Translate

Monday, September 9, 2013

អ្នក​នយោ​បាយ​ជំនាន់​ថ្មី​ ត្រូវ​បង្កើត​របៀប​ធ្វើ​នយោបាយ​ថ្មី​ រវាង​បក្ស​កាន់​អំណាច​ និង​បក្ស​ប្រឆាំង



អ្នក​នយោ​បាយ​ជំនាន់​ថ្មី​ ត្រូវ​បង្កើត​របៀប​ធ្វើ​នយោបាយ​ថ្មី​ រវាង​បក្ស​កាន់​អំណាច​ និង​បក្ស​ប្រឆាំង
លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន និង លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ
លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន និង លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ
RFI Khmer ០៩ កញ្ញា ២០១៣

គ្រប់​គណបក្សនយោបាយ​បាន​បង្កើត​ចលនា​យុវជន​របស់ខ្លួន។ អ្វីដែល​កំពុង​កើតឡើង​នៅពេលនេះ យុវជន​របស់​គណបក្ស​នយោបាយ​កំពុងតែ​ដើរ​តាម​គន្លង​របស់​អ្នកនយោបាយ​ជា​មនុស្ស ​ចាស់។ នោះ​គឺ អ្នកនយោបាយ​ដែល​មិនមែនជា​សមាជិក​របស់​ខ្លួន គឺជា​សត្រូវ។ 
ចាប់ពីពេលនេះ​ទៅ យុវជន​ដែលជា​អនាគត​អ្នក​ស្នង​ការងារ​ពី​មនុស្ស​ចាស់​ត្រូវបង្កើតរ​បៀ​ប​ធ្វើ ​នយោបាយ​ថ្មី ទៅតាម​សម័យ​ទំនើប និង​ការវិវត្តន៍​នៃ​សង្គម។ នោះ​គឺ​ការប្រឆាំង​គ្នា​តែ​ក្នុង​ក្របខណ្ឌ​កម្មវិធី​នយោបាយ ប៉ុន្តែ​ពួកគេ គឺជា​មិត្ត​នឹង​គ្នា។

មាន​យុវជន​ប្រមាណ៤លាន​នាក់​ក្នុងចំណោម​អ្នកបោះឆ្នោត​ទាំងអស់​ ជាង៩លាន៦សែន​នាក់ ដែលមាន​សិទ្ធិ​បោះឆ្នោត​នៅក្នុង​ការបោះឆ្នោត​នីតិកាល​ទី៥នេះ។ ក្នុងចំណោម​វត្តមាន​យុវជន៤លាន​នាក់​នោះ មាន​យុវជន​ថ្មី​ដែល​ទើប​គ្រប់​អាយុ​បោះឆ្នោត​ក្នុង​ឆ្នាំ២០១៣នេះ ចំនួន៣៧ម៉ឺន​នាក់​ដែរ។ កម្ពុជា​ទាំងមូល បានទទួល​ស្គាល់​វត្តមាន​របស់​យុវជន​នៅក្នុង​ឆាកនយោបាយ ច្រើន​ជា​លើកដំបូង​នៅក្នុង​ការបោះឆ្នោត​លើក​នេះ។ ហេតុ​ដូច្នេះហើយ​បានជា​គណបក្សនយោបាយនីមួយៗ បាន​ខិតខំ​ពង្រឹង និង​ពង្រីក​ចលនា​យុវជន​របស់ខ្លួន ដើម្បី គៀងគរ​ការគាំទ្រ​ពី​សមាជិក​ថ្មី​ដែលជា​យុវជន។

បាតុភូត​នេះ បាតុភូត​នៃ​វត្តមាន​យុវជន​នៅក្នុង​ឆាកនយោបាយ បានកើត​ឡើង​ចំ​ពេលដែល​អ្នកនយោបាយ​ជំនាន់​មុន បាន​ដើរមក​ដល់​វ័យ​ចំណាស់​របស់ខ្លួន​ដែរ។ ដូច្នេះ កាលៈទេសៈ​នេះ វា​កំពុងតែ​តំណាងអោយ​ពេលវេលា​ផង និង​ទីកន្លែង​ផង​នៃ​ការផ្ទេរ​ការងារ និង​មរតក​ពី​អ្នកនយោបាយ​ជា​មនុស្ស​ចាស់ មក​អ្នកនយោបាយ​ជា​យុវជន ឬ​មនុស្ស​ជំនាន់​ថ្មី។ ជាការ​ពិត ក្នុងនាម​ជា​យុវជន​អ្នកនយោបាយ បទពិសោធន៍ល្អៗទាំងឡាយ​របស់​អ្នកនយោបាយ​ជំនាន់​មុន ពូកគេ​ត្រូវ​រៀនសូត្រ​តាម។ ប៉ុន្តែ​ពួកគេ ក៏​អាចបង្កើត​របៀប​នៃ​ការធ្វើការងារ​ថ្មី ក្នុងនាម​ជា​អ្នកនយោបាយ​ជាន់​ថ្មី និង​ទាន់សម័យ​ដែរ។ ក្នុងន័យនេះ របៀប​នៃ​ការធ្វើ​នយោបាយ​បែប​ចង្អៀតចង្អល់ និង​រឹតត្បិត​ខ្លាំង​នោះ អ្នកនយោបាយ​ជំនាន់​ថ្មី​គួរតែ​ចៀសវាង។

