Translate

Friday, August 16, 2013

ក្រសួងព័ត៌មាន ​អំពាវនាវ​ឲ្យ​ជៀសវាង​ការផ្សាយ​ព័ត៌មាន​បំប៉ោង​តាម​ហ្វេ​សប៊ុក​​



ក្រសួងព័ត៌មាន ​អំពាវនាវ​ឲ្យ​ជៀសវាង​ការផ្សាយ​ព័ត៌មាន​បំប៉ោង​តាម​ហ្វេ​សប៊ុក​​

VOD 16-08-2013: ក្រសួង ​ព័ត៌មាន អំពាវនាវ​ឲ្យ​ជៀសវាង​ការផ្សាយ​ព័ត៌មាន​ ឬ​ការអត្ថាធិប្បាយ​និង​ចែករំលែក​ព័ត៌មាន ដែល​មិន​មាន​ប្រភព​ច្បាស់​លាស់​ នៅតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ ពិសេស​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​សប៊ុក​។​

សេចក្តីអំពាវនាវ​របស់​ក្រសួង​ព័ត៌មាន កាលពី​ថ្ងៃ​ទី​១៥​ ​ខែ​សីហា​នេះ បាន​យោង​តាម​ព្រះរាជសារ​របស់​ព្រះមហាក្សត្រ ​ដែល​អំពាវនាវ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ដោះស្រាយ​បញ្ហា​វិវាទ​ដោយ​សន្តិវិធី​។​
ក្រសួង​ព័ត៌មាន បាន​លើកឡើង​ថា ក្នុង​ស្មារតី​នេះ ក្រសួង​អំពាវនាវ​ឲ្យ​ជនរួមជាតិ​បន្ត​រក្សា​ភាព​ស្ងប់ស្ងៀម និង​ប្រកប​មុខរបរ​តាម​ធម្មតា ហើយ​អំពាវនាវ​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា ពិសេស​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​សប៊ុក សូម​ចុះផ្សាយ​ព័ត៌មាន ការធ្វើ​អត្ថាធិប្បាយ​ និង​ចែករំលែក​ដោយ​ផ្អែក​តាម​ព័ត៌មាន​ពិត ប្រកប​ដោយ​វិជ្ជាជីវៈ​។ ក្រសួង​ក៏​បាន​ហាម​ការធ្វើ​អត្ថាធិប្បាយ ​និង​ចែករំលែក​ ដែល​មិន​មាន​ប្រភព​ច្បាស់​លាស់ បំប៉ោង បំភិតបំភ័យ ញុះញង់ ឲ្យមាន​អំពើ​ហិង្សា និង​ការភ័យខ្លាច​ក្នុងសង្គម​។​

