Apple ចេញលក់ iPad ស្តើងជាងមុន
ភ្នំពេញប៉ុស្តិ៍ ១៤-០៨-២០១៣៖ យោងតាមប្រភពមួយបានឲ្យដឹងថា ក្រុមហ៊ុន Apple Inc កំពុងត្រៀមខ្លួនដាក់បង្ហាញកុំព្យូទ័រ iPad ស៊េរីថ្មីដែលមានរាងកាន់តែស្តើង ខណៈក្រុមហ៊ុននេះព្យាយាមរក្សាតំណែងកំពូលនៅក្នុងទីផ្សារកុំព្យូទ័រ ថេបភ្លីត ដែលមានស្ថានភាពកាន់តែចង្អៀតនេះ។
ប្រភពដដែលដែលបានស្នើមិនបង្ហាញអត្តសញ្ញាណដោយសារការអភិវឌ្ឍនេះ គឺជារឿងឯកជន បានបន្តឲ្យដឹងថា ក្រុមហ៊ុន Apple ក៏គ្រោងនឹងដាក់បង្ហាញកុំព្យូទ័រ iPad ខ្នាតតូចស៊េរីថ្មីផងដែរ ពោលគឺជាកុំព្យូទ័រ iPad ខ្នាតតូចដែលមានអេក្រង់ច្បាស់ល្អ។ កុំព្យូទ័រ iPad ម៉ូដែលថ្មីៗទាំងនេះនឹងត្រូវដាក់បង្ហាញនៅត្រីមាសទីបួនក្នុងឆ្នាំ នេះ។
បន្ទាប់ពីការធ្វើឲ្យកាន់តែមានប្រជាប្រិយភាពនូវកុំព្យូទ័រ ថេបភ្លីត ដែលបានច្របាច់បញ្ចូលមុខងារអេក្រង់ថាច់ស្គ្រីនរបស់ទូរស័ព្ទដៃ ទំនើប និងកុំព្យូទ័រយួរដៃ ក្រុមហ៊ុន Apple កំពុងប្រឈមនឹងការប្រកួតប្រជែងកាន់តែខ្លាំងពីសំណាក់ក្រុមហ៊ុន Google Inc ក្រុមហ៊ុន Samsung Electronics និងក្រុមហ៊ុន Asustek Computer Inc។
ចំណែកទីផ្សាររបស់ក្រុមហ៊ុន Apple បានធ្លាក់ចុះមកនៅត្រឹម ៣២,៤ ភាគរយនៅត្រីមាសទីពីរធៀបនឹងចំណែក ទីផ្សារ ៦០,៣ ភាគរយក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមក្រុមហ៊ុនស្រាវជ្រាវទីផ្សារ IDC។
ក្រុមហ៊ុន IDC បានឲ្យដឹងកាលពីសប្តាហ៍មុននេះថា ការនាំចេញកុំព្យូទ័រថេបភ្លីតកំពុងតែធ្លាក់ចុះ ដោយអតិថិជនកំពុងទន្ទឹងរង់ចាំកុំព្យូទ័រម៉ូដែលថ្មីរបស់ក្រុមហ៊ុន Apple។
ប្រភពដដែលបានបន្តឲ្យដឹងទៀតថា កុំព្យូទ័រ iPad ស៊េរីថ្មីដែលមានអេក្រង់ទំហំ ៩,៧ អ៊ិញ នឹងមានរូបរាងស្រដៀងគ្នាទៅនឹងកុំព្យូទ័រ iPad ខ្នាតតូចនាពេលបច្ចុប្បន្នតែមានស៊ុមតូចជាងកុំព្យូទ័រ iPad ស៊េរីចាស់។ នេះគឺជាការរចនាម៉ូដឡើងវិញលើកដំបូង គិតតាំងពីខែមីនា ឆ្នាំ ២០១២មក នៅពេលក្រុមហ៊ុន Apple បានដាក់បង្ហាញកុំព្យូទ័រ iPad ដែលមានអេក្រង់ច្បាស់ល្អ និងមានរាងដូចកុំព្យូទ័រម៉ូដែលផ្សេងៗ ដែលដាក់លក់នាពេលបច្ចុប្បន្ន។
កុំព្យូទ័រ iPad ខ្នាតតូចដែល មានអេក្រង់ទំហំ ៧,៩ អ៊ិញ ពុំមានអេក្រង់ច្បាស់ល្អដូចទូរស័ព្ទ iPhone និងកុំព្យូទ័រ iPad ខ្នាតធំដែលកំពុងដាក់លក់នាពេលបច្ចុប្បន្ននេះទេ។
លោក Trudy Muller អ្នកនាំពាក្យរបស់ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុង Cupertino ក្នុងរដ្ឋ California មួយនេះបានបដិសេធអធិប្បាយពីបញ្ហានេះ។
សារព័ត៌មាន Wall Street Journal បានរាយការណ៍នាពេលកន្លងមកថា កុំព្យូទ័រ iPad ត្រូវបានគេរចនាម៉ូដកាន់ទំនើបដោយនៅពេលនេះវាមានរាងស្តើងជាង មុន៕ BP
No comments:
Post a Comment