Translate

Tuesday, August 13, 2013

សេចក្តីព្រាងច្បាប់ថវិកាជាតិ ឆ្នាំ២០១៣ កំពុង​ឆ្លង​រដ្ឋសភា​ដោយ​ស្រួល


RFI Khmer-06/12/2012: សេចក្តីព្រាងច្បាប់​ថវិកា​ជាតិ ឆ្នាំ​២០១៣ ដែល​មាន​ទឹកប្រាក់​ចំណាយ​សរុប​ប្រមាណ ៣.០០០ លាន​ដុល្លារ មាន ៦ ជំពូក និង ១៨ មាត្រា នឹង​ត្រូវ​រដ្ឋសភា​បើក​កិច្ចប្រជុំ​ពិភាក្សា​បន្ត នៅ​​ព្រឹក​ថ្ងៃសុក្រ ទី​៧ ខែ​ធ្នូ ឆ្នាំ​២០១២​។​ ក្នុង​កិច្ចប្រជុំ​នៅ​ព្រឹកមិញ សមាជិក​រដ្ឋសភា​បាន​អនុម័ត​លើ​ជំពូកទី១ ដែល​មាន ៦ មាត្រា។ សមាជិកសភា​គណបក្ស​សមរង្ស៊ី លោក សុន ឆ័យ លោក យឹម សុវណ្ណ និង​លោកស្រី មូរ សុខ​ហួរ បាន​ឡើង​ធ្វើ​បទ​អន្តរាគមន៍ ដោយ​ស្នើ​សុំ​ឲ្យ​រដ្ឋសភា​តម្រូវ​ឲ្យ​រាជរដ្ឋាភិបាល​កាត់​បន្ថយ​នូវ​​ ការខ្ចី​បំណុល​បរទេស ហើយ​បង្កើន​ប្រសិទ្ធភាព​ក្នុង​ការ​ប្រមូល​ពន្ធ ដូច​ជា ពន្ធ​លើ​ដី​សម្បទាន​​សេដ្ឋកិច្ច ពន្ធ​លើ​ការនាំ​ចូល​ប្រេង ពន្ធ​លើ​កាស៊ីណូ បង្កើន​ការ​យក​ពន្ធគយ និង​ចំណូល​​ពី​អ្នកទេសចរ​បរទេស នៅ​អង្គរវត្ត ជាដើម​។

សមាជិក​សភាគណបក្សប្រឆាំង​អះអាង​ថា រដ្ឋាភិបាល​អាច​នឹង​បង្កើត​ប្រាក់ចំណូល​បាន​ដោយ​ងាយស្រួល ដោយ​គ្រាន់​តែ​បង្កើន​ប្រសិទ្ធភាព ប្រមូល​ពន្ធ​លើ​អ្នកមាន ដូច​ជា​ពន្ធ​លើដី​សម្បទាន​សេដ្ឋកិច្ច​សម្រាប់​ក្រុមហ៊ុនឯកជន និង​ពន្ធ​លើ​កាស៊ីណូ​ជាដើម ដើម្បី​បង្វែរ​ការ​ចំណាយ​ទៅ​ដល់​អ្នកក្រីក្រ​ពិតប្រាកដ។ ក៏​ប៉ុន្តែ សមាជិកសភា​គណបក្សប្រជាជនកម្ពុជា រួម​មាន៖ លោក ជាម យៀប លោក ម៉ុម ជឹម​ហ៊ុយ និង​លោក ឈាង វុន បាន​ឡើង​ថ្លែង​តបត​នឹង​សមាជិក​សភាគណបក្សប្រឆាំង ហើយ​លើក​អំណះអំណាង​ការពារ​រាជរដ្ឋាភិបាល។ រីឯ​លោក​ឧបនាយក​រដ្ឋមន្ត្រី គាត ឈន់ រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏​បាន​ថ្លែង​ការពារ​សេចក្តីព្រាងច្បាប់​ថវិកាជាតិ​ផង​ដែរ។

