កន្ទុយបារីមេទ័ពៈ
តើត្រូវដុតចោលធ្វើអ្វី?
ភ្នំពេញប៉ុស្តិ៍ ១៥-០៨-២០១៣៖ វាពិតជា លំបាកណាស់សម្រាប់មនុស្សម្នាក់ក្នុងការឈប់ជក់បារី ពីព្រោះពេលខ្លះ មនុស្សម្នាក់នោះពិបាកពេលគាត់ជក់នឹងស្លឹកល្ហុង។ នៅក្នុងមន្ទីរឃុំឃាំងគាត់បានរក្សាទុកនូវកន្ទុយបារី ដើម្បីមូរធ្វើបារីថ្មី។ ទ្រឹស្តីរបស់គាត់ គឺគាត់តែងតែបានព្យាយាមរកអ្វីមួយមកជក់ នៅពេលខ្វះខាត ដូច្នេះ ហេតុអ្វីក៏ត្រូវបោះចោល នូវកន្ទុយបារីដែលឈប់ជក់នោះ?
ពេលនោះគឺឆ្នាំ ១៩៧៨ ជាអ្នកទោស នៅក្នុងគុក នៃខេត្ត សុងបេ (Song Be) ប្រទេស វៀតណាម ក្នុងឋានៈជាមេបញ្ជាការដែលមានកូនទាហានស្មោះត្រង់ចំនួន ៤ នាក់ តែពេលនេះគឺ ឆ្នាំ ២០១៣ នៃប្រទេសកម្ពុជា ក្នុងនាមជាអគ្គមេបញ្ជាការមានកងទ័ពជាង ១០ ម៉ឺននាក់ ជាឧត្តមសេនីយ៍ឯកផ្កាយមាស ៥ ផុតលេខ ជាអនុប្រធានគណបក្សប្រជាជនកម្ពុជាដ៏មានអំណាចជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងបីទសវត្សរ៍ ស្មើនឹងមួយម៉ឺនប្រាំបួនរយហាសិបថ្ងៃជាមេដឹកនាំដ៏យូរជាងគេ នៅ តំបន់អាស៊ី ជាសម្តេចអគ្គមហាសេនាបតីតេជោ អំណាចស្មើមេឃ ជាមេទ័ពដ៏ខ្លាំងច្បាំងក្នុង ១០៥ សមរភូមិ ជាយុវជនដ៏ក្មេងជាងគេអាយុ ២៦ ឆ្នាំក្នុងតំបន់អាស៊ីក្លាយជារដ្ឋមន្ត្រីការបរទេសនិងនាយករដ្ឋ មន្ត្រីដ៏ក្មេងជាងគេបំផុត ក្នុងប្រវត្តិសាស្ត្រកម្ពុជា និងតំបន់ហើយប្រហែលជាក្នុងពិភពលោកផង។ ទាំងអស់នេះ មិនមែនសុទ្ធតែអ្នកណាក៏អាចធ្វើបាននោះទេ។
ដូចនេះបើថា សន្សំកន្ទុយបារីដើម្បីមូរធ្វើបារីថ្មីទុកជក់ទៀតនោះគួរតែដូរ មកនិយាយយ៉ាងនេះវិញបើអាច គឺឈប់តែម្តង តែបើមិនអាចយូរៗជក់ម្តង ហើយមិនជក់ទាំងកន្ទុយបារី ហើយក៏មិនសន្សំកន្ទុយបារីទុកជក់ទៀតដែរ ព្រោះវានាំឲ្យខូចសុខភាពប៉ះពាល់ជីវិត។
ប្រសិនបើយករូបថត មួយសន្លឹកកាលពីឆ្នាំ ១៩៧៩ មកមើល តើទីក្រុងមួយនេះ មិនមែនជាទីក្រុងខ្មោចទេឬ? ហើយអ្វីដែលកើតឡើងពេលនេះ ស្ពានផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារាម ហេដ្ឋារចនាសម្ព័ន្ធ ទាំងរឹងទាំងទន់ ក្នុងនគរនេះ តើទាំងអស់នេះមិនមែនជាស្នាដៃរបស់ជនពិការភ្នែកម្នាក់នេះទេឬ?
