សហព័ន្ធនិស្សិតបញ្ញវន្តប្រជាធិបតេយ្យកម្ពុជាមានសម្ព័ន្ធភាពជាមួយគណបក្សកាន់អំណាច
ខេមបូឌាដេលី ១៤-០៨-២០១៣៖ យោងតាមសហព័ន្ធនិស្សិតបញ្ញវន្តប្រជាធិបតេយ្យកម្ពុជា ដែលបានបើក សន្និសីទកាសែតមួយកាលពីម្សិលមិញនៅឯវិទ្យាស្ថានបច្ចេកវិទ្យាក្នុង រាជធានីភ្នំពេញ ដើម្បីធ្វើបទបង្ហាញពីការរកឃើញរបស់និស្សិតជាង ៤.៥០០នាក់ ដែលត្រូវបានបញ្ជូនទៅទូទាំងប្រទេស ដើម្បីឃ្លាំមើល ការបោះឆ្នោតបានឲ្យដឹងថា ការបោះឆ្នោតជាតិកាលពីថ្ងៃទី២៨ ខែ កក្កដា គឺសេរីនិងយុត្តិធម៌។អង្គការនេះ ដែលហៅខ្លួនឯងថា ជាអង្គមិនមែនរដ្ឋាភិបាល និង អព្យាក្រឹតមិនពាក់ព័ន្ធនឹងនយោបាយកាលពីម្សិលមិញបានចែកវិញ្ញា បនបត្ររាប់ពាន់ទៅឲ្យនិស្សិត ដែលបានដើរតួនាទីជាអ្នកអង្កេត ការណ៍ជាតិនៅក្នុងការបោះឆ្នោតជាតិ ដែលកំពុងជាប់គាំងផ្នែកនយោបាយ រវាងគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាច និងគណបក្សប្រឆាំង គឺ គណបក្សសង្គ្រោះជាតិ ដែលសុទ្ធតែអះអាងពីជ័យជម្នះរៀងៗខ្លួននោះ។
សេចក្ដីថ្លែងការណ៍របស់អង្គការនេះបានលើកឡើងថា “ដោយបានអង្កេត ពីដំណើរការបោះឆ្នោតដោយផ្ទាល់នៅក្នុង២៤ខេត្ត-រាជធានី សហព័ន្ធ និស្សិតបញ្ញវន្តប្រជាធិបតេយ្យកម្ពុជាសូមលើកឡើងម្ដងទៀតពីការ គាំទ្រយ៉ាងខ្លាំងរបស់ខ្លួនចំពោះលទ្ធផលនៃការបោះឆ្នោតបណ្ដោះ អាសន្នសម្រាប់អាណត្តិទី៥នៃរដ្ឋសភាថ្មី”។
គណបក្សសង្គ្រោះជាតិ និងអង្គការសិទ្ធិមនុស្សមួយចំនួនមានការ សង្ស័យយ៉ាងខ្លាំងថា គណបក្សប្រជាជនកម្ពុជាលួចបន្លំសន្លឹកឆ្នោត ហើយក្រសួងការបរទេសសហរដ្ឋអាមេរិកក៏បានទទូចឲ្យមានការស៊ើបអង្កេត ឲ្យបានហ្មត់ចត់លើភាពមិនប្រក្រតីនេះផងដែរ។
សេចក្ដីថ្លែងការណ៍របស់សហព័ន្ធនិស្សិតបញ្ញវន្តប្រជាធិបតេយ្យ កម្ពុជាក៏បានអំពាវនាវឲ្យគណបក្សទាំងអស់គោរពតាមឆន្ទៈរបស់ ប្រជាពលរដ្ឋ និងអំពាវនាវឲ្យរក្សាស្ថិរភាពនយោបាយ ដើម្បីជួយ អភិវឌ្ឍប្រទេសកម្ពុជាតទៅមុខទៀតផងដែរ។ ប៉ុន្តែបើយោងតាមលោក គល់ បញ្ញា នាយកប្រតិបត្តិគណៈកម្មាធិការ ដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជាហៅកាត់ថា ខុម ហ្វ្រែល បានឲ្យដឹងថា សហព័ន្ធនិស្សិតបញ្ញវន្តប្រជាធិបតេយ្យ កម្ពុជានេះមិនមែនជាអង្គការដែលមិនចូលបក្សសម្ព័ន្ធនោះទេ។
