ទោះមានប្រជាប្រិយភាពប៉ុណ្ណាលោក សម រង្ស៊ី
ស្ថិតក្នុងភាពស្រពិចស្រពិល
ខេមបូឌាដេលី ១៥-០៨-២០១៣៖ នៅពេលលោក សម រង្ស៊ី មកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ លោកបានទទួលការស្វាគមន៍ពីអ្នកគាំទ្រប្រហែល១០ ម៉ឺននាក់ ដែលនេះជាការជួបជុំគ្នាធំបំផុតរបស់គណបក្ស ប្រឆាំងនៅប្រទេសកម្ពុជាក្នុងរយៈពេល២០ឆ្នាំនេះ។
នៅពេលលោកវិលមកពីការចូលរួមពិធីមង្គលការកូន ស្រីនៅអាមេរិកនៅថ្ងៃសុក្រ លោកត្រូវទម្លាយភាពទាល់ច្រកផ្នែកនយោបាយរវាង គណបក្សប្រជាជនកម្ពុជា
និងគណបក្សសង្គ្រោះជាតិ។
លទ្ធផលនៃការទម្លាយភាពទាល់ច្រកនេះនឹងកំណត់ ជោគវាសនារបស់គណបក្សលោកនៅក្នុងរដ្ឋសភាជាតិ សម្រាប់រយៈពេលប្រាំឆ្នាំបន្ទាប់នេះ។
វាក៏ទំនងជានឹងកំណត់ជំហានបន្ទាប់ក្នុង អាជីពនយោបាយរបស់លោក
សម រង្ស៊ី ដែលក្តីសង្ឃឹមក្នុងការក្លាយជាសមាជិកសភាបានរលាយ សាបសូន្យដោយសារតែការជាប់ពិរុទ្ធភាពក្នុង រឿងក្តីព្រហ្មទណ្ឌដែលធ្វើឲ្យលោកមិនអាចឈរ ឈ្មោះជាបេក្ខជនតំណាងរាស្ត្រក្នុងការបោះឆ្នោត ថ្ងៃទី២៨
ខែកក្កដា។
ក្នុងវ័យ៦៤ឆ្នាំ លោក សម
រង្ស៊ី ក្នុងនាមជាប្រធានគណបក្សសង្គ្រោះជាតិ បានទទួលការគាំទ្រខ្លាំងជាងពេលណាៗទាំងអស់ក្នុង អាជីពជាអ្នកនយោបាយប្រឆាំងរយៈពេលជាង១៨ឆ្នាំ របស់ខ្លួន។
ប៉ុន្តែ ជាលើកដំបូងបំផុតគិតចាប់តាំងពីឆ្នាំ១៩៩៨មក លោកពុំមែនជាសមាជិកសភាទៀតទេ។ ទោះបីជាបានប្រឹងប្រែងអស់រយៈពេល១១ម៉ោងក្នុង ការចុះឈ្មោះជាបេក្ខជនតំណាងរាស្ត្របន្ទាប់ ពីបានវិលត្រឡប់មកដល់ប្រទេសនេះវិញនៅថ្ងៃ ទី១៩
ខែកក្កដា គឺរយៈពេលត្រឹមតែ៩ថ្ងៃមុនការបោះឆ្នោត គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
(គ.ជ.ប) បានសម្រេចថា
លោក សម រង្ស៊ី មិនអាចឈរឈ្មោះ បានទេ ព្រោះវាយឺតពេលទៅហើយ។
នៅថ្ងៃបោះឆ្នោត លោក សម
រង្ស៊ី
ដែលនៅតែគ្មានឈ្មោះជាបេក្ខជនតំណាងរាស្ត្រឬ សូម្បីតែជាអ្នកបោះឆ្នោតនោះ បានចុះទៅតាមការិយាល័យបោះឆ្នោតនានា ហើយបានទាក់ទាញក្រុមអ្នកគាំទ្រជាច្រើននៅតាម ផ្សារនានាក្នុងរាជធានីភ្នំពេញ។
ប៉ុន្តែ ត្រង់ថា តើ លោក សម រង្ស៊ី
មានឥទ្ធិពលខ្លាំងប៉ុណ្ណានៅពេលរដ្ឋាភិបាលអាណត្តិ ក្រោយចាប់ផ្តើមនោះ គឺនៅមិនទាន់ច្បាស់សោះឡើយ។
