ការនាំចេញរថយន្តថៃអាចមានចំនួន ១,២ លានគ្រឿង
ភ្នំពេញប៉ុស្តិ៍ ១៣-០៨-២០១៣៖ ក្រុមហ៊ុន Namyong Terminal ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មនាំចេញរថយន្តនាំមុខរបស់ប្រទេសថៃ មានសុទិដ្ឋិនិយម ចំពោះភាពជោគជ័យក្នុងឧស្សាហកម្មផលិតរថយន្តខណៈក្រុមហ៊ុនផលិតរថយន្ត ជាច្រើនកំពុងបង្កើនការនាំចេញរថយន្តដើម្បីប៉ះប៉ូវដល់ការលក់ រថយន្តនៅក្នុងស្រុកដែលបានធ្លាក់ចុះ។ក្រុមហ៊ុន Namyong Terminal ព្យាករថា ការនាំចេញរថយន្តប្រចាំឆ្នាំអាចនឹងមានចំនួន ១,២ លានគ្រឿង ពោលគឺកើនឡើងធៀបនឹងចំនួន ១,០៣ លានគ្រឿងកាលពីឆ្នាំមុន។
កាលពីឆ្នាំមុន ការនាំចេញរថយន្តបានកើនឡើងដល់កម្រិតខ្ពស់បំផុតដោយសារប្រទេសថៃ បានក្លាយជាប្រទេសនាំចេញរថយន្តធំជាងគេទី៩ នៅក្នុងពិភពលោក។ ទំហំនាំចេញរថយន្តមានចំនួន ៤៩០ ពាន់លានបាត (១៥,៧ ពាន់លានដុល្លារ) ពោលគឺកើនឡើង ៤៣ ភាគរយធៀបនឹងទំហំនាំចេញកាលពីឆ្នាំ២០១១។
ការលក់រថយន្តក្នុងស្រុក ត្រូវបានព្យាករថានឹងមានចំនួន ១,២ លានគ្រឿងនៅឆ្នាំនេះ ពោលគឺបានធ្លាក់ចុះបើធៀបនឹងការលក់រថយន្តចំនួន ១,៤៣ លានគ្រឿងកាលពីឆ្នាំមុន។
លោក Theparak Leungsuwan ប្រធាន និងជានាយកប្រតិបត្តិប្រចាំក្រុមហ៊ុន Namyong បានមានប្រសាសន៍ថា៖ «ក្រុមហ៊ុនផលិតរថយន្តភាគច្រើនបាននិងកំពុងប្រើប្រាស់ប្រទេសថៃ ធ្វើជាមូលដ្ឋានសម្រាប់នាំចេញក៏ដូចជាមូលដ្ឋានផលិតកម្មរបស់ខ្លួន ដូច្នេះការរំពឹងទុកពីភាពជោគជ័យក្នុងវិស័យនេះនៅតែអាចសម្រេចទៅ បាន»។
សហព័ន្ធឧស្សាហកម្មថៃ (FTI) បានឲ្យដឹងថា ប្រទេសថៃបាននាំចេញរថយន្តចំនួន ៥៣៤ ៣៦៦ គ្រឿងនៅឆមាសទីមួយក្នុងឆ្នាំនេះ ដោយកើនឡើង ១៦,៩ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយទទួលបានចំណូលចំនួន ២៤១ ពាន់លានបាត ពោលគឺមានការកើនឡើង ១០,៩ ភាគរយ៕ BP
No comments:
Post a Comment