Translate

Tuesday, September 3, 2013

ការ​នាំ​ចេញ​​ដំឡូង​មី​ធ្លាក់​ចុះ​៥៥%



ការ​នាំ​ចេញ​​ដំឡូង​មី​ធ្លាក់​ចុះ​៥៥%

ភ្នំ​ពេញប៉ុស្តិ៍ ០៣-០៩-២០១៣

ការ​នាំ​ចេញ​ដំ​ឡូង​មី​របស់​កម្ពុជា​នៅ​រដូវ ​ប្រ​មូល​ផល​ឆ្នាំ​​នេះមាន​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ធៀប​នឹង​ឆ្នាំ​មុន ដោយ​សារ​​ថៃ​ដែល​ជាទី​ផ្សារ​ដំ​ឡូង​មី​ដ៏​សំ​ខាន់​មួយ​របស់​​កម្ពុជាបាន​​ រឹត​ត្បិត​​ការ​នាំ​ចូល​កសិ​ផល​ពី​ប្រ​ទេស​ជិត​ខាង​​ ដើម្បី​ជួយ​លើក​កម្ពស់​ជី​វ​ភាព​ប្រ​ជា​កសិ​ករ​ខ្លួន​។

យោង​តាម​ទិន្ន​ន័យ​របស់​ក្រ​សួង​​ពាណិជ្ជកម្ម​កម្ពុជា​ ក្នុង​ឆ​មាស​​ទី​មួយ​​ឆ្នាំ​នេះកម្ពុជា​បាន​​​នាំ​ចេញ​​ដំ​ឡូង​មីស្រស់​ និងស្ងួត​សរុប ​២៨៨ ១០៩ ​តោន​ ពោល​គឺ​​​ធ្លាក់​​ចុះ​ប្រ​មាណ៥៥ ភាគ​រយ​ ​​​បើ​ប្រៀប​ធៀប​ទៅ​រយៈ​​ពេល​​ដូច​គ្នា​​​​កាល​ពី​ឆ្នាំ​មុនដែល​មាន​ ចំនួនសរុប​ ៦៣៤ ៣១៧ តោន​។ ចំ​នួន​ទឹក​ប្រាក់​ក្នុង​ការ​នាំ​ចេញ​​មាន​​​​សរុប​ ១៥ លាន​ដុល្លារ។

មន្រ្តី​ផ្នែក​កសិកម្ម​តាម​បណ្តា​ខេត្ត​​​ជាប់​​ព្រំដែន​ថៃ​បានលើក​ឡើង​ ថា​ នៅ​ដើម​ឆ្នាំ​នេះ​ ថៃ​បាន​រឹត​បន្តឹង​​​ការ​នាំ​ចូល​កសិ​ផល​ពី​កម្ពុជាក្នុងនោះ រួម​មាន​ដំ​ឡូង​មី​ផង​ដែរ​ដែល​ជា​ហេតុ​ចម្បង​ធ្វើ​ឲ្យ​ការ​នាំ​ចេញ​​ដំ​ឡូង​ មី​មានការថយ​ចុះ​។

លោក​ ឡុង ថន អនុ​ប្រ​ធាន​មន្ទី​រកសិ​កម្ម​ខេត្ត​បាត់​ដំ​បង បាន​ប្រាប់​ភ្នំ​ពេញ ​ប៉ុស្តិ៍ ​កាល​ពី​ម្សិល​មិញ​ថា ប្រ​ទេស​ថៃ​បាន​ដាក់​ចេញ​នូវ​គោល​នយោ​បាយ​ថ្មី​នៅ​ដើម​ឆ្នាំ​នេះ ក្នុង​ការ​ហាម​ឃាត់​ការ​នាំ​ចូល​កសិ​ផល​ពី​កម្ពុ​ជា ដែល​ធ្វើ​ឲ្យ​ទី​ផ្សារ​ដំ​ឡូង​មី​របស់​កម្ពុជា​រួម​តូច។ ការលក់​ចេញ​ខ្លះ​អាច​​ធ្វើ​ទៅ​បាន​នៅ​ពេល​ដែល​កសិ​ករ​​ថៃ​មិន​អាចមាន​ដំ​ឡូង ​មី​គ្រប់​​គ្រាន់ដើម្បី​ផ្គត់​ផ្គង់​ឲ្យ​ឈ្មួញ​ប៉ុណ្ណោះ។

