លោក សម រង្ស៊ី
វាយតម្លៃការដោះស្រាយពាក្យបណ្តឹង មុនពេលប្រកាស ធ្វើមហាបាតុកម្ម
គេហទំព័រវត្តភ្នំ ១៦-០៨-២០១៣៖ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានមកដល់ប្រទេសកម្ពុជា វិញហើយ កាលពីម៉ោង ៩និង១៥នាទី ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៣ ដោយមានប្រជាពលរដ្ឋ និងអ្នកគាំទ្ររាប់រយនាក់ ចេញមក ទទួលអបអរស្វាគមន៍ នៅតាមដងផ្លូវ ចាប់តាំងពីមុខព្រលាន យន្តហោះអន្តរជាតិភ្នំពេញ ហើយបានបន្តដំណើរ ដោយថ្មើរជើងរហូតមកដល់ មុខសកលវិទ្យាល័យ ភូមិន្ទភ្នំពេញ២ ទើបឡើងរថយន្ត ទៅជួបអ្នកគាំទ្រ នៅសង្កាត់ចាក់អង្រែលើ។
លោក សម រង្ស៊ី បានបង្ហាញពីជំហរដដែល របស់គណបក្សសង្គ្រោះជាតិ ដែលធ្លាប់បានប្តេជ្ញាថា ត្រូវតែរៀបចំមហាបាតុកម្ម ប្រឆាំងលទ្ធផលបោះឆ្នោត តែមិនទាន់មានការបញ្ជាក់ថា មហាបាតុកម្មនោះ នឹងធ្វើនៅថ្ងៃណា ពិតប្រាកដនោះទេ គឺរងចាំមើលការដោះស្រាយ ពាក្យបណ្ដឹងទាក់ទិនការបោះឆ្នោតសិន។ យ៉ាងណាក៏ដោយ មន្ត្រីគណបក្សសង្គ្រោះជាតិ បានលើកឡើងថា មហាបាតុកម្មនោះ ត្រូវធ្វើឡើងដោយអហិង្សា អាចមានប្រជាពលរដ្ឋ ជាម្ចាស់ឆ្នោត ចូលរួមរាប់លាននាក់។
លោក សម រង្ស៊ី ថ្លែងប្រាប់អ្នកគាំទ្រទៀតថា យើងត្រូវតែរួមគ្នា ការពារជ័យជំនះ របស់យើង ឲ្យទាល់តែបាន ព្រោះជ័យជំនះនេះហើយ នឹងនាំមកនូវការផ្លាស់ប្តូរ លើទឹកដីកម្ពុជាយើង ក្នុងឆ្នាំ២០១៣ នេះ ហើយចាប់ពីពេលនេះតទៅ យើងនឹងរៀបចំឲ្យមាន ព្រឹត្តិការណ៍ថ្មីៗជាច្រើន ដើម្បីការពារជ័យជំនះ របស់ប្រជាពលរដ្ឋខ្មែរ។ តាមសេចក្តីបញ្ជាក់ របស់លោក សម រង្ស៊ី បានឲ្យដឹងថា មហាបាតុកម្ម ដ៏កក្រើកញ័រផែនដី អាចកើតមានចៀសមិនផុតឡើយ ប្រសិនបើ គជប មិនព្យាយាមដោះស្រាយ ភាពមិនប្រក្រតី ដោយតម្លាភាព និងគួរឲ្យជឿជាក់ទេនោះ។
យ៉ាងណាក៏ដោយលទ្ធភាព ដែលគណបក្សសង្គ្រោះជាតិ រៀបចំមហាបាតុកម្ម ប្រឆាំងលទ្ធផល បោះឆ្នោត នាពេលខាងមុខនេះ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានព្រមាន ធ្វើការវាយបង្ក្រាប ដើម្បីរក្សា សន្តិសុខសង្គម ឬអាចមានបាតុកម្ម ជល់បាតុកម្ម។ ស្ថានភាពបែបនេះ អាចនាំឲ្យមាន អំពើហិង្សា បង្ហូរឈាមប្រជារាស្ត្រខ្មែរ យ៉ាងអាក្រក់បំផុត ហើយសហគមន៍អន្តរជាតិ បានអំពាវនាវ ឲ្យអ្នកនយោបាយខ្មែរ ដោះស្រាយបញ្ហា ដោយសន្តិវិធី ទន្ទឹមពេលដែលរាជរដ្ឋាភិបាល បានចល័តកងទ័ព ចូលរាជធានីភ្នំពេញ ក្រោមលេសមករក្សា សន្តិសុខ។
លោក សម រង្ស៊ី ក៏ធ្លាប់បានអំពាវនាវ ឲ្យរដ្ឋាភិបាលបញ្ឈប់ ការបង្កើនកម្លាំងទ័ព និងបញ្ឈប់ការចល័ត កងកម្លាំងប្រដាប់អាវុធ ដើម្បីកុំឲ្យប្រជាពលរដ្ឋ មានការភ័យខ្លាច និងសូមអំពាវនាវ ដល់ប៉ូលីស និងទាហានទាំងអស់ កុំប្រើអំពើហិង្សា មកលើប្រជារាស្ត្រ ស្លូតត្រង់ឲ្យសោះ ពីព្រោះយើងទាំងអស់គ្នា គឺជាខ្មែរដូចគ្នា ជាអ្នកកាន់ព្រះពុទ្ធសាសនាដូចគ្នា និងជាអ្នកស្រលាញ់ ប្រទេសជាតិរបស់យើង ទាំងអស់គ្នា៕
No comments:
Post a Comment