Translate

Wednesday, September 4, 2013

អ្នក​វិភាគ​បារម្ភ​បាតុករ​បក្ស​សង្គ្រោះ​ជាតិ​ជួប​វិបត្តិ​សេដ្ឋកិច្ច



អ្នក​វិភាគ​បារម្ភ​បាតុករ​បក្ស​សង្គ្រោះ​ជាតិ​ជួប​វិបត្តិ​សេដ្ឋកិច្ច



វិទ្យុអាស៊ីសេរី ០៤-០៩-២០១៣

អ្នក​វិភាគ​លើ​ស្ថានការណ៍​នយោបាយ​ក្រោយ​ការ​បោះ​ឆ្នោត​សុំ​ឲ្យ​អ្នក​ នយោបាយ​ពិចារណា​ឲ្យ​ស៊ី​ជម្រៅ​ទៅ​លើ​ការ​បើក​ឱកាស​ឲ្យ​ពលរដ្ឋ​ចូល​រួម​ធ្វើ​ មហា​បាតុកម្ម និង​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​បញ្ហា​មុខ​របរ​ទ្រទ្រង់​ជីវភាព​ប្រចាំ​ថ្ងៃ​ របស់​ពួកគាត់។

លោក​បណ្ឌិត សុខ ទូច និង​ជា​អ្នក​វិភាគ​ឯករាជ្យ​មាន​ប្រសាសន៍​ថា មុន​នឹង​ឈាន​ទៅ​ដល់​គម្រោង​ធ្វើ​បាតុកម្ម​នោះ លោក​សង្កេត​ឃើញ​អ្នក​នយោបាយ​ហាក់​មិន​បាន​ប្រើ​ឱកាស​ក្នុង​ការ​ចរចា​រក​ ដំណោះស្រាយ​ឲ្យ​អស់​លទ្ធភាព​នៅ​ឡើយ។

លោក​ពន្យល់​ថា ជម្រើស​ធ្វើ​បាតុកម្ម​មិន​ប្រាកដ​ថា នឹង​ទទួល​បាន​ដំណោះស្រាយ​នោះ​ទេ ហើយ​ការ​កៀរគរ​ប្រពលរដ្ឋ​ឲ្យ​មក​ចូល​រួម​នៅ​ពេល​នេះ​ក៏​ជា​លំបាក​ដែរ។ លំបាក​ដោយសារ​ពលរដ្ឋ​ក្រីក្រ​រក​ព្រឹក​ខ្វះ​ល្ងាច។ ដូច្នេះ​បញ្ហា​នេះ​ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​ជីវភាព​របស់​ពួកគាត់​ផ្ទាល់​ តែម្ដង បើ​សិន​ជា​បាតុកម្ម​នោះ​ត្រូវ​អូស​បន្លាយ​ពេល​យូរ​ថ្ងៃ​នោះ ប៉ុន្តែ​លោក​គាំទ្រ​នូវ​ជម្រើស​ធ្វើ​អ្វី​ឲ្យ​លឿន ទោះ​ដោយ​មធ្យោបាយ​ណា​ក៏ដោយ។ បើ​មិន​ដូច្នេះ​ទេ មហា​បាតុកម្ម​នោះ​នឹង​ខ្វះ​កម្លាំង​ចូល​រួម​គាំទ្រ។

ទោះ​យ៉ាង​ណា​អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក​បណ្ឌិត សុខ ទូច យល់​ឃើញ​ថា បាតុកម្ម​អាច​នឹង​ធ្វើ​ទៅ​បាន ប៉ុន្តែ​អ្នក​ដែល​ព្រួយ​បារម្ភ​ខ្លាំង​មិន​មែន​មេដឹកនាំ​ជាន់​ខ្ពស់​នៃ​ គណបក្ស​នយោបាយ​ទាំង​ពីរ​នោះ​ទេ។ ប្រជាពលរដ្ឋ​ដែល​មាន​ចំណូល​ត្រឹមតែ​មួយ​ដុល្លារ​ក្នុង​មួយ​ថ្ងៃ​នឹង​ជួប​ វិបត្តិ​សេដ្ឋកិច្ច​ឆ្នាំង​បាយ នេះ​មិន​ទាន់​រាប់​ពី​ម៉ាក្រូ​សេដ្ឋកិច្ច ការ​វិនិយោគ​វិស័យ​ទេសចរណ៍ និង​ឧស្សាហកម្ម​កម្រិត​ធ្ងន់​នៅ​ឡើយ។ លោក​បន្ត​ថា អ្នក​នយោបាយ​គួរ​ប្រើប្រាស់​ឲ្យ​អស់​លទ្ធភាព​ចរចា និង​កុំ​អាល​យក​កម្លាំង​ប្រជាជន​ធ្វើ​ជា​ដំណោះស្រាយ​ស្វែង​រក​យុត្តិធម៌។

