Translate

Thursday, August 22, 2013

ក្រុមប្រឹក្សា​ធម្មនុញ្ញ​អាចសម្រេចឲ្យ​ គជប​ បើកកញ្ចប់សុវត្ថិភាព" ក " ​មួយចំនួន​ដើម្បីផ្ទៀងផ្ទាត់



ក្រុមប្រឹក្សា​ធម្មនុញ្ញ​អាចសម្រេចឲ្យ​ គជប​ បើកកញ្ចប់សុវត្ថិភាព" ក " ​មួយចំនួន​ដើម្បីផ្ទៀងផ្ទាត់

កោះសន្តិភាព ២២-០៨-២០១៣

ដោយផ្អែក​លើច្បាប់ស្តីពី​ការរៀបចំ ​និងការប្រព្រឹត្ត​ទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ​ ច្បាប់ស្តីពីការបោះឆ្នោត​ជ្រើសតំាងតំណាងរាស្រ្ត ​បទបញ្ជាផ្ទៃក្នុង​ស្តីពី​នីតិវិធី​ត្រូវអនុវត្តនៅ​មុខ​ ក្រុមប្រឹក្សាធម្មនុញ្ញ​ និង ​ផ្អែកលើបទបញ្ជា​និងនីតិវិធី​សម្រាប់ការបោះឆ្នោត​ជ្រើសតំាងតំណាងរាស្រ្ត​ នីតិកាលទី៥​ ក្រុមប្រឹក្សាធម្មនុញ្ញ​អាចសម្រេចឲ្យ​​គណៈកម្មាធិការ​ជាតិ​រៀបចំការ​ បោះឆ្នោត​ ( គជប) ​បើកកញ្ចប់សុវត្ថិភាព​ "ក" ​មួយចំនួនដើម្បីធ្វើការផ្ទៀងផ្ទាត់ ។ ​នេះបើយោងតាម​សេចក្តីប្រកាស​ព័ត៌មាន​​របស់អគ្គលេខាធិការ​ដ្ឋាន​ក្រុម​ ប្រឹក្សា​ធម្មនុញ្ញ ដែលចេញផ្សាយជាសាធារណៈនៅថ្ងៃទី២២ សីហា ២០១៣នេះ ។

គួរបញ្ជាក់ថា​ ក្នុងកញ្ចប់សុវត្ថិភាព ​"ក" គឺជាកញ្ចប់ដាក់​ឯកសារ​សំណៅដើម​ដែលក្នុងនោះ​រួមមាន៖

-ស្រោមសំបុត្រទម្រង់​ ១១០១មួយច្បាប់ ​១១០២មួយច្បាប់​ និង១១០៨មួយច្បាប់ ​សម្រាប់ផ្ញើជូន​ គជប 
-ស្រោមសំបុត្រ​ដាក់បញ្ជីឈ្មោះ​ដែលត្រូវប្រើក្នុងការ​បោះឆ្នោត
-ស្រោមសំបុត្រ​តូចដាក់ត្រា​សម្ងាត់
-ស្រោមសំបុត្រ​ដាក់សន្លឹកឆ្នោត​ខូច
-ស្បោងផ្លាស្ទិច​ដាក់សន្លឹកឆ្នោត​មិនបានប្រើ ​និង គល់បញ្ជីសន្លឹក​ឆ្នោតដែលបានប្រើ
-ស្រោមសំបុត្រ​ដាក់សន្លឹកឆ្នោត​មិនត្រឹមត្រូវ​ដែលបានដកហូត​ (ប្រសិនបើមាន)
-ស្រោមសំបុត្រ​ដាក់ឯកសារ​ភស្តុតាង​ដែលបានដកហូត
-ស្បោងផ្លាស្ទិច​ដាក់សន្លឹកឆ្នោត​បានការ ស្រោមសំបុត្រដាក់​សន្លឹកឆ្នោត​មិនបានការ​ ផ្ទាំងក្រដាសធំកត់ត្រា​សំឡេងឆ្នោត​និងស្រោមសំបុត្រ​ដាក់វត្ថុមិនមែន​ ជាសន្លឹកឆ្នោត

ជាការកត់សម្គាល់​ កញ្ចប់សុវត្ថិភាព ​"ក" នេះ​ត្រូវគណបក្សប្រឆាំង​ បានស្នើឲ្យ​ គជប ​បើកដើម្បីផ្ទៀងផ្ទាត់សន្លឹកឆ្នោត​ ប៉ុន្តែត្រូវបានច្រានចោលដោយ គជប ។    

បើតាមសេចក្តី​ប្រកាសព័ត៌មាន​របស់អគ្គលេខាធិការដ្ឋាន​ ក្រុមប្រឹក្សាធម្មនុញ្ញ​ដដែល​ក៏បានបញ្ជាក់ឲ្យដឹងដែរថា ​មកដល់ពេលនេះ​ក្រុមប្រឹក្សាធម្មនុញ្ញ​បាន​ទទួល​ពាក្យ​បណ្តឹង​សរុប៣៩ ​ក្នុងនោះក្រុមប្រឹក្សាធម្មនុញ្ញ​បានដោះស្រាយ​រួចចំនួន ​២៤បណ្តឹង​ ។ ក្រុមប្រឹក្សាធម្មនុញ្ញ​កំពុងពិនិត្យពិចារណា​ និង ស៊ើបអង្កេត​ចំនួន១៥ពាក្យបណ្តឹង​ ដែលសុទ្ឋ​សឹង​​ជាបណ្តឹង​តវ៉ាលើលទ្ឋផល​បណ្តោះអាសន្ន​នៃការបោះឆ្នោត​ ហើយក្រុមប្រឹក្សាធម្មនុញ្ញ​អាចនឹងបើកសវនាការ​ជាសាធារណៈ​នៅពេលខាងមុខ ៕

No comments:

Post a Comment