ក្រសួងការពារជាតិច្រានចោលព័ត៌មានផ្អាកទទួលជំនួយយោធាពីអាមេរិក
មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជា បានបដិសេធព័ត៌មានដែលថា
កម្ពុជា ផ្អាក ឬឈប់ទទួលយកជំនួយយោធាសហរដ្ឋអាមេរិក។ ការបដិសេធនេះ ធ្វើឡើងបន្ទាប់ពីសារព័ត៌មានបរទេសបានផ្សាយថា
ប្រទេសកម្ពុជា បានព្យួរកម្មវិធីកិច្ចសហប្រតិបត្តិការយោធាជាមួយអាមេរិក និងកម្មវិធីផ្សេងទៀត
ក្រោយពេលមានភាពមិនប្រក្រតីនៃការបោះឆ្នោតជាតិកន្លងទៅនេះ។
RFA Khmer-13-08-2013: អគ្គនាយកអគ្គនាយកដ្ឋាននយោបាយកិច្ចការបរទេសនៃក្រសួងការពារជាតិ
កម្ពុជា គឺលោកឧត្តមសេនីយ៍ឯក ណឹម សុវត្ថិ មានប្រសាសន៍ថា កម្ពុជា មិនបានកាត់ផ្តាច់
ឬមិនទទួលជំនួយផ្នែកយោធាពីដៃគូអន្តរជាតិនានា មានសហរដ្ឋអាមេរិក
ជាដើមនោះទេ។
ក្នុងសន្និសីទកាសែត
នៅព្រឹកថ្ងៃទី១៣ ខែសីហា លោកច្រានចោលការចុះផ្សាយរបស់កាសែតបរទេស ដែលថា
កម្ពុជា ផ្អាក ឬឈប់ទទួលយកជំនួយពីសហរដ្ឋអាមេរិក ថាជាព័ត៌មានមិនពិត។
ប៉ុន្តែ លោក ណឹម សុវត្តិ បញ្ជាក់ថា កម្ពុជា បានពន្យារកិច្ចសហប្រតិបត្តិការលើកម្មវិធីយោធាមួយចំនួន
ជាមួយសហរដ្ឋអាមេរិក តែមិនមែនកម្ពុជា ឈប់ទទួលយកជំនួយ ឬកម្មវិធីយោធាពីអាមេរិក
ដូចកាសែតចុះផ្សាយទេ។
លោក ណឹម សុវត្តិ៖ «អ៊ីចឹង យើងមិនបានផ្អាកឈប់ ឬមិនបានលុបចោលទេ
គឺយើងបានពន្យារ។ ឧទាហរណ៍ ដូចជា អែហ្វ.អ៊ឹម.អែហ្វ (FMF) ដែលយើងបានធ្វើជាមួយសហរដ្ឋអាមេរិក
ដែលបានជួយ គឺយើងនៅរង់ចាំការផ្តល់នូវជំនួយជាបន្តទៅទៀត ទៅតាមផែនការឆ្នាំដែលមាន។
បច្ចុប្បន្ន គឺសម្ភារៈបីបួនមុខ ដែលត្រូវធ្វើការទទួលផ្សេងៗនៅមិនទាន់មកដល់
គឺទើបមកដល់មួយចំនួន ហើយកំពុងតែមានការយកចិត្តទុកដាក់ជាមួយគ្នាជាបន្តបន្ទាប់»។
ការបដិសេធរបស់មន្ត្រីក្រសួងការពារជាតិ
ពេលនេះ កើតឡើងនៅគ្រាទីភ្នាក់ងារសារព័ត៌មាន អេ.ភី (AP) បានដកស្រង់សម្ដី អ្នកស្រី ម៉ារី ហាហ្វ (Marie
Harf) មន្ត្រីនាំពាក្យរងក្រសួងការបរទេសអាមេរិក មកចុះផ្សាយកាលពីថ្ងៃច័ន្ទ
ទី១២ ខែសីហា មានន័យជាភាសាខ្មែរថា កម្ពុជា
បានលុបចោលកិច្ចសហប្រតិបត្តិការយោធា ឬឈប់ទទួលជំនួយយោធាពីសហរដ្ឋអាមេរិក
នោះ។
ការដកស្រង់សម្ដីរបស់ អ្នកស្រី
ម៉ារី ហាហ្វ ដោយកាសែតបរទេស បានភ្ជាប់ការផ្អាកលែងទទួលយកជំនួយ ឬកិច្ចសហប្រតិបត្តិការយោធាពីសហរដ្ឋអាមេរិក
របស់កម្ពុជា ទៅនឹងភាពមិនប្រក្រតី
ដែលកើតមានក្នុងការបោះឆ្នោតសភាអាណត្តិទី៥ កាលពីថ្ងៃទី២៨ ខែកក្កដា
ថ្មីៗនេះ៖ «បន្ទាប់ពីការបោះឆ្នោតសភា
អាណត្តិទី៥ ប្រទេសកម្ពុជា បានប្រកាសផ្អាក ឬលុបចោលកម្មវិធីយោធាអន្តរជាតិមួយចំនួន។
ក្នុងនោះ ក៏មានកម្មវិធីយោធាជាមួយសហរដ្ឋអាមេរិក ដែរ។
យើងនឹងមិនចាត់ទុកថា ការលុបចោលកម្មវិធីនោះ
ថាជាការផ្អាកទំនាក់ទំនងយោធានោះទេ»។
អ្នកស្រី ម៉ារី ហាហ្វ មានប្រសាសន៍ថា
រហូតមកដល់ពេលនេះ អ្នកស្រីនៅមិនទាន់ពិស្ដារពីបញ្ហាហ្នឹងនៅឡើយទេ ហើយក៏មិនដែលដឹងថា
