រដ្ឋាភិបាលអនុម័តច្បាប់ថវិកាជាតិ ឆ្នាំ២០១៣ដែលមានទឹកប្រាក់ជាង ៣.១០០លានដុល្លារ
RFI Khmer-26/10/2012: សេចក្តីប្រកាសព័ត៌មានរបស់ទីស្តីការគណៈរដ្ឋមន្ត្រីបង្ហាញថា ការអនុម័តរបស់កិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើច្បាប់ថវិកាជាតិ ឆ្នាំ២០១៣ ដែលមានទឹកប្រាក់ជាង ៣.១០០ លានដុល្លារ គឺរាជរដ្ឋាភិបាលនៅតែបន្តអនុវត្តគោលនយោបាយដំឡើងប្រាក់បៀវត្សមូលដ្ឋាន ជូនមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ២០% បន្ថែមទៀត នៅក្នុងឆ្នាំ២០១៣ ហើយក៏បាន និងកំពុងបន្តពង្រឹងការអនុវត្តន៍បេឡាសន្តិសុខសង្គម សម្រាប់មន្ត្រីរាជការស៊ីវិល និងបេឡាជាតិសន្តិសុខ អតីតយុទ្ធជន ដើម្បីបន្តកែលំអការអនុវត្តប្រាក់សោធននិវត្តន៍ និងប្រាក់ឧបត្ថម្ភផ្សេងៗឲ្យកាន់តែប្រសើរឡើង។
សេចក្តីប្រកាសដដែលបានលើកឡើងថា ច្បាប់ថវិកាជាតិឆ្នាំ២០១៣ ក៏សម្រាប់ឲ្យរាជរដ្ឋាភិបាល បន្តអនុវត្តនូវគោលនយោបាយកម្មវិធីយុទ្ធសាស្ត្រ និងបណ្តាសកម្មភាព ការងារអាទិភាពតាមវិស័យ ពិសេសបន្តជំរុញការអនុវត្តគោលនយោបាយជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ បន្តផ្តល់អាទិភាពដល់ការបង្កើន និងលើកកម្ពស់គុណភាពសេវាកម្ម នៅក្នុងវិស័យសង្គមកិច្ច ជាពិសេស វិស័យអប់រំ សុខាភិបាល ការកសាងធនធានមនុស្ស និងសំណាញ់សុវត្ថិភាពសង្គម រួមទាំងការបន្តអនុវត្តគោលនយោបាយ ផ្តល់ដីសម្បទានសង្គមកិច្ច ដល់គ្រួសារអតីតកងកម្លាំងប្រដាប់អាវុធ និងការបន្តជំរុញការអនុវត្តសកម្មភាពថ្មី លើគោលនយោបាយចាស់ នៃកំណែទម្រង់ការគ្រប់គ្រងដីធ្លី។
ការបង្កើនថវិកាជាតិ នៅឆ្នាំ២០១៣ រហូតដល់ជាង ៣ពាន់លានដុល្លារ ក៏ត្រូវបានរដ្ឋាភិបាលអះអាងថា ដើម្បីធានាដល់ការរៀបចំការបោះឆ្នោតតំណាងរាស្ត្រ អាណត្តិទី៥ នាខែកក្កដា ព្រមទាំងដើម្បីបន្តពង្រឹង និងពង្រីកការអនុវត្តលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា ជាដើម។ល។ និង។ល៕
No comments:
Post a Comment