Translate

Wednesday, September 4, 2013

ព្រះ​រាជ​តួ​នាទី​ព្រះមហាក្សត្រ​ក្នុង​ក្រសែ​ភ្នែក​អ្នក​នយោបាយ​!

ព្រះ​រាជ​តួ​នាទី​ព្រះមហាក្សត្រ​ក្នុង​ក្រសែ​ភ្នែក​អ្នក​នយោបាយ​!

RFI Khmer 04-09-2013

ព្រះមហាក្សត្រ​​ទ្រង់​ជា​និមិត្ត​រូប​នៃ​ឯកភាព​ជាតិ​ និង​ និរន្តរ៍ភាព​ជាតិ (...)។ ព្រះអង្គ​មាន​តួនាទី​ខ្ពង់ខ្ពស់​​ជា​អាជ្ញា​កណ្ដាល​ ដើម្បី​ធានា​ការ​ប្រព្រឹត្ត​ទៅ​នៃ​អំណាច​សាធារណៈ​ឲ្យ​មាន​ភាព​ទៀង​ទាត់។ 

នេះជាសម្រង់ខ្លឹមសារក្នុងមាត្រា ៨ និង៩ នៃរដ្ឋធម្មនុញ្ញឆ្នាំ ១៩៩៣​ ដែលជាច្បាប់​កំពូល​របស់ប្រទេស។
យោងតាមខ្លឹមសារនេះ ព្រះមហាក្សត្រ​ពិត​ជា​មាន​ព្រះ​រាជ​តួនាទី​សំខាន់​ណាស់​ជា​ពិសេស​នៅ​​ពេល​ មាន​ការ ជាប់គាំងនយោបាយកើតឡើង។ ព្រះអង្គអាចដើរតួនាទីជាអាជ្ញាកណ្តាល​ក្នុង​​ការ​​​ទម្លុះទ​ម្លាយ​ភាព​ ទ័លច្រក​។


ព្រះរាជតួនាទីរបស់ព្រះមហាក្សត្រធ្លាប់ត្រូវបានប្រើប្រាស់រួច​ទៅ​ហើយ​កាល​ពី​ ក្រោយ​ការ​បោះ​ឆ្នោត​ ឆ្នាំ ១៩៩៣ និង ១៩៩៨ និងជាបន្តបន្ទាប់ទៀត​ក្នុង​រជ្ជកាលព្រះបរមរតនកោដ្ឋ សម្តេចឪ នរោត្តម សីហនុ។ ប៉ុន្តែ ព្រះរាជតួនាទី​ព្រះមហាក្សត្រ​​ក្នុងព្រះរាជាណាចក្រទី២ ដែលមហាក្សត្រ «សោយរាជតែមិនកាន់អំណាច» ពេលខ្លះជួបនឹង​ឧបសគ្គ​នៅក្នុងការ​អនុវត្តជាក់ស្តែង។
 

សម្រាប់ក្រសែភ្នែកក្រុមអ្នកវិភាគ ​ព្រះរាជ​តួនាទី​​របស់​ព្រះមហាក្សត្រត្រូវ​បាន​កម្រិត​ដោយ​សារ​​អ្នក​នយោបាយ ​។ ជាទូទៅ អ្នកនយោបាយតែងសម្តែងឲ្យឃើញពីការ​គោរព និង​ដង្ហែរ​តាម​​ព្រះ​រាជ​តម្រិះ​របស់ព្រះអង្គគ្រប់ៗគ្នា។ ប៉ុន្តែ គេពិបាកវាស់ស្ទង់ណាស់ថា តើ​ការ​គោរព​ដែល​​ផុស​ចេញពីទឹកចិត្តពិតប្រាកដនោះមានកម្រិតប៉ុណ្ណា? សូម្បីតែក្នុងរជ្ជកាលព្រះ​បរមរតនកោដ្ឋ (សម្តេចឪ នរោត្តម សីហនុ) ដែលគេចាត់ទុកថាជាអង្គមហាក្សត្រដ៏មាន​ឥទ្ធិពលខ្លាំងក្នុង​ ចំណោមពលរដ្ឋខ្មែរនោះ ក៏ពេលខ្លះព្រះរាជតួនាទីរបស់ព្រះអង្គក្លាយជា​ចំណាប់ខ្លាំងរបស់អ្នក​នយោបាយ​ ដែរ។


មានមូលហេតុច្រើនយ៉ាងដែលធ្វើឲ្យព្រះរាជតួនាទីរបស់ព្រះមហាក្សត្រជួបនឹងឧបសគ្គ ក្នុង​នោះមូលហេតុសំខាន់២ដែលគួរពិចារណា៖ ទី១ គឺដោយសារតែអង្គសម្តេចឪធ្លាប់ជាអ្នក​នយោបាយ ដូច្នេះ អ្នកដែលមាននិន្នាការផ្ទុយពីព្រះអង្គតែងប្រឆាំងទៅនឹង​ព្រះអង្គ​និយាយ​ដោយឡែក និងប្រឆាំងរបបរាជានិយម និយាយជារួម។