លោក សម រង្ស៊ី បានលើកឡើងតាមរយៈអ៊ីម៉េលកាលពីម្សិលមិញថា “អាចមានការរៀបចំតាមផ្លូវច្បាប់ និងតាមលក្ខណៈបច្ចេកទេសឲ្យខ្ញុំបានក្លាយជា សមាជិកសភាក្នុងរយៈពេលប៉ុន្មានខែបន្ទាប់នេះ”។ លោកបន្ថែមថា គណបក្សប្រជាជនត្រូវមានវិធានការធ្វើកំណែទម្រង់ ទ្រង់ទ្រាយធំដើម្បីឲ្យគណបក្សសង្គ្រោះជាតិ ពិចារណាពីការផ្តល់ភាពស្របច្បាប់ឲ្យរាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជន។
លោកបានបញ្ជាក់ថា “គណបក្សសង្គ្រោះជាតិនឹងចូលរួមនៅក្នុងការ បង្កើតរដ្ឋសភានីតិកាលថ្មីដើម្បីអនុញ្ញាតឲ្យមាន ការបង្កើតរដ្ឋាភិបាលថ្មីក្រោមការដឹកនាំរបស់បក្ស ប្រជាជនតែនៅក្នុងករណីមានការធានាហ្មត់ចត់ និងគួរឲ្យជឿជាក់ថា កំណែទម្រង់ចាំបាច់ពាក់ព័ន្ធនឹងគ.ជ.ប. ប្រព័ន្ធតុលាការ
រដ្ឋសភា រដ្ឋបាលស៊ីវិលកងកម្លាំងប្រដាប់អាវុធ ប្រព័ន្ធផ្សព្វផ្សាយ
គណៈកម្មាធិការសិទ្ធិមនុស្ស
អង្គភាពប្រឆាំងអំពើពុករលួយ។ល។ ត្រូវបានអនុវត្តភ្លាមៗតែប៉ុណ្ណោះ”។
ទោះបីជាលោក សម រង្ស៊ី
នៅតែមានក្តីសង្ឃឹមខ្លះថា
លោកអាចទទួលបានអាសនៈមួយក្នុងចំណោមអាសនៈទាំង៥៥ របស់គណបក្សសង្គ្រោះជាតិនៅរដ្ឋសភាជាតិក៏ ដោយ
ក៏លោក ជាម យៀប សមាជិកសភាគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ច្បាស់ហើយថា
លោក សម រង្ស៊ី “គ្មានឱកាស” ក្លាយជាសមាជិកសភាសម្រាប់រយៈពេលប្រាំឆ្នាំ បន្ទាប់ទេ។
លោក ជាម យៀប បានថ្លែងថា “តាមផ្លូវច្បាប់ លោក សម រង្ស៊ី គ្មានឱកាសបានធ្វើការនៅរដ្ឋសភាទេ។ គាត់ដាច់ខាតមិនមែនជាសមាជិកនៃគណៈកម្មការណា មួយនៅរដ្ឋសភានីតិកាលទី៥ឡើយ”។ លោកបានបន្ថែមថា “វាយឺតពេលហើយប៉ុន្តែ គាត់នៅមានឱកាស ប្រសិនបើមានការអាណិតអាសូរពី នាយករដ្ឋមន្ត្រីនៃគណបក្សឈ្នះឆ្នោត គឺគណបក្សប្រជាជន ឲ្យគាត់ទទួលបានការងារមួយក្នុងជួររដ្ឋា ភិបាល”។
ទោះជាយ៉ាងណា
មន្ត្រីជាន់ខ្ពស់ម្នាក់នៅគ.ជ.ប. ដែលបាននិយាយក្នុងលក្ខខណ្ឌអនាមិក ដោយសារបញ្ហានេះគឺជារឿងរសើប បានឲ្យដឹងកាលពីម្សិលមិញថា
តាមពិត លោក សម រង្ស៊ី មានសិទ្ធិទទួលបានអាសនៈសភានៅខែមករា ឆ្នាំ២០១៤។
លោកមានប្រសាសន៍ថា “វាយឺតពេល
[ក្នុងការក្លាយជាសមាជិកសភានៅក្នុងឆ្នាំនេះមែន] ព្រោះឱសានវាទសម្រាប់ការចុះឈ្មោះបោះឆ្នោត និងឈរឈ្មោះជាតំណាងរាស្ត្រ បានកន្លងផុតទៅហើយ។ តែនៅមានមធ្យោបាយបច្ចេកទេស [ក្នុងការឲ្យលោកចូលសភា ]”។
មន្ត្រី គ.ជ.ប.
