Translate

Friday, September 6, 2013

គណបក្ស​សង្គ្រោះ​ជាតិ បង្ហាញ​ខ្លឹមសារ​បួងសួង ទាមទារ​បង្កើត​គណៈកម្មកា​រ​ចម្រុះ​​

គណបក្ស​សង្គ្រោះ​ជាតិ បង្ហាញ​ខ្លឹមសារ​បួងសួង ទាមទារ​បង្កើត​គណៈកម្មកា​រ​ចម្រុះ​​


VOD| ថ្ងៃសុក្រ ទី៦ ខែកញ្ញា ឆ្នាំ២០១៣

គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​សុក្រ​នេះ បង្ហាញ​ខ្លឹមសារ​នៃ​ការ​បួងសួង​ក្នុង​មហា​បាតុកម្ម ដោយ​នៅ​តែ​ទាមទារ​ឲ្យមាន​ការបង្កើត​គណៈ​កម្ម​​កា​រ​ចម្រុះ​ពិសេស ត្រួតពិនិត្យ​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត ដែល​មាន​ការចូលរួម​ពី​អង្គការសហប្រជាជាតិ ។​
គណបក្ស​សង្គ្រោះ​ជាតិ បាន​បង្វែរ​ពី​ការធ្វើ​មហា​បាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ មក​ជា​ការ​បួងសួង​សុំ​សន្តិភាព និង​យុត្តិធម៌​វិញ នៅ​ថ្ងៃ​សៅរ៍​​ស្អែក​នេះ ដែល​អាច​នឹង​មាន​មនុស្ស​ចូលរួម​ប្រមាណ​ជា​២​ម៉ឺន​។​
ខ្លឹម​សារ​នៃ​ពិធី​បួងសួង បង្ហាញថា មហា​បាតុកម្ម គឺធ្វើឡើង​ក្នុង​គោលបំណង​ស្វែងរក​យុត្តិធម៌​ជូន​ម្ចាស់ឆ្នោត និង​ទាមទារ​ឲ្យមាន​ការ​បង្កើ​ត​​គណៈកម្មកា​រ​ឯករា​ជ្សមួយ ដែល​មាន​អង្គការ​ជាតិ និង​អង្គការ​សហប្រជាជាតិ​ចូលរួម​ដោះស្រាយ​នូវ​ភាព​មិន​ប្រក្រតី​នៃ​ ការបោះឆ្នោត​។​គណបក្ស​សង្គ្រោះ​ជាតិ​បន្តថា គណៈកម្មការ​នេះ ត្រូវ​លាតត្រដាង​ការ​ពិត​អំពី​លទ្ធផល​នៃ​ការបោះឆ្នោត ដើម្បី​ធានា​ការគោរព​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ខែ្មរ​ពិតប្រាកដ​។​
គណ​បក្ស​សង្គ្រោះ​ជាតិ ក៏​បាន​ប្រកាស​ជំហរ​ខ្លួន​ថា ប្រកាន់​នូវ​គោលការណ៍​អហិង្សា​ទាំង​កាយ វាចារ ចិត្ត ដោយ​មិន​ចាត់ទុក​ខែ្មរ​ណាមួយ​ជា​​សត្រូវ​ឡើយ តែ​ចង់​បាន​យុត្តិធម៌ និង​ការផ្សះផ្សារ​ជាតិ​ជា​ស្ថាពរ​។ ខ្លឹមសារ​នៃ​ការ​បួងសួង ក៏​សូមឲ្យ​បារមី​ទាំងអស់ ជួយ​បីបាច់​ថែរក្សា​ដល់​យើងទាំងអស់គ្នា ជា​បាតុករ​អហិង្សា​ឲ្យ ជួបតែ​សេចក្ដីសុខ សេចក្តីចម្រើន និង​សូម​ជួយ​តម្រែតម្រង់​ផ្លូវ​ដល់​ជន​ទាំងឡាយណា​ដែល​កំពុង​ដើរ​ផ្លូវ​ ហិង្សា ដែល​ជា​ផ្លូវខុស ឲ្យ​ងាក​មក​រួម​ជាមួយ​គ្នា សំដៅ​ឯកភាព​ជាតិ​ខ្មែរ​តែមួយ ដើម្បី​ចូល​សង្គ្រោះ​ជាតិ​របស់​យើង​ឲ្យទាន់​ពេលវេលា​។​
គណបក្ស​សង្គ្រោះ​ជាតិ ក៏​នឹង​បួងសួង​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ព្រះ​នាង​ឥន្ទ្រៈ​ទេវី ព្រះ​បរម​រតនៈ​កោដិ ព្រះបាទ​សម្ដេច​នរោត្តម សីហនុ និង​ដួងវិញ្ញាណ​ក្ខ័​ន្ធ​បុព្វការីជន និង​បុព្វបុរស​ខ្មែរ​ស្នេហា​ជាតិ​ទាំងអស់ សូម​យាង និង​អញ្ជើញ​ចូលរួម​មក​សន្ឋិត​ក្នុង​ដួងចិត្ត​បាតុករ និង​ប្រជា​ពល​រដ្ឋ​ខ្មែរ​ទាំងអស់ ឲ្យ​ចេះ​រួបរួម​សាមគ្គី​គ្នា​វិញ​ជា​ធ្លុង​មួយ​៕

No comments:

Post a Comment