Translate

Tuesday, August 20, 2013

ជំនួប​រវាង​ក្រុម​ការងារ​បក្ស​ប្រជាជន​និង​បក្ស​សង្គ្រោះ​ជាតិ​បរាជ័យ

ជំនួប​រវាង​ក្រុម​ការងារ​បក្ស​ប្រជាជន​និង​បក្ស​សង្គ្រោះ​ជាតិ​បរាជ័យ


វិទ្យុអាស៊ីសេរី ២០-០៨-២០១៣
មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួប​ប្រជុំ​គ្នា​ជា​លើក​ទី២ ដើម្បី​ស្វែង​រក​ដំណោះស្រាយ​លើ​បញ្ហា​ពាក់ព័ន្ធ​នឹង​ការ​បោះ​ឆ្នោត​ជ្រើស​ តាំង​តំណាង​រាស្ត្រ​នីតិកាល​ទី៥ កាល​ពី​ថ្ងៃ​ទី២៨ ខែ​កក្កដា ត្រូវ​បរាជ័យ។ ប៉ុន្តែ​មន្ត្រី​គណបក្ស​ទាំង​ពីរ​មាន​ជំនឿ​ថា នឹង​អាច​រក​ច្រក​ចេញ ឬ​មាន​ដំណោះស្រាយ​នៅ​ជំនួប​លើក​ក្រោយ​ទៀត។

ជំនួប​រក​ដំណោះស្រាយ​ពី​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​សភា​ អាណត្តិ​ទី៥ រវាង​ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា ដឹក​នាំ​ដោយ លោក ព្រំ សុខា និង​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ ដឹក​នាំ​ដោយ លោក សុន ឆ័យ ដែល​មាន​សមាជិក​ម្ខាងៗ​ចំនួន ៥​នាក់ នៅ​ល្ងាច​ថ្ងៃ​ទី២០ ខែ​សីហា នា​មន្ទីរ​រដ្ឋសភា មិន​ទាន់​មាន​លទ្ធផល​គាប់​ប្រសើរ​ទេ។

សេចក្តី​ប្រកាស​រួម​មាន​ចុះ​ហត្ថលេខា លោក ព្រំ សុខា ប្រធាន​ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា និង លោក សុន ឆ័យ ប្រធាន​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ ចុះ​ថ្ងៃ​ទី២០ ខែ​សីហា មាន​ខ្លឹមសារ​ថា ក្រោយ​ពី​បាន​ពិភាក្សា​គ្នា​អស់​រយៈពេល ២​ម៉ោង​រួច​មក ក្រុម​ការងារ​គណបក្ស​ទាំង​ពីរ​បាន​ស្វែង​យល់​ពី​បំណង និង​គោល​គំនិត​របស់​គណបក្ស​ទាំង​សង​ខាង ដើម្បី​ស្វែង​រក​ការ​ឯកភាព​គ្នា។ ប្រកាស​បាន​បញ្ជាក់​ថា គណបក្ស​ទាំង​ពីរ​នឹង​ធ្វើ​សេចក្តី​រាយការណ៍​ជូន​ថ្នាក់​ដឹក​នាំ​គណបក្ស​រៀងៗ ​ខ្លួន ដើម្បី​ពិនិត្យ​លទ្ធភាព​បន្ត​ជួប​ពិភាក្សា​គ្នា​នៅ​លើក​ក្រោយ​ទៀត។

ទោះ​យ៉ាង​ណា លោក ព្រំ សុខា ប្រធាន​ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចាត់​ទុក​ជំនួប​ពិភាក្សា​គ្នា​រវាង​ក្រុម​ការងារ​គណបក្ស​ទាំង​ពីរ​ថា អាច​ជា​សញ្ញា​ឈាន​ទៅ​រក​ការ​ឯកភាព​គ្នា​នៅ​ជំនួប​លើក​ក្រោយ ទោះ​បី​ជំនួប​លើក​នេះ​មិន​ទាន់​ទទួល​បាន​ជោគជ័យ​ក្តី។ លោក​បន្ត​ថា ជំនួប​លើក​នេះ​ត្រូវ​រង់ចាំ​ការ​សម្រេច​ពី​ថ្នាក់​ដឹក​នាំ​ជា​មុន មុន​នឹង​ឈាន​ដល់​ការ​សម្រេច​លើ​កិច្ចការ​ផ្សេងៗ​នា​ថ្ងៃ​ខាង​មុខ។

មិន​ខុស​គ្នា​ទេ លោក សុន ឆ័យ ប្រធាន​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ ក្រោយ​កិច្ច​ប្រជុំ​បាន​បញ្ចប់ មាន​ការ​ខក​ចិត្ត​ដែល​ក្រុម​ការងារ​គណបក្ស​ទាំង​ពីរ​មិន​អាច​រក​ដំណោះស្រាយ​ ពី​ភាព​មិន​ប្រក្រតី ដែល​កើត​មាន​ក្នុង​ពេល​បោះ​ឆ្នោត​បាន។ ប៉ុន្តែ លោក សុន ឆ័យ មាន​ជំនឿ​ថា ក្រុម​ការងារ​គណបក្ស​ទាំង​ពីរ​នឹង​អាច​ទម្លាយ​ភាព​ទាល់ច្រក​នេះ​ក្នុង​ជំនួប ​លើក​ក្រោយ។

ទាក់ទិន​បញ្ហា​នេះ លោក កែម ឡី អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម និង​ជា​អ្នក​វិភាគ​ឯករាជ្យ មិន​មាន​ជំនឿ​ថា ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា អាច​សម្រប​សម្រួល​គ្នា ជុំវិញ​លទ្ធផល​បោះ​ឆ្នោត​ជាតិ​នេះ​បាន​ទេ ដរាប​ណា​គ្មាន​ជំនួប​រវាង​មេ​ដឹក​នាំ​គណបក្ស​ទាំង​ពីរ​ជួប​ពិភាក្សា​គ្នា ដើម្បី​រក​ដំណោះស្រាយ​នោះ​ទេ។

លោក​បញ្ចេញ​ទស្សនៈ​ថា បើ​សិន​ជា​ជំនួប​រវាង​ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ជា​ជំនួប​ផ្ដើម​ដោយ​មេ​ដឹក​នាំ​គណបក្ស​ទាំង​ពីរ អាច​មាន​ផ្សះផ្សា និង​រក​ដំណោះស្រាយ​បាន​ខ្លះ

កាល​ពី​ថ្ងៃ​ទី៩ ខែ​សីហា ក្រុម​ការងារ​របស់​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា បាន​ជួប​ប្រជុំ​គ្នា​នៅ​មន្ទីរ​រដ្ឋសភា​ម្តង​រួម​មក​ហើយ ដើម្បី​រួម​គ្នា​បង្កើត​គណៈកម្មការ​ត្រួត​ពិនិត្យ​ពី​ភាព​មិន​ប្រក្រតី​នៃ​ ការ​បោះ​ឆ្នោត​ជាតិ ប៉ុន្តែ កិច្ច​ប្រជុំ​នេះ​មិន​មាន​លទ្ធផល​ទេ៕

No comments:

Post a Comment