Translate

Friday, September 6, 2013

រុស្ស៊ី បាក់មុខ​​នៅ​ក្នុង​​កិច្ច​ប្រជុំ​​កំពូល G20 ករណី​ប្រទេស​ស៊ី​រី​

រុស្ស៊ី បាក់មុខ​​នៅ​ក្នុង​​កិច្ច​ប្រជុំ​​កំពូល G20 ករណី​ប្រទេស​ស៊ី​រី​

 

VOD | ថ្ងៃសុក្រ ទី៦ ខែកញ្ញា ឆ្នាំ២០១៣​ 

 


ការទទួល​ទាន​អាហារ​ពេល​ល្ងាច​របស់​ក្រុម G20 (រូបថត AFP)

កិច្ចប្រជុំ​​ប្រទេស​​ឧស្សាហ​កម្ម​​ជឿន​លឿន G20 ដែល​​បាន​ប្រព្រឹត្ត​​នៅ​​ប្រទេស​​រុស្ស៊ី បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ក្រុង​​ម៉ូស្គូ បាក់​​មុខ ដោយ​សារ​តែ​​ប្រទេស​មហា​អំណាច​មួយ​​នេះ បាន​​តវ៉ា​​ជំទាស់​ផែន​ការ​​របស់​​អាមេរិក ដែល​នឹង​ចូលលុកលុយ​​ប្រទេស​ស៊ី​រី នៅ​ប៉ុន្មាន​​ថ្ងៃ​​ទៀត ដើម្បី​​ផ្ដួល​រំលំ​​របប​​ផ្ដាច់​ការ លោក​​អាល់​អា​សាដ​។​

​មាន​សេចក្ដីរាយការណ៍​ជាច្រើន បានឲ្យ​ដឹងថា ការ​ប៉ះ​ទង្គិច​​គ្នា បាន​កើត​​មាន​​រវាង​​មេដឹក​នាំ​​ប្រទេស​​រុស្ស៊ី លោក Vladimir Putin និង​ពួក​​ប្រទេស​មហា​អំណាច​លោក​ខាង​លិច ជាពិសេស​​គឺ​​អាមេរិក ករណី​ភាព​តាន​តឹង​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ប្រ​ទេស​​​ប្រទេស​​ស៊ី​រី និង​​ផែន​ការ​ចូល​លុក​​លុយ ពី​​សំណាក់​​​កង​ទ័ព​អាមេរិក​ ​នៅ​​​ពេល​ដ៏​​ឆាប់​​ខាង​មុខ​នេះ​។​
នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​អ៊ីតាលី Enrico Letta បាន​និយាយថា ការខ្វែង​គំនិត​​គ្នា​បាន​កើត​ឡើង​​​ជា​ខ្លាំង គឺ​​រហូត​ដល់​ពេល​​ទទួល​ទាន​​អាហារ​​ពេល​​ល្ងាច ហើយ​មូល​​ហេ​តុ​គឺ​​បណ្ដាល​មក​ពី លោក Vladimir Putin ប្រធានាធិបតី​រុស្ស៊ី ​ចោទ​សួ​រ​លោក អូ​បា​ម៉ា ករណី​រៀប​ចំ​​ទ័ព​ចូល​លុក​លុយ​​ប្រទេស​​ស៊ី​រី ។ លោក Putin បាន​វាយប្រហារ អាមេរិក ថា​​កំពុង​មាន​មហិច្ឆតា​ឯកតោ​ភាគី ចង់​ផ្ដួល​​រំលំ​របប​មួយ​​​ដែល​ស្របច្បាប់ ប៉ុន្តែ លោក​​អូ​បា​ម៉ា ចោទ​​បក​​វិញ​ថា រុស្ស៊ី​កំពុង​​យក​​ក្រុម​ប្រឹក្សា​សន្តិ​សុខ​អង្គការ​សហ​ប្រជា​ជាតិ​​ធ្វើ​ ជា​​ចំណាប់​ខ្មាំង ហើយ ភ្លាមៗ​នោះ ទាំង​អង់គ្លេស បារាំង ដែល​ជា​សម្ព័ន្ធមិត្ត​អាមេរិក បាន​ទទូច​ថា គេ​មិន​ត្រូវ​ទុក​ឲ្យ​របប​​ផ្ដាច់​ការ​មួយ​សម្លាប់​​ប្រជាជន​​ខ្លួន យ៉ាង​​រង្គាល​​នោះ​ទេ ជាពិសេស ការប្រើ​អាវុធ​គីមី គឺ​ជា​បំពាន​នឹង​ច្បាប់​អន្តរជាតិដ៏​ធ្ងន់​ធ្ងរ​។

