Translate

Monday, September 9, 2013

អន្តរាគមន៍​យោធា​នៅ​ស៊ីរី ៖ ទឹក​ផ្តាច់​ព្រ័ត្រ​របស់​លោក អូបាម៉ា !


អន្តរាគមន៍​យោធា​នៅ​ស៊ីរី ៖ ទឹក​ផ្តាច់​ព្រ័ត្រ​របស់​លោក អូបាម៉ា !

RFI Khmer ០៩ កញ្ញា​ ២០១៣
បទសម្ភាសន៏ជាមួយ អៀង សុខម៉ិញ 

តើ​ការ​បោះឆ្នោ​ត​នេះ​មាន​ដំណើរ​ការ​យ៉ាង​ដូចម្តេច ?

ចាស​ មែន​ហើយ !​ ទាំង​វិមាន​រដ្ឋាភិបាល​ សេតវិមាន ទាំង​សមាជិក​សភា ទាំង​អ្នក​សារព័ត៌មាន សុទ្ធ​តែ​កំពុង​គុណ​គិត បូក​លេខ​អត្ត តាមគ្រប់​វិធី​ទាំង​អស់​ ប៉ុន្តែ​រហូត​មក​ទល់​នឹង​ម៉ោង​នេះ គ្មាន​នរណា​ម្នាក់​អាច​មាន​សមត្ថភាព​ព្យាករណ៍​បាន​ថា​តើ​សភា​អាមេរិក នឹង​បោះឆ្នោត​គាំទ្រ​ឬ ប្រឆាំង​ សំណើ​ធ្វើ​ប្រតិបត្តិការ​យោធា​នៅ​ស៊ីរី​នេះ​ទេ។ នៅព្រឹទ្ធសភា គណៈកម្មការ​កិច្ច​ការបរទេស​បាន​អនុម័ត​ព្រមព្រៀង​ឱ្យ​មាន​ការ​វាយប្រហារ​ យោធា​លើ​របប​ដឹកនាំ​ក្រុង​ដាម៉ាស​ហើយ ប៉ុន្តែ​ការ​បោះឆ្នោត​សម្រេច​ដ៏សំខាន់​នឹង​ប្រព្រឹត្តទៅ​ពុធ​ឯណោះ​ទេ។ នៅ​ព្រឹទ្ធ​សភានេះ គណបក្ស​ប្រជាធិបតេយ្យ​របស់​លោក​អូបាម៉ា មាន​សំឡេង​ច្រើន។ ​ចេញពី​ព្រឹទ្ធសភា​ ត្រូវ​ឆ្លង​សភា​ជាន់​ទាប​ទៀត។  គឺ​នៅ​ទីនោះ​ហើយ​ដែល​អាចជួប​ការលំបាកខ្លាំង​ព្រោះ​ បក្ស​ប្រជាធិបតេយ្យ​មាន​សំឡេង​ភាគ​តិច។ ប្រធាន​សភាដែល​ជា​អ្នក សាធារណរដ្ឋ ​គាំទ្រ​សំណើ​របស់​លោក​អូបាម៉ា​មែន ប៉ុន្តែ​នេះ​ជំហរ​បុគ្គល​តែ​ប៉ុណ្ណោះ។ មានសមាជិក​បក្ស​ ​តិច​តួច​បំផុត​ដែល​តាម​លោក។ បើតាម​សារព័ត៌មាន មាន​តែ​តំណាង​តែ​២៤​នាក់​ប៉ុណ្ណោះ​ដែល​ចង់ឃើញ​អន្តរាគមន៍​យោធា ខណៈ​ដែល​ ​គេត្រូវ​ការ​សំឡេង​គាំទ្រ​ដល់​ទៅ ២១៧​សំឡេង​ទើប​គ្រប់គ្រាន់។

