គណបក្សប្រឆាំងដើរចេញពីបន្ទប់ផ្ទៀងផ្ទាត់លទ្ធផលរបស់
គ.ជ.ប.
ខេមបូឌាដេលី ១៦-០៨-២០១៣៖ តំណាងគណបក្សប្រឆាំងបានដើរចេញពីបន្ទប់ផ្ទៀង ផ្ទាត់លទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតរបស់ គ.ជ.ប.
កាលពីម្សិលមិញដោយបានអះអាងថា ស្ថាប័ននេះបានធ្វើការស៊ើបអង្កេតដោយមិនសមស្រប និងដោយគ្មានវត្តមានរបស់ថ្នាក់ដឹកនាំខ្លួន។
គណបក្សសង្គ្រោះជាតិ ដែលបានអំពាវនាវឲ្យមានការស៊ើបអង្កេតដោយ ឯករាជ្យ និងមានតម្លាភាពពីអ្វីដែលខ្លួនអះអាងថា ជាការលួចបន្លំសន្លឹកឆ្នោតទ្រង់ទ្រាយធំអំឡុង ការបោះឆ្នោតកាលពីថ្ងៃទី២៨
ខែកក្កដានោះ បានបញ្ជាក់ថា ខ្លួនមិនទទួលស្គាល់ដំណើរការដោះស្រាយពាក្យបណ្តឹង ដែលកំពុងធ្វើឡើងដោយ
គ.ជ.ប. ឡើយ។
អំឡុងពេលនៃការផ្ទៀងផ្ទាត់លទ្ធផលមកពីមណ្ឌល ក្រចេះ
លោក គួយ ប៊ុនរឿន តំណាងគណបក្សសង្គ្រោះជាតិ បានប្រកាសស្ទើរតែភ្លាមៗថា ការផ្ទៀងផ្ទាត់នេះគឺជាឆាកល្ខោនហើយបានចោទ ប្រធាននាយកដ្ឋានប្រតិបតិ្តការបោះឆ្នោតរបស់ គ.ជ.ប.
គឺលោក ហ៊ឺរ៉ុង ថា បានប្រើទម្រង់មិនត្រឹមត្រូវដើម្បីផ្ទៀងផ្ទាត់ លទ្ធផល។
លោក គួយ ប៊ុនរឿន បានចោទសួរថា “តើអស់លោកកំពុងផ្ទៀងផ្ទាត់អី?” ដោយលោកបានស្នើឲ្យមានការបង្ហាញច្បាប់់ដើមនៃ ទម្រង់១១០២ ដែលត្រូវបានបំពេញនៅឯការិយាល័យបោះឆ្នោតនីមួយៗ នៅពេលរាប់សន្លឹកឆ្នោត មុនពេលត្រូវបានដាក់បញ្ចូលទៅក្នុងកញ្ចប់ សុវត្ថិភាព
“ក”។
លោក ប៊ុនរឿន បានឲ្យដឹងបន្តថាមន្ត្រី គ.ជ.ប. បានប្រើទម្រង់១១០២ដែលមិនស្ថិត នៅក្នុងកញ្ចប់សុវត្ថិភាពមកផ្ទៀងផ្ទាត់បណ្តឹងមក ពីមណ្ឌលខេត្តក្រចេះ។
លោក ប៊ុនរឿន បានថ្លែងថា “គេមិនត្រូវយកទម្រង់១១០២មកពីកន្លែង ណាផ្សេងទេ គឺត្រូវតែយកមកពីក្នុងកញ្ចប់សុវត្ថិភាព
ក”។
គួរបញ្ជាក់ថា មុនពេលដាក់ចូលក្នុងកញ្ចប់សុវត្ថិភាព
“ក” ទម្រង់១១០២ត្រូវបានចម្លងចូលទម្រង់ដែលគេហៅថា ទម្រង់១១០៤ពោលគឺ១១០២ជាទម្រង់ដើម រីឯ១១០៤វិញគឺជាទម្រង់ដែលគណបក្សនយោបាយចម្លង ចេញពីទម្រង់១១០២នេះឯង។
ប៉ុន្តែ គណបក្សប្រឆាំងអះអាងថា ទម្រង់១១០៤មិនអាចទុកចិត្តបានឡើយលើកលែង តែគេយកវាទៅផ្ទៀងផ្ទាត់ជាមួយនឹងច្បាប់ដើម គឺទម្រង់១១០២ក្នុងកញ្ចប់សុវត្ថិភាព