តើពេលនេះជាពេលអីហើយ តើថ្ងៃនេះជាថ្ងៃអ្វី? នេះជាគុណមួយសំពៅ ចុះហេតុអ្វី នៅមានមនុស្សឲ្យយោបល់ល្ងីល្ងឺឲ្យសម្តេចប្រកាសលទ្ធផលឈ្នះឆ្នោតមុន គ.ជ.ប.ឲ្យមេទ័ពដៃដែកចល័តទ័ពចូលទីក្រុងនៅក្រោយ ថ្ងៃបោះឆ្នោត ឲ្យបដិសេធនឹងគណបក្សសង្គ្រោះជាតិក្នុងការបង្កើតគណៈកម្មការ ស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោត ដែលមានការចូលរួមពីអង្គការជាតិអន្តរជាតិ និងការឃ្លាំមើលពីអង្គការសហប្រជាជាតិឲ្យនាយករដ្ឋមន្ត្រី កុំចែកអំណាចឲ្យគណបក្សសង្ក្រោះជាតិ ទុកទាំងសភាទុកទាំងរដ្ឋាភិបាលជាដើម។
ម្នាក់ នេះបើមិនមែនជាជនបង្កប់ទេក៏ជាមេគ្រោះដែរ ត្រូវកាត់ក្បាលចោល ព្រោះចង់អូសកូនទូកតូចមួយចូលទៅពន្លិចសំពៅធំ។
នៅយប់ថ្ងៃ ទី ២០ ខែ មិថុនា ឆ្នាំ ១៩៧៧ ម៉ោង ៩ យប់ ទាហាន ៥ នាក់ ដែលថ្លើមធំ ហ៊ានប្រឆាំង នឹងអង្គការអាវខ្មៅ ដែលមានទ័ពជាង ៧ ម៉ឺននាក់ បានធ្វើដំណើរឆ្ពោះទៅ វៀតណាម ដោយដើរមួយជំហានម្តងៗ នៅលើចម្ការមីនដែលកប់ដោយវៀតណាមនិងខ្មែរក្រហម ចង់ថយក្រោយខ្លាចទាហានខ្មែរក្រហមបាញ់សម្លាប់ ដើរបន្តទៅមុខ ខ្លាចទាហានវៀតណាមបាញ់សម្លាប់ តែពួកគេ នៅតែសម្រេចចិត្តបន្តដំណើរដ៏គ្រោះថ្នាក់ ដោយមេទ័ពម្នាក់បានគិតក្នុងចិត្តថា «បើស្លាប់ដោយទាហានវៀតណាម បាញ់សម្លាប់ វាប្រសើរជាងស្លាប់នៅក្រោមរបបឃោរឃៅរបស់ខ្មែរក្រហម»។
តើហេតុអ្វីដឹងស្លាប់ហើយនៅតែទៅ? តើនេះមិនមែនដោយសារទឹកចិត្តស្នេហាជាតិមាតុភូមិទេឬ? នៅយប់ ថ្ងៃទី២១ ខែ មិថុនា ឆ្នាំ ១៩៧៧ នៅម៉ោង ២ រំលងអធ្រាត្រ បន្ទាប់ពីបានឆ្លងចូលក្នុងស្រុក ឡុកនិញ (LocNinh) នៃខេត្ត សុងបេ (Song Be) មេទ័ពម្នាក់ និយាយថា នៅពេលសម្រាកហូបអាហារបន្តិច គាត់បានឃើញមនុស្សទាំងបួននាក់ដែលទៅតាមគាត់ កំពុងតែយំ ហើយគាត់ក៏យំដែរតែគាត់ទៅពួនយំម្នាក់ឯង»។
ឆាវឆាវថា «មនុស្សម្នាក់សូម្បីតែស្លាប់ក៏មិនខ្លាច ទេវតាក៏ញញើតគេដែរ»។ តើសម្តេចពិតជាមិនដឹងថា ពេលនេះ ប្រជាពលរដ្ឋខ្មែររាប់លាននាក់ដែលមិនគាំទ្រលទ្ធផលឆ្នោតថ្ងៃទី២៨ កក្កដា សូម្បីតែស្លាប់ក៏មិនខ្លាចដែរទេឬ? សត្វក្អែក ក៏មិនពេញចិត្តនឹងសម្បុរវាដែរ ខ្មៅទាំងអស់ តើសម្តេចពិតជាមិនដឹងថា សូម្បីតែក្ងោកក៏មានចំណុចអាក្រក់របស់វាដែលគេមិនពេញចិត្តដែរទេ ឬ? ភ្លើងចិត្តរាស្ត្រក្នុងនគរបានឆេះយ៉ាងសន្ទោសន្ធៅយ៉ាងខ្លាំងទៅ ហើយ តើគ្រាប់កំាភ្លើងរបស់សម្តេចពិតជាអាចពន្លត់ភ្លើងរាស្ត្រមួយនគរ បានមែនទេ? បើឱនក្បាលឲ្យសម្តេចកាប់ ក៏ត្រូវកាប់ប៉ុន្មានថ្ងៃដែរទើបអស់។
