Translate

Friday, August 23, 2013

ធនាគារ​ម៉ាឡេស៊ី​ថ្មី​មួយ​ទៀត​បើក​ដំណើរការ​នៅ​កម្ពុជា

ធនាគារ​ម៉ាឡេស៊ី​ថ្មី​មួយ​ទៀត​បើក​ដំណើរការ​នៅ​កម្ពុជា

 
ភ្នំពេញប៉ុស្តិ៍ ២៣-០៨-២០១៣

ភ្នំពេញៈ ធនាគារ Hong Leong Bank (Cambodia) Plc (“HLBCAM”) ដែល​ជា​ធនាគារ​បុត្រសម្ព័ន្ធ​គ្រប់​គ្រង​ដោយ​ធនាគារ Leong Bank Berhad របស់​ម៉ាឡេស៊ី​បាន​បើក​ដំណើរការ​ជា​ផ្លូវ​ការ​នៅ​កម្ពុជា​នៅ​ថ្ងៃ​នេះ។

នេះ​ជា​ធនាគារ​ទី៤​ហើយ​របស់​ប្រទេស​ម៉ាឡេស៊ី​ដែល​ចូល​មក​ក្នុង​ឧស្សាហកម្ម​ធនាគារ​ដ៏​ចង្អៀត​របស់​កម្ពុជា។

ធនាគារ HLBCAM បាន​ទទួល​បាន​ការ​យល់​ព្រម​ជា​គោលការណ៍​ក្នុង​ការ​បង្កើត​និង​ដំណើរការ​នៅ​ កម្ពុជា​ ៦ ​ខែ​កន្លង​មក​ហើយ​ក្នុង​ការ​ចាប់​យក​អតិថិជន​ថ្មី និង​សក្ដានុពល​នៅ​ទីនេះ។

លោក​ស្រី Tan Kong Khoon នាយក​គ្រប់​គ្រង​ធនាគារ Hong Leong Bank Berhad បាន​ឲ្យ​ដឹង​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ថា កំណើន​សេដ្ឋកិច្ច​ដ៏​រហ័ស​និង​ស្ថិរភាព​នយោបាយ​របស់​កម្ពុជា​គឺជា​ចំណុច​ដ៏​ សំខាន់​ក្នុង​ការ​ជំរុញ​ការ​ពង្រីក​ធនាគារ​នៅ​ទីនេះ​។

លោក​ស្រី​បន្ត​ថា៖ «យើង​មាន​សេចក្ដី​រំភើប​យ៉ាង​ខ្លាំង​អំពី​ការ​បង្កើត​វត្តមាន​របស់​យើង​នៅ​ កម្ពុជា​។ ដោយ​មាន​ការ​ដឹក​នាំ​ដ៏​រឹងមាំ​របស់​ប្រទេស និង​កំណើន​សេដ្ឋកិច្ច​និង​ប្រជាជន​យ៉ាង​ឆាប់​រហ័ស កម្ពុជា​គឺ​ជា​ទីផ្សារ​ក្នុង​តំបន់​ដ៏​សំខាន់​របស់​យើង​ហើយ​វត្តមាន​របស់​ យើង​នៅ​ទី​នេះ​គឺជា​ផ្នែក​នៃ​យុទ្ធសាស្រ្ត​របស់​យើង​ក្នុង​ការ​ពង្រីក​ ប្រតិបត្តិការ​របស់​តំបន់​នេះ​។ ការ​បើក​ដំណើរការ​របស់ HLBCAM កើត​ចេញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​យើង​ក្នុង​ការ​បង្កើត​និង​រួម​ចំណែក​ ដល់​វិស័យ​ធនាគារ​នៅ​កម្ពុជា​នឹង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច កាន់​តែ​រីក​លូត​លាស់»

លោក Joe Farrugia អគ្គ​នាយក​ធនាគារ Hong Leong Bank (Cambodia) Plc បាន​និយាយ​ថា៖ «ជាមួយ​នឹង​ទស្សនវិជ្ជា​របស់​យើង​នៃ​ការ​បង្កើត​តម្លៃ​និង​ការ​ប្ដេជ្ញា​ ចិត្ត​ក្នុង​ការ​ពង្រីក​ក្នុង​ស្រុក យើង​អាច​ផ្ដល់​ដល់​សហគមន៍​កម្ពុជា​នូវ​ភាព​ងាយ​ស្រួល​ក្នុង​ការ​ប្រើ​សេវា​ ធនាគារ​ដែល​រីក​ចម្រើន​ជា​លំដាប់​និង​ប្រកប​ដោយ​សមត្ថភាព»

លោក​ស្រី ងួន សុខា អគ្គ​នាយក​ធនាគារ​ជាតិ​នៃ​កម្ពុជា បាន​ប្រាប់​ភ្នំពេញ ប៉ុស្ដិ៍​ពី​មុន​ថា ភាព​ងាយ​ស្រួល​ក្នុង​ការ​វិនិយោគ​និង​ពាណិជ្ជកម្ម​ដែល​កំពុង​កើន​ឡើង​របស់​ ម៉ាឡេស៊ី​មក​កម្ពុជា ជា​មូលហេតុ​សំខាន់​សម្រាប់​កំណើន​ធនាគារ​ម៉ាឡេស៊ី​មក​កម្ពុជា។

លោក​ស្រី​បន្ត​ថា៖ «​ទំនាក់​ទំនង​ពាណិជ្ជកម្ម​និង​ការ​វិនិយោគ​ជាមួយ​ម៉ាឡេស៊ី​កំពុង​កើន​ឡើង​ យ៉ាង​ខ្លាំង​ដូច្នេះ​វត្តមាន​របស់​ធនាគារ​ម៉ាឡេស៊ី​ថ្មី​នេះ​នឹង​បំពេញ​ កំណើន​ជា​តម្រូវ​ការ​ពី​វិនិយោគិន​ម៉ាឡេស៊ី ឬ​ពាណិជ្ជករ​នៅ​ទី​នេះ​។ ខ្ញុំ​គិត​ថា ទោះ​បី​ជា​យើង​មាន​ធនាគារ​ចំនួន​៣​រួច​ហើយ​មក​ពី​ម៉ាឡេស៊ី​ក៏​ដោយ ក៏​វត្តមាន​របស់​ធនាគារ Hong Leong Bank នៅ​ក្នុង​ទីផ្សារ​នេះ​គឺ​នៅ​តែ​ល្អ​ដោយ​សារ​តែ​យើង​មាន​ឱកាស​ច្រើន សម្រាប់​ពួក​គេ​ក្នុង​ការ​ពង្រីក»

តួ​លេខ​ពាណិជ្ជកម្ម​ពី​ស្ថានទូត​ម៉ាឡេស៊ី​នៅ​ភ្នំពេញ​ឲ្យ​ដឹង​ថា ទំហំ​ពាណិជ្ជកម្ម​រវាង​ម៉ាឡេស៊ី​និង​កម្ពុជា​មាន​តម្លៃ​៣៧៦,១​លាន​ដុល្លារ​ កាល​ពី​ឆ្នាំ​២០១២​ដែល​បង្ហាញ​ពី​ការ​កើន​ឡើង​ ១៧,៣​ ភាគរយ​ធៀប​រយៈ​ពេល​ដូច​គ្នា​ពី​ឆ្នាំ ​២០១២ ​មាន​តែ​ ៣២០,៥​ លាន​ដុល្លារ​ប៉ុណ្ណោះ​៕

No comments:

Post a Comment