Translate

Thursday, August 15, 2013

ឯកឧត្ដម​ កែប​ ជុតិមា​ មាន​ចំណែក​ធំ​ធ្វើ​ឱ្យ​គណបក្សកាន់អំណាច​បាត់​សំឡេង​ឆ្នោត​គាំទ្រ​នៅ​មណ្ឌល​ភ្នំពេញ​ ?



ឯកឧត្ដម​ កែប​ ជុតិមា​ មាន​ចំណែក​ធំ​ធ្វើ​ឱ្យ​គណបក្សកាន់អំណាច​បាត់​សំឡេង​ឆ្នោត​គាំទ្រ​នៅ​មណ្ឌល​ភ្នំពេញ​ ?

ដើមត្នោត ១៥-០៨-២០១៣៖ លទ្ធផល​ឆ្នោត​បណ្ដោះអាសន្ន​នៃ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​ នីតិកាល​ទី​៥​ ដែល​ប្រកាស​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ “​គ​.​ជ​.​ប​”​ កាលពី​ថ្ងៃ​ទី​១២​ ខែសីហា​ ឆ្នាំ​២០១៣​កន្លង​មក​ បាន​បង្ហាញ​ថា​ នៅ​មណ្ឌល​ភ្នំពេញ​ គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​គណបក្ស​នយោបាយ​កាន់កាប់​អំណាច​ មាន​លុយកាក់​ ទ្រព្យសម្បត្ដិ​មហាសាល​ និង​អំណាច​មហិមា​នោះ​ ទទួល​បាន​សំឡេង​ឆ្នោត​គាំទ្រ​សរុប​ចំនួន​២៥៧.​ ៣៥១​សំឡេង​ តិច​ជាង​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គណបក្ស​នយោបាយ​ប្រឆាំង​ ក្រីក្រ​ គ្មាន​លុយកាក់​ និង​គ្មាន​អំណាច​ទទួល​បាន​សំឡេង​ឆ្នោត​ គាំទ្រ​សរុប​ចំនួន​ ៣៨២.៨៨០​សំឡេង​ ។​

បើ​គណនា​ចំនួន​អាសនៈ​តាម​លទ្ធផល​ឆ្នោត​បណ្ដោះអាសន្ន​នេះ​ គឺ​នៅ​មណ្ឌល​ភ្នំពេញ​ គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ទទួល​បាន​៧​អាសនៈ​ រីឯ​គណ​បក្ស​ប្រជាជន​កម្ពុជា​នឹង​ទទួល​បាន​៥​អាសនៈ​ក្នុង​ចំណោម​អាសនៈ​សរុប​ ចំនួន​១២​អាសនៈ​ ។​ ​

ថ្នាក់ដឹកនាំ​សំខាន់ៗ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បាន​ឈរឈ្មោះ​ជា​ បេក្ខជន​តំណាងរាស្ដ្រ​ពេញ​សិទ្ធិ​នៅ​មណ្ឌល​ភ្នំពេញ​ រួម​មាន​ ៖​ សម្ដេច​អគ្គ​មហា​ធម្ម​ពោធិ​សាល​ ជា​ ស៊ី​ម​ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​,​ ឯកឧត្ដម​ គាត​ ឈ​ន់​ ,​ ឯកឧត្ដម​ កែប​ ជុតិមា​ ,​ ឯកឧត្ដម​ អ៊ិ​ត​ សំ​ហេង​ ,​ ឯកឧត្ដម​ ម៉​ម​ ប៊ុ​ន​ហេង​ ,​ ឯកឧត្ដម​ នាយ​ឧត្ដមសេនីយ៍​ផ្កាយ​មាស​បួន​ ប្រាក់​ សុ​ខុន​…​។​ល​។​