ទី២គឺដោយសារតែអ្នកនយោបាយខ្លះ​គោរពព្រះមហាក្សត្រតែសម្បក​ខាងក្រៅ តែមិនបាន​ផុសចេញពីទឹកចិត្តឡើយ។ ហេតុដូច្នេះ​ហើយបានជាព្រះរាជ​តួនាទីរបស់ព្រះមហា​ក្សត្រ​តែង​ ត្រូវបានគេលើកយកមកនិយាយ​ជាញឹក​ញាប់នៅពេលមានបញ្ហានយោបាយ ប៉ុន្តែ មិនត្រូវ​បានគេប្រើប្រាស់ឲ្យពិតប្រាកដ​ឡើយ។

បច្ចុប្បន្ន ក្នុងអំឡុងពេលដែលបញ្ហានយោបាយបានផ្ទុះឡើង​ក្រោយ​ការបោះឆ្នោតរយៈពេល​ជាង​ មួយខែចុងក្រោយនេះ ព្រះមហាក្សត្រ សម្តេចព្រះបរម​ នាថ នរោត្តម សីហមុនី បាន​ចេញ​ព្រះរាជសារពីរលើកហើយដើម្បីជំរុញឲ្យគណបក្សជាប់​ឆ្នោតទាំងពីរដោះស្រាយ ​នយោបាយ​ដោយសន្តិវិធី។ ក្នុងព្រះរាជសារលើកទី២​កាលពី​ថ្ងៃទី ៣០ សីហា ព្រះអង្គ​បាន​ជំរុញ​ឲ្យ​មាន​ដំណោះស្រាយនយោបាយដោយគោរពតាម​រដ្ឋ​ធម្មនុញ្ញ តាម​រយៈ​ការ​ប្រើ​ប្រាស់​ច្បាប់​ និង​ស្ថាប័នជាតិដែលមានស្រាប់។ ព្រះរាជសារ​នេះបានបំផុសឲ្យមានការជជែកគ្នា​អំពីព្រះរាជ​ តួនាទីរបស់ព្រះមហាក្សត្រជាថ្មីម្តង​ទៀត​ក្នុងការទម្លុះទម្លាយភាព​ទាល់ច្រក​ នយោបាយ។


ប៉ុន្តែ តើអ្នកនយោបាយពិតជា​ផ្តល់តម្លៃដល់ព្រះរាជ​តួនាទីក្នុងការ​ដោះស្រាយ​​បញ្ហា​ មែនឬ? នេះជាសំណួរដែលត្រូវរក​ចម្លើយពីព្រោះចម្លើយពិតប្រាកដ​នៃ​ សំណួរនេះគឺជាម៉ែត្រវាស់​អំពី​ប្រសិទ្ធភាពនៃព្រះរាជ​ អន្តរាគមន៍របស់ព្រះមហាក្សត្រ។​ ពិតហើយថា គណបក្សនយោបាយ​ទាំងពីរដែលជាប់ឆ្នោត​ក្នុងសភាសុទ្ធតែបាន​សម្តែងការ​ គាំទ្រព្រះរាជតម្រិះរបស់ព្រះអង្គ។ ប៉ុន្តែ អ្វីដែលកំពុង​កើត​ឡើង​ជាក់ស្តែងនៅមិនទាន់​ឆ្លុះ​បញ្ចាំង​​ ពីសុឆន្ទៈរបស់ពួកគេនៅឡើយទេ។
 

ដូច្នេះ ដើម្បី​ឲ្យ​ព្រះ​មហាក្សត្រ​អាច​បំពេញ​ព្រះរាជ​តួនាទី​ដ៏​ខ្ពង់​ខ្ពស់​ដូច​ មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ និង​​ដើម្បី​ឲ្យ​សម​នឹង​ការ​គោរព​ដូច​អ្វី​ដែល​អ្នក​នយោបាយ​គ្រប់​គ្នា​ បង្ហាញ​ឲ្យ​ឃើញ​នោះ វា​ទាល់​​ការផ្តល់​តម្លៃ​ និងការគោរពនោះ ផុស​ចេញ​ពី​សុឆន្ទៈ​ពិត​ប្រាកដ​គឺ​មិន​មែន​គ្រាន់​តែ​ជាការ​សម្តែង​​​ឲ្យ​ ឃើញ​តែសម្បកក្រៅនោះឡើយ។ 

ទន្ទឹមនឹងនោះ វា​ទាល់​តែ​អ្នក​នយោបាយ​​​តម្កល់​​ប្រយោជន៍​​ជាតិ​ឲ្យ​ធំ​ជាង​ប្រយោជន៍​ គណបក្ស​។

ប្រសិនបើមិនដូច្នោះទេ ​ព្រះរាជតួនាទីរបស់​ព្រះមហាក្សត្រ​បានត្រឹមតែអ្នកនយោបាយ​លើក​ មកនិយាយក្នុងន័យកេងចំណេញតែប៉ុណ្ណោះ តែពួកគេនឹងមិន​ប្រើ​ប្រាស់ព្រះរាជតួនាទីនេះ​ដើម្បីដោះស្រាយបញ្ហាឡើយ៕

No comments:

Post a Comment