Translate

Monday, August 26, 2013

គជប ​៖ ភាពមិនប្រក្រតី​នៃ​កញ្ចប់​សុវត្ថិភាព ក នៅ​ខេត្ត​ក្រចេះ មិន​ប៉ះពាល់​ដល់​លទ្ធផល​បោះឆ្នោត​ទេ​


គជប ​៖ ភាពមិនប្រក្រតី​នៃ​កញ្ចប់​សុវត្ថិភាព ក នៅ​ខេត្ត​ក្រចេះ មិន​ប៉ះពាល់​ដល់​លទ្ធផល​បោះឆ្នោត​ទេ​

CEN August 25, 2013

ភ្នំពេញ: ក្នុង​សន្និសីទកាសែត កាលពី​ព្រលប់​ថ្ងៃទី​២៥ ខែ​សីហា ឆ្នាំ​២០១៣ នៅ​ទីស្តីការ​គជប លោក ទេព នីថា អគ្គលេខាធិការ គជប បានប្រកាសថា ការ​ផ្ទៀងផ្ទាត់​លើ​កញ្ចប់​សុវត្ថិភាព ក នៅ ១៣ ការិយាល័យ​បោះឆ្នោត ក្នុង​មណ្ឌល​ខេត្ត​ក្រចេះ កាលពី​ព្រឹក​ថ្ងៃអាទិត្យ ទី​២៥​សីហា គឺ​មិន​ប៉ះពាល់​ដល់​លទ្ធផល​នៃ​ការបោះឆ្នោត​ទេ​។ ចំពោះ​ករណី​ថា មាន​កញ្ចប់​សុវត្ថិភាព ក មួយចំនួន មិន​ត្រូវ​បាន​បិទ​ឲ្យ​ត្រឹមត្រូវ​នោះ គឺជា​កំហុស​បច្ចេកទេស​របស់​មន្ត្រី​នៅ​ការិយាល័យ​បោះឆ្នោត​ទាំងនោះ​។​

លោក ទេព នីថា បានបញ្ជាក់​ថា ពាក់ព័ន្ធ​នឹង​ភាពមិនប្រក្រតី ដែល​គណបក្ស​សង្គ្រោះ​ជាតិ បានលើកឡើង នៅពេល​បើក​កញ្ចប់​សុវត្ថិភាព ក នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ គឺ​មិន​ប៉ះពាល់​ទៅដល់​លទ្ធផល​បោះឆ្នោត​ទេ​។ ពាក់ព័ន្ធ​នឹង​កំហុស​បច្ចេកទេស និង​ភាពមិនប្រក្រតី ដែល​គណបក្ស​ប្រឆាំង បាន​លើកឡើង​នោះ គឺ​លទ្ធផល​សំឡេងឆ្នោត មិន​ខុស​ទេ គឺ​នៅ​ដដែល​។​
លោក ទេព នីថា បានបញ្ជាក់​ថា ពាក់ព័ន្ធ​នឹង​កំហុសឆ្គង​បច្ចេកទេស​នេះ គជប នឹង​ធ្វើ​ការស្រាវជ្រាវ ហើយ​ចាត់វិធានការ​ចំពោះ​អ្នកប្រព្រឹត្ត ដែល​នាំឲ្យ​មាន​កំហុស ក្នុង​ការ​មិន​បាន​បិទ​កញ្ចប់​សុវត្ថិភាព​ឲ្យបាន​ត្រឹមត្រូ​វ​។​

លោក ទេព នីថា បញ្ជាក់ថា គជប អនុវត្ត​ទៅ​តាម​តែ​អ្វី​ដែល​ក្រុមប្រឹក្សា​ធម្មនុញ្ញ បានសម្រេច ហើយ​កញ្ចប់​សុវត្ថិភាព ក គឺ​មិន​មាន​អាថ៌កំបាំង​អ្វី​ទេ​។​