អ្វីដែល​កំពុង​កើតមាន​ក្នុងពេល​បច្ចុប្បន្ននេះ​គឺ អ្នកនយោបាយ​នៃ​គណបក្ស​ផ្សេងគ្នា​គឺជា​សត្រូវ​នឹង​គ្នា។ មនោគមវិជ្ជា​នេះ ឬ​ទំនៀមទម្លាប់​នេះ ត្រូវបាន​សាប​ព្រួស​រហូតដល់ សកម្មជន​នយោបាយ​ទៀតផង។ និយាយ​បែប​ផ្សេង មនុស្ស​ដែល​ប្រកាន់​គណបក្ស​ផ្សេងគ្នា បាន​មើលគ្នា​ទៅវិញទៅមក​ថា ជាស​ត្រូវ​តែម្តង។ បើទោះជា​ធ្លាប់ ជា​មិត្ត​ភ័​ក្ត​នឹង​គ្នា​ក៏ដោយ តែបើ​ចៃដន្យ​ត្រូវ​ប្រកាន់​គណបក្សនយោបាយ​ផ្សេងគ្នា​នោះ មិត្ត​ភ័​ក្ត​ទាំងនេះ​មិន​ហ៊ាន​នឹង​ជួបគ្នា​ទៀត​ទេ។ មូលហេតុ គឺ​ដោយសារតែ​ពួកគេ​បារម្ភ​ខ្លាច​អំពី​ការចោទប្រកាន់​ពី​អ្នកនយោបាយ​ ថ្នាក់លើ។ នេះហើយ​នយោបាយ​ចង្អៀតចង្អល់ នយោបាយ​ដែល​បង្កើតអោយមាន​ការ​បែងចែក​បក្សពួក និង​ចុងក្រោយ គឺ​ការបែកបាក់​ជាតិ​នោះ។

ឥឡូវនេះ ស្រប​ពេលដែល​ការបញ្ចូល​សមាសភាព​អ្នកនយោបាយ​ជាន់​ថ្មី ដែលជា​យុវជន​គណបក្សនីមួយៗនោះ ពួកគេ​ត្រូវ​ប្រើ​របៀប​ធ្វើការ​ថ្មី។ ហើយ​ពិតណាស់ គេ​ត្រូវការ ការបើកចំហរ​ចិត្ត និង​ការគាំទ្រ​ពី​អ្នកនយោបាយ​វ័យ​ចំណាស់ ដែល​គួរតែ​អនុញ្ញាតអោយ​អ្នកនយោបាយ​ជំនាន់​ក្រោយ អនុវត្ត​វប្បធម៌​ថ្មី។ វប្បធម៌​ដែល​នឹង​នាំ​ប្រយោជន៍​ដល់​ប្រជាជាតិ​ទាំងមូល។

គេ​គួរ​ក្រឡេក​ទៅ​មើល គំរូល្អៗមួយចំនួន​ដែល​បណ្តា​ប្រទេស​ក្នុង​លោក​បាន​បង្កើតឡើង ហើយ​ដែល​កម្ពុជា​ក៏បាន​ចូលរួម​ដែរនោះ។ នោះ​គឺ​ការបង្កើត​ទីកន្លែង និង​ឱកាស​អោយ​យុវជន​ពី​បណ្តា​ប្រទេស​នានា​បាន​ស្គាល់គ្នា និង​ចែករំលែក​បទពិសោធន៍​អោយ​គ្នា​ទៅវិញទៅមក។ គោលដៅ​នេះ​គឺ​គ្មានអ្វី ក្រៅពី​កសាង​បណ្តាញ​ទំនាក់​ទំនងជា​វិជ្ជមាន​ដើម្បី​ការអភិវឌ្ឍន៍ និង​សន្តិភាព​នោះឡើយ។ ឧទាហរណ៍ ការបង្កើតអោយមាន​តំណើ​រ​នាវា​ចរនៃ​យុវជន​អាស៊ាន​ជប៉ុន ទំនាក់​ទំនងជា​មិត្តភាព​រវាង​គណបក្សនយោបាយ​នៃ​ប្រទេសមួយ ជាមួយ​គណបក្សនយោបាយ​នៃ​ប្រទេស​មួយទៀត ដែល​គ្របដណ្តប់​ដល់​ការបង្កើត​ឱកាស​អោយ​ការផ្លាស់ប្តូរ​ទស្សនកិច្ច​រវាង​ យុវជន​របស់​គណបក្ស​ទាំងនោះ​ជាដើម។

គណបក្សនយោបាយធំៗនៅ​កម្ពុជា​សុទ្ធតែ​បាន​អនុវត្ត​នយោបាយ​ទាំងនេះ។ បើ​គណបក្សនយោបាយ​នៅ​កម្ពុជា​សុទ្ធតែ​លើកទឹកចិត្ត​អោយ​យុវជន​របស់ខ្លួន​ ស្គាល់គ្នា និង​ជជែក​ជាមួយ​យុវជន​របស់​គណបក្ស​នយោបាយ​នៅ​បរទេស ហេតុអ្វី​បានជា​យុវជន​នៃ​គណបក្សនយោបាយ​ផ្សេងគ្នា​នៅ​កម្ពុជា មិនអាច​មើលមុខ​គ្នា​បាន?

