ពឹងផ្អែកការនាំចូលជាការបម្រើសេដ្ឋកិច្ចបរទេស
ភ្នំពេញប៉ុស្តិ៍ ១៤-០៨-២០១៣៖ ផ្តើមចេញពីភាពម្ចាស់ការ និងភាពជឿជាក់លើជំនាញដែលខ្លួនមាន ទើបធ្វើឲ្យបុគ្គលម្នាក់អាចមានជំហររឹងមាំក្នុងការពុះពារនូវ ឧបសគ្គផ្សេងៗបានទោះបីជាឧបសគ្គនោះមានទំហំធំធេងក្នុងរយៈពេល ខ្លីឬរយៈពេលវែងក៏ដោយ។
លោក ហៃ លីអ៊ាង អគ្គនាយកសហគ្រាស Confirel ជាសហគ្រិនជោគជ័យម្នាក់ដែលបានផលិតផលិតផលធ្វើពីទឹកត្នោត
ដំបូងគេនៅកម្ពុជា។
លោកបានប្រាប់ភ្នំពេញ ប៉ុស្តិ៍
កាលពីថ្ងៃម្សិលមិញថា
លោកមានគំនិតកែច្នៃផលិតផលចេញពីទឹកត្នោតតាំងពីឆ្នាំ
១៩៩២ ដោយកាលនោះប្រទេសកម្ពុជាចាប់ផ្តើមកសាងសន្តិភាពបន្ទាប់ពីកិច្ច ព្រមព្រៀងទីក្រុង
ប៉ារីសឆ្នាំ ១៩៩១ តែរហូតដល់ឆ្នាំ ២០០១
ទើបផលិតផលដំបូងគឺស្ករត្នោតបានលេចរូបរាងឡើង។
ការប្រើប្រាស់ពេលវេលាដ៏វែងនោះ គឺដោយសារលោកត្រូវយកផលិតផលស្ករត្នោតទៅពិសោធនៅប្រទេសបារាំង ហើយបន្ទាប់ពីឃើញភាពវិជ្ជមាននៃគុណភាពខ្ពស់ទើបលោកសម្រេចចិត្ត អភិវឌ្ឍផលិតផលនេះ។
លោក ហៃ លីអ៊ាង
ក៏ជានាយកសហគ្រាសផលិតឱសថ PPM ផងនោះបានបញ្ជាក់ថា
កាលនោះ លោកមានគម្រោងពីរ គឺទីមួយការផលិតឱសថ ហើយវាបានកើតចេញនៅឆ្នាំ
១៩៩៦ និងមួយទៀតការផលិតផលិតផលនានាចេញពីតោ្នតដែលចាប់ផ្តើមដំណើរការនៅ ឆ្នាំ
២០០១។
រហូតដល់ឆ្នាំ ២០០១ ទើបផលិតផលផ្តើមដំណើរការចេញជារូបរាងបន្ទាប់ពីផលិតផលស្ករត្នោតយក ទៅពិសោធនៅប្រទេសបារាំងបានទទួលជោគជ័យ និងមានសារប្រយោជន៍ខ្លាំងពីស្ករត្នោតនេះ។
លោកបន្តថា៖ «ប្រទេសយើងទើបងើបពីសង្គ្រាម យើងត្រូវការចាំបាច់នូវជំនឿ។
ជំនឿលើអត្តសញ្ញាណរបស់យើង
លើវប្បធម៌របស់យើង និងកម្លាំងរបស់យើង។ ផលិតផលទាំងនេះនឹងក្លាយជាផលិតផលយូរអង្វែងរបស់ប្រទេសកម្ពុជាយើង ព្រោះនៅស្រុកស្រែដើមត្នោតតែងតែមានជានិច្ច»។
លោកនិយាយថា៖ «យើងគិតថា ប្រទេសយើងធ្លាប់មានអង្គរដែលដើរតួនាទីជាខ្លឹម
និងជាកម្លាំង។ បន្ទាប់ពីយើងច្បាំងគ្នា
គឺយើងខ្វះនូវជំនឿដែលជឿថា
ខ្លួនឯងខ្លាំង
ហើយកាលណាយើងខ្វះជំនឿយើងមិនអាចរឹងមំាបានទេ»។
លោកបញ្ជាក់ថា លោកចាប់ផ្តើមគម្រោងនេះដោយមានថវិកាផ្ទាល់ខ្លួនចំនួន
៦ ម៉ឺន ដុល្លារ ហើយលោកត្រូវចំណាយថវិកាជាបន្តបន្ទាប់ទៅលើដំណើរយកផលិតផលទៅធ្វើ ពិសោធនៅប្រទេសបារាំងជាដើមរហូតមកដល់ពេលនេះលោកបានចំណាយ
អស់ជាង ២ លានដុល្លារសម្រាប់ផែនការអភិវឌ្ឍន៍ផលិតផលចេញពីតោ្នតនេះ។
លោកបន្ថែមថា
រហូតមកដល់ពេលនេះក្រុមហ៊ុន Confirel បានផលិតផលិតផលជាង ៣០ ប្រភេទចេញពីទឹកត្នោតដែលរួមមាន ស្រាទឹកត្នោត
ទឹកខ្មះ ស្ករត្នោត និង
គ្រឿងផ្សំផ្សេងៗទៀតដែលមានទីផ្សារនៅក្នុងប្រទេសបារាំង
កូរ៉េ តៃវ៉ាន់
