Translate

Thursday, August 22, 2013

ការ​លក់​ផ្ទះ​នៅ សិង្ហបុរី បាន​ធ្លាក់​ចុះ​ទាប​បំផុត​ក្នុង​ខែ កក្កដា

ការ​លក់​ផ្ទះ​នៅ សិង្ហបុរី បាន​ធ្លាក់​ចុះ​ទាប​បំផុត​ក្នុង​ខែ កក្កដា

ភ្នំពេញប៉ុស្តិ៍ ២២-០៨-២០១៣

សិង្ហបុរីៈ ការ​លក់​ផ្ទះ​នៅ​ប្រទេស សិង្ហបុរី​នៅ​ក្នុង​ខែ កក្កដា បាន​ធ្លាក់​ចុះ​ខ្លាំង​បំផុត​គិត​ចាប់​តាំង​ពី​ខែ ធ្នូ ឆ្នាំ ២០០៩ ដោយ​សារ​ក្រុម​វិនិយោគ​មាន​ការ​ស្ទាក់​ស្ទើរ​ចំពោះ​វិធានការ​កាត់​បន្ថយ​ ឥណទាន​អចលន​ទ្រព្យ​ថ្មី ខណៈ​ក្រុមហ៊ុន​អភិវឌ្ឍន៍​បង្កើត​គម្រោង​តិច​តួច។

ការ​លក់​ផ្ទះ​បាន​ធ្លាក់​ចុះ​មក​ត្រឹម ៤៨១ Unit កាល​ពី​ខែ​មុន ពោល​គឺ​មាន​កម្រិត​ទាប​ជាង​ការ​លក់​កាល​ពី​ខែ មិថុនា ៧៣ ភាគរយ នេះ​បើ​យោង​តាម​ទិន្នន័យ​ទទួល​បាន​ពី​អាជ្ញាធរ​អភិវឌ្ឍន៍​ទីក្រុង ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ចុង​សប្តាហ៍​មុន​។ ការ​លក់​ផ្ទះ​នៅ សិង្ហបុរី បាន​កើន​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​រហូត​ដល់ ២៧៩៣ Unit កាល​ពី​ខែ មីនា កន្លង​មក។

តម្លៃ​ផ្ទះ​បាន​កើន​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត នៅ​ពេល​អត្រា​ការ​ប្រាក់​ទាប ដែល​បាន​ធ្វើ​ឲ្យ​មាន​ក្តី​បារម្ភ​អំពី​កំណើន​តម្លៃ​អចលន​ទ្រព្យ និង​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល សិង្ហបុរី បង្កើន​យុទ្ធនាការ​រយៈ​ពេល ៤ ឆ្នាំ​កាល​ពី​ខែ មករា ដើម្បី​ទប់​ស្កាត់​ការ​រក​ស៊ី​កេង​ចំណេញ​នៅ​ក្នុង​ទីផ្សារ​អចលន​ទ្រព្យ​ដែល​ មាន​តម្លៃ​ខ្ពស់​ជាង​គេ​ទីពីរ​នៅ​តំបន់​អាស៊ី​មួយ​។ កាល​ពី​ខែ មិថុនា ប្រទេស សិង្ហបុរី ក៏​បាន​ប្រកាស​ពី​ច្បាប់​ថ្មី​ក្នុង​ការ​គ្រប់​គ្រង​គ្រឹះស្ថាន ហិរញ្ញវត្ថុ​នានា​ទាក់​ទង​នឹង​ការ​ផ្តល់​ឥណទាន​ដល់​វិស័យ​អចលន​ទ្រព្យ​ផង​ ដែរ។

លោក Nicholas Mak នាយក​ប្រតិបត្តិ​ក្រុមហ៊ុន SLP International Property Consultants ប្រចាំ​នៅ​ប្រទេស សិង្ហបុរី មាន​ប្រសាសន៍​ថា៖ «ការ​លក់​ផ្ទះ​ធ្លាក់​ចុះ​នៅ​ពេល​នេះ គឺ​ដោយ​សារ​ការ​ភ័យ​ខ្លាច​ចំពោះ​ច្បាប់​ឥណទាន​ថ្មី គួប​ផ្សំ​នឹង​ដំណើរការ​ផ្តល់​ឥណទាន​យឺត​យ៉ាវ​របស់​ធនាគារ និង​ការ​អនុវត្ត​ច្បាប់​ថ្មី ដែល​បាន​ធ្វើ​ឲ្យ​ក្រុមហ៊ុន​អភិវឌ្ឍន៍​នានា​ប្រកាស​តិច​តួច​អំពី​គម្រោង​ អភិវឌ្ឍន៍​របស់​ខ្លួន»

