ភាពមិនប្រក្រតីក្នុងការបោះឆ្នោតកើនឡើងធៀបនឹងអាណត្តិមុន
ខេមបូឌាដេលី ១៦-០៨-២០១៣៖ គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា (ខុមហ្វ្រែល) ដែលជាអ្នកសង្កេតការណ៍បោះឆ្នោតឯករាជ្យធំបំផុត នៅក្នុងប្រទេសកម្ពុជា បានរកឃើញភាពមិនប្រក្រតីច្រើនជាងការបោះឆ្នោត ឆ្នាំ២០០៨ប្រហែលបួនដង។
លោកស្រី គង់ រ៉ាវីន ជាប្រធានក្រុមអ្នកសង្កេតការណ៍របស់ខុមហ្វ្រែល
បានឲ្យដឹងថា ក្រុមការងាររបស់ខុមហ្វ្រែល បានរកឃើញភាពមិនប្រក្រតីជាងមួយម៉ឺនករណីតាម
ការិយាល័យបោះឆ្នោតនានាកាលពីខែមុន ធៀបនឹងចំនួន២.០១២ករណីក្នុងឆ្នាំ២០០៨
ទោះបីជាខ្លួនមានអ្នកសង្កេតការណ៍នៅនឹងកន្លែង ផ្ទាល់តិចជាងកាលពីប្រាំឆ្នាំមុនក៏ដោយ។
លោកស្រី រ៉ាវីន បានឲ្យដឹងថា “ [ភាពមិនប្រក្រតី] ធំបំផុតគឺរឿងអ្នកបោះឆ្នោតបាត់បង់សិទ្ធិរបស់
ខ្លួនក្នុងការបោះឆ្នោត។ អំឡុងថ្ងៃបោះឆ្នោត ពួកគេរកឈ្មោះក្នុងបញ្ជីមិនឃើញ
ឬបើមិនដូច្នេះទេ ឈ្មោះរបស់ខ្លួនត្រូវអ្នកបោះឆ្នោតផ្សេងទៀតយក
ទៅប្រើរួចទៅហើយ ឬបើមិនអ៊ឺចឹងទេ គឺខុសឈ្មោះ ដូច្នេះមិនអាចបោះឆ្នោតបាន”។
ក្រុមអ្នកសង្កេតការណ៍របស់ខុមហ្វ្រែល
បានរកឃើញភាពមិនប្រក្រតីចំនួន១០.៣៩៨ករណីនៅ ទូទាំងប្រទេសក្នុងថ្ងៃបោះឆ្នោត។
ភាពមិនប្រក្រតីច្រើនបំផុតត្រូវបានរកឃើញនៅ មណ្ឌលធំបំផុតទាំងពីរ
គឺមណ្ឌលកំពង់ចាមដែលមាន៣.១៣៨ករណី និងមណ្ឌលភ្នំពេញដែលមាន១.៨២២ករណី។
លោកស្រីបានបន្តថា “ខ្ញុំគិតថា [ភាពមិនប្រក្រតី]
១០.០០០ករណី គឺជាបញ្ហាដ៏ធំមួយ បើប្រៀបធៀបនឹងការបោះឆ្នោតអាណត្តិមុន ដែលមាន ភាពមិនប្រក្រតីត្រឹម២.០០០ ឬ៣.០០០
ករណី។ [លទ្ធផលទាំងនេះ]
យើងទទួលបានពី៥០០០ការិយាល័យបោះឆ្នោតតែ ប៉ុណ្ណោះ”
ដោយបញ្ជាក់ថា ការិយាល័យបោះឆ្នោតនៅទូទាំងប្រទេសកម្ពុជាមាន
ចំនួន១៩.០០៩។
អំឡុងសន្និសីទសារព័ត៌មានមួយដែលធ្វើឡើងរយៈពេល
មួយថ្ងៃក្រោយការបោះឆ្នោតអង្គការតម្លាភាពអន្តរ ជាតិហៅកាត់ថា
T.I. បានអះអាងថា លទ្ធផលបានមកពីអ្នកសង្កេតការណ៍៩០៦នាក់
នៅការិយាល័យបោះឆ្នោតចំនួន៤០៧នៅទូទាំង ប្រទេសបង្ហាញថា
នៅការិយាល័យបោះឆ្នោតយ៉ាងតិច៦០ភាគរយមាន អ្នកចុះឈ្មោះបោះឆ្នោតហើយ ដែលរកឈ្មោះមិនឃើញ នៅក្នុងបញ្ជី ដែលបិទលើជញ្ជាំងនៅខាងក្រៅ ការិយាល័យ។
បញ្ជីឈ្មោះបោះឆ្នោតនេះស្ថិតនៅក្នុងចំណោម
កង្វល់ធំបំផុតតាំងពីមុនពេលមានការបោះឆ្នោត ទៅទៀត។
ខុមហ្វ្រែល និងវិទ្យាស្ថានជាតិប្រជាធិបតេយ្យ
ហៅកាត់ថា NDI ដែលមានមូលដ្ឋាននៅក្នុងរដ្ឋធានីវ៉ាស៊ីន
តោន បានចេញផ្សាយលទ្ធផលធ្វើសវនកម្មដែលបានរកឃើញ
ថា បញ្ជីឈ្មោះបោះឆ្នោតគឺពោរពេញទៅដោយចន្លោះ ប្រហោង ដែលអាចធ្វើឲ្យអ្នកបោះឆ្នោតជាងមួយ
លាននាក់ក្នុងចំណោមអ្នកបោះឆ្នោតទាំងប្រហែល៩,៦លាន នាក់បាត់បង់សិទ្ធិបោះឆ្នោតរបស់ខ្លួន។
