CDRI៖ កំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០១៣ មានប្រហែល៧ភាគរយ
RFI Khmer-19/02/2013: នៅក្នុងឆ្នាំ២០១៣នេះ កំណើនសេដ្ឋកិច្ចរបស់កម្ពុជា នឹងមានប្រមាណ៧ភាគរយ។ គឺជាកំណើនល្អប្រសើរជាងឆ្នាំ២០១២បន្តិច ដែលមាន ៦,៥ភាគរយ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា ហៅកាត់ជាភាសាអង់គ្លេសថា CDRI។
សេចក្តីប្រកាសព័ត៌មានដដែល ដែលត្រូវផ្សាយជាសាធារណៈ នៅថ្ងៃនេះ បានសរសេរបញ្ជាក់ថា តាមរយៈកំណើននេះ ដែលនឹងធ្វើអោយចំណូលប្រចាំឆ្នាំរបស់មនុស្សម្នាក់នៅកម្ពុជា អាចមានទៅដល់៤ខ្ទង់នៅចុងឆ្នាំនេះ បានន័យថា ១០០០ដុល្លារក្នុងមួយឆ្នាំនោះ អ្នកស្រាវជ្រាវជាន់ខ្ពស់របស់CDRI បានអះអាងថា កម្ពុជាជិតឡើងឋានៈពីប្រទេសមានចំណូលទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាបហើយ។
ខ្លឹមសារនិងការពន្យល់អំពីកំណើនរបស់កម្ពុជា ត្រូវបានសរសេរក្នុងរបាយការណ៍មួយដែលនឹងត្រូវផ្សព្វផ្សាយជា សាធារណៈ នៅថ្ងៃពុធស្អែក ដោយវិទ្យាស្ថានបណ្តុះបណ្តាលនិងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា CDRI។ CDRI ដែលត្រូវរៀបចំសន្និសីទស្តីពីការពង្រឹងអនាគតប្រទេសកម្ពុជា ស្បៀងអាហារ ថាមពល និងធនធានធម្មជាតិ។
របាយការណ៍ព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជា បានផ្តល់គំនិតសម្រាប់ការអភិវឌ្ឍន៍រយៈពេលវែងថា ប្រសិនបើកម្ពុជាចង់បានកំណើនចន្លោះពី៧,៥ភាគរយ ទៅ៨,៥ភាគរយនោះ កម្ពុជាត្រូវមានវិនិយោគខ្ពស់ជាងមុនខ្លាំង។
នៅក្នុងសេចក្តីប្រកាសព័ត៌មាន លោក Larry Strange នាយកប្រតិបត្តិ CDRI បានថ្លែងថាដើម្បីឈានទៅមុខបានមួយជំហានធំនោះ កម្ពុជាត្រូវធ្វើការកែលំអច្រើនថែមទៀតខាងផ្នែកហេដ្ឋារចនាសម្ព័ន្ធ បរិយាកាសអាជីវកម្ម ការវិនិយោគកសាងធនធានមនុស្ស ការគ្រប់គ្រងធនធានធម្មជាតិដែលអាចជឿជាក់បាន ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងជាពិសេសការបន្តពង្រឹងផ្នែកស្ថាប័ន និងអភិបាលកិច្ច។
របាយការណ៍ដែលនឹងផ្សព្វផ្សាយនៅថ្ងៃស្អែកនោះ បានកត់សម្គាល់ផងដែរថា ចាប់ពីពាក់កណ្តាលទស្សវត្សរ៍១៩៩០មក កម្ពុជាឈានទៅមុខបានច្រើនណាស់ស្ទើរគ្រប់វិស័យ ប៉ុន្តែនៅមានកិច្ចការជាច្រើនទៀតដែលត្រូវធ្វើ។
គ្រាន់តែនិយាយអំពីការឡើងថ្លៃស្បៀងអាហារដូចក្នុងពេលបច្ចុប្បន្ន នេះ អ្នកស្រាវជ្រាវនៃCDRI បានគូសបញ្ជាក់ថា ការឡើងថ្លៃនេះបានធ្វើអោយធ្លាក់ចុះសុខមាលភាពរបស់គ្រួសារ ហើយវាប៉ះទង្គិចធ្ងន់ធ្ងរទៅលើគ្រួសារដែលក្រីក្រខ្លាំង។ ដូច្នេះ កម្ពុជាត្រូវមានសំណាញ់សុវត្ថិភាពសង្គមប្រកបដោយចីរភាពមួយ សម្រាប់ជួយការពារជនក្រីក្រទល់នឹងវិបត្តិផ្សេងៗ ទាក់ទងនឹងផ្នែកស្បៀងអាហារ៕
No comments:
Post a Comment