Translate

Wednesday, August 14, 2013

តម្លៃ​ស្រូវ​បាន​ធ្លាក់​ចុះ​យ៉ាង​គំហុក



តម្លៃ​ស្រូវ​បាន​ធ្លាក់​ចុះ​យ៉ាង​គំហុក


ភ្នំពេញប៉ុស្តិ៍ ១៣-០៨-២០១៣៖  មន្ត្រី​និង​ឈ្មួញ​អះអាង​ថា​តម្លៃ​ស្រូវ​នៅ​ខេត្ត​ ភាគ​ពាយព្យ​កំពុង​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ខណៈ​ការ​ប្រមូល​ស្រូវ​ដើមរដូវ​ កំពុង​ចាប់ផ្តើម​។

លោក​ ហេង ​ប៊ុនហោ​ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​បន្ទាយមានជ័យ​ បាន​ឲ្យ​ដឹង ​កាលពី​ថ្ងៃ​ចន្ទ​ថា ​កសិករ​បាន​សម្រុក​ប្រមូលផល​ស្រូវ​ស្រាល​ដើម​រដូវ​ដែល​កំពុង​ផ្តល់​ផល​ ខណៈ​ទឹកជំនន់​កំពុង​ប៉ះពាល់​ដល់​ដំណាំ​ស្រូវ​ស្រាល​ដើម​រដូវ​អស់​ជាង​ ៣​ ពាន់​ហិកតា ​នៅ​ទូទាំង​ខេត្ត​បន្ទាយមានជ័យ​។

លោក​បាន​បន្ត​ថា ​ជាមួយ​គ្នា​នេះ​ប្រជាជន​ខិតខំ​ប្រមូលផល​ដើម្បី​ចៀសវាង​ការ​ខូចខាត​ច្រើន​ ហើយ​តម្លៃ​ស្រូវ​ដែល​ទើប​ប្រមូលផល​រួច​បាន​ធ្លាក់​ថ្លៃ​ជា​បន្តបន្ទាប់​គឺ​ នៅ​ត្រឹម​ប្រមាណ​៧០០​រៀល​ក្នុង​មួយ​គីឡូក្រាម​។​

លោក​ថ្លែង​ថា​៖ «​តាម​ការ​វិភាគ​លើ​ទីផ្សារ​អ្នក​ទិញ​កាន់​តែ​ទម្លាក់​តម្លៃ​នៅ​ពេល​ស្រូវ​មាន​កាន់​តែ​ច្រើន​»​។ លោក​បាន​ឲ្យ​ដឹង​ថា​ដំណាំ​ដំឡូងមី​២ ៤០ ​ហិកតា​ក្នុង​ខេត្ត​នេះ​ក៏​ទទួល​រង​ផល​ប៉ះពាល់​ផង​ដែរ ។
អ្នកស្រី​ចៅ​ម៉ីលួយ​ម្ចាស់​រោង​ម៉ាស៊ីន​កិនស្រូវ​ឈ្មោះ​សាន់ទី​នៅ​ភូមិ​ រហាល​ឃុំ​រហាល​ស្រុក​ព្រះនេត្រព្រះ​ខេត្ត​បន្ទាយមានជ័យ​បាន​និយាយ​ថា​តម្លៃ​ ស្រូវ​បាន​ធ្លាក់​ចុះ​ខ្លាំង​ណាស់​ហើយ​ក៏​គ្មាន​ឈ្មួញ​សម្រុក​ទិញ​ដែរ​ក្នុង ​រយៈពេល​នេះ ព្រោះ​ថៃ​បាន​ទប់ស្កាត់​មិន​ឲ្យ​នាំ​ចូល​ពី​កម្ពុជា​។​

អ្នកស្រី​បន្ត​ថា​៖​«​អ្នន​មាន​ជីវភាព​ធូរធារ​បាន​ស្តុក​ស្រូវ​ទុក​មិន​ លក់​ចេញ​ទេ​ក្នុង​ពេល​នេះ​តែ​អ្នក​ដែល​ជីវភាព​យ៉ាប់យ៉ឺន​បាន​លក់​ស្រូវ​ ដើម្បី​យក​លុយ​ទៅ​ឲ្យ​ថ្លៃ​ជី​»

អ្នកស្រី​បន្ថែម​ថា​ឈ្មួញ​ដែល​ធ្លាប់​តែ​បញ្ជា​ទិញ​អង្ករ​ពី​រោង​ ម៉ាស៊ីន​អ្នកស្រី​បាន​ផ្អាក​ហើយ​រោង​ម៉ាស៊ីន​ក៏​បាន​បង្អង់​សកម្មភាព​ដែរ​។

លោក ​ខុង វុន ​ម្ចាស់​រោងម៉ាស៊ីន​កិន​ស្រូវ​នៅ​ស្រុក​មង្គលបុរី​បាន​និយាយ​ថា​ ស្រូវ​របស់​កសិករ​កំពុង​ជាប់គាំង​លក់​មិន​ចេញ​។
លោក​បាន​បន្ត​ថា​៖ «​ថៃ​បាន​ហាមឃាត់​នាំ​ចូល​ស្រូវ​អង្ករ​រយៈពេល​ពីរ​ខែ​មក​ហើយ​»​

លោក​បញ្ជាក់​ថា​ប្រភេទ​ស្រូវ​ IR​ បាន​ធ្លាក់​ថ្លៃ​ខ្លាំង​ព្រោះ​ទីផ្សារ​អង្ករ​ប្រភេទ​នេះ​កម្ពុជា​ប្រកួត​មិន ​ឈ្នះ​ប្រទេស​ជិត​ខាង​ទេ​ជាពិសេស​ប្រទេស​វៀតណាម​។

អ្នកស្រី ​ជី​រ៉ាណាន់ ​វង្សមង្គល ​អគ្គទីប្រឹក្សា​ពាណិជ្ជកម្ម​ ប្រចាំ​ស្ថាន​ឯកអគ្គរាជទូត​ថៃ​ ប្រចាំ​នៅ​ប្រទេស​កម្ពុជា​ឲ្យ​ដឹង​ថា ការ​នាំ​ចេញ​ស្រូវ-អង្ករ​ទៅ​កាន់​ទីផ្សារ​ថៃ​ត្រូវ​បាន​ហាមឃាត់​យ៉ាង​ តឹងរ៉ឹង​ហើយ​ការ​នាំ​ចូល​កន្លង​មក​ធ្វើ​ឡើង​ដោយ​លួចលាក់​ប៉ុណ្ណោះ៕

No comments:

Post a Comment