ហេតុ​ដូច្នេះ​ហើយ​បាន​ជា​រដ្ឋាភិបាល និង​រូប​លោក អូបាម៉ា​ ផ្ទាល់​កំពុង​បើក​យុទ្ធនាការ​យ៉ាង​សកម្ម​និង​មមារញឹក​បំផុត។ ទូរស័ព្ទ​ទៅ​បញ្ចុះ​បញ្ចូល​សមាជិក​សភា​ផង ថ្លែង​សារ​តាម​កញ្ចក់​ទូរទស្សន៍​ផង។ លោក​ប្រធានាធិបតី​ ទំនង​ជា​បាន​ផ្តល់​បទ​សម្ភាសន៍​ ដល់​ប៉ុស្តិ៍ទូរទស្សន៍​ចំនួន​៦ ថត​ទុក​ចាក់​ផ្សាយ​នៅ​ល្ងាច​នេះ ​ និង​ឡើង​ថ្លែង​សុន្ទរកថា​នៅ​ចំពោះ​មុខ​សភា​ ហើយ​នៅ​ថ្ងៃ​អង្គារ​ស្អែក លោក​អូបាម៉ា នឹងថ្លែង​សារ​ទៅ​ប្រជាជាតិ​អាមេរិក​ទាំង​មូល​តែ​ម្តង​បន្ថែម​ទៀត។ ជាមួយ​គ្នា​នេះ ឯកសារ​វីដេអូ​ បង្ហាញ​​ពី​ស្ថានភាព​គ្រោះ​ថ្នាក់ និង​​ជន​រងគ្រោះ​ស៊ីរី ពី​វាយប្រហារដោយ​អាវុធ​គីមី កាលពី​ថ្ងៃ​ទី ២១សីហា ដែល​ជា​បុព្វហេតុ​នាំ​ឱ្យ​រដ្ឋបាល​អូបាម៉ា​​ចង់​ធ្វើ​ប្រតិបត្តិការយោធា​ ព្រមាន​របប​ក្រុង​ដាម៉ាស ក៏​ត្រូវ​ចាក់​ផ្សាយ​វិល​ទៅ​វិលមក​ពេញ​កញ្ចក់​ទូរទស្សន៍​អាមេរិក។ ប៉ុន្តែ​ទន្ទឹម​គ្នា​នោះ បទ​សម្ភាសន៍​ជាមួយ​នឹង​ប្រធានាធិបតី​ស៊ីរី បាស្ហារ អាល់អាសាទ ដែល​បដិសេធ​គ្មានជាប់​ពាក់ព័ន្ធ​​នឹង​ការ​ប្រើប្រាស់​អាវុធ​គីមី ក៏​នឹងត្រូវ​ចាក់ផ្សាយ​ទាំង​ស្រុង​តាមកញ្ចក់​ទូរទស្សន៍​អាមេរិក​ដែរ។

ចុះ​ប្រសិន​បើ​ សភា​អាមេរិក បោះឆ្នោត​ប្រឆាំង​នឹង​​ប្រតិបត្តិការ​យោធា​នៅស៊ីរី​មែន ?!

ទេ ! មិន​ប្រាកដ​ទេ ! ប៉ុន្តែ​​​នេះ ជា​សេណារីយោ ដ៏​អាក្រក់​បំផុត ដែល​លោក​អូបាម៉ា ចង់​បញ្ចៀស​ឱ្យ​បាន នៅ​ក្នុង​ល្បែង​នយោបាយ​ដ៏គ្រោះថ្នាក់​លើក​នេះ។ ដូច​រចនា ដឹងស្រាប់​រួច​មក​ហើយ ថា​តាម​ការពិត​ទៅ​នោះ ប្រធានាធិបតី​អាមេរិក​មាន​សិទ្ធិ​ មាន​អំណាច​សម្រេច តែ​ម្នាក់​ឯង​​ចេញ​ធ្វើ​​ប្រតិបត្តិការ​យោធា​នៅបរទេស ដោយ​មិនបាច់​សួរ​យោបល់​ពីសភា​ទេ ដូច​ដែល​ប្រធានាធិបតី​អាមេរិក​មុន​ៗ មានជាអាទិ៍​លោក George Bush សម្រេច​ធ្វើ​សង្គ្រាម​នៅ​អ៊ីរ៉ាក់​ជា​ដើម ប៉ុន្តែ​លោក​អូបាម៉ា ចង់​លេង​ល្បែង​ជា​ប្រធានាធិបតី​ផង និង​ទំនុក​ចិត្ត​ផង ទើប​ស្នើ​សុំ​ការ​ឯកភាព​ពីសភា។ បើ​សភា​យល់​ព្រម​ នោះអន្តរាគមន៍​យោធា​អាមេរិក​​​កាន់​តែ​មាន​ឥទ្ធិពល ត្រូវ​ដឹង​ត្រូវ​ដង​តាំង​រដ្ឋាភិបាល ទាំង​សភា​ ទាំង​ប្រជាជន។ ប៉ុន្តែ​បើ​សភា​ថា​ “ទេ” នោះ​លោកអូបាម៉ា ពិត​ជា​ជួប​ការ​លំបាក​ខ្លាំង ព្រោះ​បើ​នៅ​តែ​ចចេស​ធ្វើ​សង្គ្រាម​ នោះ​នឹង​ត្រូវ​ប្រឆាំង​នឹង​ឆន្ទៈ​ប្រជាជាតិ តែ​បើ​មិន​ធ្វើ​គឺ​ដូច​ជា​លេប​សំដី​ខ្លួនឯង​ ព្រោះ​លោក​បាន​ធ្លាប់​ព្រមាន​ដាក់​ទណ្ឌកម្ម​ចាស់​ដៃ​លើ​របប​ណា​ដែល​ហ៊ាន​ កន្លង​បន្ទាត់​ក្រហម​ហាមឃាត់ ពោល​គឺ​ការ​ប្រើប្រាស់​អាវុធ​គីមី​ប្រល័យ​ជីវិត​មនុស្ស​​នេះ​ឯង​​។