ការបើក​ទូលាយ និង​អនុញ្ញាតអោយ​យុវជន​របស់​គណបក្ស​នយោបាយ រួមទាំង​សមាជិក​នយោបាយ និង​សកម្មជន​នយោបាយ​ផង​អាច​ប្រាស្រ័យ​ទាក់ទង​គ្នា​ដោយ​ចំហរ​នោះ វា​នឹង​នាំអោយមាន​ប្រយោជន៍​ទៅវិញ​ទេ។ ទីមួយ នេះ​គឺជា​ទស្សនទាន​នៃ​ការកសាង​វប្បធម៌​សន្តិភាព ឯកភាព​ជាតិ។ ប្រកាន់​គោលនយោបាយ​ផ្សេងគ្នា​មែន​ក្នុង​វិស័យ​នយោបាយ ប៉ុន្តែ​ពួកគេ​គឺជា​ជនរួមជាតិ​តែមួយ និង​ជា​មិត្ត​ភ័​ក្ត​នឹង​គ្នា។ ទី២ ប្រសិនបើ ពួកគេ​ធ្លាប់បាន​កសាង​មិត្តភាព​ជាមួយគ្នា​ក្នុង​ក្របខណ្ឌ​នៃ​ការប្រកាន់​ គោលនយោបាយ​ផ្សេងគ្នា​ហើយ​នោះ ហើយ​បើ​ពួកគេ​បាន​ក្លាយជា​អ្នកនយោបាយ​ជាន់ខ្ពស់​ក្នុងពេល​អនាគត ពួកគេ​រឹតតែ​អាច​ជជែក​គ្នា​ដោយ​សន្តិវិធី និង​ដោយ​ងាយស្រួល ក្នុង​កាលៈទេសៈ​នៃ​វិបត្តិ​នយោបាយ​ក្តី ឬក៏​វិបត្តិ​របស់​ប្រទេសជាតិ​ក្តី។ ទី៣ ការបង្កើត​វប្បធម៌​មិត្តភាព​ក្នុង​រង្វង់​ជាតិ​សាសន៍​តែមួយ​នេះហើយ គេ​នឹង​អាច​ឃើញ​ទិដ្ឋភាព​នៃ​គណបក្សកាន់អំណាច អញ្ជើញ​គណបក្សជំទាស់​មក​ពិភាក្សា ផ្តល់​គំនិត​ក្នុង​បញ្ហា​ជាតិ ដូច​ក្នុង​បណ្តា​ប្រទេស​ជឿនលឿន​មួយចំនួន​នោះ។

នេះហើយ​ជា​របៀប​នៃ​ការធ្វើ​នយោបាយ​ថ្មី ដែល​យុវជន​អ្នកនយោបាយ​គួរ​ពិចារណា និង​សាកល្បង​អនុវត្ត។ ប៉ុន្តែ និយាយ​ម្តងទៀត លទ្ធភាព​នៃ​ការអនុវត្ត​អ​កប្ប​កិរិយា​ថ្មី​នេះ ត្រូវការ​ការ​ការគាំទ្រ​ពី​អ្នកនយោបាយ​ចាស់ទុំ​បច្ចុប្បន្ន​ដែល​ប្រាថ្នា​ ចង់ឃើញ​បរិយាកាស​ថ្មី​នៃ​ការធ្វើ​នយោបាយ របស់​អ្នកនយោបាយ​ជាន់ក្រោយ។ និយាយ​សរុប​មកវិញ ការប្រឆាំង​គ្នា​គឺ​មានតែ​នៅក្នុង​វេទិកា​ពិភាក្សា ការពារ​គោលនយោបាយ និង​កម្មវិធី​នយោបាយ ដែល​ត្រូវ​ធ្វើជា​សាធារណៈ​ដើម្បី​ប្រយោជន៍​ប្រជាជន​ប៉ុណ្ណោះ។ ក្នុងន័យនេះ គណបក្សនយោបាយ​ទាំងអស់​គួរតែ​ប្រជែង​គ្នា​អំពី​ការសរសេរ​កម្មវិធី​នយោបាយ​វិញ ជាជាង​ការ​ប្រជែង​គ្នា​បង្កើន​នយោបាយ​ចង​អ​ឃាត។ ប្រសិនបើ គេ​អាច​ធ្វើបាន​មែន​នោះ ពេលនោះ​ហើយ​ដែលជា​សករាជ​ថ្មី​នៃ​នយោបាយ​នៅ​កម្ពុជា៕

No comments:

Post a Comment