Translate

Friday, September 6, 2013

នាយករដ្ឋមន្ត្រី​ទីម័​រខាង​កើត ជួប​ជាមួយ​លោក ហេង សំរិន នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​​

នាយករដ្ឋមន្ត្រី​ទីម័​រខាង​កើត ជួប​ជាមួយ​លោក ហេង សំរិន នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​​


 

VOD​​ | 06-09-2013


​នាយករដ្ឋមន្ត្រី​​ទីម័​រ​ខាង​​កើត​ (East Timor) ដែល​បាន​ទទួល​ការ​គាំទ្រ​ពី​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន ក្នុង​ការ​​ស្នើ​សុំ​ចូល​​ជា​​សមា​ជិក​ASEAN នៅ​​ព្រឹក​​ថ្ងៃ​​សុក្រ​​នេះ នឹង​​ដាក់​​កម្រង​ផ្កា​​នៅ​​វិមាន​ឯក​រាជ្យ បន្ទាប់​មក​​លោក​​នឹង​​ជួប​​ជាមួយ​​ប្រធាន​រដ្ឋ​សភា លោក ហេង សំរិន​។​

​កាល​ពី​​ថ្ងៃ​​ព្រហស្បតិ៍ នាយក​រដ្ឋមន្ត្រី​ទីម័​រខាង​កើត លោក កៃ រ៉ា​ឡា សា​ណា​ណា ហ្គោស​ម៉ៅ ​(Kay Rala Xanana Gusmao) បាន​មកដល់​កម្ពុជា ដោយ​លោក​​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​សម​ភាគី លោក ហ៊ុន សែន​។ ក្នុងជំនួប​នោះ លោកនាយក​រដ្ឋមន្ត្រី បាន​សម្តែង​ការគាំទ្រ​ឲ្យ​ប្រទេស​ទីម័​រខាង​កើត ចូល​ជា​សមាជិក​អាស៊ាន​។
ក្នុង​កិច្ចពិភាក្សា​នោះ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា លោក ចម ប្រសិទ្ធ និង​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​របស់​ទីម័​រខាង​កើត ក៏​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ស្តីពី​ការអភិវឌ្ឍ​ផ្នែក​ពាណិជ្ជកម្ម និង​បច្ចេកទេស រវាង​ប្រទេស​ទាំង​ពីរ​។
សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងការបរទេស ឲ្យដឹងថា លោក កៃ រ៉ា​ឡា សា​ណា​ណា ហ្គោស​ម៉ៅ​ (Kay Rala Xanana Gusmao)  នឹង​មក​បំពេញ​ទស្សន​កិច្ច​​ជា​​ផ្លូវ​ការ​​នៅ​​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​៥ ដល់ថ្ងៃទី​៨ ​​ខែ​កញ្ញា តាម​ការអញ្ជើញ​របស់​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន​។ សេចក្តី​ជូន​ព័ត៌មាន​បន្តថា  នាយករដ្ឋមន្ត្រី​រូបនេះ នឹង​បន្ត​ទៅ​ទស្សនា​ប្រាសាទ​អង្គរវត្ត​នៅ​ខេត្ត​សៀមរាប​។ លោក​គ្រោង​នឹង​ត្រឡប់​ទៅ​ប្រទេស​វិញ នៅ​ថ្ងៃ​ចន្ទ សប្តាហ៍​ក្រោយ​។​
កាលពី​ឆ្នាំ​២០១០ នាយករដ្ឋមន្ត្រី​ប្រទេស​ទីម័​រខាង​កើត ធ្លាប់បាន​មក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​រួច​មក​ហើយ ក្នុង​គោលបំណង​ជួប​ជាមួយ​និស្សិត​កម្ពុជា​នៅ​​រាជធានី​ភ្នំពេញ ដើម្បី​ពិភាក្សា​អំពី​វប្បធម៌​នៃ​ការកសាង​សន្តិភាព និង​ការ​អភិ​វ​ឌ្ឍ​នៅក្នុង​ពិភពលោក​។

លោក Gusmao បាន​ក្លាយជា​នាយក​រដ្ឋមន្ត្រី East Timor ចាប់តាំងពី​ឆ្នាំ​២០០៧ ហើយ​លោក​គឺ​ជា​ម្ចាស់​រង្វាន់ ស៊ីដ​នី សន្តិភាព​មួយរូប។ កម្ពុជាបាន​ក្លាយ​​ជា​សមាជិក​ទី​១០ ចុងក្រោយ​នៃ​អាស៊ាន កាលពី​ថ្ងៃ​ទី​៣០​ខែ​មេសា ឆ្នាំ​១៩៩៩៕

No comments:

Post a Comment