ប្រតិកម្ម​របស់​សហគមន៍​អន្តរជាតិ

នៅ​ប្រទេស​អង់គ្លេស ក្រោយ​ពី​សភា​បោះឆ្នោត​ប្រឆាំង​ រដ្ឋាភិបាល​ក្រុង​ឡុងដ៍ បាន​បោះបង់​ចោល​គំនិត​ចង់​ធ្វើ​អន្តរាគមន៍​នៅ​ស៊ីរី ប៉ុន្តែ​រដ្ឋាភិបាល​នេះ​ គាំទ្រ​ជានិច្ច​នយោបាយ​ការទូត​របស់​អាមេរិក។ ចំណែក​ប្រទេស​បារាំង​វិញ លោក​ប្រធានាធិបតី​ ហ្វ្រង់​ស័រ​ ហូឡង់ បាន​រង់ចាំ​សេចក្តី​សម្រេច​របស់​សភា​អាមេរិក និង​របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ ស្តីពី​ការ​ប្រើប្រាស់​អាវុធ​គីមី នៅ​ស៊ិរី​សិន​ ទើប​ផ្តល់​សេចក្តីស​ម្រេចចិត្ត​តាមក្រោយ។ សូមបញ្ជាក់​ថា ដំបូង​ឡើយ គឺ​បារាំង​និង​អាមេរិក​ ដែល​មាន​គំនិត​ផ្តួច​ផ្តើម​និយាយ​អំពី​អន្តរាគមន៍​យោធា​នៅស៊ីរី​មុន​គេ​។ ចំណែក​ចិន​និង​រុស្ស៊ី គ្មាន​អ្វី​ប្លែក ដូចជា​លើក​មុនៗ តែង​តែ​ប្រឆាំង​ដាច់​ខាត​នឹង​ការវាយប្រហារ​យោធា។ ចិន​បាន​សើ្ន​ឱ្យ​អាមេរិក មាន​ការ​ប្រុង​ប្រយ័ត្ន​ ហើយ​យក​ល្អ គួរ​តែ​វិល​ទៅ​កាន់​តុ​អង្គការ​សហប្រជាជាតិ​ពិភាក្សា​គ្នា។ សម្រាប់​ប្រមុខ​ការទូត​រុស្ស៊ី​ ប្រតិបត្តិការ​យោធា បាន​ត្រឹម​​នាំ​ដល់ការ​ផ្ទុះ​ឡើង​ខ្លាំង​នៃ​សកម្មភាព​ភេរវនិយម ហើយ​មិន​ទាន់​ជ្រុល​ពេល​ទេ​ដែល​ត្រូវ​វិល​មក​ដោះស្រាយ​វិបត្តិ​តាម​ផ្លូវ​ នយោបាយ។

​​ខណៈ​ដែល​សភា​អាមេរិក​ហៀប​នឹង​សម្រេច​ចិត្ត​ធ្វើ​អន្តរាគមន៍​យោធា​ ស្រាប់​តែ​ពាក្យ​ថា​ដំណោះស្រាយ​ដោយ​សន្តិវិធី តាម​ផ្លូវ​នយោបាយ​បាន​ ធ្លាយ​ចេញយ៉ាង​ផុស​ផុល។​ របប​ក្រុង​ដាម៉ាស​បាន​ប្រកាស​យល់ព្រម​វិល​ទៅ​កាន់​តុ​ចរចា ដោយ​ឥត​លក្ខខណ្ឌ​ទៀត​ផង៕

No comments:

Post a Comment