នាយក​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក អ៊ូ វីរៈ យល់ថា ការអំពាវនាវ​របស់​ក្រសួង​ព័ត៌មាន​ ជា​រិត​ត្បិត​សេរីភាព​ទទួល​បាន​ព័ត៌មាន​ ៖ “​វា​ប៉ះពាល់ ព្រោះ​អី​ក្រសួង​នេះ​លំអៀង ក្រសួង​ព័ត៌មាន​របស់​គណបក្ស​ប្រជាជន ក្រសួង​នេះ​លំអៀង​ជ្រុល​ពេក តាមពិត​ហ្វេ​សប៊ុក​នេះ​ក៏​មាន​ព័ត៌មាន​មិន​ពិត ក៏​ច្រើន​ដែរ ប៉ុន្តែ​ក៏​មាន​ព័ត៌មាន​ពិត​ដែរ ហើយ​ទុកឲ្យ​ប្រជាពលរដ្ឋ​ជា​អ្នកវិនិច្ឆ័យ ប៉ុន្តែ​ទូរទស្សន៍​ទេ​ជា​ប្រភព​នៃ​បញ្ហា ប្រសិន​ជា​ហ្វេ​សប៊ុក​នេះ​គ្រាន់បើ គេ​មិន​ទៅ​មើល​ហ្វេ​សប៊ុក​អស់​ហ្នឹង​ទេ គេ​មិន​ទៅ​តាមដាន​ហ្វេ​សប៊ុក​ទេ ដោយសារ​ទូរទស្សន៍​ជា​ប្រភព​រឿង វិទ្យុ​សុទ្ធតែ​ក្រសួង កំហុស​ទាំង​នេះ​មិនមែន ដោយសារ​ទូរទស្សន៍​ទេ កំហុស​ទាំងអស់នេះ​ដោយសារ​ក្រសួង​ព័ត៌មាន គាបសង្កត់​ទូរទស្សន៍​ទាំងអស់នេះ មិន​ឲ្យ​ឯករាជ្យ​កើត​ទេ​។ ក្រសួង​ព័ត៌មាន​ប្រកាស​ផ្សាយ​នេះ មិន​មាន​ឆន្ទៈ​អ្វី​ក្រៅតែពី​បិទ សេរីភាព​បញ្ចេញមតិ​ណា ដែល​ផ្ទុយ​ពី​ឆន្ទៈ​គណបក្ស​ប្រជាជន​ទេ ធ្វើ​អញ្ចឹង​គឺ​មិន​ត្រូវ​ទេ​”​
វិធានការ​របស់​ក្រសួង​ព័ត៌មាន ធ្វើឡើង​នៅពេល​ដែល​បណ្តាញ​ ទំនាក់ទំនង​សង្គម​ហ្វេ​សប៊ុក កាលពី​ថ្ងៃ​ទី​១៥ ​ខែ​សីហា​នេះ គេ​បាន​ឃើញ វីដេអូ​មួយ​ដែល​ផលិត ដោយ​ក្រុម​មួយ​ដែល​ហៅ​ខ្លួនឯង​ថា ជា​យុវជន​ឈានមុខ ហើយ​ខ្លឹម​សារនៃ​វីដេអូ​នោះ ត្រូវបាន​អ្នក​ Comment ថា​មាន​ចរិក​ញុះញង់​ឲ្យមាន​ចលាចល និង​ជា​ក្រុម​ទុច្ចរិក ចង់​បង្កចលាចល ប្រសិនបើ​គណបក្ស​ប្រឆាំង​ធ្វើបាតុកម្ម​។​

ករណីនេះលោក អ៊ូ វីរៈ យល់ថា ជា​បទល្មើស​ព្រហ្មទណ្ឌ​ដែល​ក្រសួង​ព័ត៌មាន ​មិន​គួរ​មើលរំលង​ឡើយ​ ៖ ​ចាប់ខ្លួន​ទៅ អ្នក​ណា​មាន​ឆន្ទៈ​ធ្វើ​រឿង​ព្រហ្មទណ្ឌ​ខុសច្បាប់ ចាប់​អ្នក​នោះ​ទៅ រឿង​ព្រហ្មទណ្ឌ រឿង​ច្បាប់​អ្នក​ណា​ធ្វើ អ្នក​នោះ​ទទួល មិនមែន​គ្រាន់តែ​និយាយ​អញ្ចឹង​ហើយ រួចខ្លួន​ហើយ ទៅ​ជា​បិទ​បាតុកម្ម​ទាំងមូល​តែម្តង​ទេ អ្នកណា​គេ​ចង់​ទៅ​លួច​ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋ ចាប់​អ្នក​នោះ​មុខ​ទៅ​”​។​
ក្នុង​រយៈពេល​ចុងក្រោយ​នេះ បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​សប៊ុក មាន​លក្ខណៈ​យ៉ាងតិច​ពីរ​ប្រភេទ​គឺ​ទី​១ ម្ចាស់ Profile បានបង្ហាញ​ប្រវត្តពិត​របស់ខ្លួន ដែល​ភាគច្រើន​ឃើញថា មិនសូវ​មាន​សកម្មភាព​រិះគន់​ខ្លាំងក្លា ​ឬ​ផ្សព្វផ្សាយ​អ្វី​ ដែល​មិន​មាន​ប្រភព​ច្បាស់​លាស់​ទេ​។ ប៉ុន្តែ​ប្រភេទ​ទី​២ អ្នក​ដាក់ Profile ខ្លួនឯង​អាច​ពិត​ឬ​ក្លែងក្លាយ ហើយ​ច្រើន​ផ្សព្វផ្សាយ​ព័ត៌មាន​ខ្វះ​ការទទួលខុសត្រូវ ឬ​វាយប្រហារ​ខ្លាំងៗ​ ទៅលើ​អ្វីមួយ​ដែល​ខ្លួន​មិន​ពេញចិត្ត​៕​

 

No comments:

Post a Comment