Translate

Saturday, September 7, 2013

អង្គការ​ចំនួន​៤០៖ ដំណោះស្រាយ​ផ្នែក​នយោបាយ អាច​ដោះស្រាយ​ជម្លោះ​បោះឆ្នោត​បាន​​

អង្គការ​ចំនួន​៤០៖ ដំណោះស្រាយ​ផ្នែក​នយោបាយ អាច​ដោះស្រាយ​ជម្លោះ​បោះឆ្នោត​បាន​​

 

VOD - ថ្ងៃសៅរ៍ ទី៧ ខែកញ្ញា ឆ្នាំ2013

 

អង្គការ​ចំនួន​៤០  នៅ​ថ្ងៃ​សៅរ៍​នេះ អំពាវនាវ ឲ្យ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា ជួប​គ្នា​ជា​បន្ទាន់ ដើម្បី​ដោះស្រាយ​ជម្លោះ​បោះឆ្នោត និង​ដើម្បី​ចៀសវាង​ការបង្កឲ្យ​មានភាព​ប្រទុស្តរាយ​ក្នុងសង្គម​។


សេចក្តីអំពាវនាវ​ជា​បន្ទាន់​របស់​បន្ទប់​ ស្ថានការណ៍​ថ្ងៃ​បោះឆ្នោត ធ្វើឡើង​ភ្លាមៗ បន្ទាប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ បាន​ធ្វើ​មហា​បាតុកម្ម នៅ​ថ្ងៃ​ទី​០៧​ខែកញ្ញា​នេះ ហើយ​ការទាមទារ​របស់​ពួកគេ​ឲ្យមាន​គណៈកម្មការ​ចម្រុះ​ត្រួតពិនិត្យ​ ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត និង​ការអំពាវ នាវ​ឲ្យ​ពន្យារ​ពេល​នៃ​ការប្រកា​ស​លទ្ធផល​បោះឆ្នោត ត្រូវបាន​បដិសេធ​ទាំងអស់​។​
បន្ទប់​ស្ថានការណ៍​ថ្ងៃ​បោះឆ្នោត ដែល​មាន​អង្គការ​៤០​ជា​សមាជិក លើកឡើង​ក្នុ​សេចក្តីថ្លែងការណ៍​ថា ក្រប​ខណ្ឌ​ច្បាប់ ដែល​បាន​អនុវត្ត​កន្លងមក​របស់​ស្ថាប័ន​គជប និង​ក្រុមប្រឹក្សាធម្មនុញ្ញ បរាជ័យ​ក្នុង​ការស្វែងរក​យុត្តិធម៌​ជូន​ម្ចាស់​ឆ្នោត​ឲ្យបាន​ត្រឹមត្រូវ និង​ស្ងប់ចិត្ត​។ បន្ទប់​ស្ថានការណ៍​បញ្ជាក់ថា មាន​តែ​ការដោះស្រាយ​តាម​ផ្លូវ​នយោបាយ​ទេ ដែល​អាច​ឈាន​ទៅរក​ការដោះស្រាយ​ភាពមិនប្រក្រតី និង​ជម្លោះ​នៃ​ការបោះឆ្នោត​។
សេចក្តីថ្លែងការណ៍​លើកឡើងថា គណបក្ស​សង្គ្រោះ​ជាតិ បាន​លើក​ជា​សំណើ​ផ្លូវការ​ឲ្យមាន​ជំនួប​ជា​ច្រើនលើក​ហើយ ដូច្នេះ​គណបក្ស​ប្រជា​ជន​កម្ពុជា គួរតែ​ផ្តល់​ចម្លើយ​ជា​វិជ្ជមាន​នៅ​ពេល​ឆាប់ៗ​ខាងមុខ​។ សង្គម​ស៊ីវិល​៤០​នោះ បារម្ភ​ជាខ្លាំង​ថា ការបរាជ័យ​ក្នុង​ការដោះ ស្រាយ​​ជម្លោះ​បោះឆ្នោត​តាម​ផ្លូវ​នយោបាយ អាច​បង្ក​ឲ្យមាន​ភាព​ប្រទុស្ត​សារាយ​ក្នុងសង្គម វិបត្តិ​នយោបាយ និង​សេដ្ឋកិច្ច​សង្គម​ធ្ងន់ធ្ងរ ដែល​ធ្វើឲ្យប៉ះពាល់​ដល់​ជីវភាព​រស់នៅ​សុខ​សាន្ត​របស់​ប្រជាពលរដ្ឋ​។
ក្នុងពេល​មហា​បាតុកម្ម​នៅ​ព្រឹក​ថ្ងៃ​ សៅរ៍​នេះ គណបក្ស​សង្គ្រោះ​ជាតិ បានទាមទារ​ឲ្យ​បង្កើត​គណៈកម្មការ​ចម្រុះ ស៊ើបអង្កេត​ការ​បោះឆ្នោត តែ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង លើកឡើងថា ការបង្កើត​គណៈកម្មកា​រ​ចម្រុះ មិន​គោរព​ច្បាប់​។ គណបក្ស​សង្គ្រោះ​ជាតិ ព្រមាន​ការ​ធ្វើ​មហា​បាតុកម្ម​បន្តបន្ទាប់ ប្រសិនបើ​គជប មិន​ពន្យារ​ការប្រកាស​លទ្ធផល​បោះឆ្នោត​នៅ​ថ្ងៃអាទិត្យ​ស្អែក​នេះ តែ​គជប ចេញ​សេចក្តីជូនដំណឹង​ថា ខ្លួន​នឹង​ប្រកាស​លទ្ធផល​បោះឆ្នោត នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ​។​

​គណបក្ស​សង្គ្រោះ​ជាតិ ព្រមាន​ធ្វើ​មហា​បាតុកម្ម​ជា​បន្តបន្ទាប់ ប្រសិនបើ​មិន​មាន​គណៈកម្មការ​ចម្រុះ និង​ការពន្យារពេល​ប្រកាស​លទ្ធផល​បោះឆ្នោត​។​
លោក ស ខេង នៅ​ថ្ងៃ​សៅរ៍​នេះ អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ និង​អ្នកចូលរួម​តវ៉ា រក្សា​ភាព​ស្ងៀមស្ងាត់ រង់ចាំ​ការចរចា​រវាង​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ចៀស​មិន​ផុត​ទេ តែ​លោក​មិន​អាច​បញ្ជាក់​លម្អិត​ពី​ពេលវេលា និង​របៀបវារៈ​នៃ​ការចរចា​នេះ​ទេ​។​
អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ធ្លាប់​ប្រាប់​VOD​ថា គណបក្សប្រឆាំង ចង់​ជួប​ជាមួយ​ថ្នាក់ដឹកនាំ​កំពូល ដែល​អាច​សម្រេច​ការងា​រ​បាន គឺ​ជាមួយ​លោក​ស ខេង ឬក៏​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។
គួរបញ្ជាក់​ថា ក្រោយ​ការបោះឆ្នោត លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​លើក​ឡើង​ថា លោក​មាន​ក្រុមការងារ ដើម្បី​ចរចា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ រក​ដំណោះស្រាយ តែ​ប្រសិនបើ​មាន​ភាពជាប់គាំង​មិនអាច​ដោះស្រាយបាន លោក នឹង​ចេញ​មុខ​ដោះស្រាយ​៕

No comments:

Post a Comment