Translate

Thursday, August 22, 2013

សេដ្ឋកិច្ចកម្ពុជា បន្តកើនឡើង បើទោះបី មានបញ្ហា ផ្នែកនយោបាយ ក៏ដោយ



សេដ្ឋកិច្ចកម្ពុជា បន្តកើនឡើង បើទោះបី មានបញ្ហា ផ្នែកនយោបាយ ក៏ដោយ


ដើមអម្ពិល ១៩-០៨-២០១៣

ភ្នំពេញ៖ ក្រោយការបោះឆ្នោតជាតិ ឆ្នាំ២០១៣ បានបញ្ចប់ទៅ បញ្ហានយោបាយនៅកម្ពុជា នៅតែបន្តកើតមានឡើង រវាង គណបក្សធំៗពីរនៅកម្ពុជា តែទោះជាយ៉ាងណាក៏កំដៅនយោបាយនេះ មិនបានធ្វើឲ្យប៉ះពាល់ ដល់សេដ្ឋកិច្ចកម្ពុជានោះទេ។

លោកឧបនាយករដ្ឋមន្រ្តី គាត ឈន់ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃចន្ទទី១៩ ខែសីហា ឆ្នាំ២០១៣ បានមាន ប្រសាសន៍ ប្រាប់ក្រុមអ្នកសារព័ត៌មាន នៅក្រោយ ពិធីប្រគល់ និងទទួលម៉ាស៊ីនស្កែនកុងតឺន័រពីភាគីចិន នៅទីស្តីការក្រសួង សេដ្ឋកិច្ចថា សម្តេចតេជោ ហ៊ុន សែន នៅតែបន្តដឹកនាំរាជរដ្ឋាភិបាល ក្នុងអាណត្តិទី៥នេះដដែល ដោយរក្សានូវលំនឹង សភាពការណ៍បានយ៉ាងល្អ ពិសេសសេដ្ឋកិច្ចកម្ពុជា នៅតែដំណើរការបាន។

លោកបន្តថា «ចំពោះបញ្ហាដែលលំបាក គឺថាមានអ្នកដែលលោភលន់អំណាច ធ្វើឲ្យកម្ពុជាមានការកង្វល់ពីអ្នកវិនិយោគ និង កម្មករ-កម្មការិនី។ ប៉ុន្តែទោះមានការរំខាន់យ៉ាងណា ក៏មិនបានប៉ះពាល់ ដល់ខឿនសេដ្ឋកិច្ចជាតិនោះទេ»

លោក គាត ឈន់ បានបញ្ជាក់ថា បើតាមការធ្វើចំណោលមើល ទៅលើនិន្នាការកំណើនសេដ្ឋកិច្ចកម្ពុជា គឺកម្ពុជានឹងរក្សា បាននូវអ្វី ដែលជាសមិទ្ធផលនៅក្នុងឆមាសទី១ កម្ពុជាអាចនឹងសម្រេចបាន កំណើនសេដ្ឋកិច្ចចំនួន ៧,៦ភាគរយក្នុងឆ្នាំ ២០១៣នេះ ដោយយើងពឹងផ្អែក ទៅលើវិស័យនាំចេញ, ទេសចរណ៍, សំណង់ និងវិស័យកសិកម្មជាដើម ព្រោះយើង បាន ចាប់ផ្តើមនៃការផ្តល់ផ្លែផ្កា នៃនយោបាយប្រសិទ្ធិកម្មសេដ្ឋកិច្ច របស់សម្តេចតេជោ ហ៊ុន សែន ពិសេសប្រសិទ្ធិកម្ម នៅក្នុងផ្នែក កសិកម្ម។ កម្ពុជានៅតែបន្ត គោលនយោបាយនាំ អង្ករចេញឲ្យបាន១ លានតោនក្នុងឆ្នាំ២០១៥ដដែល។


លោក បញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តដឹកនាំប្រទេស បើទោះជាស្ថិតនៅក្នុងស្ថានភាព បែបណាក៏ដោយ តាម ក្របខណ្ឌច្បាប់ និងរដ្ឋធម្មនុញ្ញកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ប្រកបដោយការ ទទួលខុសត្រូវខ្ពស់ នឹងបន្តឲ្យមានកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ ឲ្យបានជាង ១ភាគរយ

No comments:

Post a Comment