ក្នុង​ចំណោម​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​បេក្ខជន​ឈរឈ្មោះ​ តំណាងរាស្ដ្រ​នីតិកាល​ទី​៥​នៅ​មណ្ឌល​ភ្នំពេញ​ទាំងនោះ​ គេ​មាន​ ការ​ចាប់អារម្មណ៍​ខ្លាំង​ទៅ​លើ​ឯកឧត្ដម​ កែប​ ជុតិមា​ ដែល​ជា​បេក្ខជន​លំដាប់​លេខ​រៀង​ទី​៣​ជាងគេ​ ពីព្រោះ​ឯកឧត្ដម​រូប​នេះ​មុន​មក​ឈរឈ្មោះ​ ជា​បេក្ខជន​តំណាងរាស្ដ្រ​ គឺ​បាន​កាន់​មុខ​តំណែង​ជា​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ផ្ទាល់​តែ​ ម្ដង​ និង​ជាទី​ប្រឹក្សា​ផ្ទាល់​សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ មាន​ឋានៈ​ស្មើ​រដ្ឋមន្ដ្រី​ថែម​ទៀត​ ។​

ពេល​នៅ​កាន់​តំណែង​ជា​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ ឯកឧត្ដម​ កែប​ ជុតិមា​ តែង​បាន​ទទួល​រង​នូវ​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​អ្នក​រស់នៅ​រាជធានី​ភ្នំពេញ ​ថា​ ពុក​រលួយ​ បក្ខពួក​និយម​ ក្រអឺតក្រទម​ ដឹង​តែ​ប្រមូល​លុយ​ដាក់​ហោប៉ៅ​ និង​ចែក​ថ្នាក់លើ​ ដើម្បី​ការពារ​អំណាច​ផ្ទាល់ខ្លួន​ ស្ពឹក​ស្រពន់​លើ​កិច្ចការ​អភិវឌ្ឍន៍​ តែ​ចុះហត្ថលេខា​លក់​ ឬ​ជួល​ដី​រដ្ឋ​ឱ្យ​ក្រុមហ៊ុន​ឯកជន​វិញ​គឺ​លឿន​ដូច​ព្យុះ​ ។​ ឧទាហរណ៍​ ដូច​ជា​ការ​ចុះហត្ថលេខា​នៅ​ ថ្ងៃ​ទី​០៦​ ខែកុម្ភៈ​ ឆ្នាំ​២០០៧​ ជួល​ទីតាំង​ដី​បឹង​កក់​រយៈពេល​៩៩​ឆ្នាំ​ស្មើនឹង​ទឹកប្រាក់​ចំនួន​៧៩.០០២.០០០ ​ដុល្លារ​អា​មេ​រិ​ក​ ឱ្យទៅ​ក្រុមហ៊ុន​ស៊ូ​កា​គូ​អ៊ី​ន​ របស់​ឯកឧត្ដម​ឧកញ៉ា​ ឡាវ​ ម៉េ​ង​ឃី​ន​ ស្វាមី​ជំទាវ​ឧកញ៉ា​ ជឹ​ង​ សុភាព​ ហៅ​យាយ​ភូ​ អនុប្រធាន​ទី​២​កាកបាទក្រហមកម្ពុជា​អាណត្ដិ​ទី​៤​ ធ្វើ​ឱ្យ​អ្នក​ ភូមិ​បឹង​កក់ក្ដៅ​ក្រហាយ​ទល់​សព្វថ្ងៃ​…​។​ល​។​