លោក​​បញ្ជាក់​ថា​ កម្ពុជា និង ថៃ​មាន​ច្រក​ព្រំ​ដែន​សំ​ខាន់​ៗ​បួន​ដើម្បី​ដឹក​ជញ្ជូន​ និង​ដោះ​ដូរ​ទំ​និញ ហើយ​កាល​ពី​ដើម​ឆ្នាំ​២០១២ ថៃ​បាន​នាំ​ចូល​ដំ​ឡូង​មី​ពី​កម្ពុជាប្រ​មាណ ៣០ ឡាន​ក្នុង​មួយថ្ងៃ​ៗ​តាម​ច្រក​ព្រំ​ដែន​មួយ​។ តែ​នៅដើម​ឆ្នាំ​នេះ ថៃ​បាន​នាំ​ចូល​តែ​ត្រឹម​ ១០ ឡាន​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ​តាម​ច្រក​នី​មួយៗ។

លោក​​អះ​អា​ង​ថា​៖ «​គោល​នយោ​​បាយ​ថ្មី​របស់ថៃ​​​បាន​ហាម​ឃាត់​ការ​នាំចូល​ដំឡូង​ពី​កម្ពុជា​​ នា​ដើម​ឆ្នាំ​នេះ​ ​ដូច្នេះ​​ឈ្មួញ​ថៃ​​​​មកទិញ​របស់​យើង​​នៅ​ពេលណា​ដែល​​ការ​ផ្គត់​ផ្គង់​នៅ​ ថៃ​មាន​ការ​ខ្វះ​ខាត​តែ​ប៉ុណ្ណោះ»

តម្លៃ​​ដំឡូងស្រស់​​នៅ​ខេត្ត​បាត់​ដំ​បង​មាន​​ចន្លោះ​ពី ២៥០ រៀល​ ​ដល់​ ៣០០​ រៀល ​​ក្នុង​មួយ​គីឡូ​ក្រាម​ ហើយ​​តម្លៃ​​ដំឡូង​ស្ងួត​មាន​ពី​​​​ ៥០០ រៀល​ ​ទៅ​ ៦០០ ​រៀល ​ក្នុង​​​មួយ​គីឡូក្រាម​។​​​ ជា​ទូ​ទៅ​​តម្លៃ​​ដំ​ឡូង​មី​​ និង តម្រូវ​ការ​នៅ​លើ​ទី​ផ្សារ​មាន​ការ​ខុស​គ្នា​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ ឬ ពី​ស្រុក​មួយ​​ទៅ​ស្រុ​ក​​មួយ​ទៀត អា​ស្រ័យ​​តាម​​តម្រូវ​ការ​ជាក់​ស្តែង​នៅ​តាម​តំ​បន់​នោះ។​

លោក​ ​គឹម សារឿន​ ​ប្រ​ធាន​​​​មន្ទី​រ​កសិកម្ម​នៅ​ខេត្ត​កំពង់ចាម​បាន​​ឲ្យ​ដឹង​ថា​ ​​ដំឡូង​ស្រស់​ និង​ដំឡូង​​ស្ងួត​នៅ​ខេត្ត​កំ​ពង់​ចាម ហាក់​​មិន​មានការ​ប្រែ​ប្រួល​ខ្លាំង​ឡើយ​​​បើ​ប្រៀប​​​ធៀប​នឹង​ឆ្នាំ​មុន​។ លោក​​​​បន្ត​ថា ​​ដំឡូងមី​​នៅ​ខេត្ត​កំពង់​ចាម​ត្រូវ​បាន​នាំ​ចេញភាគ​ច្រើន​​ទៅ​ប្រទេស​ វៀតណាម​ហើយ​​​ទី​ផ្សារទី​នោះ​​គឺ​នៅ​តែ​មាន​ស្ថិរភាព​ក្នុងឆ្នាំ​នេះ​។​​

ប្រទេស ថៃ គឺ​ជា​ទី​ផ្សា​រសំ​ខាន់​មួយ​​សម្រាប់​ដំ​ឡូង​មី​ កម្ពុជា ​ក្នុង​ចំ​ណោម​ទី​ផ្សារ​សំ​ខាន់​​ពី​រ​ទៀតគឺ​ វៀតណាម និងចិន​។

