សង្គមស៊ីវិលសម្ដែងកង្វល់អំពីបញ្ហាអស្ថិរភាពនយោបាយទៅអ.ស.ប
ក្រុមការងារដើម្បីសន្តិភាព ផ្ញើលិខិតចំហជូនអគ្គលេខាធិការអង្គការសហប្រជាជាតិ
(អ.ស.ប) លោក បាន គីមូន (Ban Ki-moon) ដើម្បីសម្ដែងក្តីព្រួយបារម្ភពីបញ្ហាអស្ថិរភាពនយោបាយ
បន្ទាប់ពីប្រទេសចិន ផ្ដល់អាវុធខ្លីដល់អគ្គស្នងការនគរបាលជាតិកម្ពុជា។
RFA Khmer-13-08-2013: ក្នុងលិខិតចំហចុះកាលបរិច្ឆេទថ្ងៃទី១១
ខែសីហា ហើយផ្សាយជាសាធារណៈនៅថ្ងៃទី១៣ ខែសីហា បញ្ជាក់ប្រាប់អង្គការសហប្រជាជាតិថា
ជំនួយរបស់ចិន ពេលនេះ បានបង្កជាកង្វល់ដល់ប្រជាពលរដ្ឋខ្មែរយ៉ាងខ្លាំង។
បណ្ដាញក្រុមការងារដើម្បីសន្តិភាព រៀបរាប់ក្នុងលិខិតចំហផ្ញើជូនអគ្គលេខាធិការអង្គការសហប្រជាជាតិថា
ប្រទេសចិន បានផ្ដល់កាំភ្លើងខ្លីចំនួន ១ពាន់ដើម និងផ្ដល់គ្រាប់ចំនួន
៥ម៉ឺនគ្រាប់កាលពីពីរសប្ដាហ៍កន្លងទៅ ដែលនាំឲ្យពលរដ្ឋកម្ពុជា
កើតការសង្ស័យថា កាំភ្លើងនេះអាចនឹងត្រូវគេយកមកប្រើដើម្បីផលប្រយោជន៍នយោបាយ
ឬគំរាមកំហែងដល់សិទ្ធិសេរីភាពរបស់ពួកគេ។
សមាជិកក្រុមការងារដើម្បីសន្តិភាព
អ្នកស្រី ប្រុក វណ្ណី នៅថ្ងៃទី១៣ ខែសីហា មានប្រសាសន៍ថា ប្រជាពលរដ្ឋមិនចង់ឃើញប្រទេសណាមួយផ្ដល់អាវុធចូលក្នុងប្រទេសនៅ
ពេលដែលអារម្មណ៍ពលរដ្ឋមិនទាន់ស្ងប់នោះទេ។ ពលរដ្ឋខ្មែរកំពុងបារម្ភថា អ្នកនយោបាយខ្មែរមិនទាន់ស្រុះស្រួលគ្នាផង
បើភាគីម្ខាងសំបូរអាវុធតើនឹងមានរឿងអ្វីកើតឡើង?
អ្នកស្រីបញ្ជាក់ថា លិខិតចំហនេះ មិនមែនជាញត្តិថ្កោលទោសភាគីចិនទេ
តែជាសញ្ញាមួយប្រកាសប្រាប់អន្តរជាតិថា ពលរដ្ឋខ្មែរមិនពេញចិត្តនឹងជំនួយបែបនេះនៅពេលនេះឡើយ៖ «ហេតុដូចម្ដេច
ធ្វើដូចម្ដេចដើម្បីទប់ក្តីបារម្ភរបស់យើង វាជាភារកិច្ចរបស់ភាគីអង្គការសហប្រជាជាតិ
បើគាត់យករឿងនេះទៅនិយាយជាមួយចិន នោះចិនអាចនឹងពិចារណាពីទង្វើរបស់ខ្លួន
ហាក់ដូចជាដាស់តឿន ហើយយើងជាប្រជាជនខ្មែរចង់ប្រាប់ថាយើងបារម្ភ»។
វិទ្យុអាស៊ីសេរី
មិនអាចទាក់ទងស្ថានទូតចិន ប្រចាំនៅកម្ពុជា ដើម្បីធ្វើអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេ
នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៣។ ទោះយ៉ាងណាក៏ដោយ
