Translate

Monday, September 16, 2013

អាជីវកម្ម​នៅ ភ្នំពេញ កំពុង​ទទួល​រង​ផល​ប៉ះពាល់

អាជីវកម្ម​នៅ ភ្នំពេញ កំពុង​ទទួល​រង​ផល​ប៉ះពាល់
ភ្នំពេញ ប៉ុស្តិ៍ 16 កញ្ញា 2013

ភ្នំពេញៈ ការ​បិទ​ផ្លូវ​តាម​វិថី​សំខាន់ៗ​មួយ​ចំនួន​នៅ​ភ្នំពេញ​ កាល​ពី​ម្សិលមិញ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរការ​អាជីវកម្ម​របស់​ ពាណិជ្ជករ​ជាច្រើន។

ម្ចាស់អាជីវកម្ម និង​បុគ្គលិក​តាម​ហាង​លក់​ទំនិញ​នានា​រួម​មាន​ដូចជា ភោជនីយដ្ឋាន ហាង​កាហ្វេ ផ្សារ​ទំនើប​បាន​អះអាង​ថា​ការ​រឹត​បន្តឹង​សុវត្ថិភាព​នោះ​បាន​ធ្វើ​ឲ្យ​ការ​ លក់ និង​ដំណើរការ​អាជីវកម្ម​ជា​រួម មាន​ការ​ថយ​ចុះ​ខណៈ​ខ្លះ​ទៀត​ត្រូវ​ផ្អាក​ដំណើរការ​ដោយ​សារ​មិន​មាន​ អតិថិជន។

រនាំង​ដែក និង​បន្លា​លួស​អម​ដោយ​កម្លាំង​ប្រដាប់​អាវុធ ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​តាម​វិថី​សំខាន់ៗ​មួយ​ចំនួន​ជា​ពិសេស​នៅ តំបន់​ជុំវិញ​វិមាន​ឯករាជ្យ និង​គេហដ្ឋាន​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ដើម្បី​ការពារ​សុវត្ថិភាព សណ្តាប់ធ្នាប់ ស្រប​ពេល​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចាប់​ផ្តើម​ដំណើរការ​បាតុកម្ម​ថ្ងៃ​ ដំបូង​កាល​ពី​ម្សិលមិញ ដែល​មាន​រយៈ​ពេល​បី​ថ្ងៃ។

ខណៈ​ដែល​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​លើក​ឡើង​ថា នឹង​បន្ត​ទាមទារ​ឲ្យ​ទាល់​តែ​បាន​ការ​បង្កើត​គណៈកម្មាធិការ​ចម្រុះ​មួយ​ ដើម្បី​ស៊ើប​អង្កេត និង​ដោះស្រាយ​ភាព​មិន​ប្រក្រតី​នានា​ដែល​បាន​កើត​ឡើង​នៅ​ថ្ងៃ​បោះឆ្នោត​កាល​ ពី​ថ្ងៃ ទី២៨ កក្កដា ការ​រឹតបន្តឹង​សុវត្ថិភាព​ក្នុង​ទម្រង់​បែប​នេះ​ទំនង​ជា​នឹង​មិន​អាច​បញ្ចប់ ​នា​ពេល​ឆាប់ៗ​ឡើយ។

លោក ហៀក ហួរ ម្ចាស់​ផ្ទះ​សំណាក់ ញូវខេសល ២ ដែល​មាន​ទីតាំង​តាម​បណ្តោយ​ផ្លូវ ១៧២ ខាង​លិច​មហា​វិថី នរោត្តម បាន​ឲ្យ​ដឹង​ថា​ភ្ញៀវ​ចូល​ស្នាក់នៅ​ក្នុង​ផ្ទះ​សំណាក់​របស់​លោក​បាន​ថយ​ចុះ​ ប្រមាណ ៣០ ភាគរយ​ពី​ថ្ងៃ​ធម្មតា។ លោក​អះអាង​ថា​ភ្ញៀវ​ភាគ​ច្រើន​គឺជា​ភ្ញៀវ​បរទេស ហើយ​អ្នក​ដែល​ស្នាក់នៅ​ស្រាប់​ខ្លះ​បាន​រើ​ចេញ​បន្ទាប់​ពី​ពួក​គេ​ឃើញ​ការ​ ដាក់​ពង្រាយ​បន្លា​លួស រនាំង​ដែក និង​កម្លាំង​សមត្ថកិច្ច ដោយ​សារ​ពួក​គេ​ពិបាក​ធ្វើ​ដំណើរ។ លោក​បាន​បន្ត​ថា៖ «ខ្ញុំ​បារម្ភ​ពី​បញ្ហា​ហ្នឹង​ណាស់ ប៉ុន្តែ​អត់​ដឹង​ធ្វើ​ម៉េច​ដើម្បី​ដោះស្រាយ​ទេ។ ខ្ញុំ​គិត​ថា ប្រសិន​បើ​បញ្ហា​ទំាង​នេះ​មិន​អាច​ដោះស្រាយ​បាន​ឆាប់ៗ ភ្ញៀវ​នឹង​កាន់​តែ​ស្ងាត់»