ជប៉ុន និងទីផ្សារធំគឺជនបរទេសដែលមកទស្សនាប្រទេសកម្ពុជា។
រហូតមកដល់ពេលនេះមានកសិករជាង ១០០
គ្រួសារជាសមាជិក សកម្ម
នៅផ្នែកផលិតទឹកត្នោតបានផ្គត់ផ្គង់ផលិតផលដល់សហគ្រាសមួយនេះហើយ បើផលិតផលសម្រេចមានការគាំទ្រកាន់តែខ្លាំងលទ្ធភាពពង្រីកទៅកសិករ ផ្សេងៗទៀតកាន់តែមានទំហំធំនៅលើខេត្ត
ដែលមានសក្តានុពលដើមតោ្នត
លោកបានថ្លែងថា៖ «យើងមិនដែល
ឃើញនរណាក្លាយជាអ្នកមានដោយគ្រាន់តែទៅទិញផលិតផលពីគេយកមកប្រើ ប្រាស់នោះទេ
គឺទាល់តែផលិតខ្លួនយើង
ទើបយើងអាចក្លាយជាអ្នកមានបាន»។
ការកត់សម្គាល់របស់ម្ចាស់សហគ្រាស ដែលវិលត្រឡប់ពីប្រទេសបារាំងក្រោយសន្ធិសញ្ញាក្រុង
ប៉ារីសរូបនេះ បានលើកឡើងថា
៖ «ការប្រើប្រាស់ និងពឹងផ្អែកលើផលិតផលនាំចូលពីបរទេសគឺជាការបម្រើសេដ្ឋកិច្ច
បរទេស ហើយប្រទេសកម្ពុជាគ្មានឱកាសកសាងសុខសន្តិភាពដោយខ្លួនឯងទេ»។
លោកបន្តថា៖ «យើងទៅទិញពីគេមកយើងឲ្យប្រាក់ខែទៅគេ។យើងឃើញលេខរាប់កោដិ តើគេយកទៅវិញប៉ុន្មាន? បើខ្មែរយើងនៅតែលក់ញើសឲ្យទៅគេ យើងមិនអាចធ្វើជាអ្នកមានបាននោះទេ ហើយប្រទេសយើងនៅតែអស្ថិរភាពជាដរាបដោយសារយើងខ្វះខាតផ្នែក សេដ្ឋកិច្ច»។
ប្រជាជនកម្ពុជាភាគច្រើនជាកសិកររហូតដល់
៨០ ភាគរយរស់នៅតាមទីជនបទ
ហើយច្បាស់ណាស់ថា ពួកគាត់ត្រូវតែមានជំនឿលើខ្លួនឯងទើបពួកគាត់អាចឆ្លងផុតពីភាព ក្រីក្រដោយផ្តើមពីការទាញប្រយោជន៍ ពីអ្វីដែលខ្លួនឯងមានដោយមិនត្រូវពឹងមើលឃើញអ្វីដែលមេឈ្មូញធំ លើកកម្ពស់នោះទេ។
លោកនិយាយថា៖ «យើងចង់ឲ្យផលិតផលនេះនាំមកនូវតម្លៃបន្ថែមក្នុងស្រុករបស់យើង។ បើយើងចង់ឲ្យសេដ្ឋកិច្ចយើងសម្បូរបែប យើងត្រូវឲ្យផលិតផលប្រទេសរបស់យើងមានតម្លៃ
និង បង្កើតតម្លៃបន្ថែម។
ប្រសិនយើងរង់ចាំផលិតផលដែលឈ្មួញជាអ្នកសម្រេចដំឡើងថ្លៃ ឬបញ្ចុះថ្លៃ
ប្រជាជនយើងមិនអាចឆ្លងរួចពីភាពក្រីក្របានទេ»។
លោកបន្តថា តាមរយៈការសាកល្បងភ្លក្សរសជាតិនាពេលកន្លងមកទៅលើអតិថិជននានា បង្ហាញថា
ផលិតផលនេះមានអ្នកចូលចិត្តរហូតដល់ ៧៥ ភាគរយនៅប្រទេស បារាំង និង ៩០
ភាគរយនៅប្រទេសកម្ពុជាដោយផ្អែកលើគុណភាព ចំណែកផ្នែកមិនទាន់ជោគជ័យគឺការវេចខ្ចប់នៅអន់ថយនៅឡើយ។
លោកបាននិយាយថា៖ «រហូតដល់ពេលនេះ យើងមានផលិតផល
មានការគំាទ្រ មានវត្ថុធាតុដើម
មានប្រជាកសិករដែលខិតខំជួយផលិតឲ្យមានគុណភាព យើងមានមុំបីនេះជាកត្តាជោគជ័យទៅលើផលិតនេះ»។
លោកថ្លែងថា
ពេលនេះក្រុមហ៊ុនមានផលិតផលគ្រប់គ្រាន់ហើយ ដោយត្រូវផ្តោតលើទីផ្សារក្នុងឆ្នាំក្រោយ។
ឆ្នាំ ២០១៤ ខាងមុខជាឆ្នាំដែលក្រុមហ៊ុននឹងពង្រីកឲ្យកាន់តែខ្លាំងថែម
ទៀត ពិសេសតម្លៃបន្ថែមឲ្យដល់កសិករជាអ្នកឡើងត្នោតតែម្តង៕
No comments:
Post a Comment