Translate

Tuesday, August 13, 2013

វិភាគ ៖ មិនមែន​បក្សប្រឆាំង​ខ្លាំង​ទេ តែ​បក្ស​ប្រជាជន​ប្រឈម​បញ្ហា​ច្រើនពេក




វិភាគ ៖ មិនមែន​បក្សប្រឆាំង​ខ្លាំង​ទេ តែ​បក្ស​ប្រជាជន​ប្រឈម​បញ្ហា​ច្រើនពេក


ថ្មីៗ-១៣/០៨/២០១៣៖ ការកើនឡើង​អាសនៈ​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ​រហូតដល់៥៥ទល់នឹង៦៨សម្រាប់​ គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បាន​កាន់អំណាច​ជាង៣០ឆ្នាំ​មកហើយ​នោះបាន​ធ្វើអោយ ​មតិ​ជាតិ និង​អន្តរជាតិ​ភ្ញាក់ផ្អើល។ អ្នកវិភាគ​អះអាងថា ការ​ហក់​ឡើង​យ៉ាងគំហុក​នៃ​អាសនៈ​របស់​គណ​សង្គ្រោះ​ជាតិ​នៅ​អាណត្តិ​នេះ​គឺ​ មិនមែន​ដោយសារតែ​គណបក្សប្រឆាំង​ខ្លាំង​នោះទេ។ តាមពិត​គឺ​ដោយសារ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ដឹកនាំ​យូរ​ទៅ ប្រឈម​នឹង​បញ្ហា​ជាច្រើន​ដោះស្រាយ​មិន​ចេញ។

ប្រសិនបើ​គេ​ពិនិត្យ​លើ​តួរង និង​តួឯក​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ វា​មិនមាន​អ្វី​ថ្មី​ទេ ពីព្រោះ លោក សម រង្ស៊ី មុននឹង​បង្កើត​គណបក្ស​ជាតិខ្មែរ​នៅ​ឆ្នាំ១៩៩៥ លោក​ធ្លាប់ជា​តំណាងរាស្ត្រ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច។ រីឯ លោក កឹម សុខា គឺជា​អតីត​សមាជិក​គណបក្ស​លោកតា សឺ​ន សាន និង​ជា​អតីត​សមាជិក​តំណាងរាស្ត្រ​មកពី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច។ និយាយ​អោយ​ខ្លី​មានន័យថា​តួរង និង​តួឯក​ទាំងពីរ​ធ្លា​ប់រស់នៅ​ជាមួយ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ដែលជា​គណបក្ស​ទទួល​ប​រា​ជ័យ​ជា​បន្តបន្ទាប់ ​ក្នុងការ​ប្រកួតប្រជែង​សន្លឹកឆ្នោត​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ ចាប់តាំងពី​ឆ្នាំ១៩៩៨មក។

ប្រសិនបើ​គេ​និយាយ​ពី​ទស្សនៈទាន និង​គោលនយោបាយ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ដែលជា​គណបក្ស​កើតចេញពី​គណបក្ស​ សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស​វិញ វា​ហាក់បីដូចជា​មិន​អស្ចារ្យ​ណាស់ណា​ប៉ុន្មាន​ទេ ពីព្រោះ​នេះ​គឺជា​អ្វីដែល​អ្នកនយោបាយ​អាចនិយាយបាន និង«អាចធ្វើ​បាន​ដូច​តែ​គ្នា»។ ម្យ៉ាងទៀត គណបក្ស​សង្គ្រោះ ក៏​មិនទាន់មាន​ធនធានមនុស្ស​គ្រប់គ្រាន់ និង​មិនទាន់មាន​រចនាសម្ព័ន្ធ​រឹងមាំ​ខ្លាំងក្លា​ដូច​គណបក្សប្រឆាំង​នៅក្នុង​ ប្រទេស​អភិវឌ្ឍន៍​នៅឡើយ​ទេ។

ប្រសិនបើ​មើលទៅ​តួរង និង​តួឯក​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​អស្ចារ្យ​មែន ចុះ​ហេតុអ្វី​បានជា​អ្នកបោះឆ្នោត​នាំគ្នា​បោះ​គាំទ្រ​គណបក្សប្រឆាំង​មួយ​ នេះ?