ឯកឧត្ដម​ ខៀវ​ កា​ញា​រី​ទ្ធ​ រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​ និង​ក៏​ជា​បេក្ខជន​តំណាងរាស្ដ្រ​ពេញ​សិទ្ធិ​គណបក្ស​ប្រជាជន​កម្ពុជា​ លំដាប់​លេខ​រៀង​ទី​៤​ នៅ​មណ្ឌល​ខេត្ដកំពង់ចាម​ បាន​ Post​ អត្ថបទ​ខ្លី​មួយ​កាលពី​ថ្ងៃ​ទី​១៤​ ខែសីហា​ ឆ្នាំ​២០១៣​ នៅ​ក្នុង​ Page Facebook​ របស់​ឯកឧត្ដម​ថា​ “​ព្រឹក​មិ​ញ​ទៅ​បន់ស្រន់​សុំ​សេចក្ដីសុខ​នៅ​ព្រះ​អង្គ​ដង​កើ​មុខ​វាំង​ ។​ បន្ទាប់​មក​ក៏​បាន​ជជែក​លេង​ជាមួយ​បងប្អូន​អ្នក​លក់ដូរ​មួយ​ចំនួន​ មាន​ដូច​ជា​ ៖​ អ្នក​បោស​សំរាម​ អ្នកលក់​ភេសជ្ជៈ​ អ្នកលក់​ផ្កា​ អ្នកលក់​សណ្ដែកដី​ និង​អ្នកលក់​សត្វ​ចាប​ ជាដើម​ ហើយ​ពួក​គាត់​បានឱ្យ​ដឹង​ថា​ កាលពី​ជំនាន់​លោក​ ជា​ សុ​ផា​រ៉ា​ ជា​អភិបាលក្រុង​ភ្នំពេញ​ គឺ​តែង​យកចិត្ដទុកដាក់​ និង​ផ្ដល់​ការ​លើកទឹកចិត្ដ​ដល់​កម្មករ​បោស​សំរាម​ និង​សន្ដិសុខ​ ដោយ​មក​សួរសុខទុក្ខ​ដល់​ពួក​គាត់​ និង​ឧស្សាហ៍​ផ្ដល់​ជា​ថវិកា​បន្ដិចបន្ដួច​ផង​ដែរ​ ។​ ចំណែក​អតីត​អភិបាលក្រុង​ដែល​ទើបបាន​ផ្លាស់​ប្ដូរ​ និង​អនាគត​ជា​តំណាងរាស្ដ្រ​ក្រុងភ្នំពេញ​ គឺ​មិន​ចេះ​ញញឹម​រាក់ទាក់​ ឬ​សួរសុខទុក្ខ​ពួក​គាត់​ទេ​ ដើរ​ងើយ​មុខ​ឡើង​រហូត​ពេល​មួយ​នេះ​បាន​ដើរ​ជាន់​អាចម៍ឆ្កែ​ ។​…”​ ។​

ទោះបី​ការ​លើក​ឡើង​នៅ​ក្នុង​ Page Facebook​ របស់​ឯកឧត្ដម​ ខៀវ​ កា​ញា​រី​ទ្ធ​ មិន​បាន​បញ្ជាក់​ឱ្យ​ចំ​ឈ្មោះ​ក៏​ដោយ​ ក៏​បាន​ផ្ដោត​សំដៅ​រួច​ហើយ​ថា​ជា​ឯកឧត្ដម​ កែប​ ជុតិមា​ អតីត​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ និង​ជា​អនាគត​តំណាងរាស្ដ្រ​មណ្ឌល​រាជធានី​ភ្នំពេញ​ ដែល​ដើរ​ងើយ​មុខ​ឡើង​លើ​រហូត​បាន​ដើរ​ជាន់​អាចម៍ឆ្កែ​…​

មជ្ឈដ្ឋាន​អ្នក​តាមដាន​ព្រឹត្ដិការណ៍​នយោបាយ​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ អំពើ​របស់​ឯកឧត្ដម​ កែប​ ជុតិមា​ កាល​នៅ​កាន់​តំណែង​ជា​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ ដែល​ជា​បេះដូង​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ហើយ​ឥឡូវ​មក​ឈរឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ដ្រ​នៅ​មណ្ឌល​រាជធានី​ភ្នំពេញ​ទៀត ​នោះ​ គឺ​ពិតជា​មាន​ចំណែក​មួយ​យ៉ាង​ធំ​ដែល​ធ្វើ​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាត់​ សំឡេង​ឆ្នោត​គាំទ្រ​នៅ​មណ្ឌល​រាជធានី​ភ្នំពេញ​ ចាញ់​គណបក្សប្រឆាំង​រហូត​ដល់​ចំនួន​១២៥.៥២៩​សំឡេង​ ស្មើនឹង​ចំនួន​២​អាសនៈ​ ។​

គួរ​រំលឹក​ជូន​ថា​ នា​សម័យ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​នីតិកាល​ទី​៤២០០៨-២០១៣”​កន្លង​ មក​ គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​អាសនៈ​ចំនួន​៧​អាសនៈ​ ខណៈ​ដែល​គណបក្សប្រឆាំង​“​អតីត​គណបក្ស​សម​ រ​ង្ស៊ី​”​ ទទួល​បាន​អាសនៈ​ចំនួន​៥​អាសនៈ​ ក្នុង​ចំណោម​អាសនៈ​សរុប​ចំនួន​១២​អាសនៈ​នៅ​មណ្ឌល​រាជធានី​ភ្នំពេញ​ ៕

No comments:

Post a Comment