អាជ្ញាធរ​រូបិយវត្ថុ​ប្រទេស សិង្ហបុរី ធ្លាប់​បាន​ប្រកាស​ថា ក្របខ័ណ្ឌ​ការងារ​ថ្មី​ទាមទារ​ឲ្យ​ធនាគារ​ទាំង​អស់​ពិចារណា​ចំពោះ​បំណុល​ របស់​អ្នក​ខ្ចី​ប្រាក់​នៅ​ពេល​ផ្តល់​ឥណទាន​អចលន​ទ្រព្យ។

សន្ទស្សន៍​នៃ​តម្លៃ​លំនៅឋាន​ឯកជន​នៅ​ប្រទេស​ដី​កោះ​នេះ​បាន​កើន​ឡើង​ ចំនួន ១ ភាគរយ នៅ​ត្រីមាស​ទីពីរ ពោល​គឺ​កើន​ឡើង​បើ​ធៀប​នឹង​សន្ទស្សន៍ ០,៦ ភាគរយ​នៅ​ត្រីមាស​ទី​មួយ។ តម្លៃ​ផ្ទះ​នៅ​ជាយ​ក្រុង បាន​កើន​ឡើង ៣,៨ ភាគរយ​នៅ​ត្រីមាស​ទីពីរ បើ​ធៀប​នឹង​កំណើន ១,៤ ភាគរយ​នៅ​ត្រីមាស​ទីមួយ នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​រដ្ឋាភិបាល សិង្ហបុរី។

លោក Tharman Shanmugaratnam រដ្ឋ​មន្ត្រី​ហិរញ្ញវត្ថុ សិង្ហបុរី បាន​ប្រាប់​កាល​ពី​ខែ កុម្ភៈ ថា ប្រទេស សិង្ហបុរី ក៏​មាន​ផែនការ​ដំឡើង​ពន្ធ​ចំពោះ​ម្ចាស់​ផ្ទះ​ប្រណីត​និង​លំនៅឋាន​សម្រាប់​ ជួល​ផង​ដែរ។

ប្រទេស សិង្ហបុរី បាន​ព្យាយាម​ទម្លាក់​តម្លៃ​អចលន​ទ្រព្យ​តាំង​ពី​ឆ្នាំ ២០០៩ មក នៅ​ពេល​ដែល​រដ្ឋាភិបាល​ហាម​ឃាត់​ឥណទាន​ដែល​យក​តែ​ការ​ប្រាក់​សម្រាប់​គម្រោង ​អចលន​ទ្រព្យ​មួយ​ចំនួន និង​ឈប់​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​អភិវឌ្ឍន៍​យក​ការ​ប្រាក់​ចំពោះ​អគារ​ផ្ទះ​ ល្វែង ដែល​កំពុង​សាង​សង់។

ក្រសួង​អភិវឌ្ឍន៍​ជាតិ​របស់​ប្រទេស សិង្ហបុរី បាន​ប្រកាស​ឲ្យ​ដឹង​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​នៅ​លើ​គេហទំព័រ​របស់​ ខ្លួន​មួយ​កាល​ពី​ថ្ងៃ ទី១៣ ខែ សីហា ដែល​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​របស់​សមាជិក​សភា​ថា តម្លៃ​ផ្ទះ​បាន​ធ្លាក់​ចុះ​គួរ​ឲ្យ​កត់​សម្គាល់​បន្ទាប់​ពី​វិធានការ​ទប់​ ស្កាត់​ជាច្រើន​លើក​របស់​រដ្ឋាភិបាល​ប្រទេស សិង្ហបុរី៕

No comments:

Post a Comment