នៅក្នុង​ក្រុង​ញូវយ៉ក អង្គការ​សហ​ប្រជា​ជាតិ ប្រកាស​​ឲ្យ​​មាន​​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​សន្តិ​សុខ​​​​ជា​បន្ទាន់ ករណី​​​ប្រទេស​​ស៊ី​រី គឺ​ដើម្បី​ចាប់ផ្ដើម​ចរចា​សន្តិភាព តែ​​មើល​ទៅ តំណាង​​បេសកម្ម​​អាមេរិក​​នឹង​មិន​​ស្ដាប់​ឡើយ​ ព្រោះ​​ពេលវេលា​​ដែល​​អាមេរិក​ចូល​លុក​លុយ​​ប្រទេស​​ស៊ី​រី ក៏​​កាន់​តែ​​គៀក​​មក​​ដល់​​ដែរ។
ខណៈ លោក ពូទីន ​បាក់​មុខ​​នៅ​ឯ​កិច្ចប្រជុំ G20 មាន​សេចក្ដីរាយការណ៍ថា ប្រទេស​មហា​អំណាច​មួយ​នៅ​អឺរ៉ុប​​ខាង​កើត​នេះ បាន​បញ្ចូន​នាវាចម្បាំង​មួយ​​​គ្រឿង​​ដែល​បំ​ពាក់​​ដោយ​អាវុធ​ទំនើបៗ នឹង​ទៅ​កាន់​ឈូង​​សមុទ្រ​ប្រទេស​ស៊ី​រី នៅ​​ពេល​​ឆាប់​​នេះ ។​
បើ​ទោះ​ស្ថិត​ភាព​​បាក់​មុខ​បន្តិច​​ក្ដី តែ​លោក​ពូ​ទីន​ ព្យាយាម​​ញញឹម​​ដាក់កាមេ​រ៉ា ខណៈ​​លោក​បាន​​ចាប់​ដៃ​រ​លាក់​​ម្ដង​ទៀត​​ជាមួយ លោក​​អូ​បា​ម៉ា តែ​​មួយ​រំពេច លោក​ស្រី Angela Merkel ​អធិការ​បតី​អាឡឺម៉ង់ បាន​ប្រកាស​​ភ្លាមៗ ថ្កោល​ទោស​ការ​​សម្លាប់​​​រង្គាល​​នៅ​​ស៊ី​រី ​តែ​លោក​ស្រី​មិន​បាន​សន្យា​​ណា​មួយ ចូល​រួម​​ជាមួយ​​អាមេរិក ករណី​​ប្រទេស​​ស៊ី​​រី​​នោះ​ទេ ខណៈ​ប្រធាន​​សហភាព​​អឺរុប លោក  Herman van Rompuy បាន​​ថ្លែង​​ចំអក លោក​ពូ​ទីន ​ថា​បើ​មិន​មាន​​សកម្ម​ភាព​​ក​​ង​ទ័ព​ទេ គឺ​ស្ថាន​ការណ៍​នៅ​​ស៊ី​រី​កាន់​តែ​​អាក្រក់ ហើយ​កាល​ដែល​កង​ទ័ព​ លោក​​ អាល់​​អា​សាដ ប្រើ​​អាវុធ​​គីមី​បាញ់​ប្រហារ​ជន​​ស៊ីវិល​គឺ​ជា​​បទ​ឧក្រិដ្ឋ​​ប្រឆាំង​​ មនុស្ស​ជាតិ ដ៏​​ធ្ងន់​ធ្ងរ។

លោក​ពូ​ទីន​ ព្យាយាម​និយាយ​​ដដែល​ៗ​​ថា សង្គ្រាម​​មិន​​អាច​រក​ដំណោះ​​ស្រាយ​​បាន​ទេ ករណី​​ប្រទេស​​ស៊ី​រី តែ​​ការ​លើកឡើង​ដូចនេះ​ហាក់​ពុំមាន អ្នក​ស្ដាប់​​ច្រើន​ទេ។ សកម្មភាព​កងទ័ព​ប្រឆាំង​ប្រទេស​​ស៊ី​រី របស់​​អាមេរិក ឬ​​លោក​ខាង​លិច បាន​​កំពុង​​ដើរ​​លើ​ផ្លូវ​មួយ ​ដែល​​អាច​​ធ្វើ​​បែក​បាក់​​ជា​ខ្លាំង រវាង​ប្រទេស​មហា​អំណាច ចិន និង​​រុស្ស៊ី ដែល​ប្រឆាំង​​ដាច់​ខាត​ចលនា​​កង​ទ័ព​​ណា​មួយ ចូល​លុក​លុយ​ប្រទេស​ស៊ី​រី ពី​​សំណាក់​​កង​ទ័ព​​អាមេរិក។ តែ​ខណៈ លោក​​អូ​បា​ម៉ា នៅ​តែ​​រង់​ចាំ​ភ្លើង​​ខៀវ​​ពី​​សមាជិក​​សភា​ប៉ុណ្ណោះ គឺ​​អាច​​ដឹក​នាំ​​ទ័ព​​ចូល​លុក​លុយ​​ប្រទេស​​ស៊ី​រី ឆាប់ៗ​​នេះ​ហើយ។ ​

ទន្ទឹម​នឹងនេះ ប្រទេស​មហា​អំណាច បារាំង បានប្រកាស​ថា ខ្លួន​ជួយ​​​ទាំង​​​​កង​​ទ័ព និង​ស្បៀង​​ ដើម្បី​ជួយ​អាមេរិក ឲ្យ​​បញ្ចប់​​របប​​ផ្ដាច់​ការ​​របស់ អាល់​អាសាដ បាន​ឆាប់​​បំផុត ខណៈ​​ដែល​មេដឹក​នាំ​​រុស្ស៊ី និង​​អាមេរិក មិន​​បា​ន​ចុះ​​កិច្ចព្រមព្រៀង​ជាមួយគ្នា​ណាមួយ ដែល​​ឈាន​​ដល់​ការ​ផ្អាក​សកម្មភាព​ក​ង​ទ័ព​​អាមេរិក សំដៅ​ចូលលុក​លុយ​ប្រទេស​ស៊ី​​រី​​នោះ​ឡើយ ក្រៅពី​មេដឹកនាំ​​រុស្ស៊ី សន្យា​​បន្ត​​ប្រឆាំង​​អាមេរិក នៅ​​ក្រុម​ប្រឹក្សា​​សន្តិសុខ​​អង្គការ​​សហ​ប្រជា​ជាតិ​​ម្ដងទៀត៕

No comments:

Post a Comment