Translate

Tuesday, August 13, 2013

ADB ​ផ្តល់​ជំនួយ​ និង​កម្ចី​ ២៣០​ លាន​ដុល្លារ ​ដើម្បី​លើក​កម្ពស់​កំណើន​សេដ្ឋកិច្ច​ នៅ​កម្ពុជា​


RFI Khmer-17/01/2013: កិច្ច​ព្រមព្រៀង​ទាំង​៦ គម្រោង មាន​ទឹក​ប្រាក់​សរុប ២៣០ លាន​ដុល្លារ ជា​ជំនួយ​ឥត​សំណង និង​ប្រាក់​កម្ចី​ការ​ប្រាក់​ទាប របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ADB ផ្តល់​ឲ្យ​រាជ​រដ្ឋាភិបាល​កម្ពុជា បាន​ចុះ​ហត្ថលេខា កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ នៅ​ទីស្តីការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្នុង​ទីក្រុង​ភ្នំពេញ។

លោក​ឧបនាយករដ្ឋមន្ត្រី គាត ឈន់ រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​អង្គុយ​ទន្ទឹម​នឹង​លោក Eric Sidgwick នាយក​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ប្រចាំ​ប្រទេស​កម្ពុជា និង​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​រួម​នោះ។​

សេចក្តី​ប្រកាស​លើក​ឡើង​ថា កិច្ច​ព្រមព្រៀង ដែល​មាន​ទឹកប្រាក់ ២៣០ លាន​ដុល្លារ គឺ​សម្រាប់​គម្រោង​អភិវឌ្ឍន៍​ចំនួន ៦ មាន​ដូច​ជា ទី​១-​កម្មវិធី​លើក​កម្ពស់​ពិពិធកម្ម​សេដ្ឋកិច្ច ទី២-កម្មវិធី​វិមជ្ឈការ​សេវា​សាធារណៈ និង​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ ទី​៣-​កម្មវិធី​អភិវឌ្ឍន៍​វិស័យ​អប់រំ​ជំហាន​ទី​៣ ទី​៤-​កម្មវិធី​អភិវឌ្ឍន៍​ទី​ប្រជុំ​ជន​នៃ​ច្រក​របៀង​សេដ្ឋកិច្ច ​ភាគ​ខាង​ត្បូង​ របស់​មហា​អនុ​តំបន់​ទន្លេ​មេគង្គ ទី​៥-​គម្រោង​គ្រប់គ្រង និង​កាត់​បន្ថយ​គ្រោះ​ភ័យ នៃ​គ្រោះ​មហន្តរាយ​ទឹកជំនន់ និង​គ្រោះ​រាំងស្ងួត​ក្នុង​មហា​អនុ​តំបន់​ទន្លេ​មេគង្គ ព្រម​ទាំង​គម្រោង​ទី​៦-​វិស័យ​ពង្រីក​ការ​បញ្ផូន​ថាមពល តាម​អនុ​ប្រព័ន្ធ ដែល​មាន​កម្លាំង​វ៉ុល​តា​មធ្យម។

កិច្ច​ព្រមព្រៀង ដែល​បាន​ចុះហត្ថលេខា​នៅ​ថ្ងៃ​នេះ គឺ​ជា​សមិទ្ធផល​ដ៏​សំខាន់​មួយ នៅ​ក្នុង​ភាព​ជា​ដៃគូ​រយៈ​ពេល ២០​ឆ្នាំ រវាង​រាជ​រដ្ឋាភិបាល​កម្ពុជា និង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី នៅ​ក្នុង​ការ​ពង្រីក​គំនិត​ផ្តួចផ្តើម​អភិវឌ្ឍន៍​នានា សំដៅ​កាត់​បន្ថយ​ភាព​ក្រីក្រ និង​កសាង​នូវ​កំណើន​សេដ្ឋកិច្ច ប្រកប​ដោយ​ចីរភាព។ នេះ​បើ​តាម​ការ​ដកស្រង់​ប្រសាសន៍​របស់​លោក គាត ឈន់ មក​ចុះ​ផ្សាយ​ដោយ​ប្រកាស​ព័ត៌មាន។​

ចំណែក​លោក Eric Sidgwick នាយក​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ប្រចាំ​ប្រទេស​កម្ពុជា ដែល​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​នេះ តំណាង​ឱ្យ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី បាន​មាន​ប្រសាសន៍​ថា “​គំនិត​ផ្តួច​ផ្តើម​ទាំងនេះ នឹង​លើក​កម្ពស់​គុណភាព​ជីវិត​របស់​ប្រជាពលរដ្ឋ​ក្រីក្រ និង​ងាយ​រងគ្រោះ ជំរុញ​ឱ្យ​មាន​ការ​អភិវឌ្ឍន៍​​សេដ្ឋកិច្ច តាម​រយៈ​ការ​ជួយ​រដ្ឋាភិបាល ក្នុង​ការ​កែ​ទម្រង់​គោល​នយោបាយ និង​វិធានការ​នានា​សម្រាប់​ពង្រីក​បន្ថែម​ទៀត​នូវ​ពាណិជ្ផកម្ម និង​ការ​វិនិយោគ ការ​ធ្វើ​ពិពិធកម្ម​មូលដ្ឋាន​សេដ្ឋកិច្ច​របស់​ប្រទេស និង​ជួយ​ធ្វើឱ្យ​ប្រទេស​កម្ពុជា​ប្រែ​ក្លាយ​ជា​សេដ្ឋកិច្ច​ទីផ្សារ ដែល​មាន​លក្ខណៈ​បើក​ចំហរ”៕

No comments:

Post a Comment