តាម​ទិន្ន​ន័យ​នាំ​ចេញ​របស់​ក្រសួង​កសិកម្ម​ សន្ទុះ​នៃ​ការ​នាំ​ចេញ​ដំ​ឡូង​មី​មាន​ភាគ​ច្រើន​នៅ​ដើម​​ឆ្នាំ។

ក្នុង​កិច្ច​ប្រ​ជុំលើក​ទី​ ៤ ស្តី​ពី​កិច្ច​សហការ​ពាណិជ្ជ​កម្ម​រវាង​កម្ពុជា​ និង ថៃ ដែល​បាន​ធ្វើ​ឡើង​នៅ​ភ្នំ​ពេញ​កាល​ពី​ថ្ងៃ​ទី ២២ ខែ​មេសា​ ប្រ​ទេស​ថៃ​បាន​យល់​ព្រ​ម​​កាត់​បន្ថយ​បែប​បទរដ្ឋ​បាល​ជា​ច្រើន​​​ក្នុង​​ ការ​នាំ​ចូល​ ពោត និង ដំ​ឡូង​មី ពី​កម្ពុជាដើម្បី​​ឲ្យដំ​ណើរ​ការ​នាំ​ចេញ​​ផលិត​ផល​នេះ​កាន់​តែ​ងាយ​ស្រួល​ ជាង​មុន​។

លោក ​ស្រី​ ​ចន្ធី​ ​អ្នក​វិភាគ​កសិ​កម្ម​​ឯករាជ្យបាន​ឲ្យ​ដឹង​ថា ដើម្បី​​​កាត់​បន្ថយ​ភាព​ងាយរង​គ្រោះ​របស់​កសិ​ករ​ក្នុង​ការប្រ​កប​អា​ជី​វ​ កម្ម​លើ​វិ​ស័យ​កសិ​កម្ម កសិ​ករ​គួរ​ចង​ក្រង​គ្នា​ជា​ក្រុម​ ឬ​បង្កើត​សមា​គម​អ្នកដាំ​ដុះ​ដំ​ឡូង​មី​ជា​ដើម​ ដើម្បី​ងាយ​ស្រួល​ទទួល​បាន​ព័ត៌​មាន​ទី​ផ្សារ​ និង ពង្រឹង​អំ​ណាច​ក្នុង​ការ​ត​ថ្លៃ​លក់​ផលិ​ត​ផល​របស់​​ខ្លួន​។ 

លើស​ពី​នេះ​ការ​ជំ​រុញ​ ឲ្យ​មាន​ការ​​​បង្កើត​រោង​ចក្រ​កែ​ច្នៃ​​ក្នុង​ស្រុក​​ឲ្យ​បាន​កាន់​តែ​ ច្រើន​ ដើម្បី​ពង្រីក​​ទី​ផ្សារ​របស់​កសិ​ករ​​​។ ​​

លោក​បាន​​បន្ត​ថា​៖ «ប្រ​សិន​បើ​យើង​មិន​មាន​​រោង​ចក្រ​កែ​ច្នៃ​​ក្នុង​ស្រុក​គ្រប់​គ្រាន់​ ​កសិករ​នៅ​តែ​ប្រឈម​ជា​មួយ​នឹង​ហានិភ័យ​ខ្ពស់​ និង​មានភាព​មិន​ច្បាស់​លាស់​​​​​​ក្នុង​ការ​ប្រ​កប​របរ​របស់​ខ្លួន​​។​ ​​រោង​ចក្រ​ក្នុង​ស្រុក​អាច​ជួយ​​កាត់​បន្ថយ​ការ​ពឹង​​ផ្អែក​លើ​ទី​ផ្សារ​​​ ពីបរទេស​ ហើយ​អាច​​ផ្ដល់​ទី​ផ្សារ​កាន់​តែ​ទូ​លាយ​ដល់​កសិករ​ និង​​​បង្កើន​អំណាច​ក្នុង​​ការ​​ចរចា​លក់​ផលិ​ត​ផល​»

No comments:

Post a Comment