អ្នកតាមដាន​សភាពការណ៍​សង្គម​នយោបាយ​នៅក្នុង​ប្រទេស​កម្ពុជា​តាំងពី​ ដើមឆ្នាំ៩០មក បាន​អត្ថាធិប្បាយ​ថា ការគាំទ្រ​គណបក្សប្រឆាំង​ខ្លាំង​សម្រាប់​អាណត្តិ​នេះ គឺ​ដោយសារតែ​គណបក្សកាន់អំណាច(គណបក្ស​ប្រជាជន​កម្ពុជា)បាន​ប្រឈម​នឹង​បញ្ហា​ សង្គម​សេដ្ឋកិច្ច​ជាច្រើន​រាប់មិនអស់​ដោះស្រាយ​មិន​ចេញ​ក្នុង​រយៈពេល​នៃ​ការ ​កាន់អំណាច​របស់ខ្លួន​ពេញលេញ​តាំងពី​ឆ្នាំ១៩៩៨មក។

បញ្ហា​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ប្រឈម​មាន​ច្រើន។ ប៉ុន្តែ​បញ្ហាធំៗដែល​អាច​នាំអោយ​គណបក្ស​កាន់អំណាច​បាត់បង់​ការ​គាំទ្រ​មាន​ ដូចតទៅ៖ 


ទី១ គឺ​ដោយសារ​គណបក្ស​ប្រជាជន​កម្ពុជា​ប្រើប្រាស់​អំណាច​ដែល​ខ្លួន​មាន​ទាំង​ នៅក្នុង​រដ្ឋាភិបាល និង​នៅក្នុង​រដ្ឋសភា​ខ្លាំងពេក​ក្នុង​អាណត្តិ​របស់ខ្លួន មានន័យថា គណបក្ស​ប្រជាជន​កម្ពុជា ក្នុងការ​ដឹកនាំ«កម្រ»នឹង​ស្តាប់​សំឡេង​រាស្ត្រ សង្គម​ស៊ីវិល និង​សំឡេង​គណបក្សប្រឆាំង​ណាស់។
   
ទី២ អំពើពុករលួយ (មន្ត្រីជាន់ខ្ពស់​មួយចំនួន​ប្រព្រឹត្តិ​អំពើ​ផ្តេសផ្តាស​ច្រើនពេក)។ រីឯ មន្ត្រី​ថ្នាក់​ក្រោមបង្គាប់​ប្រឈម​នឹង​ភាពក្រីក្រ។

ទី៣ ប្រព័ន្ធតុលាការ​លម្អៀង(នៅពេល​មាន​ជម្លោះ អ្នកក្រីក្រ​ភាគច្រើន​ចាញ់ក្តី រីឯ​អ្នកមានអំណាច និង​មាន​ប្រាក់​ភាគច្រើន​ឈ្នះក្តី)។

ទី៤ សេវាសាធារណៈ​ពី​ថ្នាក់ក្រោម​ដល់​ថ្នាក់លើ​មិនសូវ​ដំណើរការ​ទេ។ មន្ត្រី​តាម​ក្រសួង​មួយចំនួនធំ​ដែល​គ្មាន​ផលប្រយោជន៍​មិនសូវ​មក​បំពេញ​ កិច្ចការ​ទេ​ដោយសារតែ​ការងារ​មួយចំនួន​ត្រូវបាន​គេ​ប្រមូលផ្តុំ​ទុកអោយ​ សម្រាប់តែ​មន្ត្រី​នៅ​ជុំវិញ​រដ្ឋមន្ត្រី​ឬ​រដ្ឋលេខាធិការ​ប៉ុណ្ណោះ។ មន្ត្រី​ថ្នាក់ក្រោម​ឃុំ​សង្កាត់​គៀបសង្កត់​ប្រជាពលរដ្ឋ​ដើម្បី​ទទួលបាន​ លាភសក្ការៈ​ផ្ទាល់ខ្លួន។