ការធ្វើសវនកម្មរបស់ គ.ជ.ប.ផ្ទាល់បានរកឃើញថា ឈ្មោះអ្នកបោះឆ្នោតចំនួន៩ភាគរយបានបាត់ពី
ក្នុងបញ្ជី ខណៈឈ្មោះ១៣ភាគរយត្រូវបានវាយខុស។
លោក គល់ បញ្ញា
នាយកប្រតិបត្តិអង្គការខុមហ្វ្រែល បានឲ្យដឹងក្នុងសប្តាហ៍នេះថា
ការបដិសេធរបស់គ.ជ.ប. ក្នុងការមិនបញ្ចេញបញ្ជីឈ្មោះបោះឆ្នោតនៅតាម
ការិយាល័យនានានិងប័ណ្ណបោះឆ្នោត នឹងបន្ទុចបង្អាក់កិច្ចប្រឹងប្រែងវាស់ស្ទង់
វិសាលភាពនៃភាពមិនប្រក្រតីក្នុងបញ្ជីឈ្មោះបោះ ឆ្នោត ឬកិច្ចប្រឹងប្រែងស៊ើបអង្កេតពីភាពគួរឲ្យជឿ
ជាក់នៃលទ្ធផលនៃការបោះឆ្នោតដូច ដែលបានទាម
ទារដោយគណបក្សសង្គ្រោះជាតិ។
លោកមានប្រសាសន៍ថា “បញ្ជីឈ្មោះបោះឆ្នោតមានបញ្ហាច្រើន
ហើយទឹកថ្នាំលុបមិនជ្រះក៏អាចលាងជ្រះបាន ដូច្នេះ
គ.ជ.ប. មិនអាចធានាបានថា អ្នកបោះឆ្នោតម្នាក់អាចបោះឆ្នោតបានតែម្តង
ទេ។ នេះហើយគឺជាមូលហេតុ ដែលចាំបាច់ត្រូវមានប្រព័ន្ធ ស៊ើបអង្កេតបញ្ជីឈ្មោះអ្នកបោះឆ្នោតនៅក្នុងថ្ងៃ
បោះឆ្នោត និងចំនួនប័ណ្ណបោះឆ្នោតដែលត្រូវបានចេញ ដែលប្រើខុស
និងលួចបន្លំ”។
លោក គល់ បញ្ញា បានឲ្យដឹងថា មានប័ណ្ណបោះឆ្នោតចំនួនមួយលាន ដែលត្រូវបានចេញ សម្រាប់ការបោះឆ្នោតឃុំ-សង្កាត់កាលពីឆ្នាំមុន
ហើយប័ណ្ណបោះឆ្នោតចំនួន៧០ម៉ឺនផ្សេងទៀតត្រូវ មន្ត្រីមូលដ្ឋានចេញឲ្យប្រើប្រាស់នៅក្នុងឆ្នាំ
នេះ គឺមានន័យថា អាចមានប័ណ្ណបោះឆ្នោតត្រឹម១,៧លាន ដែលអាច ត្រូវបានប្រើដោយអ្នកបោះឆ្នោតក្នុងការបោះ
ឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិនេះ។
លោកបានថ្លែងថា “នេះគឺជាបញ្ហាដ៏ធំមួយ។ ក៏មានការចោទប្រកាន់យ៉ាងច្រើនផងដែរថា
មានការចេញប័ណ្ណបោះឆ្នោតក្លែងក្លាយរឿងដែល មិនត្រឹមត្រូវពិតប្រាកដ។ដូច្នេះ[ការបោះឆ្នោត
នេះ]ចាំបាច់ត្រូវមានការធ្វើសវនកម្ម”។
លោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពអន្តរជាតិ
បានលើកឡើងកាលពីម្សិលមិញថា បញ្ជីឈ្មោះបោះឆ្នោត ដែលមានចន្លោះប្រហោងនេះ មានន័យថា លទ្ធផលនៃការបោះឆ្នោតនេះគឺមិនអាចទុកចិត្ត
បានទេ។ លោកបានមានប្រសាសន៍ថា “ វាពិតជារឿងសំខាន់ណាស់។ ភាពគួរឲ្យជឿជាក់នៃការបោះឆ្នោតគឺ
អាស្រ័យលើភាពគួរឲ្យជឿជាក់នៃបញ្ជីឈ្មោះបោះ ឆ្នោត។
បញ្ហាទាំងនេះធ្វើឲ្យយើងសន្មតបានថា លទ្ធផលនៃការបោះឆ្នោតនេះ គឺមិនឆ្លុះបញ្ចាំង ពីឆន្ទៈរបស់ប្រជាពលរដ្ឋ ដែលមានសិទ្ធិបោះឆ្នោត ទេ”។
ទាំងគណបក្សប្រជាជនកម្ពុជា
និងគណបក្សសង្គ្រោះជាតិ សុទ្ធតែបានអះអាងពីជ័យជម្នះរៀងៗខ្លួន
ដោយគណបក្សសង្គ្រោះជាតិ បានចោទថា មានការលួចបន្លំសន្លឹកឆ្នោតទ្រង់ទ្រាយធំ
ហើយបានអំពាវនាវឲ្យមានការស៊ើបអង្កេតដែលមិន លម្អៀងលើភាពមិនប្រក្រតីក្នុងការបោះឆ្នោតនេះ៕
No comments:
Post a Comment