មហា​វិថី នរោត្តម ត្រូវ​បាន​ដាក់​ពង្រាយ​កម្លាំង​សមត្ថកិច្ច និង របាំង​ដែក រាល់​ផ្លូវ​ដែល​មាន​ច្រក​តូចៗ ឬ មាន​ផ្លូវ​តូចៗ​កាត់។ ស្ទើរ​តែ​គ្មាន​រថយន្ត និង​ម៉ូតូ​អាច​ធ្វើ​ចរាចរណ៍​បាន​តាម​មហា​វិថី នរោត្តម កាល​ពី​ម្សិលមិញ។

ផ្សារ ទំនើប ផេនសល នៅ​តាម​ផ្លូវ ២១៤ បាន​បិទ​កាល​ពី​ម្សិលមិញ​បន្ទាប់​ពី​បើក​ដំណើរការ​បាន​ពីរ​បី​ម៉ោង​រួច​មក ដោយ​សារ​មាន​អតិថិជន​តិច​ពេក។

បុគ្គលិក​ផ្សារ​ទំនើប ផេនសល ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹង​ថា ជា​ទូទៅ​មាន​អតិថិជន​រាប់​រយ​នាក់​មក​ទិញ​ទំនិញ​នៅ​ផ្សារ​រៀង​រាល់​ថ្ងៃ តែ​កាល​ពី​ម្សិលមិញ​អតិថិជន​បាន​ថយ​ចុះ​យ៉ាង​ខ្លាំង ដោយ​មាន​តែ​អ្នក​ស្នាក់នៅ​ជិតៗ​ផ្សារ​មក​ទិញ​ប៉ុណ្ណោះ។

ហាង​កាហ្វេ Brown Café ដែល​នៅ​ជាប់​នឹង​ផ្សារ​ទំនើប ផេនសល នៅ​បន្ត​ដំណើរការ​កាល​ពី​ម្សិលមិញ​តែ​មាន​ភ្ញៀវ​តិច​ជាង​សព្វ​ដង​។ ក្នុង​ហាង​មាន​តែ​តុ​បី​ប៉ុណ្ណោះ​ដែល​មាន​ភ្ញៀវ ហើយ​សុទ្ធ​សឹង​ជា​ជន​បរទេស។

កញ្ញា ប៉ែន សម្ផស្ស អ្នក​គ្រប់​គ្រង​ទូទៅ​ហាង​កាហ្វេ Brown សាខា​ផ្លូវ សម្តេច ប៉ាន បាន​ឲ្យ​ដឹង​ថា​អតិថិជន​មាន​ការ​ថយ​ចុះ​យ៉ាង​ខ្លាំង​ប្រៀប​ធៀប​នឹង​ថ្ងៃ​ ធម្មតា។ អ្នក​ដែល​មក​ទទួល​ទាន​កាហ្វេ​ដែល​មាន​ក្នុង​ហាង​សុទ្ធ​តែ​អ្នក​ដែល​មាន​លំនៅ ​នៅ​ជិតៗ​ហាង។ កញ្ញា​បន្ត​ថា៖ «រៀង​រាល់​ថ្ងៃ​នៅ​ពេល​ខ្ញុំ​ដើរ​ក្នុង​ហាង​ក្រឡេក​មើល​ទៅ​ទី​ណា​ក៏​សុទ្ធ​ តែ​ភ្ញៀវ តែ​ថ្ងៃ​ហ្នឹង​ក្រឡេក​ទៅ​ឃើញ​តែ​តុ​ទំនេរ»

ម្ចាស់​ហាង​មួយ​ចំនួន​នៅ តំបន់​សង្កាត់ ទន្លេ​បាសាក់ ខាង​ត្បូង និង​ខាង​កើត​វិមាន​ឯករាជ្យ​បាន​បិទ​កាល​ពី​ម្សិលមិញ​ដោយ​សារ​តែ​ការ​បារម្ភ​ ពី​សុវត្ថិភាព ខណៈ​អ្នក​ផ្សេង​ទៀត​នៅ​តែ​បើក​ដំណើរការ​ប៉ុន្តែ​មាន​អតិថិជន​តិច​តួច។