លោកបានមានប្រសាសន៍ថា “ពួកគេគឺជាអង្គការ ដែលមានសម្ពន្ធភាព ជាមួយគណបក្សប្រជាជនកម្ពុជា។ អង្គការនេះប្រឆាំងទៅនឹងក្រមសីលធម៌ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប. ដែលហាម មិនឲ្យអង្គការដែលមានសម្ពន្ធភាពជាមួយគណបក្សធ្វើសកម្មភាពណា មួយពាក់ព័ន្ធនឹងការបោះឆ្នោត”។
នៅក្នុងសាលប្រជុំ រាល់ការប៉ុនប៉ង់ណាមួយរបស់អ្នកយកព័ត៌មាន ដើម្បីសុំសម្ភាសក្រុមនិស្សិតត្រូវបានរារាំងដោយបុគ្គលិករបស់ អង្គការនេះ ដែលបានដាក់ម្រាមដៃរបស់ពួកគេទៅលើបបូរមាត់ ដើម្បីណែនាំយុវជនរបស់ខ្លួនកុំឲ្យនិយាយជាមួយអ្នកយកព័ត៌មាន។
នៅខាងក្រៅអគារក្នុងបរិវេណសាកលវិទ្យាល័យ និស្សិតម្នាក់ឈ្មោះ អ៊ុក ស្រីមុំ អាយុ២២ឆ្នាំ ជានិស្សិតផ្នែកកសិកម្ម និងសេដ្ឋ កិច្ចនៅសាលាកសិកម្មព្រែកលៀបបាននិយាយថា នាងបានឮពីភាពមិន ប្រក្រតីនៃការបោះឆ្នោត ប៉ុន្តែនៅការិយាល័យបោះឆ្នោតក្នុងខេត្ត កំពង់ស្ពឺ ដែលនាងបានធ្វើជាអ្នកអង្កេតការណ៍នៅថ្ងៃបោះឆ្នោត គ្មានអ្វីដែលមិនប្រក្រតីដែលកើតឡើងនោះទេ។
និស្សិត ឆៃ រិទ្ធ ជាមេដឹកនាំនិស្សិតម្នាក់ក្នុងចំណោមមេដឹកនាំ និស្សិតមួយចំនួន និងជាសមាជិកគណបក្សប្រជាជនកម្ពុជា ភ្លាមៗនោះ បានទៅប្រាប់និស្សិតឈ្មោះ អ៊ុក ស្រីមុំ កុំឲ្យឆ្លើយសំណួរបន្ត។ នាងបាននិយាយថា “ខ្ញុំគ្មានអ្វីត្រូវនិយាយបន្ថែមទៀតទេ។ គាត់នឹង ចង់ដឹងពីអ្វីដែលខ្ញុំបាននិយាយ”។
មេដឹកនាំសហព័ន្ធនិស្សិតបញ្ញវន្តប្រជាធិបតេយ្យកម្ពុជាមួយរូប ផ្សេងទៀត ដែលបានរារាំងមិនឲ្យអ្នកយកព័ត៌មានសម្ភាសនិស្សិតទី២ បានពន្យល់ប្រាប់ហេតុផលពីមូលហេតុដែលនិស្សិតត្រូវបានរារាំង មិនឲ្យនិយាយជាមួយប្រព័ន្ធផ្សព្វផ្សាយពីអ្វីដែលខ្លួនចង់និយាយ។
លោក គឹម លី ស៊្រាង អាយុ៣៣ឆ្នាំ ជាសាស្ត្រាចារ្យផ្នែកទីផ្សារ ដែលបានបញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសអង់គ្លេសបានថ្លែងថា “ការងាររបស់ពួកគេគឺជាអ្នកអង្កេតការណ៍ ហេតុដូច្នេះហើយ យើងមិន ចង់ឲ្យពួកគេនិយាយអ្វី ដែលធ្វើឲ្យខូចសាររបស់អ្នកអង្កេត ការណ៍ផ្សេងទៀតនោះទេ”៕
No comments:
Post a Comment