សហភាពអឺរ៉ុបជំរុញឲ្យគណបក្សសង្គ្រោះជាតិពន្លឿនការចរចា
វិទ្យុអាស៊ីសេរី ១៤-០៨-២០១៣៖ បន្ទាប់ពីសហរដ្ឋអាមេរិក ទទូចសុំឲ្យកម្ពុជា ដោះស្រាយទំនាស់នយោបាយដោយសន្តិវិធី
កាលពីថ្ងៃទី១៣ សីហា រួចមក
ខាងតំណាងគណៈកម្មការសហភាពអឺរ៉ុប
នៅថ្ងៃទី១៤ សីហា
ក៏បានផ្ញើលិខិតដោយចំពោះមួយ
ជូនមេដឹកនាំគណបក្សសង្គ្រោះជាតិ ស្វាគមន៍ពីកំណើនvប្រជាប្រិយភាពរបស់គណបក្សប្រឆាំងនេះ។ ទន្ទឹមនឹងការអបអរសាទរ
សហភាពអឺរ៉ុប ក៏បានអំពាវនាវឲ្យគណបក្សនយោបាយនៅកម្ពុជា ដោះស្រាយបញ្ហានយោបាយតាមរយៈការចរចាដោយសន្តិវិធី។
តំណាងជាន់ខ្ពស់គណៈកម្មការសហភាពអឺរ៉ុប បានផ្ញើលិខិតមួយជូន លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ជំរុញឲ្យគណបក្សនេះធ្វើការចរចារកដំណោះស្រាយឲ្យបានឆាប់រហ័ស ជុំវិញភាពមិនចុះសម្រុងគ្នារវាងគណបក្សនយោបាយ ស្តីពីលទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥។
ក្នុងលិខិតចុះថ្ងៃទី១២ សីហា ពីទីក្រុងប្រុចហ្សែល (Brussels) ប្រទេសបែលហ្សិក (Belgium) លោកស្រី ខាតស៊្រីន អាសថុន (Catherine Ashton) អនុប្រធានគណៈកម្មការសហភាពអឺរ៉ុប បានលើកឡើងថា រាល់ភាពមិនប្រក្រតីទាំងឡាយ នឹងត្រូវបានដោះស្រាយមុនពេលការប្រកាសលទ្ធផលស្ថាពរ។ លោកស្រីក៏បានលើកទឹកចិត្តយ៉ាងខ្លាំងក្លាដល់គណបក្សសង្គ្រោះជាតិ ឲ្យឈានដល់កិច្ចព្រមព្រៀងមួយយ៉ាងឆាប់រហ័សជាមួយគ្រប់ភាគី ពាក់ព័ន្ធទាំងអស់ ស្ដីពីយន្តការដោះស្រាយបញ្ហាអស់ទាំងនោះ។ ប៉ុន្តែ លោកស្រីបានបញ្ជាក់ថា វាជាការចាំបាច់ដែលគណបក្សទាំងអស់ត្រូវរក្សាស្មារតីប្រជាធិបតេយ្យ និងសន្តិភាព ដែលជាប្រយោជន៍ដល់ការពង្រឹងដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
ក្នុងលិខិតដដែលនោះ លោកស្រី ខាតស៊្រីន បានអបអរសាទរ លោក សម រង្ស៊ី ចំពោះការកើនឡើងនូវប្រជាប្រិយភាពរបស់គណបក្សសង្គ្រោះជាតិ ក្នុងការបោះឆ្នោតអាណត្តិនេះ ដោយលោកស្រីបានបង្ហាញពីក្ដីសោមនស្សរីករាយ ដោយបានឃើញនូវការប្រមូលផ្ដុំរបស់យុវជន និងការចូលរួមដ៏សកម្មរបស់ពួកគេក្នុងការបោះឆ្នោត ដែលជាសញ្ញាបង្ហាញពីការវិវឌ្ឍន៍នៃដំណើរការលទ្ធិប្រជាធិបតេយ្យនៅ កម្ពុជា។
គណៈកម្មការសហភាពអឺរ៉ុប ជាស្ថាប័នសំខាន់មួយក្នុងចំណោមស្ថាប័នចម្បងទាំងបីនៃសហភាពអឺរ៉ុប ហើយគណៈកម្មការនេះតំណាងឲ្យផលប្រយោជន៍របស់សហភាពអឺរ៉ុប ទាំងមូល។ ស្ថាប័នមួយនេះទទួលបន្ទុកស្នើច្បាប់ និងមានតួនាទីចាត់ចែងកិច្ចការប្រចាំថ្ងៃ ក្នុងការអនុវត្តគោលនយោបាយ និងការចំណាយមូលនិធិរបស់សហភាពអឺរ៉ុប។
ឆ្លើយតបនឹងលិខិតរបស់គណៈកម្មការសហភាពអឺរ៉ុប អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ បានថ្លែងអំណរគុណចំពោះសហភាពអឺរ៉ុប ដែលបានចាប់អារម្មណ៍នឹងស្ថានការណ៍នៅកម្ពុជា ហើយលោកមានប្រសាសន៍ថា គណបក្សសង្គ្រោះជាតិ កំពុងព្យាយាមរកដំណោះស្រាយដោយសន្តិវិធី។
នេះជាលើកទីមួយហើយដែល លោក សម រង្ស៊ី ទទួលបានលិខិតផ្លូវការពីសហគមន៍អន្តរជាតិ ផ្ញើជូនរូបលោកផ្ទាល់ ដើម្បីសាទរចំពោះកំណើនប្រជាប្រិយភាពរបស់គណបក្សលោក។
កាលពីថ្ងៃទី១៣ សីហា ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា លោក ស្ហង់ហ្វ្រង់ស្វ័រ កូតាំង (Jean-Francois Cautain) ក្នុងជំនួបជាមួយលោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានជំរុញឲ្យគណបក្សទាំងពីរដែលទទួលបានអាសនៈក្នុងការបោះឆ្នោត ធ្វើការចរចាគ្នាមួយឲ្យបានឆាប់ ដើម្បីស៊ើបអង្កេតរកភាពមិនប្រក្រតីដែលបានកើតឡើងនៅអំឡុងពេលបោះ ឆ្នោត កាលពីថ្ងៃទី២៨ ខែកក្កដា។
ស្របពេលដែលការខ្វែងគំនិតគ្នាជុំវិញលទ្ធផលឆ្នោតបណ្ដោះអាសន្ន នៅតែកើតមាននៅឡើយ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ កំពុងស្ថិតនៅក្រៅប្រទេស ប៉ុន្តែ លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បានឲ្យដឹងថា ប្រសិនបើមិនមានការប្រែប្រួលទេ លោក សម រង្ស៊ី នឹងវិលចូលមកកម្ពុជា វិញ នៅថ្ងៃទី១៥ សីហា៕
No comments:
Post a Comment