ទី៥ បក្សពួក និង​គ្រួសារនិយម​កើតមាន​កាន់តែច្រើន​នៅតាម​ក្រសួង មានន័យថា ក្រសួង​មួយចំនួនធំ​បានក្លាយ​ទៅជា​ក្រសួង​គ្រួសារនិយម(កូនចៅ​ញា​ត្តិ​សន្តាន​ ធ្វើការ​នៅក្នុង​ក្រសួង​កាន់តែច្រើន)។ ចំណោទ​នេះ​ធ្វើអោយ​មន្ត្រី​ដែល​គ្មាន​សែស្រឡាយ​បាក់​ទឹកចិត្ត លែងមាន​អារម្មណ៍​ចង់​បម្រើ​ការជូន​រដ្ឋ។
ទី៦ អាជ្ញាធរ​ភាគច្រើន​ប្រើប្រាស់​អំណាច និង​តួនាទី«ជ្រុល​ពេក»ជាមួយ​ប្រជាពលរដ្ឋ​ស្លូតត្រង់​ឬ​អ្នកជំនួញ។

ទី៧ បញ្ហាដីធ្លី។ ប្រជាពលរដ្ឋ​ខ្មែរ​មួយចំនួន​បាត់បង់​ដីធ្លី​ដោយសារតែ​ការបណ្តេញចេញ ឬ​ដោយសារតែ«សេល»នៃ​គម្រោង​វិនិយោគផ្សេងៗ (ការទូទាត់​សំណង​មិន​យុត្តិធម៌)។

ទី៧ ការតែងតាំង​ដោយ​ប្រកាន់​បក្សពួក សែស្រឡាយ និង​ប្រាក់កាស។ អ្នកមាន​ចំណេះ តែ​ខ្វះ«ទុយ​យោ» ឬ​មិនចេះ​អែបអប​ពិបាក​នឹង​ទទួលបាន​តំណែង​ល្អ។

ទី៨ រដ្ឋាភិបាល​មិនបាន​ជួយ​ដោះស្រាយ​បញ្ហា​តម្លៃ​កសិផល មានន័យថា កសិករ​នៅតែ​ប្រឈម​នឹង​តម្លៃ​កសិផល​ថោក​ដដែល​បន្ទាប់ពី​ផលិត​បាន។

ទី៩ រដ្ឋាភិបាល​ត្រូវបាន​ប្រជាពលរដ្ឋ និង​អ្នកនយោបាយ​មួយចំនួន​ចោទថា មិនបាន​ដោះស្រាយ​បញ្ហា​ជនអន្តោប្រវេសន៍​វៀតណាម​អោយបាន​ត្រឹមត្រូវ។

ទី១០ ការបាត់បង់​ធនធានធម្មជាតិ(ព្រៃឈើ រ៉ែ មច្ឆា​ជាតិ។ល)។ ធនធានធម្មជាតិ​ទាំងនេះ ជា​លក្ខណៈ​សត្យា​នុ​ម័​ត្ត​ជា​របស់​ប្រជាពលរដ្ឋ​ទូទៅ។

ទី១១ រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ខកខាន​មិនបាន​បង្កើត​ ការងារ​គ្រប់គ្រាន់​ជូន​និស្សិត​ដែល​ចេញពី​មហាវិទ្យាល័យ។

ទី១២ គឺ​ដោយសារ​ការ​កាន់តំណែង​យូរពេក​របស់​លោកនាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន តាំងពី​ឆ្នាំ១៩៨៥មក បើទោះបី​ជាការ​កាន់​តួនាទី​នេះ​ធ្វើឡើង​ដោយ​អនុលោម​ទៅតាម​ការសម្រេចចិត្តរ​ បស់​ប្រពល​រដ្ឋ​ក្តី។