មនុស្សជាអ្នកបង្កើតប្រវត្តិសាស្ត្របើអ៊ីចឹងតើរឿងអ្វីដែល សម្តេចចង់ឲ្យគេសរសេរនៅក្នុងទំព័របន្ទាប់សម្រាប់កូនខ្មែរជំនាន់ ក្រោយ? ទំព័រ ទី១ បានសរសេរថា «សម្តេច ហ៊ុន សែន គឺជាមេដឹកនាំដ៏ខ្លាំងរបស់កម្ពុជា បានរំដោះប្រទេសបង្កើតនគរគ្រប់គ្រងអំណាចបីទសវត្សរ៍ អភិវឌ្ឍគ្រប់ទីកន្លែង បានចាប់ត្រឡប់នគរខ្មោច ឲ្យប្រែទៅជានគរទេវតា...» បើអ៊ីចឹងទំព័រ ទី២ តើសម្តេចចង់ឲ្យគេសរសេរថា «...នៅឆ្នាំ ២០១៣ សម្តេចបានប្រើទ័ពឲ្យបាញ់សម្លាប់រាស្ត្រខ្មែររាប់សែននាក់ ក្នុងនគរដោយគ្រាន់តែពួកគេតវ៉ាចង់បានយុត្តិធម៌ និងភាពត្រឹមត្រូវនៃការបោះឆ្នោតនីតិកាល ទី៥...?» ឬក៏សម្តេចចង់ឲ្យគេសរសេរថា «...ដោយសារតែតម្កល់ប្រយោជន៍ជាតិ មាតុភូមិខ្មែរជាធំ សម្រាប់កូនចៅខ្មែរ រាប់ម៉ឺនជំនាន់ទៅក្រោយទៀតសម្តេចបានព្រមបង្កើតគណៈកម្មការឯករាជ្យ ស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោតថ្ងៃទី២៨ កក្កដា ហើយបានប្រគល់អំណាចសភាទាំងមូលទៅឲ្យគណបក្សសង្គ្រោះជាតិ រាស្រ្តក្នុងនគរក៏ស្ងប់ចិត្តសម្តេចក៏បានដឹកនាំនគរបានរាប់ ឆ្នាំបន្តទៀត...» ខ្ញុំមានជំនឿយ៉ាងម៉ុតមាំថា សម្តេចនឹងរើសយកទំព័រ ទី២ ដ៏ល្អជាងគេ ជាសម័យកាលសន្តិភាពជាងគេជាពេលនគររុងរឿងជាងគេ ជាពេលរាស្ត្រខ្មែរ បានក្តីសុខជាងគេជាពេលមហាគ្រួសារខ្មែរមានសុភមង្គលជាងគេ។ តើនេះមិនមែនជាអ្វីដែលសម្តេចចង់ធ្វើទេមែនទេ? តើនេះមិនមែនជាអ្វីដែលសម្តេចប៉ងប្រាថ្នាចង់បានតាំងពីឈានជើង កាត់ចម្ការមីន កាលពីយប់មួយនៅឆ្នាំ ១៩៧៧ ទេឬ?
ជាការពិតណាស់ ប្រសិនបើព្រមបង្កើតគណៈកម្មការស៊ើបអង្កេត គឺមានន័យថា គណបក្សប្រជាជនកម្ពុជា ព្រមទទួលស្គាល់រួចទៅហើយថា ការបោះឆ្នោតគឺមានភាពមិនប្រក្រតីមែន ប៉ុន្តែតើសម្តេចពិតជាសុខចិត្តបានតូចឲ្យរួចធំមែនទេ? តើសម្តេចពិតជាមិនសុខចិត្តចោលកន្ទុយបារីនឹងទេមែនទេ? ហើយតើសម្តេចមិនដឹងឬទេថា ចង់មិនចង់គណបក្សសង្គ្រោះជាតិ ព្រមទទួលលទ្ធផលឆ្នោតនៅក្នុងចិត្តបាត់ទៅហើយបើទោះបីមិនមានន័យ ថា គេព្រមទទួលថា ការបោះឆ្នោតនេះយុត្តិធម៌ក៏ដោយ។