ទាក់ទង ​នឹង​គម្រោង​ធ្វើ​មហា​កូដកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នេះ​ដែរ ប្រជាពលរដ្ឋ​មាន​ការ​យល់​ឃើញ​ផ្សេងៗ​គ្នា។ ពលរដ្ឋ​ខ្លះ​ថា អ្នក​នយោបាយ​ល្មម​ឆ្អែត​ហើយ ចំពោះ​ការ​ទាស់ទែង​គ្នា​ក្នុង​រឿង​ដណ្ដើម​គ្នា​យក​ឈ្នះ​ចាញ់​ដោយ​មិន​គិត​ពី ​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ​តូចតាច។

ពលរដ្ឋ​ខ្លះ​មាន​អារម្មណ៍​ភ័យ​ខ្លាច​នឹង​ភាព​វឹកវរ​ក្នុង​សង្គម​ដែល​ ធ្លាប់​កើត​មាន​ច្រើន​ជំនាន់​មក​ហើយ ហើយ​បាន​បង្ក​នូវ​គ្រោះ​មហន្តរាយ​ធ្ងន់ធ្ងរ​ដល់​សង្គម​ជាតិ ហើយ​គ្រួសារ​ខ្មែរ​ជួប​តែ​ការ​ព្រាត់ប្រាស សាច់​ញាតិ​ហិនហោច​ទ្រព្យ​សម្បត្តិ ធ្លាក់​ខ្លួន​ក្រ​រហូត​សព្វថ្ងៃ។ អ្នក​ខ្លះ​ទៀត​ហាក់​មិន​ខ្វល់​នឹង​រឿង​ទាំង​នេះ​ឡើយ ដោយសារ​ពួក​គាត់​បាន​ជួប​នឹង​រឿង​អយុត្តិធម៌​ក្នុង​សង្គម​សព្វថ្ងៃ​ហួស​ និស្ស័យ។ ពួក​គាត់​ថា សង្គម​បច្ចុប្បន្ន​គួរ​តែ​ល្មម​ដល់​ពេល​ផ្លាស់ប្ដូរ​ទៅ​រក​សេចក្ដី​សុខ មាន​សេរីភាព យុត្តិធម៌​ក្នុង​សង្គម​ហើយ។ ពួកគាត់​ថា គ្រប់​គ្នា​គួរ​តែ​ហ៊ាន​ខាតបង់​ថ្ងៃ​នេះ​សម្រាប់​ចំណេញ​ទាំង​អស់គ្នា​ទៅ​ អនាគត។

លោក​បណ្ឌិត សុខ ទូច មាន​ប្រសាសន៍​ថា ក្តី​រំពឹង​ពី​ការ​ផ្លាស់ប្ដូរ​សង្គម​តាម​រយៈ​បាតុកម្ម​ជា​ក្តី​សង្ឃឹម​ ស្រមោល​ដែល​ពិបាក​ជឿ​ទុក​ចិត្ត​បាន ដូច​វិធីសាស្ត្រ​ការ​ចរចា​ដែល​យក​គោលការណ៍​មក​អនុវត្ត​នោះ​ទេ។

