Translate

Friday, August 16, 2013

លទ្ធផល​ជំរឿនៈ កម្ពុជា​មាន​ពលរដ្ឋ ១៤ លាន ៦ សែន​នាក់

លទ្ធផល​ជំរឿនៈ កម្ពុជា​មាន​ពលរដ្ឋ ១៤ លាន ៦ សែន​នាក់


ភ្នំពេញប៉ុស្តិ៍ ១៦-០៨-២០១៣៖  ក្រសួង​ផែនការ​បាន បង្ហាញ​លទ្ធផល​បណ្តោះ​អាសន្ន​នៃ​ចន្លោះ​ជំរឿន​ប្រជាសាស្ត្រ ឆ្នាំ ២០១៣ ថា ចំនួន​ពលរដ្ឋ​កម្ពុជា​សរុប​មាន​ចំនួន​ជាង ១៤ លាន ៦ សែន ជា​មធ្យម​គ្រួសារ​នីមួយៗ មាន​ចំនួន ៤,៦ នាក់។

ចំនួន​ពលរដ្ឋ​សរុប​នៅ​ឆ្នាំ​នេះ​មាន​ការ​កើន​ឡើង​ជាង ១,២ លាន​នាក់ ស្មើ ,៧ ភាគរយ បើ​ប្រៀប​ធៀប​នឹង​ជំរឿន​ឆ្នាំ ២០០៨ ដែល​មាន​ពលរដ្ឋ​សរុប ជាង ១៣, លាន​នាក់។ នេះ​បើ​តាម​លទ្ធផល​បណ្តោះ​អាសន្ន​នៃ​ការ​អង្កេត​ចន្លោះ​ជំរឿន​ប្រជាសាស្ត្រ ឆ្នាំ ២០១៣ ដែល​ចេញ​ផ្សាយ​កាល​ពី​ម្សិលមិញ ដោយ​ក្រសួង​ផែនការ និង​ឧបត្ថម្ភ​ដោយ​មូលនិធិ​សហ​ប្រជាជាតិ​សម្រាប់​ប្រជាជន (UNFPA) និង​ទីភ្នាក់ងារ​សហ​ប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន (JICA) ក្នុង​គោល​បំណង​ធ្វើ​បច្ចុប្បន្នភាព​សូចនាករ​ទាក់​ទង​ចំនួន​និង​ចរិត​លក្ខណៈ ​ប្រជាជន​នៅ​កម្ពុជា។

ការ​អង្កេត​បាន​អនុវត្ត​លើ​ភូមិ ៩៥៥ ភូមិ ហើយ​ភូមិ​នីមួយៗ​បាន​ជ្រើស​យក​សំណាក​គំរូ​ពី ៣០ គ្រួសារ។

លទ្ធផល បន្ត​បង្ហាញ​ថា ចំនួន​បុរស​ជាង ៧ លាន ១ សែន​នាក់ ស្ត្រី​ជាង ៧ លាន ៥ សែន​នាក់​។​តាម​ការ​ប៉ាន់​ស្មាន​ដង់ស៊ីតេ​ប្រជារាស្ត្រ​ឆ្នាំ ២០១៣ ដែល​មាន ៨២ នាក់ ក្នុង​មួយ​គីឡូម៉ែត្រ​ការ៉េ ដែល​ចំនួន​នេះ កើន ៧ នាក់ កាល​ពី​ឆ្នាំ ២០០៨។ ប៉ុន្តែ ទោះ​ជា​យ៉ាង​ណា​ក៏​ចំនួន​នេះ​មាន​កម្រិត​ទាប​ជាង ១២៦ នាក់ ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។

លោក Marc Derveeuw តំណាង​អង្គការ UNFPA កម្ពុជា ថ្លែង​ក្នុង​ពិធី​នេះ​ថា ចំនួន​ប្រជា​ពលរដ្ឋ​មាន​ការ​កើន​ឡើង​រហូត​ក្នុង​ចន្លោះ​រយៈ​ពេល ១០ ឆ្នាំ​នៃ ការ​ធ្វើ​ជំរឿន​ដែល​ចាប់​ផ្តើម​កាល​ពី​ឆ្នាំ ១៩៩៨ ដែល​មាន​ប្រមាណ​ជា ១១,៤ លាន​នាក់។

លោក​បន្ត​ថា សមាជិក​ក្នុង​គ្រួសារ​នីមួយៗ​មាន ៤,៦ នាក់​នៅ​ឆ្នាំ ២០១៣ រីឯ​ឆ្នាំ ២០០៨ មាន ៤,៧ នាក់ នោះ​បង្ហាញ​ថា «ចំនួន​សមាជិក​ក្នុង​គ្រួសារ​នៅ​ប្រទេស​កម្ពុជា មាន​ការ​ធ្លាក់​ចុះ​តិច​តួច ដែល​មួយ​ផ្នែក​មក​ពី​កម្រិត​លទ្ធភាព​បង្ក​កំណើត ប៉ុន្តែ ភាគ​ច្រើន​មក​ពី​ការ​ធ្វើ​បន្លាស់​លំនៅ​របស់​ប្រជាជន»

ដោយ​ឡែក នៅ​ឆ្នាំ ២០១៣ នេះ ពលរដ្ឋ​រស់​នៅ​ប្រជុំជន​មាន​ការ​កើន​ឡើង​ដល់​ជាង ៣,១ លាន​នាក់​ស្មើ ២១, ភាគរយ​នៃ​ប្រជាជន​សរុប​។ ចំនួន​នេះ​លើស​ពី​ឆ្នាំ ២០០៨ ដែល​មាន​តែ​ជាង ២ លាន ៦ សែន​នាក់​ស្មើ ១៩,៥ ភាគរយ​នៃ​ប្រជាជន​សរុប។ ទិន្នន័យ​នេះ ក៏​បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពី​ការ​ធ្វើ​បន្លាស់​ទី​នៃ​ប្រជាជន​ពី​ទី​ ជនបទ​មក​ទី​ប្រជុំជន​ដែរ។