“ក”។
ខណៈគណបក្សប្រជាជន និង
គ.ជ.ប. បានអះអាងស្របគ្នាថា គណបក្សប្រជាជនបានឈ្នះការបោះឆ្នោត ដោយទទួលបាន៦៨អាសនៈទល់នឹង៥៥អាសនៈនោះ គណបក្សសង្គ្រោះជាតិ
បានអះអាងថា ការរាប់ទម្រង់១១០៤ដោយខ្លួនឯងផ្ទាល់បង្ហាញថា ខ្លួនទើបជាអ្នកទទួលបានជ័យជម្នះដោយទទួលបាន៦៣ អាសនៈ។
លោក ប៊ុនរឿន បានថ្លែងថា “គេត្រូវតែបើកកញ្ចប់សុវត្ថិភាព
“ក” ហើយបង្ហាញឲ្យសាធារណជនបានឃើញ” ដោយលោកបានសំដៅលើទម្រង់១១០២ដើម។
មុនពេលដើរចេញពីបន្ទប់ផ្ទៀងផ្ទាត់នេះលោក
គួយ ប៊ុនរឿន
បានឲ្យដឹងថា សមាជិកគណៈកម្មាធិការរបស់ គ.ជ.ប.
ក្រោមការដឹកនាំរបស់ប្រធាន គ.ជ.ប. គឺលោក អ៊ឹម សួស្តី គួរតែមានវត្តមាននៅក្នុងឱកាសបែបនេះ។ លោកបានសំដៅលើមាត្រា១៦ ត្រង់ចំណុច២៥នៃច្បាប់ស្តីអំពីការជ្រើសតាំង តំណាងរាស្ត្រ
ដែលចែងថា គ.ជ.ប. ទទួលខុសត្រូវក្នុងការពិនិត្យសម្រេចលើ បណ្តឹងទាំងអស់ពាក់ព័ន្ធទៅនឹងការបោះឆ្នោត តាមរយៈការបើកសវនាការជាសាធារណៈ លើកលែងតែបណ្តឹងដែលស្ថិតនៅក្រោមយុត្តាធិ ការរបស់តុលាការប៉ុណ្ណោះ។
ការពិនិត្យផ្ទៀងផ្ទាត់លទ្ធផលដែលធ្វើឡើង ដោយ
គ.ជ.ប. កាលពីម្សិលមិញនេះគឺមានការពិនិត្យបណ្តឹងមក ពីការិយាល័យបោះឆ្នោតចំនួន១៣ នៅក្នុងស្រុកចំនួនពីរនៅក្នុងខេត្តក្រចេះ។ ថ្ងៃនេះ
គ.ជ.ប. នឹងដោះស្រាយបណ្តឹងមកពីមណ្ឌលសៀមរាប និងកណ្តាល។
លោក ហ៊ឹ រ៉ុង មានប្រសាសន៍ថា “យើងនឹងផ្ទៀងផ្ទាត់ទម្រង់១១០៤ជាមួយទម្រង់១១០២ ” ដោយលោកបានពន្យល់ថា
ទម្រង់១១០២ ដែលកំពុងត្រូវបានប្រើសម្រាប់ផ្ទៀងផ្ទាត់នេះ គឺត្រូវបានប្រមូលមកពីគណៈកម្មការរៀបចំការ បោះឆ្នោតថ្នាក់ខេត្ត ដែលក៏យកទម្រង់១១០២មកពីការិយាល័យបោះឆ្នោតនីមួយៗ ដែរ តែទម្រង់នេះមិនមែនជាទម្រង់នៅក្នុងកញ្ចប់ សុវត្ថិភាព
“ក” ទេ។ លោកបានមានប្រសាសន៍ថា “ យើងបានប្រមូលទម្រង់ទាំងនេះពីគណៈកម្មការរៀប ចំការបោះឆ្នោតថ្នាក់ខេត្ត ហើយវាជាទម្រង់ដើមដែលត្រូវបានប្រថាប់ត្រាយ៉ាង ត្រឹមត្រូវ”។
លោក រ៉ុង
