សេដ្ឋកិច្ចរបស់អាល្លឺម៉ង់ស្ទុះងើបខ្ពស់ជាងការព្យាករ
ភ្នំពេញប៉ុស្តិ៍ ១៥-០៨-២០១៣៖ សេដ្ឋកិច្ចរបស់ប្រទេសអាល្លឺម៉ង់បានកើនឡើងខ្ពស់ជាងការព្យាកររបស់ ក្រុមសេដ្ឋវិទូនៅត្រីមាសទីពីរ ដែលជួយដល់ការស្ទុះងើបសេដ្ឋកិច្ចដ៏ទន់ខ្សោយនៅតំបន់ប្រើប្រាស់ ប្រាក់អឺរ៉ូ។
ការិយាល័យស្ថិតិសហព័ន្ធនៅទីក្រុង Wiesbaden បានឲ្យដឹងកាលពីថ្ងៃម្សិលមិញថា កំណើន ផ.ស.ស បានកើនឡើង ០,៧ ភាគរយនៅត្រីមាសទីពីរធៀបនឹងត្រីមាសទីមួយដែលកំណើន ផ.ស.ស ស្ថិតនៅទ្រឹង។ ក្រុមសេដ្ឋវិទូបានព្យាករថា ផ.ស.ស នៅត្រីមាសទីពីរនេះអាចនឹងសម្រេចបានត្រឹមតែ ០,៦ ភាគរយតែប៉ុណ្ណោះ។ នេះបើយោងតាមការព្យាករជាមធ្យមចំនួន ៤៧ លើកដែលអង្កេតដោយទីភ្នាក់ងារព័ត៌មាន Bloomberg។
ទិន្នន័យ ដែលបានចេញផ្សាយកាលពីថ្ងៃម្សិលមិញបានបង្ហាញថា សេដ្ឋកិច្ចបារាំងបានកើនឡើងខ្ពស់ជាងការរំពឹងទុក ពោលគឺសម្រេចបាន ០,៥ ភាគរយនៅត្រីមាសទីពីរ។
កំណើនសេដ្ឋកិច្ចខ្ពស់របស់អាល្លឺម៉ង់អាចជំរុញឲ្យតំបន់ប្រើ ប្រាស់ប្រាក់អឺរ៉ូងើបផុតពីវិបត្តិដែលបានអូសបន្លាយពេលវែងបំផុត ដែលមិនធ្លាប់មានពីមុនមកនិងជំរុញឲ្យមានការរំពឹងថា លោកស្រី Angela Merkel នឹងទទួលបានជ័យជម្នះនៅអាណត្តិទីបីទៀតក្នុងនាមជាអធិការបតី អាល្លឺម៉ង់នៅក្នុងការបោះឆ្នោតជាតិនៅខែក្រោយនេះ។ ទន្ទឹមនឹងនោះដែរ លោក Mario Draghi ប្រធានធនាគារកណ្តាលអឺរ៉ុបបានសន្យាជំរុញដល់ការស្ទុះងើបសេដ្ឋកិច្ច នេះ តាមរយៈការបន្តរក្សាអត្រាការប្រាក់ទាបមួយរយៈពេលទៀត ហើយធនាគារកណ្តាលអាល្លឺម៉ង់កំពុងព្យាករថា សេដ្ឋកិច្ចរបស់អាល្លឺម៉ង់នៅឆមាសទីពីរនេះនឹងស្ទុះងើបយឺត។
លោក Anatoli Annenkov សេដ្ឋវិទូជាន់ខ្ពស់ប្រចាំក្រុមហ៊ុន Societe Generale SA នៅក្រុង ឡុងដ៍ បានឲ្យដឹងថា៖ «វាជាដំណឹងល្អសម្រាប់តំបន់អឺរ៉ុប ដែលឃើញសេដ្ឋកិច្ចអាល្លឺម៉ង់ស្ទុះងើបជាថ្មី។ ខណៈភាពមិនប្រាកដប្រជាជុំវិញវិបត្តិបំណុលនេះបានធូរស្រាលហើយនោះ សេដ្ឋកិច្ចអាល្លឺម៉ង់នឹងជំរុញឲ្យមានការសម្រេចចិត្តកាន់តែច្រើន លើការវិនិយោគ។ តែយើងនៅតែយល់ថា នៅរដូវស្លឹកឈើជ្រុះនេះ យើងនឹងឃើញមានភាពតានតឹងកាន់តែខ្លាំងដែលបង្កឡើងពីការបែកខ្ញែក គ្នានៅក្នុងតំបន់ប្រើប្រាស់ប្រាក់អឺរ៉ូ»៕ BP
No comments:
Post a Comment