អ្នក​ស្រី ស្រូយ លីនដា អ្នក​គ្រប់​គ្រង​ទូទៅ​នៅ​ហាង​លក់​សម្លៀក​បំពាក់ ភ្នំពេញ ឈរ នៅ​តាម​ដង​ផ្លូវ​លេខ ២៩៤ នៅ​ខាង​មុខ​ច្រក​ចូល​ហាង​ដែល​នៅ​បន្ត​ដំណើរការ​ជា​ធម្មតា។

អ្នក​ស្រី​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ការ​បោះឆ្នោត​កាល​ពី​ខែ កក្កដា អ្នក​ស្រី​ហាក់​ស្ទាក់​ស្ទើរ ហើយ​ពេល​ខ្លះ​គ្រោង​ផ្អាក​ដំណើរការ​ហាង​មួយ​រយៈ​សិន​ដោយ​សារ​តែ​ការ​បារម្ភ​ ពី​សុវត្ថិភាព និង បន្ទាប់​ពី​ឮ​ពាក្យ​ចចាម​អារ៉ាម​គួរ​ឲ្យ​ខ្លាច​ជា​ច្រើន​ទាក់​ទង​នឹង​ការ​ បង្ក្រាប។ ប៉ុន្តែ​ជាក់ស្តែង ពាក្យ​ចចាម​អារ៉ាម​ជាច្រើន​គឺជា​ការ​បំផ្លើស ដូច្នេះ​អ្នក​ស្រី​បាន​សម្រេច​ចិត្ត​បន្ត​បើក​ហាង ព្រោះ​ខ្លាច​បាត់បង់​អតិថិជន។ អ្នក​ស្រី​និយាយ​ថា៖ «ខ្ញុំ​មិន​ចង់​បិទ​ហាង​ខ្ញុំ​ម្ដង​ហើយ ម្ដង​ទៀត​នោះ​ទេ»

ឆ្លើយ​តប​នឹង​សំណួរ​ស្ដី​ពី​ថា ការ​រឹត​បន្តឹង​សន្តិសុខ សណ្តាប់ធ្នាប់​របស់​រដ្ឋាភិបាល​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរការ អាជីវកម្ម លោក ឡុង ឌីម៉ង់ អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ​បាន​លើក​ឡើង​ថា ការ​បន្ថែម​សន្ដិសុខ​ត្រូវ​តែ​មាន​ដោយ​សារ​តែ​មាន​ការ​តវ៉ា​ប្រឆាំង​រហូត​ ឈាន​ដល់​ហិង្សា​។ លោក​បន្ដ​ថា៖ «ពួកគេ [បាតុករ] ចាប់​ផ្ដើម​ដើរ​ក្បួន ហើយ​អ្នក​ខ្លះ​បាន​ប្រើ​អំពើ​ហិង្សា​ទៅ​ប៉ូលិស ដូច្នេះ​យើង​ត្រូវ​តែ​បិទ​ផ្លូវ​ក្នុង​គោល​បំណង​រក្សា​សន្ដិសុខ។ សុវត្ថិភាព និង​សន្ដិសុខ​គឺជា​អាទិភាព»

ហាង​លក់​ឡាន​ទំនើបៗ​ឈ្មោះ ហាក់ ស៊្រុន ១ នៅ​ស្តុប បូកគោ តាម​បណ្តោយ​មហា​វិថី ម៉ៅសេទុង កែង​វិថី ព្រះមុនីវង្ស បាន​យក​ឡាន​ចេញ​អស់​កាល​ពី​ម្សិលមិញ។

បើ​ទោះ​បី​យ៉ាង​នេះ​ក្តី លោក ឈុន គីមស្រ៊ុន នាយក​គ្រប់​គ្រង ហាង​លក់​ឡាន ហាក់ ស្រ៊ុន ១ មាន​ប្រសាសន៍​ប្រាប់ ភ្នំពេញ ប៉ុស្ត៍ កាល​ពី​ម្សិលមិញ​ថា លោក​ត្រូវ​ទៅ​ពិនិត្យ​សុខភាព​នៅ​ប្រទេស​ថៃ​ពីរ​ទៅ​បី​ថ្ងៃ ហើយ​មិន​មាន​អ្នក​គ្រប់​គ្រង​ជំនួស។ ដូច្នេះ​លោក​ត្រូវ​យក​ទុក​កន្លែង​សុវត្ថិភាព​សិន»

No comments:

Post a Comment