Translate

Wednesday, August 21, 2013

អេហ្ស៊ីប​​ប្រកាស​ថា ទោះបី​​​​គ្មាន​​​ជំនួយ​​អាមេរិក​ ក៏​​ប្រទេស​​មួយ​នេះ​​អាចរស់​បាន​ដែរ​


អេហ្ស៊ីប​​ប្រកាស​ថា ទោះបី​​​​គ្មាន​​​ជំនួយ​​អាមេរិក​ ក៏​​ប្រទេស​​មួយ​នេះ​​អាចរស់​បាន​ដែរ​

RFI Khmer 21-08-2013

ទោះ​បី​ជា​គ្មាន​ជំនួយ​អាមេរិក ក៏​ប្រទេស​អេហ្ស៊ីប​អាច​រស់​បាន​ដែរ ហើយ​ការ​ផ្តាច់​ជំនួយយោធា​របស់​អាមេរិក​មក​កាន់​អេហ្ស៊ីប​ជា​កំហុស​មួយ​របស់ ​អាមេរិក។ នេះ​ជា​ការ​ព្រមាន​របស់​លោក Hazem Beblawi នាយករដ្ឋមន្ត្រី​បណ្តោះអាសន្ន​របស់​អេហ្ស៊ីប កាល​ពី​ថ្ងៃ​អង្គារ​ទី២០ សីហា។ ប្រមុខ​រដ្ឋាភិបាល​បណ្តោះអាសន្ន​អេហ្ស៊ីប​បន្ត​ថា ប្រទេស​របស់​ខ្លួន​ធ្លាប់​រស់ដោយ​សារ​ជំនួយ​របស់​រុស្ស៊ី ដូច្នេះ វា​គ្មាន​បញ្ហា​ទេ​ដែល​ប្រទេស​នេះ​ត្រូវ​រស់​ក្នុង​ស្ថានភាព​ផ្សេងៗ​នោះ។

សេចក្តី​ថ្លែងការណ៍​បែប​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប​កំពុងពិចារណា​អំពីការ​ផ្អាក​ជំនួយ​យោធា​ដល់​រដ្ឋាភិបាល​ ទីក្រុងគែរ។ លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក Barack Obama កំពុង​តែ​ពិចារណា​​ឡើង​វិញ​ចំពោះ​ជំនួយ​ដែល​ត្រូវ​ផ្តល់​ដល់​ប្រទេស​ អេហ្ស៊ីប។ នេះ​បើ​យោង​តាម​អ្នក​នាំពាក្យ​នៅ​សេតវិមាន លោក Josh Earnest។ លោក​បាន​ឲ្យ​ដឹង​ថា ជំនួយ​ដែល​អាមេរិក​ផ្តល់​ឲ្យ​​អេហ្ស៊ីប​ជា​ប្រ​ចាំ​ឆ្នាំ មាន​ចំនួន ១ពាន់​លាន​៣​សែន​​​​ដុល្លារ​ សម្រាប់​វិស័យ​យោធា និង​២៥០​លានដុល្លារ​​សម្រាប់​វិស័យ​សេដ្ឋកិច្ច។
 

ស្រប​ពេល​ជា​មួយ​គ្នា​នេះ​ដែរ មន្ត្រី​ការ​បរទេស​របស់​សហគម​​អឺរុប​ក៏​បាន​ឲ្យ​ដឹងនៅ​ថ្ងៃពុធ​នេះ​ថា ជំនួយ​ដែល​សហភាព​អឺរុប​បាន​សន្យា​ថា​ផ្តល់​ឲ្យ​អេហ្ស៊ីប សម្រាប់ឆ្នាំ ២០១២-២០១៣ ដែល​មាន​ចំនួន​ជិត ៥ពាន់​លានអឺរូ ​ត្រូវ​បាន​លើក​ទៅ​ពិភាក្សា​ក្នុ​ងទីក្រុង Bruxelles ឡើង​វិញ។

ការ​ព្រមាន​របស់​អាមេរិក និង​សហភាពអឺរ៉ុប​ថា នឹង​ពិចារណា​ឡើង​វិញ​អំពី​ជំនួយ​បាន​កើតឡើង ខណៈ​ដែល​ស្ថានការណ៍​ក្នុង​ប្រទេស​អេហ្ស៊ីប​កំពុង​តែ​ឈាន​ទៅ​រក​សង្គ្រាម​ ស៊ីវិល បន្ទាប់​ពី​សមត្ថកិច្ច​បើក​ការ​បង្ក្រាប​ដោយ​បង្ហូរ​រឈាម​ បង្ក្រាប​ទៅ​លើ​ក្រុម​អ្នក​គាំទ្រ​លោក​អតីតប្រធានាធិបតី ម៉រស៊ី ដែល​បាន​បោះ​ជំរុំ​តវ៉ា​អស់​រយៈពេល​ជាង ១ខែ។ ការ​បង្ក្រាប​ហិង្សា​កន្លង​មក បាន​បណ្តាល​ឲ្យ​មនុស្ស​ជាង​៩០០​នាក់​បាន​ស្លាប់៕

No comments:

Post a Comment