យ៉ាង​ណា​ក៏​ដោយ ទោះបី​ជា​មាន​ការពិភាក្សា​តឹង​សរសៃក​រវាង​សមាជិកសភា​គណបក្ស​ស​ម​រង្ស៊ី និង​សមាជិកសភា​គណបក្ស​ប្រជាជន​កម្ពុជា ក៏​ដូច​ជា ការ​ឆ្លើយ​តប​របស់​លោក គាត ឈ​ន់ ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​បាន​ចូល​ការពារ​សេចក្តី​ព្រាង​​ច្បាប់​ថវិកាជាតិ ក៏​ប៉ុន្តែ សេចក្តីព្រាងច្បាប់​នោះ​មិន​ត្រូវ​បាន​កែសម្រួល​មួយ​តួអក្សរ​ឡើយ។ សេចក្តីព្រាងច្បាប់​ថវិកា​ជាតិ ឆ្នាំ​២០១៣ មាន ៦ ជំពូក និង ១៨ មាត្រា​បាន​កំណត់​ពី​ការ​ចំណាយ​​សរុប​រហូត​ដល់ ១២.០៩៥.០៧៣,៣ លាន​រៀល ដែល​ស្មើ​ប្រមាណ ៣.០០០ លាន​​ដុល្លារ​អាមេរិក​។ ថវិកា​ចំណាយ​សរុប ឆ្នាំ​២០១៣ បាន​កើនឡើង ១២,៩% ធៀប​នឹង​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​​ការគ្រប់គ្រង ឆ្នាំ​២០១២។

ច្បាប់​ថវិកាជាតិ ឆ្នាំ​២០១៣ រដ្ឋាភិបាល បាន​បង្កើន​ការ​ចំណាយ​លើ​គ្រប់វិស័យ ជា​ពិសេស​ក្រសួង​អាទិភាព រួម​មាន​៖ ​ក្រសួង​ការពារជាតិ ចំនួន ៩៨០.៥១៥ លាន​រៀល ស្មើ​នឹង ២៤៥ លាន​ដុល្លារ ក្រសួងមហាផ្ទៃ សន្តិសុខ​សាធារណៈ មាន​ចំនួន ៦២០.១២៥ លាន​រៀល ស្មើនឹង ១៥៥ លាន​ដុល្លារ ក្រសួង​សុខាភិបាល​មាន​ចំនួន ៩០១.៥០០,៩ លាន​រៀល ស្មើ​នឹង ២២៥ លាន​ដុល្លារ ក្រសួង​អប់រំ យុវជន និង​កីឡា មាន​ចំនួន ១.១១៩.៥៦៥,៥ លាន​រៀល ស្មើនឹង ២៨០ លាន​ដុល្លារ និង​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា មាន​ចំនួន ៤១១.០៣២,៨ លាន​រៀល ស្មើនឹង ១០៣ លាន​ដុល្លារ​។​

ក្នុង​ការ​ចំណាយ​សរុប​របស់​​រដ្ឋាភិបាល​ជាង ៣.០០០ លាន​ដុល្លារ​នោះ គឺ​មាន​ខ្ទង់​ចំណាយ​មិន​ទាន់​បែង​ចែក ដែល​មាន​ចំនួន ៥.៦២៨.៩២៦ លាន​រៀល ស្មើ​នឹង ១.៤០៧ លាន​ដុល្លារ​។ ក្នុង​នោះ មាន​ចំណាយ​មិន​បាន​គ្រោង​ទុក មាន​ចំនួន ៤៥២.៣៣៣ លាន​រៀល ស្មើនឹង ១១៣ ដុល្លារ​។ សេចក្តីព្រាងច្បាប់​ថវិកាជាតិ ឆ្នាំ​២០១៣ ក៏​បាន​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ខ្ចី​បំណុល​បរទេស ចំនួន ៦០០ លាន SDR ស្មើ​ជាង ៩១៥ លាន​ដុល្លារ​អាមេរិក​ដែល​កាល​ពី​ឆ្នាំ​២០១២ កំណត់​ឲ្យ​រដ្ឋាភិបាល​ខ្ចី​បំណុល ចំនួន ៧០០ លាន SDR។ ពី​ខេត្ត​រតនគិរី ក្នុង​ពិធី​សម្ពោធ​ផ្លូវជាតិលេខ៧៨ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ក្តី​សង្ឃឹម​ថា ច្បាប់ថវិកាជាតិ ឆ្នាំ២០១៣ នឹង​ឆ្លង​កាត់​រដ្ឋសភា ដោយ​គ្មាន​ឧបសគ្គ។ មូលហេតុ មក​ពី​សមាជិកសភា​គណបក្ស​ប្រជាជនកម្ពុជា មាន​សំឡេង ៩០ លើ ១២៣ សំឡេង នៅ​រដ្ឋសភា។ រីឯ​ការ​អនុម័ត​ច្បាប់​អ្វី​មួយ ត្រូវ​ការ​សំឡេង​គាំទ្រ ត្រឹម​តែ ៦៣ សំឡេង​ប៉ុណ្ណោះ៕

No comments:

Post a Comment