​ទាក់ទង​ នឹង​កំហុស​បច្ចេកទេស ដែល​មន្ត្រី​រៀបចំ​ការបោះឆ្នោត នៅតាម​ការិយាល័យ​បោះឆ្នោត ប្រព្រឹត្ត ដោយ​មិន​បាន​បិទ​កញ្ចប់​សុវត្ថិភាព ក ឲ្យបាន​ត្រឹមត្រូវ​នោះ ក៏​ត្រូវបាន​លោក ទេព នីថា បញ្ជាក់ថា មកពី​ការបណ្តុះបណ្តាល​មន្ត្រី​រៀបចំ​ការបោះឆ្នោត មាន​រយៈពេល​ខ្លី​ពេក ហើយ​ការធ្វើ​ការងារ​បោះឆ្នោត គឺ​មិន​អាច​ល្អ ១០០% ទេ​។ ប៉ុន្តែ​ការបោះឆ្នោត​នៅ​កម្ពុជា មាន​តម្លាភាព​មួយ មិន​អាច​កេង​បន្លំ​បានទេ ព្រោះ​បោះឆ្នោត​ហើយ រាប់​សន្លឹកឆ្នោត​ភ្លាម​។​

សូម​រម្លឹកថា បន្ទាប់​ពី​ពិនិត្យ​ផ្ទៀងផ្ទាត់​ឯកសារ​លទ្ធផល​បោះឆ្នោត តាមរយៈ​ការបើក​កញ្ចប់​សុវត្ថិភាព ក នៅ ១៣ ការិយាល័យ​បោះឆ្នោត ក្នុង​ឃុំ​ស្វាយ​ជ្រះ ខេត្ត​ក្រចេះ អស់​ពេល​ជាង ២ ម៉ោង គិត​ចាប់ពី​ម៉ោង ៨ ព្រឹក គឺ​មកដល់​ម៉ោងជាង ១០ ព្រឹក ថ្ងៃ​អាទិត្យ​នេះ គជប បាន​បិទ​បញ្ចប់​ដំណើរការ​នោះ​។ ការពិនិត្យ​ផ្ទៀងផ្ទាត់​កញ្ចប់​សុវត្ថិភាព ក នោះ គឺ​មាន​ការពិនិត្យ​ផ្ទៀងផ្ទាត់​លើ​ទម្រង់​លទ្ធផល​បោះឆ្នោត ១១០២ ១១០៤ និង​១១០៨​។​
ក្នុង​ពេល​ពិនិត្យ​កញ្ចប់​សុវត្ថិភាព ក ទាំង ១៣ នោះ គឺមាន ៦ កញ្ចប់ បើកចំហរ​ស្រាប់ ដោយ​មិន​មាន​ចង​មាត់ ត្រឹមត្រូវ និង​មាន ៧ កញ្ចប់ មាន​ចង ខ្លុម​បេ ត្រឹមត្រូវ​។​
តំណាង​គណបក្ស​សង្គ្រោះ​ជាតិ លោក គួ​យ ប៊ុន​រឿន បាន​អះអាង​ប្រាប់​អ្នកកាសែត ក្នុង​ពេល​បញ្ចប់​ការពិនិត្យ​ផ្ទៀងផ្ទាត់​នោះ​ថា កញ្ចប់​សុវត្ថិភាព ក នៅ​ការិយាល័យ​បោះឆ្នោត​ទាំង ១៣ ការិយាល័យ​នោះ គឺ​មាន​ភាព​មិន​ប្រក្រតី​ទាំងអស់ ដែល​នាំឲ្យ​ប៉ះពាល់​ដល់​លទ្ធផល​បោះឆ្នោត របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខេត្ត​ក្រចេះ​។ ពោល​គឺ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ត្រូវ​ទទួល​បាន​កៅអី​មួយ​ថែមទៀត លើ​កៅអី ដែល​ខ្លួន​បានទទួល ១ និង​គណបក្ស​ប្រជាជន​កម្ពុជា ទទួល ២ អាសនៈ​។​

​លោក គួ​យ ប៊ុន​រឿន បាន​ស្នើ​ឲ្យ​ក្រុមប្រឹក្សាធម្មនុញ្ញ ដោះស្រាយ​បណ្តឹង​របស់​គណបក្ស​សង្គ្រោះ​ជាតិ ទាំង ១៥ បណ្តឹង នៅក្នុង​ខេត្ត​រាជធានី ដែល​ខ្លួន​បាន​ដាក់​ទៅ​ក្រុមប្រឹក្សាធម្មនុញ្ញ​។ ពេលនោះ នឹង​មាន​ការប្រែប្រួល​អាសនៈ​របស់​គណបក្ស​ប្រឆាំង​នេះ​។​

