សង្ខេបព័ត៌មានសេដ្ឋកិច្ចប្រចាំសប្តាហ៍
ភ្នំពេញប៉ុស្តិ៍ 13-09-13
ក្រដាសប្រាក់រៀលដែលដាក់បង្ហាញនៅក្នុងក្រុមហ៊ុនមួយ។ ការជួញដូររូបិយប័ណ្ណនៅកម្ពុជាកាលពីខែសីហា មានការថយចុះ ។ រូបថត ហេង ជីវ័ន
ភ្នំពេញៈ សកម្មភាពជួញដូរប្រាក់រៀល និងដុល្លារនៅតាមហាងប្តូរប្រាក់ធំៗមួយចំនួននៅភ្នំពេញ កាលពីខែសីហា មានការធ្លាក់ចុះបើប្រៀបធៀបនឹងសកម្មភាពប្រចាំខែកាលពីមុន ពេលបោះឆ្នោត តែអត្រាប្តូរប្រាក់ និងតម្លៃប្រាក់រៀលនៅតែរក្សាស្ថិរភាពល្អ។ នេះបើតាមការបញ្ជាក់ពីម្ចាស់ហាងប្តូរប្រាក់មួយចំនួននៅភ្នំ ពេញ។
អ្នកស្រី ស៊ាង លីម ម្ចាស់ហាងប្តូរប្រាក់លី ហួរ ដែលជាកន្លែងប្តូរប្រាក់ធំមួយនៅភ្នំពេញបានលើកឡើងថា តម្រូវការប្រាក់រៀលក្នុងការដោះដូរទំនិញ ឬ ចាយវាយផ្សេងៗនាពេលថ្មីៗនេះហាក់មានការថយចុះជាងមុន ហើយបើប្រៀបធៀបចំនួនអតិថិជនមកប្តូរប្រាក់នាពេលនេះទៅ កាលពីមុនពេលបោះឆ្នោតមានការថយចុះប្រមាណ៣០ ភាគរយ៕
ភ្នំពេញៈ ទុនវិនិយោគសរុបក្នុងវិស័យសំណង់កើនឡើងយ៉ាងខ្លាំងនៅឆមាសទី១ ឆ្នាំនេះរហូតដល់ជាង ១០០ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ មន្ដ្រី និងអ្នករកស៊ីនៅក្នុងឧស្សាហកម្មនេះបាននិយាយថាស្ថិរភាពនយោ បាយ និងកំណើនសេដ្ឋកិច្ចរឹងមាំគឺជាគ្រឿងជំរុញដ៏សំខាន់សម្រាប់កំណើន នេះ។
ទិន្នន័យចុងក្រោយពីលោក អ៊ឹម ឈុនលឹម រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ដែលបង្ហាញក្នុងពិធីបើកពិព័រណ៍ Cambuild ១០១៣ នៅកោះពេជ្របង្ហាញថា ទុនវិនិយោគសរុបបានកើនដល់ជិត ២ ពាន់លានដុល្លារក្នុងពេលនេះធៀបនឹង ៨៧០ ដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕
ភ្នំពេញៈ ធនាគារសហពាណិជ្ជ (UCB)ដែលជាធនាគារក្នុងស្រុកមួយកាលពីម្សិលមិញបានសម្រេច ជាផ្លូវការក្នុងការលក់ភាគហ៊ុនរបស់ខ្លួនប្រមាណ ៧០ភាគរយទៅឲ្យធនាគារពាណិជ្ជ អ៊ីសាន់ ដែលមានមូលដ្ឋាននៅតៃវ៉ាន់។ តំណាងធនាគារ UCB បាននិយាយថា ការទទួលបានដៃគូសហការវិនិយោគនេះគឺជាយុទ្ធសាស្រ្តល្អមួយដែល នឹងជួយពង្រឹងសមត្ថភាពប្រកួតប្រជែងនៅលើទីផ្សារហិរញ្ញវត្ថុ ក្នុងប្រទេសកម្ពុជា។
លោកYum Sui Sang ប្រធានធនាគារ UCB បាននិយាយថា ការចូលរួមវិនិយោគជាមួយធនាគារពាណិជ្ជ អ៊ី សាន់ របស់តៃវ៉ាន់នេះនឹងផ្ដោតលើការពង្រឹងបច្ចេកវិទ្យាថ្មីនៅក្នុង វិស័យធនាគារ និងពង្រឹងលទ្ធភាពផ្តល់ជូនកម្ចីទៅអតិថិជនក្នុងអត្រាការប្រាក់ សមរម្យ។លោកបន្តថា ពួកគេមានភាពខ្លាំងខាងវិស័យព័ត៌មានវិទ្យា៕
ភ្នំពេញៈ ចំណូលពន្ធដារបានកើនឡើងជិត ១៩ ភាគរយក្នុងរយៈពេល ៨ ខែឆ្នាំ ២០១៣ នេះបើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមតួលេខពីអគ្គនាយកដ្ឋានពន្ធដារដែលបានចេញផ្សាយកាល ពីដើមសប្តាហ៍នេះ។
យោងតាមសេចក្តីប្រកាសព័ត៌មានកិច្ចប្រជុំស្ដីអំពីការសរុបលទ្ធផល ការងារសារពើពន្ធប្រចាំ ខែ សីហា ឆ្នាំ ២០១៣ របស់អគ្គនាយកដ្ឋានពន្ធដារនៅថ្ងៃទី៩ ខែ កញ្ញា ឆ្នាំ ២០១៣ បានឲ្យដឹងថា សរុបរយៈពេល ៨ ខែក្នុងឆ្នាំ ២០១៣ ចំណូលពន្ធអាករសរុបមានចំនួន ២ ៤២៤ ៩១៦ លានរៀលគឺប្រមាណ ៦០៦,២ លាន ដុល្លារស្មើនឹង ៧០ ភាគរយនៃគោលដៅកំណត់ក្នុងច្បាប់ ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងនៅឆ្នាំ២០១៣ ក្នុងនោះមានថវិការដ្ឋសម្រេចបានចំនួនស្មើនឹង ៦៨,១ ភាគរយ និងថវិការាជធានី ខេត្តសម្រេចបាន ៨៤,៤ ភាគរយ។ បើប្រៀបធៀបនឹងការអនុវត្តក្នុងរយៈពេល ៨ ខែដូចគ្នាក្នុងឆ្នាំ ២០១២ ឃើញថា នៅក្នុងឆ្នាំ ២០១៣ នេះ មានកំណើន ១៦,៨ ភាគរយ។
សេចក្តីប្រកាសព័ត៌មានឲ្យដឹងថា តាមការវិភាគប្រភេទពន្ធឃើញថា ចំណូលក្នុងឆ្នាំ ២០១៣ កើនឡើងគ្រប់ប្រភេទពន្ធ ក្នុងនោះប្រភេទពន្ធសំខាន់ៗដែលមានការកើនឡើងមានពន្ធលើប្រាក់ បៀវត្សរ៍មានការកើនឡើងប្រមាណ ២២,១ ភាគរយ ពន្ធលើប្រាក់ចំណេញមានការកើនឡើងប្រមាណ ១៨,៣ ភាគរយ រីឯអាករលើតម្លៃបន្ថែមមានការកើនឡើងប្រមាណ ១៤,៩ ភាគរយ និងអាករពិសេសមានការកើនឡើងប្រមាណជា ១៥,៨ ភាគរយ។
No comments:
Post a Comment