Translate

Monday, August 26, 2013

មជ្ឈមណ្ឌល យ៉ាំង ខមមឺសល នឹង​បើក​ដំណើរការ នៅ​ពាក់​កណ្តាល​ខែ កញ្ញា

មជ្ឈមណ្ឌល យ៉ាំង ខមមឺសល នឹង​បើក​ដំណើរការ នៅ​ពាក់​កណ្តាល​ខែ កញ្ញា


ភ្នំពេញប៉ុស្តិ៍ ២២-០៨-២០១៣

ភ្នំពេញៈ មជ្ឈមណ្ឌល​ផ្សារ​ទំនើប យ៉ាំង ខមមឺសល (Young Commercial Center and Resort) ដែល​ត្រូវ​បាន​វិនិយោគ​ដោយ​វិនិយោគិន​ក្នុង​ស្រុក​ក្នុង​ទំហំ​ទឹក​ប្រាក់​ ជាង ១៥ លាន​ដុល្លារ​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ ៦ ក្បែរ​គល់​ស្ពាន ជ្រោយចង្វារ​ត្រើយ​ខាង​កើត​នោះ គ្រោង​នឹង​បើក​ដំណើរការ​នៅ​ពាក់​កណ្តាល​ខែ កញ្ញា ខាង​មុខ​ឆាប់ៗ​នេះ​ហើយ។

លោក​ស្រី Ashley Young អគ្គ​នាយិកា​ផ្សារ​ទំនើប Young Commercial Center and Resort បាន​និយាយ​ថា ផ្សារ​ទំនើប​កម្ពស់ ៦ ជាន់​នេះ​នឹង​បើក​បម្រើ​អតិថិជន​ចាប់​ពី​ថ្ងៃ​ទី១៨ ខែ កញ្ញា ឆ្នាំ ២០១៣ នេះ​ត​ទៅ ដោយ​រហូត​មក​ដល់​ពេល​នេះ​មាន​អតិថិជន​មក​ជួល​តូប​បាន​ជាង ៦៥ ភាគរយ​ហើយ។

លោក​ស្រី​បាន​បន្ត​ថា ផ្សារ​ទំនើប Young Commercial បាន​បែង​ចែក​ទីតាំង​ច្បាស់​លាស់​សម្រាប់​កន្លែង​លក់​ទំនិញ​នីមួយៗ​ដូចជា កន្លែង​លក់​គ្រឿង​សម្អាង ហាង​លក់​សម្លៀក​បំពាក់ ភោជនីយដ្ឋាន ហាង​កាហ្វេ ផ្សារ ឡាក់គី កន្លែង​លក់​គ្រឿង​អេឡិច​ត្រូនិក រោង ភាពយន្ត ខារ៉ាអូខេ និង​កន្លែង​កម្សាន្ត​ជាច្រើន​ទៀត។

លោក​ស្រី​ថ្លែង​ថា៖ «ខ្ញុំ​ជឿ​ថា ផ្សារ​ទំនើប Young Commercial នឹង​ទទួល​បាន​ជោគជ័យ ពី​ព្រោះ​សេវាកម្ម​របស់​ក្រុមហ៊ុន​យើង​មាន​បើក​បម្រើ​សម្រាប់​មនុស្ស​គ្រប់​ វ័យ ដោយ​នៅ​ទី​នោះ​មាន​ទាំង​កន្លែង​លក់​ទំនិញ និង​ការ​កន្លែង​កម្សាន្ត​ផង​ដែរ»

លោក​ស្រី​ប្រាប់​ទៀត​ថា៖ «Young Commercial Center ស្ថិត​នៅ​ទីតាំង​ល្អ ព្រោះ​នៅ​តំបន់​នេះ​មិន​ទាន់​មាន​ផ្សារ​ទំនើប​ទេ ហើយ​តំបន់​នេះ​ក៏​កំពុង​មាន​ការ​អភិវឌ្ឍ​លឿន​ទៅ​មុខ​ផង​ដែរ ដោយ​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​មាន​ប្រជាប្រិយភាព​ខ្លាំង​នៅ​ពេល​អនាគត»

ការ​រចនា​នៅ​ផ្នែក​ខាង​ក្រៅ​របស់ Young Commercial Center and Resort ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា បាន​ទទួល​ការ​ចាប់​អារម្មណ៍​យ៉ាង​ច្រើន​ពី​អ្នក​ធ្វើ​ដំណើរ​ឆ្លង​កាត់​ទីនោះ ជាច្រើន។

ទាក់​ទង​ទៅ​នឹង​បញ្ហា​នេះ លោក​ស្រី​អគ្គ​នាយិកា ខាង​លើ​បាន​ប្រាប់​ថា៖ «នៅ​ទីនេះ​យើង​បាន​បង្កើត​អ្វីៗ​ឲ្យ​មាន​ភាព​ប្លែក​ពី​គេ ដោយ​យើង​បាន​រៀបចំ​ជា​ពិសេស​ធ្វើ​យ៉ាង​ណា​ដើម្បី​ទាក់​ទាញ​អតិថិជន​ឲ្យ​មក​ ទិញ​ទំនិញ និង​កម្សាន្ត​នៅ​ទី​នេះ​ដោយ​គ្មាន​ការ​ធុញ​ទ្រាន់។ យើង​មាន​គោល​បំណង​ធ្វើ​ឲ្យ​ផ្សារ​នេះ​ក្លាយ​ជា​ទី​កម្សាន្ត​សម្រាប់​មនុស្ស​ គ្រប់​វ័យ និង​ធ្វើ​ឲ្យ​ផ្សារ​របស់​យើង​ក្លាយ​ជា​ផ្សារ​បម្រើ​ឲ្យ​សេចក្តី​ត្រូវ​ការ របស់​ប្រជាជន​គ្រប់​ស្រទាប់​វណ្ណៈ ហើយ​យើង​ក៏​មិន​បារម្ភ​ពី​ការ​ប្រកួត​ប្រជែង​របស់​ផ្សារ​ទំនើប​ដទៃ​ទៀត​នៅ​ ក្នុង​រាជធានី​ភ្នំពេញ​នោះ​ទេ»