ក៏បានលើកឡើងផងដែរថា បក្សប្រជាជន និងគណបក្សហ្វ៊ុនស៊ិនប៉ិច ដែលមិនបានទទួលសូម្បីតែមួយអាសនៈនោះ បានយល់ស្របនឹងដំណើរការផ្ទៀងផ្ទាត់នេះ។
ប៉ុន្តែ ទាំងគណបក្សសង្គ្រោះជាតិ និងក្រុមអ្នកសង្កេតការណ៍បោះឆ្នោត បានលើកឡើងថា ការមិនប្រើទម្រង់នៅក្នុងកញ្ចប់សុវត្ថិភាពនេះ មានន័យថា ទម្រង់ដែលកំពុងត្រូវបានយកមកពិនិត្យបណ្តឹង នេះ
គឺអាចត្រូវបានគេបន្លំបាន។
លោកស្រី គង់ រ៉ាវីន មកពីគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា
(ខុមហ្វ្រែល) បានលើកឡើងថា
គួរមានការប្រើតែទម្រង់១១០២ ក្នុងកញ្ចប់សុវត្ថិភាព
“ក” ប៉ុណ្ណោះនៅក្នុងដំណើរការដោះស្រាយពាក្យបណ្តឹង។ លោកស្រីបានមានប្រសាសន៍ថា
“តាមបទប្បញ្ញត្តិ ប្រសិនបើមានភាពមិនប្រក្រតីនៅការិយាល័យបោះឆ្នោត ណាមួយ
ទម្រង់១១០២ក្នុងកញ្ចប់សុវត្ថិភាព “ ក”
គឺអាចបើកបាន។ បើមិនដូច្នេះទេវាអាចខុសគ្នា”។
បន្ទាប់ពីការពិនិត្យបណ្តឹងនេះបានបញ្ចប់ គណបក្សសង្គ្រោះជាតិ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបានលើកឡើងថា ដំណើរការរបស់
គ.ជ.ប. គឺមិនអាចទទួលយកបានឡើយ។
សេចក្តីថ្លែងការណ៍នេះមានខ្លឹមសារថា “គណបក្សសង្គ្រោះជាតិ នឹងមិនទទួលយកយន្តការផ្ទៀងផ្ទាត់ដែលប្រើ ទម្រង់១១០៤
និង១១០២ មិននៅក្នុងកញ្ចប់សុវត្ថិភាព “ក”
នេះជាដាច់ខាត។ គ.ជ.ប.ត្រូវធ្វើការសម្រេចបើកសវនាការជាសាធារណៈ លើពាក្យបណ្តឹងនិងការប្តឹងជំទាស់ពាក់ព័ន្ធ នឹងការបោះឆ្នោតលើកលែងតែបណ្តឹងទាំងនេះស្ថិត នៅក្រោមយុត្តាធិការរបស់តុលាការប៉ុណ្ណោះ”។
លោក ទេព នីថា
អគ្គលេខាធិការគ.ជ.ប. បានអះអាងថា លោក គួយ ប៊ុនរឿន យល់ខុសហើយ
ពេលនិយាយថា គ.ជ.ប.
ដោះស្រាយពាក្យបណ្តឹងដោយមិនត្រឹមត្រូវ។ លោកបានមានប្រសាសន៍ថា
“នេះគឺជាទស្សនរបស់គាត់។ គ.ជ.ប. បានអនុវត្តតាមនីតិវិធីច្បាប់យ៉ាងត្រឹមត្រូវ”។
លោក ទេព នីថា
បានបញ្ជាក់សាជាថ្មីថា
ដំណើរការផ្ទៀងផ្ទាត់គឺមិនតម្រូវឲ្យមានសវនាការ ជា
សាធារ ណៈ ឡើយ។ លោកបានថ្លែងថា
“គ.ជ.ប.រៀបចំកិច្ចប្រជុំហើយធ្វើសេចក្តី សម្រេចបញ្ជូនទៅឲ្យបុគ្គលិកថ្នាក់ក្រោមផ្ទៀង ផ្ទាត់”៕
No comments:
Post a Comment