ផ្ទុយ​ទៅ​វិញ ការដាក់​ខ្លួន​ឲ្យ​ស្ថិត​នៅ​ផ្តាច់​មុខ​ក្រោម​ឥទ្ធិពល​មហា​អំណាច​ណាមួយ ​វា​នឹង​ធ្វើ​ឲ្យ​ប្រទេស​ជួប​គ្រោះថ្នាក់​ជា​មិន​ខាន។
 

និន្នាការ​របស់​អ្នកនយោបាយ​ខ្មែរ​ពេល​នេះ​ហាក់​កំពុង​បង្ហាញ​សញ្ញា​គួរ​ឲ្យ​ ព្រួយបារម្ភ។ ​ព្រួយ​បារម្ភ​នៅ​ត្រង់​ថា​ នៅ​ពេល​ដែល​ជម្លោះ​នយោបាយ​ផ្ទៃក្នុង​កំពុង​ពុះកញ្ជ្រោល​ឡើង​កាន់តែ​ខ្លាំង អ្នក​នយោបាយ​ច្រើន​តែ​រត់​រក​ខ្នង​បង្អែក​ពី​មហា​អំណាច​រៀងៗ​ខ្លួន។ ​ជាក់ស្តែង ​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​បង្ហាញ​ទំនោរ​ទៅ​រក​ចិន​កាន់​តែ​ខ្លាំង​ឡើង​ ជា​លំដាប់។ ចំណែកឯ​គណបក្ស​ប្រឆាំង​វិញ​ដែល​កំពុង​តែ​កើន​ប្រជាប្រិយភាព​ទន់ទោរ​ទៅ​រក​ លោក​ខាង​លិច​ជាពិសេស​គឺ​សហរដ្ឋ​អាមេរិក។​
 

ដូច្នេះ​ ប្រសិន​បើ​គេ​មិន​ប្រយ័ត្ន​ទេ ​និន្នាការ​នេះ​អាច​នឹង​នាំ​ប្រទេស​កម្ពុជា​ទៅ​រក​ការបែក​បាក់​ជាពីរ​ចំណែក​ ក្រោម​ឥទ្ធិពល​របស់​មហា​អំណាច​ដែល​មាន​បន្ទាត់​នយោបាយ​ខុស​គ្នាជា​មិន​ខាន​។សូម​កុំភ្លេច​ថា​ បញ្ហា​វឹកវរ​ដែល​នាំ​ដល់​អំពើ​ហិង្សា​បង្ហូរ​ឈាម ឬ​ក៏​ឈាន​ដល់​សង្គ្រាម​ស៊ីវិល​ដ៏​ខ្ទេច​ខ្ទាំ ​ដូច​ជា​នៅ​លីប៊ី ​ស៊ីរី ​និង​នៅ​អេហ្ស៊ីប​ សព្វថ្ងៃ​ជាដើម​សុទ្ធ​សឹង​ជា​លទ្ធផល​នៃ​ការបែក​បាក់​ផ្ទៃ​ក្នុង​ដោះស្រាយ​ មិន​ចេញ។ ​ទីបំផុត ​ភាគី​នីមួយៗ​ក៏បែរ​មក​ប្រយុទ្ធ​គ្នា​ក្រោម​ឥទ្ធិពល​និង​សព្វាវុធ​របស់​មហា​ អំណាច​ដែល​គាំទ្រ​ពី​ក្រោយ​ខ្នង​រៀងៗ​ខ្លួន។
 

នេះគឺ​ជា​បទពិសោធន៍​ដ៏​ល្អ​និង​ជាក់ស្តែង​បំផុត​សម្រាប់​អ្នកនយោបាយ​ខ្មែរ។ ​ដូច្នេះ​ ផ្លូវ​ដ៏ល្អ​បំផុត​គឺ​ការដោះស្រាយ​បញ្ហា​ផ្ទៃក្នុង​រវាង​ខ្មែរ​និង​ខ្មែរ​ គ្នាឯង​ដោយ​រក្សា​ឲ្យ​បាន​ជា​ដាច់ខាត​នូវ​ឯកភាព​ជាតិ​។ រីឯ​មហា​អំណាច​វិញ ​អ្នកនយោបាយ​គ្រប់​ភាគី ​គួរតែ​ប្រើ​ភាព​ឈ្លាស​វៃ​ដើម្បី​ទាញ​យក​ប្រយោជន៍​ពីពួកគេ​មក​អភិវឌ្ឍន៍​ ប្រទេស។ ​នេះ​ទើប​ជា​នយោបាយ​ឈា្លស​វៃ​ដើម្បី​ប្រយោជន៍​ជាតិ​ដែល​អ្នកនយោបាយ​ខ្មែរ​ គួរតែ​ធ្វើ​ឲ្យ​បាន៕


ព័ត៌មានអម្អិតមានក្នុងគេហទំព័រខាងក្រោម

No comments:

Post a Comment