មជ្ឈមណ្ឌល​ផ្សារ​ទំនើប Young Commercial Center and Resort មាន​ផ្ទៃ​ក្រឡា​សរុប ៣៦០០០ ម៉ែត្រ​ការ៉េ ដោយ​សាង​សង់​លើ​ផ្ទៃ​ដី ជាង ៣ ហិកតា និង​មាន​ចំណត​ធំ​ទូលាយ​ដែល​អាច ចត​រថយន្ត​បាន ៧០០ គ្រឿង និង​ម៉ូតូ​ជាង ៥០០ គ្រឿង។ ផ្សារ​ទំនើប Young Commercial គ្រោង​នឹង​បើក​បម្រើ​អតិថិជន​ពី​ម៉ោង ៩ ព្រឹក​ដល់​ម៉ោង ៩ យប់ និង​បន្ត​រហូត​ដល់​យប់​សម្រាប់​សេវាកម្ម​កម្សាន្ត​សប្បាយ​ផ្សេងៗ​ទៀត។

នៅ​ពេល​នេះ​ផ្សារ​ទំនើប Young Commercial Center and Resort ក៏​បាន​និង​កំពុង​អភិវឌ្ឍន៍​កន្លែង​កម្សាន្ត Water Park ដែល​គ្រោង​នឹង​ដាក់​ឲ្យ​ដំណើរការ​នៅ​ឆ្នាំ ២០១៤​ខាង​មុខ​នេះ​ផង​ដែរ។

កញ្ញា ហាំង សុពិសី ប្រធាន​គ្រប់​គ្រង​ទូទៅ​ផ្សារ​ទំនើប រតនា ផ្លាហ្សា បាន​និយាយ​ថា ប្រសិន​បើ​មើល​ពី​ចរន្ត​នៃ​ការ​អភិវឌ្ឍ​ផ្សារ​ទំនើប​ក្នុង​រាជធានី​ភ្នំពេញ នា​ពេល​បច្ចុប្បន្ន​នេះ គឺ​ការ​ផ្គត់​ផ្គង់​មាន​ច្រើន​លើស​តម្រូវ​ការ​ដូច្នេះ​បើ​មាន​ការ​ប្រកួត​ ប្រជែង​ថ្មីៗ​បន្ថែម​ទៀត​នោះ​ទោះ​តិច ឬ​ច្រើន​វា​នឹង​មាន​ផល​ប៉ះពាល់។ ទោះ​បី​ជា​យ៉ាង​ណា​ការ​បើក​របស់ Young Commercial Center and Resort នា​ពេល​ខាង​មុខ​នឹង​មិន​សូវ​មាន​ផល​ប៉ះពាល់​ដល់​ផ្សារ​ទំនើប រតនា ផ្លាហ្សា ទេ ព្រោះ​ផ្សារ​ទាំង ២ មាន​ចម្ងាយ​ឆ្ងាយ​ពី​គ្នា។

កញ្ញា​បាន​អះអាង​ថា៖ «ពី​មុន​អតិថិជន​បាន​មក​ផ្សារ​របស់​យើង​បើ​ទោះ​បី​ជា​ផ្ទះ​ពួក​គេ​នៅ​ឆ្ងាយ​ បន្តិច​ក៏​ដោយ ប៉ុន្តែ​ប្រសិន​បើ​មាន​ផ្សារ​ថ្មីៗ​បើក​នៅ​ជិត​ផ្ទះ​គាត់​ពួក​គាត់​នឹង​អាច​ កាត់​បន្ថយ​មក​ផ្សារ​របស់​យើង​ហេតុ​នេះ​ការ​បើក​ផ្សារ Young Commercial នឹង​មាន​ផល​ប៉ះពាល់​តិច​តួច​ដល់​យើង»។ កញ្ញា​បាន​បន្ថែម​ថា៖ «បច្ចុប្បន្ន​នេះ​និន្នាការ​ទិញ​ទំនិញ​នៅ​តាម​ផ្សារ​ទំនើប​កំពុង​មាន​ការ​ កើន​ឡើង​នៅ​កម្ពុជា ព្រោះ​ផ្សារ​ទំនើប​មាន​ផា​សុកភាព​ជាង​ផ្សារ​ធម្មតា តែ​ការ​កើន​ឡើង​នេះ​មិន​គំហុក​ទេ»

លោក គុយ វ៉ាត អគ្គ​នាយក​ក្រុមហ៊ុន VTrust Group បាន​មាន​ប្រសាសន៍​ថា ទីតាំង​របស់ Young Commercial Center and Resort មាន​ភាព​សម​ស្រប ដោយ​សារ​មាន​ការ​អភិវឌ្ឍ​នៅ​តំបន់​នោះ​កាន់​តែ​ច្រើន ប៉ុន្តែ​ភាព​ជោគជ័យ ឬ​មិន​ជោគជ័យ​វា​អាស្រ័យ​ទៅ​លើ​ជំនឿ​ចិត្ត​របស់​ប្រជា​ពលរដ្ឋ និង​ការ​គ្រប់​គ្រង​ផង​ដែរ៕

No comments:

Post a Comment