ដូចនេះអ្វីដែលគណបក្សសង្គ្រោះជាតិចង់ធ្វើបំផុតពេលនេះ គឺធ្វើឲ្យរាស្ត្រស្ងប់ចិត្ត ឬក៏សម្តេចយល់ថា ឆេះក៏ឆេះទៅមិនមែនជារឿងរបស់សម្តេច ទេ តែសម្តេចដឹងទេថា វានឹងឆេះដល់ផ្ទះសម្តេច ហើយសូម្បីតែសៀវភៅប្រវត្តិសាស្ត្រទំព័រ ទី១ ដែលល្អជាងគេ ដែលសម្តេចបានសរសេរនោះ ក៏ក្លាយជាផេះដែរ។
បន្ទាប់មកទៀត តើសម្តេចពិតជាមិនដឹងទេមែនទេ ថាសភាគឺជាបន្ទាយចុងក្រោយដែលគណបក្សសង្គ្រោះជាតិស៊ូដាច់ក្បាល ក៏មិនឲ្យបាត់បង់ដែរ? បើសម្តេច សុខចិត្តចោលកន្ទុយបារីទី១ ទៅហើយ ហេតុអ្វីក៏សម្តេចមិនទុកបារីដើមទី២ពាក់កណ្តាលដើម ឲ្យគណបក្សសង្គ្រោះជាតិទៅ ព្រោះបើសម្តេចចង់ជក់ម្នាក់ឯងទាំងអស់ក៏មិនបានដែរ ហើយបើដឹងថា មិនបានទៅហើយ ហេតុអ្វីក៏មិនបង្ហាញគុណធម៌ធំ តាំងពីដំបូងតែម្តងទៅ? បើដឹងថា សមរភូមិចុងក្រោយត្រូវចាញ់ទៅហើយហេតុអ្វីនៅតែចេញទ័ពដឹកស្បៀង ទៅធ្វើអ្វីទៀត? មេបញ្ជាការ ១០៥ សមរភូមិ ហេតុអ្វីក៏ខ្ជីខ្ជាយ៉ាងនេះ? ចង់ឈ្នះសមរភូមិមួយឬក៏ចង់ឈ្នះសង្គ្រាមទាំងមូល? ហើយសម្រាប់គណបក្សសង្គ្រោះជាតិវិញ ពេលវេលាល្អបំផុត ពេលទេវតាគឺឆ្នាំ ២០១៨ មិនមែន ២០១៣ មិនមែនជាដាច់ខាត ហើយនាំទ័ពចូលបន្ទាយវិញរួចធ្វើការងារប្រាំយ៉ាង នោះប្រាំឆ្នាំក្រោយនឹងឈ្នះដោយមិនបាច់ច្បាំង។
ក្នុងនាមជាយុវជនកូនអ្នកស្រែម្នាក់ ក្នុងនាមជាកូនសេនាជនភូមិម្នាក់ ក្នុងនាមជានិស្សិតក្មេងវត្តម្នាក់ ខ្ញុំតែងតែស្រមៃចង់ក្លាយជាសេនាជននៃជាតិមួយនេះ ក៏ប៉ុន្តែខ្ញុំពិតជាមិនចង់ព្រាត់កូន ព្រាត់ប្រពន្ធ ព្រាត់ញាតិ ព្រាត់ផៅ ដើរកាត់ចម្ការមីន ទៅសុំកាំភ្លើងពីបរទេសមកសម្លាប់ខ្មែរ ដូចយុវជនម្នាក់ អាយុ ២៦ ដ៏ក្លាហាន កាលពីយប់មួយ ក្នុងឆ្នាំ ១៩៧៧នោះទេ។ ពិតហើយពេលនោះគឺជាកាលៈទេសៈ សង្គ្រាម ដែលគ្មានជម្រើសណាផ្សេងក្រៅពីបង្កើតសង្គ្រាម ដើម្បីពន្លត់សង្គ្រាមនោះទេ ហើយប្រសិនបើដើម្បីបានក្លាយជាមេដឹកនាំប្រទេសមួយនេះ ដោយត្រូវឆ្លងកាត់វាសនាដូចយុវជនម្នាក់កាលពីឆ្នាំ ១៩៧៧នោះ ខ្ញុំសុខចិត្តត្រឡប់ទៅជួយធ្វើស្រែម្តាយជរា ចិញ្ចឹមគោ ឲ្យចំណីមាន់ លូកក្តាម ហូបខ្យងប្រសើរជាងលីកាំភ្លើង ដែលអ្នកនយោបាយចាស់ៗ ដូចជា ពួកអ្នកដុតភ្លើងសង្គ្រាមឲ្យឆេះឡើង។ ដុតធ្វើអ្វី?ដុតដើម្បីអ្វី?បើដើមជ្រៃដុះពីឫសតែមួយ ដុតធ្វើអ្វី? ត្នោតផ្លែចេញពីដើមតែមួយដុតធ្វើអ្វី?
No comments:
Post a Comment