លោក Derveeuw បន្ថែម​ថា កំណើន​ដ៏​លឿន​នៃ​ពលរដ្ឋ​ក្នុង​វ័យ​ចាប់​ពី​អាយុ ១៥ ឆ្នាំ ដល់ ៦៤ ឆ្នាំ​ក្នុង​វ័យ​ពេញ​កម្លាំង​ពលកម្ម​។ នេះ​បញ្ជាក់​ថា៖ «កម្ពុជា​ស្ថិត​ក្នុង​ឱកាស​នៃ​ការ​ទទួល​បាន​ផល​លាភ​ប្រជាសាស្ត្រ​ដែល​មាន ពលរដ្ឋ​វ័យ​ក្មេង​កាន់​តែ​ច្រើន​ចូល​រួម​ក្នុង​ទីផ្សារ​ពលកម្ម»

លោក​ស្រី ហង់ លីណា អគ្គ​នាយក​នៃ​វិទ្យាស្ថាន​ស្ថិតិ​របស់​ក្រសួង​ផែនការ​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា ជំរឿន​ដែល​ធ្វើ​ឡើង​កាល​ពី​ខែ មីនា ចំនួន ១០ ថ្ងៃ មាន​ការ​ចូល​រួម​ពី​ពលរដ្ឋ តែ​ដោយ​សារ​ជំរឿន​នេះ​ធ្វើ​ចំ​ពេល​រដ្ឋាភិបាល​កំពុង​រៀបចំ​បោះឆ្នោត​ជាតិ ទើប​ពលរដ្ឋ​បង្ហាញ​នូវ​ការ​បារម្ភ។

លោក​ស្រី​ប្រាប់​ថា៖ «ពេល​ខ្លះ​ពលរដ្ឋ​មាន​ការ​ទើស​ទាល់​ចិត្ត​ក្នុង​ការ​ឆ្លើយ​សំណួរ​មន្ត្រី ដោយ​ពួកគេ​យល់​ថា រដ្ឋាភិបាល​អាច​សួរ​រឿង​នយោបាយ។ តែ​ពេល​យើង​សួរ​អត់​ទាក់​ទង​នយោបាយ គេ​ក៏​សហការ។ នេះ​ដោយ​សារ​ធ្វើ​ចំ​ពេល​បោះឆ្នោត​សកល»

តាម​លោក​ស្រី លីណា ផ្អែក​តាម​ការ​អង្កេត វិទ្យាស្ថាន​ជាតិ​ស្ថិតិ​គ្រោង​នឹង​ផលិត​ចេញ​នូវ ១៤ របាយ​ការណ៍​វិភាគ​ប្រធានបទ​ខ្លះ​ទៀត ដូចជា អត្រា​លទ្ធភាព​បង្កើត​កូន មរណភាព ការ​ផ្លាស់​លំនៅ​ឬ​ចំណាក​ស្រុក អក្ខរភាព​និង​កម្រិត​សិក្សា​អប់រំ​ការ​ចូល​រួម​កម្លាំង​ពលកម្ម លំនៅឋាន​និង​ការ​ប្រើ​ប្រាស់​របស់​គ្រួសារ យេនឌ័រ និង​ការ​ធ្វើ​ចំណោល​ប្រជាជន​ជាដើម។

អ្នក​ស្រី ហង់ លីណា លើក​ឡើង​ថា៖ «នេះ​គឺជា​ឯកសារ​សម្រាប់​ឲ្យ​អ្នក​ចង​ក្រង​គោល​នយោបាយ អ្នក​ធ្វើ​ការ​សម្រេច​ចិត្ត​នានា យក​ជា​មូលដ្ឋាន​គិត​ពី​បញ្ហា​អាច​ជួប​ប្រទះ នា​ពេល​ខាង​មុខ ហើយ​គេ​អាច​បង្កើន​តួលេខ​នូវ​ចំនួន​មន្ទីរពេទ្យ សាលារៀន មណ្ឌល​សុខភាព ផ្អែក​លើ​ផែនការ​ជំរឿន​នេះ។

លោក ឆាយ ថន រដ្ឋ​មន្ត្រី​ក្រសួង​ផែនការ បាន​ថ្លែង​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​ចំណាយ​ប្រមាណ ២ លាន​ដុល្លារ​អាមេរិក សម្រាប់​ធ្វើ​ជំរឿន​ក្នុង​ឆ្នាំ​នេះ។

លោក រដ្ឋ​មន្ត្រី​មាន​ប្រសាសន៍​ថា ៖ «ជំរឿន​នេះ ជា​ការ​អង្កេត​ក្នុង​ចន្លោះ​ជំរឿន​លើក​ទី២ ដែល​ធ្វើ​ឡើង​ក្រោយ​ការ​ធ្វើ​ជំរឿន​ធំ​រៀង​រាល់ ១០ ឆ្នាំ​ម្តង។ អង្កេត​នេះ​នឹង​ផ្តល់​ព័ត៌មាន​ពី​បច្ចុប្បន្នភាព​នៃ​លក្ខណៈ​ប្រជាសាស្ត្រ និង​ប្រជាជន​ដែល​ជា​ព័ត៌មាន​ស្នូល​សំខាន់ៗ​សម្រាប់​បម្រើ​ដល់​ការ​អភិវឌ្ឍ​ សេដ្ឋកិច្ច និង​សង្គមកិច្ច​នៅ​ប្រទេស​កម្ពុជា»

No comments:

Post a Comment