ចំណែក​លោក ព្រហ្ម ញាណ​វិចិត្រ សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ និង​ជា​អ្នកនាំពាក្យ បាន​ថ្លែង​ទៅកាន់​ក្រុមអ្នកកាសែត​ថា ក្រុមប្រឹក្សាធម្មនុញ្ញ ដែល​ជា​ស្ថាប័ន​កំពូល ចុង​ក្រោយ​ដោះស្រាយ​បណ្តឹង​បោះឆ្នោត នឹង​ធ្វើ​ការដោះស្រាយ​បណ្តឹង ឲ្យមាន​តម្លាភាព និង​ច្បាស់លាស់​ទាំងអស់គ្នា​។

ក្រុមប្រឹក្សាធម្មនុញ្ញ នឹង​ខិតខំ ប្រឹងប្រែង ដោះស្រាយ​បណ្តឹង​របស់​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យបាន​មុន ថ្ងៃ​កំណត់ ដែល​គជប ត្រូវ​ប្រកាស​លទ្ធផល​បោះ​ឆ្នោត ផ្លូវការ យ៉ាងយូរ ត្រឹម​ថ្ងៃ​ទី​៨ ខែ​កញ្ញា ឆ្នាំ​២០១៣​។​

​សូម​រម្លឹកថា គជប បាន​ចាប់ផ្តើម​បើក​កញ្ចប់​សុវត្ថិភាព ក កាលពី​ម៉ោង ៨ ព្រឹក ថ្ងៃអាទិត្យ ទី​២៥ ខែ​សីហា ឆ្នាំ​២០១៣ នៅ​ទីស្តីការ​គជប ដើម្បី​ពិនិត្យ​ផ្ទៀងផ្ទាត់​លទ្ធផល​បោះឆ្នោត នៅ​មណ្ឌល​ការិយាល័យ​បោះឆ្នោត​មួយចំនួន នៅ​ខេត្ត​ក្រចេះ​។
ការបើក​ កញ្ចប់​សុវត្ថិភាព ក នៅក្នុង​ការិយាល័យ​បោះឆ្នោត ចំនួន ១៣ ការិយាល័យ នៅ​ឃុំ​ស្វាយ​ជ្រះ ខេត្ត​ក្រចេះ ដើម្បី​ពិនិត្យ​ផ្ទៀងផ្ទាត់​លទ្ធផល​បោះឆ្នោត ស្រប​តាម​ការសម្រេចរ​បស់​ក្រុមប្រឹក្សាធម្មនុញ្ញ​។ ការទាមទារ​ឲ្យ​បើក​កញ្ចប់​សុវត្ថិភាព​នោះ គឺ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ដាក់ពាក្យ​ប្តឹង ដើម្បី​ឲ្យ​គជប ផ្ទៀងផ្ទាត់​ឡើងវិញ​នូវ​លទ្ធផល​បោះឆ្នោត​។​
ការបើក​កញ្ចប់​ សុវត្ថិភាព ក ជា​លើកដំបូង នៅ​ព្រឹក​នេះ នៅ​គជប មាន​ការចូលរួម​ពី​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សង្គ្រោះ​ជាតិ គណបក្ស​ហ្វ៊ុន​ស៊ិន​ប៉ិន​ច អ្នកសង្កេតការណ៍​ជាតិ អន្តរជាតិ អ្នកកាសែត និង​មាន​តំណាង​ពី​ក្រុមប្រឹក្សាធម្មនុញ្ញ ចូលរួម​ពិនិត្យ និង​ស៊ើបអង្កេត​។
កញ្ចប់​សុវត្ថិភាព ក មាន​ឯកសារ និង​សម្ភារៈ​បោះឆ្នោត ដែល​រួមមាន​ជាអាទិ៍ សន្លឹកឆ្នោត បញ្ជី​បោះឆ្នោត ទម្រង់​រាប់​សន្លឹកឆ្នោត ១១០២ ១១០៤ និង​ទម្រង់ ១១០៨ ជាដើម​៕

No comments:

Post a Comment