ចំណែក​អ្នក​សិក្សា​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍ​សង្គម លោក កែម ឡី វិញ យល់​ឃើញ​ថា ការ​ចូល​រួម​របស់​មហា​ជន​អាច​មាន​ច្រើន ទោះ​មហា​បាតុកម្ម​នោះ​ត្រូវ​អូស​បន្លាយ​ពេល​វែង​យ៉ាង​ណា​ក្តី អោយ​តែ​បាតុកម្ម​នោះ​ស្រប​តាម​ឆន្ទៈ​ពួក​គាត់​ចង់​បាន និង​ដោយ​អហិង្សា​ពិត​មែន។ លោក​បន្ត​ថា អ្នក​ដែល​ចូល​រួម​មហា​បាតុកម្ម​ភាគ​ច្រើន​ជា​ពលរដ្ឋ​ស្ថិត​ក្នុង​ស្រទាប់​ ក្រីក្រ​បំផុត ឬ​ក្រុម​អ្នក​ដែល​រក​ចំណូល​ស្ទើរ​តែ​មិន​បាន​ក្នុង​មួយ​ថ្ងៃ ប៉ុន្តែ​ក្រុម​នេះ​នឹង​មាន​ការ​ឧបត្ថម្ភ​ជា​ប្រយោល​ពី​ក្រុម​អ្នក​មាន អ្នក​មធ្យម ដែល​ពួកគាត់​ចង់​ចូល​រួម​ដែរ​តែ​មិន​ហ៊ាន​ចេញ​មុខ។ លោក​បន្ត​ថា ការ​ធ្វើ​បាតុកម្ម​អហិង្សា​អាច​ជំរុញ​ឲ្យ​មាន​ការ​ពិភាក្សា​ស៊ី​ជម្រៅ​ក្នុង ​ការ​កែ​ទម្រង់​របៀប​ដឹក​នាំ​ប្រទេស​មួយ​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​សប្បាយ​ចិត្ត។

គណបក្ស​ប្រឆាំង​រំពឹង​ថា នឹង​មាន​មហា​ជន​ប្រមាណ​ជាង ២​ម៉ឺន​នាក់​នឹង​ចូល​រួម​ក្នុង​បាតុកម្ម​នៅ​ថ្ងៃ​ដំបូង គឺ​ថ្ងៃ​ទី​៧ កញ្ញា ក្នុង​រាជធានី​ភ្នំពេញ ហើយ​ចំនួន​នេះ​អាច​នឹង​ទៅ​រួច ព្រោះ​គណបក្ស​ប្រឆាំង​បាន​ស្ទាបស្ទង់​កម្លាំង​អ្នក​គាំទ្រ​ម្ដង​រួច​មក​ហើយ​ ក្នុង​វេទិកា​ជួបជុំ​មួយ​នៅ​ទីលាន​ប្រជាធិបតេយ្យ​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​សីហា។

រី​ឯ​កម្លាំង​បាតុករ​មហាជន​នៅ​តាម​បណ្ដា​ខេត្ត​អាច​នឹង​ងើប​ឡើង​ជា​ បន្តបន្ទាប់ នៅ​គ្រា​ដែល​លោក សម រង្ស៊ី និង​លោក កឹម សុខា បាន​បំផុស​គំនិត​ឲ្យ​ចូល​រួម​បាតុកម្ម​តាម​រយៈ​វេទិកា​សំណេះសំណាល​ជាមួយ​ អ្នក​គាំទ្រ​យ៉ាង​មមាញឹក​ក្រោយ​ការ​បោះ​ឆ្នោត។

មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រកាស​អះអាង​បញ្ជាក់​ម្ដង​ហើយ​ម្ដង​ទៀត​ ថា គម្រោង​ធ្វើ​មហា​បាតុកម្ម​នោះ​ធ្វើ​ដោយ​អហិង្សា ទាមទារ​ឱ្យ​បង្កើត​គណៈកម្មការ​ពិសេស​ឯករាជ្យ​មួយ ដើម្បី​ស៊ើប​អង្កេត​រក​ការ​ពិត និង​យុត្តិធម៌ ពាក់ព័ន្ធ​នឹង​ការ​បោះឆ្នោត។ ប៉ុន្តែ​មហា​បាតុកម្ម​នោះ​មាន​ការ​ផ្លាស់​ប្តូរ​វិធីសាស្ត្រ​ក្នុង​ការ​តវ៉ា ​ខ្លះៗ ដូចជា​មាន​ដាក់​បញ្ចូល​ពិធី​ស្មិងស្មាធិ៍​សុំ​សន្តិភាព និង​យុត្តិធម៌​ក្នុង​សង្គម​ជាដើម៕

No comments:

Post a Comment