ទី១៣ ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​កាន់កាប់​ដោយ​បក្ស​ប្រជាជន​កម្ពុជា​ផ្តល់ដំណឹង​ មិនសូវ​អ​ព្យា​ក្រិ​ត្យ។ ភាពលម្អៀង​នេះ​ធ្វើអោយ​ប្រជាពលរដ្ឋ​រឹតតែ​អោយ​តម្លៃ និង​អាណិតអាសូរ​គណបក្សប្រឆាំង​បន្ថែមទៀត។

ទី១៤ ការ​ប្តឹងផ្តល់​ធ្វើបាប​លោក សម រង្ស៊ី និង​សមាជិក​ជាន់ខ្ពស់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ដទៃទៀត ធ្វើអោយ​គណបក្សប្រឆាំង​កាន់​តែមាន​ប្រជាប្រិយភាព​បន្ថែមទៀត។ នៅក្នុង​សង្គម​ខ្មែរ ប្រជាពលរដ្ឋ​មាន​ទម្លាប់​អាណិតអាសូរ និង​ជួយ​គាំទ្រ​ជន​ណា​ដែល​ត្រូវគេ​ធ្វើបាប។

ទី១៥ គឺជា​បញ្ហា​ដែល​ប្រឈម​ខ្លាំងជាងគេ​នោះ គឺ​បញ្ហា​សេដ្ឋកិច្ច។ កំណើនសេដ្ឋកិច្ច​មាន​មែន៧%ប្រចាំឆ្នាំ​តាំងពី​ជាង១០ឆ្នាំ​មក។ ប៉ុន្តែ​ទន្ទឹមនឹង​កំណើនសេដ្ឋកិច្ច​នេះ គម្លាត​រវាង​អ្នកមាន និង​អ្នកក្រីក្រ​រីក​កាន់តែ​ធំឡើង។ អ្នកមាន​ធនធាន(ថៅកែ)ទទួលបាន​ផល​ច្រើន​ពី​កំណើនសេដ្ឋកិច្ច រីឯ​ប្រជាកសិករ​នៅ​ជនបទ​ទទួលបាន​ផល​តិចតួច​បំផុត​ពី​កំណើនសេដ្ឋកិច្ច។

ដោយសារតែ​គម្លាត​រវាង​អ្នកមាន និង​អ្នកក្រីក្រ រវាង​អ្នកទីក្រុង និង​អ្នក​ជនបទ​កាន់តែ​រីកធំឡើង​យ៉ាង​ដូច្នេះ ទើប​នាពេល​កន្លងមក «អ្នកមាន​ជីវភាព​ទន់ខ្សោយ»តែងតែ​បោះឆ្នោត​គាំទ្រ​គណបក្សប្រឆាំង។ តែ​សម្រាប់​អាណត្តិ​ទី៥នេះ ដោយសារតែ​បញ្ហា​កើតមាន​កាន់តែច្រើន ហើយ​គណបក្ស​ប្រជាជន​កម្ពុជា​មិនអាច​ដោះស្រាយបាន​នោះ សំឡេង​មន្ត្រីរាជការ​ស៊ីវិល នគ​បាល យោធា បញ្ញា​វ័​ន្ត អ្នកជំនួញ​មួយចំនួន​បែរ​ទៅ​បោះឆ្នោត​គាំទ្រ​គណបក្សប្រឆាំង​បន្ថែមទៀត។

តើ​ប្រជាប្រិយភាព​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្សប្រឆាំង​សង្គ្រោះ​ជាតិ​នឹង​ទៅជា​យ៉ាងណា​សម្រាប់​អាណត្តិ​ទី៦ឆ្នាំ២០១៨?