រូបនេះបានបញ្ជាក់ថា “គាត់អាចរង់ចាំរហូតដល់ពេលមានការចុះឈ្មោះ ជាថ្មី។ ឆ្នាំនេះអ្នកបោះឆ្នោតអាចចុះឈ្មោះ បោះឆ្នោតនៅក្នុងខែតុលា។
ក្រោយការចុះឈ្មោះ
គណបក្សរបស់គាត់អាចស្វះស្វែងរកសុពលភាព សម្រាប់បញ្ជីឈ្មោះបេក្ខជនថ្មីនៃគណបក្សរបស់ខ្លួន [នៅថ្ងៃទី៣១
ខែធ្នូ]”។
ដើម្បីបញ្ចូលឈ្មោះលោក សម រង្ស៊ី ទៅក្នុងបញ្ជីថ្មីនេះ គណបក្សសង្គ្រោះជាតិត្រូវឲ្យសមាជិកសភាម្នាក់ ក្នុងចំណោមសមាជិកសភាបច្ចុប្បន្នរបស់ខ្លួនលាលែងពី តួនាទីរួមជាមួយនឹងបេក្ខជនបម្រុងទាំងអស់របស់ ខ្លួននៅក្នុងមណ្ឌលណាមួយ
ហើយបន្ទាប់ពីនោះ លោក សម
រង្ស៊ី អាចទទួលយកអាសនៈសភាទំនេរបានហើយ។
មន្ត្រីរូបនេះបានបន្តថា “បន្ទាប់មក គ.ជ.ប. អាចផ្ញើបញ្ជីឈ្មោះបេក្ខជនមានសុពលភាពថ្មីទៅ រដ្ឋសភាជាតិ។ នេះជាមធ្យោបាយបច្ចេកទេសដែលអាចជួយឲ្យគាត់ ក្លាយជាសមាជិកសភានៅត្រឹមឆ្នាំ២០១៤”។ មិនថាលោក សម រង្ស៊ី មានតួនាទីអ្វីក្នុងរយៈពេល៥ឆ្នាំបន្ទាប់ទេ
លោក ឡៅ
ម៉ុងហៃ អ្នកវិភាគនយោបាយឯករាជ្យបានលើកឡើងថា លោក
សម រង្ស៊ី គួរតែទាញយកប្រយោជន៍ពីប្រជាប្រិយភាពរបស់ខ្លួន ខណៈដើរតួនាទីជាមេដឹកនាំនយោបាយដ៏ឆ្លាតវៃ ក្នុងនាមជាប្រធានគណបក្សសង្គ្រោះជាតិ។
លោក ឡៅ ម៉ុងហៃ បានថ្លែងថា “ឥឡូវគាត់គួរតែទាញយកប្រយោជន៍ពីប្រជាប្រិយ ភាពរបស់ខ្លួន។ តើនៅក្នុងចំណោមមេដឹកនាំទាំងអស់ មានមេដឹកនាំប៉ុន្មាននាក់ក្រៅពីព្រះមហា ក្សត្រដែលមានអ្នកមកស្វាគមន៍ភ្លូកទឹកភ្លូកដី ពេល មកដល់អាកាសយានដ្ឋាន?”។ លោកបានបន្តថា “ខ្ញុំលើកទឹកចិត្តគាត់ឲ្យទាញយកប្រយោជន៍ពីចំណុច នេះ។
រក្សាការអត់ធ្មត់ រក្សាភាពស្ងប់ស្ងៀម ហើយធ្វើខ្លួនឲ្យសមជាអ្នកដឹកនាំនយោបាយដែល ឆ្លាតវៃជាងនេះ។
គាត់ឆេវឆាវបន្តិចហើយ។
ភាពឆេវឆាវនេះបានធ្វើឲ្យគាត់ជួបបញ្ហា” ដោយលោកបានសំដៅលើការអំពាវនាវពីលោក
សម រង្ស៊ី តាមហ្វេសប៊ុកឲ្យកងកម្លាំងប្រដាប់អាវុធ “ក្រោកឈរឡើង” ជាមួយអ្នកគាំទ្រគណបក្សខ្លួនដើម្បីផ្លាស់ប្តូរ រដ្ឋាភិបាល។
លោក ឡៅ ម៉ុងហៃ បានបន្ថែមថា “
គេអាចនាំគាត់ឡើងតុលាការម្តងទៀតដោយសារ ការថ្លែងបែបនេះ។
ខ្ញុំគិតថា ពួកគេដូចជាខ្លាចគាត់ នេះបើយើងវិភាគសម្តីរបស់ថ្នាក់ដឹកនាំគណ បក្សប្រជាជនពាក់ព័ន្ធទៅនឹងការគំរាមធ្វើបាតុកម្ម ។ល។ របស់គាត់”៕
No comments:
Post a Comment