កាសែតក្នុងស្រុកជាច្រើនបានផ្សាយថា ចិនបានផ្ដល់ជំនួយជាកាំភ្លើងខ្លី
១ពាន់ដើម និងគ្រាប់ ៥ម៉ឺនគ្រាប់ឲ្យកម្ពុជា កាលពីថ្ងៃទី៣០ ខែកក្កដា ដោយមានអគ្គស្នងការនគរបាលជាតិ
នាយឧត្ដមសេនីយ៍ នេត សាវឿន តំណាងភាគីកម្ពុជា បានចុះហត្ថលេខាទទួលកាំភ្លើងពីមន្ត្រីសមត្ថកិច្ចជាន់ខ្ពស់នៃ
អគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិប្រទេសចិន លោក លី ជូឈុន (Li Zhuqun)។ មន្ត្រីកម្ពុជា ធ្លាប់ប្រាប់ថា កាំភ្លើងទាំងនេះយកមកដើម្បីពង្រឹងសន្តិសុខ
ហើយជាការអនុវត្តកិច្ចព្រមព្រៀងដែលមានតាំងពីយូរមកហើយ មិនមែនទើបតែព្រមព្រៀងគ្នាក្នុងពេលបោះឆ្នោតទេ។
ក្រៅពីការផ្ដល់កាំភ្លើង
ប្រទេសចិន ដែលជាប្រទេសកុម្មុយនិស្តល្បីខាងរឹតបន្តឹងសេរីភាពនិងមិនធ្លាប់
បានបោះឆ្នោតតាមបែបប្រជាធិបតេយ្យម្ដងសោះនោះ ថែមទាំងបានចេញលិខិតសរសើរថា
ការបោះឆ្នោតនៅកម្ពុជា ប្រព្រឹត្តទៅដោយសេរីនិងយុត្តិធម៌ទៀតផង។
ទោះយ៉ាងណាក៏ដោយ
អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងជាអ្នកវិភាគឯករាជ្យ លោកបណ្ឌិត សុខ ទូច
មានប្រសាសន៍ថា លិខិតចំហរបស់ក្រុមការងារដើម្បីសន្តិភាព
ជាការឆ្លុះបញ្ចាំងថា បើសិនណាមានការប្រើប្រាស់អាវុធដែលជាជំនួយធ្វើឲ្យពលរដ្ឋខ្មែរ
រងគ្រោះនោះ ប្រទេសចិននិងអ្នកប្រើអាវុធ ត្រូវតែទទួលខុសត្រូវនៅលើឆាកអន្តរជាតិ៖
«កម្ពុជាកើតចេញពីការ
បោះឆ្នោតប្រជាធិបតេយ្យ ហើយអំណាចកើតចេញពីការបោះឆ្នោត បើអ្នកប្រើអាវុធចិនហ្នឹងមិនស្របច្បាប់
នឹងត្រូវគេថ្កោលទោសជាអន្តរជាតិ»។
ទោះជាយ៉ាងណាក្តី
កាលពីឆ្នាំ២០១០ ប្រទេសចិន បានប្រគល់រថយន្តយោធាចំនួន ២៥៧គ្រឿង
និងឯកសណ្ឋានយោធា ៥ម៉ឺនសម្រាប់ឲ្យរាជរដ្ឋាភិបាលកម្ពុជា។ ពីអតីតកាល ចិនបានផ្ដល់ជំនួយជាអាវុធយ៉ាងច្រើនដល់ភាគីខ្មែរក្រហម
ដើម្បីច្បាំងនឹងរដ្ឋកម្ពុជាទៀតផង។ កាលពីសប្ដាហ៍មុន អគ្គលេខាធិការអង្គការសហប្រជាជាតិ
បានចេញសេចក្ដីថ្លែងការណ៍មួយសរសើរការបោះឆ្នោតនៅកម្ពុជាថា ប្រព្រឹត្តទៅដោយសន្តិភាពនិងគ្មានអំពើហិង្សា។
ប៉ុន្តែអង្គការនេះក៏ស្នើឲ្យកម្ពុជា ដោះស្រាយភាពមិនប្រក្រតីប្រកបដោយតម្លាភាពដើម្បីឲ្យរាស្ត្រខ្មែរ
ស្ងប់ចិត្ត៕
No comments:
Post a Comment