ភាគីទាំងពីរធ្លាប់បានពិភាក្សាអំពីបញ្ហានេះដែរ មុនពេលដែលព័ត៌មាននេះលេចឮឡើង។
ទាក់ទងនឹងបញ្ហានេះ អ្នកស្រី ម៉ារី
ហាហ្វ ថ្លែងថា ខាងសហរដ្ឋអាមេរិក នឹងរង់ចាំមើលថា
តើនឹងមានអ្វីកើតឡើងជាបន្តទៀត? ទោះជាយ៉ាងនេះក្ដី អ្នកស្រីបញ្ជាក់ថា នេះមិនមែនជាការផ្អាកទំនាក់ទំនងយោធាទាំងស្រុងនោះទេ៖
«យើងមើល មិនឃើញថា បញ្ហានេះ
គឺជាការផ្អាកទំនាក់ទំនង ឬចំណងយោធាទាំងស្រុងនោះទេ។
ខ្ញុំមិនបានចង្អុលបង្ហាញថា រឿងហ្នឹងជារឿងយើងចង់បាននោះទេ។ ដូច្នេះ
ជាក់ស្ដែងរឿងនេះ គឺស្ថិតនៅក្នុងបរិបថរបស់ គ.ជ.ប ដែលប្រកាសលទ្ធផលឆ្នោតជាបណ្ដោះអាសន្ន
ហើយយើងនឹងឃ្លាំមើលដំណើរការជុំវិញការងារបោះឆ្នោតបន្តទៀត។ យើងនឹងមើលថា
តើយើងនឹងធ្វើម៉េចទៀត»។
ទាក់ទិនបញ្ហានេះដែរ លោក វីល្លៀម ថត
(William Todd) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក
ប្រចាំកម្ពុជា មានប្រសាសន៍តាមរយៈសារអ៊ីម៉ែល (Email) នៅល្ងាចថ្ងៃទី១៣
ខែសីហា ថា មានប្រសាសន៍តាមរយៈសារអ៊ីម៉ែល នៅល្ងាចថ្ងៃទី១៣ ខែសីហា ថា
បញ្ហានេះ គឺរាជរដ្ឋាភិបាលកម្ពុជា បានពន្យារពេលសកម្មភាពយោធាអន្តរជាតិមួយចំនួនរបស់អង្គភាពកងយោធពល
ខេមរភូមិន្ទ ក្នុងនោះ រាប់ទាំងសកម្មភាពខ្លះជាមួយសហរដ្ឋអាមេរិក ផង៖ «រាជ រដ្ឋាភិបាលកម្ពុជា បានអះអាងបញ្ហានេះ
ចំពោះស្ថានទូតសហរដ្ឋអាមេរិក ថា គ្រាន់តែជាការពន្យារពេលប៉ុណ្ណោះ
គឺមិនមែនជាការលុបចោលទេ។ ការពន្យារពេលនេះ គឺរហូតដល់មានរដ្ឋាភិបាលថ្មី
ដែលកើតចេញពីការបោះឆ្នោតជាតិ នៅថ្ងៃទី២៨ ខែកក្កដា»។
កាលពីថ្ងៃទី២ ខែសីហា
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងពាក់ព័ន្ធនឹងបញ្ហានៃការគំរាមរបស់សមាជិកសភាសហរដ្ឋ
អាមេរិក ក្នុងការកាត់ផ្តាច់ជំនួយដល់កម្ពុជា នាពេលកន្លងទៅ។ លោក ហ៊ុន សែន
បានឆ្លើយតបទៅកាន់សមាជិកសភាសហរដ្ឋអាមេរិក ថា កម្ពុជា មិនមានការព្រួយបារម្ភបន្តិចណាឡើយអំពីការគំរាមផ្តាច់ជំនួយពី
សមាជិកសភាអាមេរិក នោះទេ។ មិនត្រឹមតែប៉ុណ្ណោះ លោកថែមទាំងជំរុញឲ្យសហរដ្ឋអាមេរិក
ផ្តាច់ជំនួយដែលផ្តល់មកកម្ពុជា ថែមទៀតផង។ លោកបន្តថា
ការកាត់ផ្តាច់ជំនួយរបស់អាមេរិក មិនអាចជះឥទ្ធិពលណាមួយដល់រូបលោក
និងរដ្ឋាភិបាលកម្ពុជា នោះទេ។ ប៉ុន្តែ លោកអះអាងថា ការកាត់ផ្តាច់ជំនួយនេះ អាចធ្វើឲ្យមានការប៉ះពាល់ដល់អង្គការសង្គមស៊ីវិលមួយចំនួន
ដែលបម្រើការឲ្យរដ្ឋាភិបាលអាមេរិក ខ្លួនឯងទៅវិញទេ។
ស្ថានទូតសហរដ្ឋអាមេរិក
បានឲ្យដឹងថា រយៈពេល ២ទសវត្សកន្លងទៅនេះ សហរដ្ឋអាមេរិក បានផ្តល់ជំនួយជាង
១ពាន់លានដុល្លារ សម្រាប់គម្រោងអភិវឌ្ឍន៍នៅកម្ពុជា។ លើសពីនេះ
ជារៀងរាល់ឆ្នាំ បណ្ដាអង្គការ និងប្រជាជនអាមេរិក បានផ្តល់ជំនួយសប្បុរសជាច្រើនលានដុល្លារបន្ថែមទៀត
ដើម្បីជួយដល់ពលរដ្ឋកម្ពុជា ឲ្យមានសុខភាពកាន់តែប្រសើរ ទទួលបានការអប់រំប្រសើរជាងមុន
និងមានផលិតភាពខ្ពស់៕
No comments:
Post a Comment