ប្រសិនបើ​លទ្ធផល​ផ្លូវការ​បង្ហាញថា អាណត្តិ​នេះ គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន៦៨អាសនៈ​ទល់នឹង៥៥អាសនៈ​សម្រាប់​គណបក្ស​ សង្គ្រោះ​ជាតិ(បើ​គិត​ជា​សំឡេង ចំនួន​ខុសគ្នា​តែ៣០ម៉ឺន​ប៉ុណ្ណោះ បក្ស​ប្រជាជន​កម្ពុជា​ទទួលបាន៣លាន២សែន​សំឡេង​ទល់នឹង២លាន៩សែន​សម្រាប់​ បក្សប្រឆាំង) ចំនួន​នេះ​ធ្វើអោយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បន្ត​កាន់អំណាច​ពី​ ឆ្នាំ២០១៣ដល់​ឆ្នាំ២០១៨ នឹង«ស្រៀវ​ឆ្អឹងខ្នង»។
   
អ្នកតាមដាន​សភាពការណ៍​សង្គម​នយោបាយ​នៅក្នុង​ប្រទេស​កម្ពុជា​ដដែល​បាន​ បញ្ជាក់ថា ពេលនេះ​គឺជា​ពេលវេលា​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវធ្វើ​ការកែទម្រង់​ ពិតប្រាកដ។ កែទម្រង់​នៅពេលនេះ គឺ​មិនមែន​គ្រាន់តែ​និយាយ​នៅលើ​បបូរមាត់ ឬ​សរសេរ​នៅលើ​ក្រដាស់​ទេ។ ប៉ុន្តែ​គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវ​បង្ហាញ​អោយ​ប្រជាពលរដ្ឋ​ដែលជា​ ម្ចាស់ឆ្នោត​ឃើញជាក់ស្តែង។ ត្រង់ចំណុច​នេះ សំណួរ​ជាច្រើន​បាន​លើកឡើងថា តើ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ​វះកាត់​ជំងឺមហារីក​ដែល​កើតមាន​នៅក្នុង​រដ្ឋបាល​របស់លោក​យ៉ាងដូចម្តេច?

តើ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ាន​អារកាត់​ដក ឬ​ដាក់ទណ្ឌកម្ម​លើ​មន្ត្រី​អសមត្ថភាព ឬ​ប្រព្រឹត្តិ​កំហុស​ឬទេ? តើ​គណបក្ស​ប្រជាជន​កម្ពុ​ជាមាន​គោលនយោបាយ​សេដ្ឋកិច្ច​សម្រាប់​គាំពារ​ ជនក្រីក្រ​ឬទេ?

ប្រសិនបើ​គណបក្ស​ប្រជាជន​កម្ពុជា​អាច​ព្យាបាល​ជំងឺ«មហារីក»ដែល​វាយលុក​ រដ្ឋបាល​របស់ខ្លួន​បាន ពេលនោះ ប្រជាប្រិយភាព​របស់​គ​ណ​បក្ស​កាន់អំណាច​មួយ​នេះ​អាច​រក្សា​នៅ​ដដែល។ ប៉ុន្តែ​បើ​ផ្ទុយ​ពីនេះ «អំណាច»របស់​គណបក្ស​ប្រជាជន​កម្ពុជា​អាច​ធ្លាក់ចូល​ទៅក្នុង​ដៃ​របស់«គណបក្ស​ សង្គ្រោះ​ជាតិ»សម្រាប់​អាណត្តិក្រោយ។

ងាក​មក​និយាយ​ពី​គណបក្សប្រឆាំង​សង្គ្រោះ​ជាតិ​វិញ ប្រជាប្រិយភាព​អាច​ប្រែប្រួល​ទៅតាម​ជំហរ​របស់​គណបក្ស​មួយ​នេះ​នៅ​ចំពោះមុខ​ គណបក្ស​ប្រជាជន។ ប្រសិនបើ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ជំហរ​ពិតប្រាកដ​មិន«លក់ខ្លួន» ពេលនោះ គណបក្ស​នេះ​អាចនឹងទទួល​បានការ​គាំទ្រ​កាន់តែ​ច្រើនឡើង តែបើ​បញ្ច្រាស​វិញ ពេលនោះ គណបក្សប្រឆាំង​ក៏​អាច​ទទួល​វាសនា​ដូច​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ឬ​គណបក្ស​ចាញ់ឆ្នោត​ដទៃផ្សេងៗទៀត​ដែរ៕

No comments:

Post a Comment